លោកុប្បត្តិ 18:17-33
លោកុប្បត្តិ 18:17-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «តើយើងត្រូវលាក់នឹងអ័ប្រាហាំពីកិច្ចការដែលយើងបម្រុងនឹងធ្វើឬ? ដ្បិតអ័ប្រាហាំនឹងក្លាយជាជាតិសាសន៍មួយដ៏ធំ ហើយខ្លាំងពូកែ ជាតិសាសន៍ទាំងប៉ុន្មាននៅលើផែនដីនឹងបានពរដោយសារគាត់។ យើងបានជ្រើសរើស គាត់ ដើម្បីឲ្យគាត់បង្គាប់កូនចៅ និងពួកផ្ទះរបស់គាត់ដែលកើតមកតាមក្រោយ ឲ្យកាន់ខ្ជាប់តាមផ្លូវរបស់ព្រះយេហូវ៉ា ដោយប្រព្រឹត្តអំពើសុចរិត និងយុត្តិធម៌ ដើម្បីឲ្យព្រះយេហូវ៉ាបានសម្រេចដល់អ័ប្រាហាំ តាមសេចក្ដីដែលព្រះអង្គបានសន្យានឹងគាត់»។ ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ដោយព្រោះសម្រែកទាស់នឹងក្រុងសូដុម និងក្រុងកូម៉ូរ៉ាលាន់ឮជាខ្លាំង ហើយអំពើបាបរបស់គេធ្ងន់ធ្ងរណាស់ យើងត្រូវតែចុះទៅមើល ដើម្បីឲ្យដឹងថា អំពើដែលគេបានប្រព្រឹត្តនោះ ដូចសម្រែកដែលយើងបានឮ ឬយ៉ាងណា ប្រសិនបើមិនមែនទេ យើងនឹងបានដឹង»។ ដូច្នេះ បុរសទាំងនោះក៏បែរចេញពីទីនោះ ហើយធ្វើដំណើរឆ្ពោះទៅកាន់ក្រុងសូដុម តែលោកអ័ប្រាហាំឈរនៅចំពោះព្រះយេហូវ៉ាដដែល។ ពេលនោះ លោកអ័ប្រាហាំចូលទៅជិត ហើយទូលថា៖ «តើព្រះអង្គនឹងបំផ្លាញមនុស្សសុចរិតរួមជាមួយមនុស្សអាក្រក់ឬ? ប្រសិនបើមានមនុស្សសុចរិតហាសិបនាក់នៅក្នុងក្រុងនោះ តើព្រះអង្គនឹងបំផ្លាញកន្លែងនោះ ហើយមិនប្រណីដល់ទីក្រុង ដោយយល់ដល់មនុស្សសុចរិតហាសិបនាក់ ដែលរស់នៅក្នុងក្រុងនោះទេឬ? ព្រះអង្គមិនគួរប្រព្រឹត្តដូច្នោះទេ សូមកុំប្រហារមនុស្សសុចរិតរួមជាមួយមនុស្សអាក្រក់ឡើយ យ៉ាងនោះឈ្មោះថា មនុស្សសុចរិតក៏ដូចជាមនុស្សអាក្រក់ដែរ សូមព្រះអង្គកុំធ្វើដូច្នោះឡើយ! ព្រះដ៏ជាចៅក្រមនៃផែនដីទាំងមូល តើព្រះអង្គនឹងមិនប្រព្រឹត្តដោយយុត្តិធម៌ទេឬ?» ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ប្រសិនបើយើងរកឃើញមានមនុស្សសុចរិតហាសិបនាក់នៅទីក្រុងសូដុម យើងនឹងប្រណីដល់ទីនោះទាំងមូល ដោយយល់ដល់ពួកគេ»។ លោកអ័ប្រាហាំទូលថា៖ «សូមអភ័យទោសដល់ទូលបង្គំដែលហ៊ានតវ៉ាជាមួយព្រះអម្ចាស់ ដែលទូលបង្គំជាធូលីដី ហើយជាផេះប៉ុណ្ណោះ។ ក្នុងចំណោមមនុស្សសុចរិតទាំងហាសិបនាក់ ប្រហែលជានៅខ្វះប្រាំនាក់ តើព្រះអង្គនឹងបំផ្លាញទីក្រុងទាំងមូល ដោយព្រោះខ្វះប្រាំនាក់នោះឬ?» ព្រះអង្គមានព្រះបន្ទូលថា៖ «ប្រសិនបើយើងរកឃើញមានសែសិបប្រាំនាក់ យើងនឹងមិនបំផ្លាញទីក្រុងនោះឡើយ»។ លោកទូលព្រះអង្គទៀតថា៖ «ប្រហែលជារកបានតែសែសិបនាក់ទេ» ព្រះអង្គមានព្រះបន្ទូលថា៖ «យើងនឹងមិនធ្វើអ្វីឡើយ ដោយយល់ដល់សែសិបនាក់នោះ»។ បន្ទាប់មក លោកទូលថា៖ «សូមព្រះអម្ចាស់កុំខ្ញាល់ ដើម្បីឲ្យទូលបង្គំបានទូលព្រះអង្គទៀត។ នៅទីនោះប្រហែលជារកបានតែសាមសិបនាក់ទេ»។ ព្រះអង្គមានព្រះបន្ទូលថា៖ «ប្រសិនបើយើងរកឃើញមានសាមសិបនាក់ យើងនឹងមិនធ្វើអ្វីឡើយ»។ លោកទូលថា៖ «សូមអភ័យទោសដល់ទូលបង្គំដែលហ៊ានតវ៉ាជាមួយព្រះអម្ចាស់។ នៅទីនោះប្រហែលជារកបានតែម្ភៃនាក់ទេ»។ ព្រះអង្គមានព្រះបន្ទូលថា៖ «យើងនឹងមិនបំផ្លាញទីក្រុងនោះឡើយ ដោយយល់ដល់ម្ភៃនាក់នោះ»។ ពេលនោះ លោកទូលថា៖ «សូមព្រះអម្ចាស់កុំខ្ញាល់ ដើម្បីឲ្យទូលបង្គំបានទូលតែម្តងនេះទៀតទេ។ នៅទីនោះប្រហែលជារកបានតែដប់នាក់ទេ»។ ព្រះអង្គមានព្រះបន្ទូលថា៖ «យើងនឹងមិនបំផ្លាញទីក្រុងនោះឡើយ ដោយយល់ដល់ដប់នាក់នោះ»។ កាលព្រះយេហូវ៉ាមានព្រះបន្ទូលជាមួយលោកអ័ប្រាហាំចប់ហើយ ព្រះអង្គក៏យាងចេញទៅ រីឯលោកអ័ប្រាហាំក៏វិលទៅទីលំនៅរបស់លោកវិញ។
លោកុប្បត្តិ 18:17-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «តើគួរឲ្យយើងលាក់កិច្ចការដែលយើងបម្រុងនឹងធ្វើនោះ មិនឲ្យអប្រាហាំដឹងឬ? អប្រាហាំនឹងបានទៅជាឪពុករបស់ប្រជាជាតិមួយដ៏ធំ ហើយមានអំណាចយ៉ាងខ្លាំងទៀតផង ប្រជាជាតិទាំងប៉ុន្មាននៅលើផែនដីក៏នឹងទទួលពរតាមរយៈគាត់ដែរ ដ្បិតយើងបានជ្រើសរើសគាត់ ដើម្បីណែនាំកូនប្រុសរបស់គាត់ និងកូនចៅដែលកើតមកតាមក្រោយ ឲ្យប្រតិបត្តិតាមមាគ៌ារបស់ព្រះអម្ចាស់ ដោយប្រព្រឹត្តអំពើសុចរិត និងយុត្តិធម៌។ ដូច្នេះ ព្រះអម្ចាស់នឹងប្រោសប្រទានឲ្យអប្រាហាំ ស្របតាមសេចក្ដីដែលព្រះអង្គមានព្រះបន្ទូលទុកអំពីគាត់»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ពាក្យដែលគេចោទប្រកាន់ក្រុងសូដុម និងក្រុងកូម៉ូរ៉ា ធ្ងន់ធ្ងរណាស់ ហើយអ្នកក្រុងនោះក៏បានប្រព្រឹត្តអំពើបាបជាច្រើនដែរ។ យើងត្រូវតែចុះទៅមើល ដើម្បីឲ្យដឹងថា អំពើដែលគេប្រព្រឹត្តនោះ ពិតដូចពាក្យដែលលាន់ឮមកដល់យើងឬយ៉ាងណា។ បើពិត ឬមិនពិត យើងមុខជាដឹងមិនខាន»។ បុរសទាំងនោះចេញដំណើរឆ្ពោះទៅកាន់ក្រុងសូដុម។ រីឯលោកអប្រាហាំវិញ លោកឈរនៅជាមួយព្រះអម្ចាស់ដដែល។ លោកអប្រាហាំចូលទៅជិតព្រះអង្គ ហើយទូលថា៖ «តើព្រះអង្គនឹងធ្វើឲ្យមនុស្សសុចរិតបាត់បង់ជីវិត រួមជាមួយមនុស្សទុច្ចរិតមែនឬ? ក្នុងក្រុងនោះប្រហែលជាមានមនុស្សសុចរិតហាសិបនាក់ដែរមើលទៅ។ តើព្រះអង្គពិតជារំលាយក្រុងនោះមែនឬ? តើព្រះអង្គមិនលើកលែងទោសឲ្យគេ ដោយយោគយល់ដល់មនុស្សសុចរិតដែលរស់នៅក្នុងក្រុងនោះទេឬ? ព្រះអង្គធ្វើដូច្នេះមិនកើតទេ សូមកុំប្រហារជីវិតមនុស្សសុចរិតរួមជាមួយមនុស្សទុច្ចរិតឡើយ! បើមិនដូច្នោះទេ មនុស្សសុចរិតនឹងត្រូវបាត់បង់ជីវិតជាមួយមនុស្សទុច្ចរិតមិនខាន។ ព្រះអង្គធ្វើដូច្នេះមិនកើតទេ! ចៅក្រមនៃផែនដីទាំងមូល តោងតែវិនិច្ឆ័យទោសដោយយុត្តិធម៌!»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ប្រសិនបើយើងរកឃើញមនុស្សសុចរិតហាសិបនាក់រស់នៅក្នុងក្រុងសូដុម យើងនឹងលើកលែងទោសឲ្យអ្នកក្រុងទាំងមូល ដោយយោគយល់ដល់មនុស្សសុចរិតទាំងនោះ»។ លោកអប្រាហាំទូលសាជាថ្មីថា៖ «ទូលបង្គំគ្រាន់តែជាធូលីដី និងជាផេះប៉ុណ្ណោះ សូមមេត្តាអភ័យទោសដល់ទូលបង្គំ ដែលហ៊ានតវ៉ាជាមួយព្រះអម្ចាស់បែបនេះ។ មនុស្សសុចរិតប្រហែលជាមិនទាន់បានគ្រប់ចំនួនហាសិបទេ គឺនៅខ្វះប្រាំនាក់ តើព្រះអង្គនឹងរំលាយទីក្រុងទាំងមូលចោល ព្រោះតែប្រាំនាក់នោះឬ?»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ប្រសិនបើយើងរកឃើញមនុស្សសុចរិតតែសែសិបប្រាំនាក់ យើងនឹងមិនរំលាយទីក្រុងនោះឡើយ»។ លោកអប្រាហាំនៅតែទូលព្រះអង្គថា៖ «ប្រហែលមានតែសែសិបនាក់ទេ»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ព្រោះតែអ្នកទាំងសែសិបនោះ យើងនឹងមិនធ្វើអ្វីឡើយ»។ លោកអប្រាហាំទូលថា៖ «សូមព្រះអម្ចាស់មេត្តាកុំខ្ញាល់នឹងទូលបង្គំធ្វើអ្វី ទូលបង្គំសូមអង្វរម្ដងទៀត។ ប្រហែលជាមានតែសាមសិបនាក់»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ព្រោះតែអ្នកទាំងសាមសិបនោះ យើងនឹងមិនធ្វើអ្វីឡើយ»។ លោកអប្រាហាំទូលថា៖ «សូមមេត្តាអភ័យទោសដល់ទូលបង្គំដែលហ៊ានតវ៉ាជាមួយព្រះអម្ចាស់ ប្រហែលជាមានតែម្ភៃនាក់ប៉ុណ្ណោះ»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ព្រោះតែអ្នកទាំងម្ភៃនោះ យើងនឹងមិនរំលាយទីក្រុងឡើយ»។ លោកអប្រាហាំទូលថា៖ «សូមព្រះអម្ចាស់មេត្តាកុំខ្ញាល់នឹងទូលបង្គំ ទូលបង្គំសូមអង្វរតែម្ដងទៀតទេ។ ប្រហែលជាមានតែដប់នាក់ប៉ុណ្ណោះ»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ព្រោះតែអ្នកទាំងដប់នោះ យើងនឹងមិនរំលាយទីក្រុងឡើយ»។ កាលព្រះអម្ចាស់មានព្រះបន្ទូលជាមួយលោកអប្រាហាំរួចរាល់ហើយ ព្រះអង្គក៏យាងចាកចេញទៅ រីឯលោកអប្រាហាំក៏វិលទៅជំរំលោកវិញដែរ។
លោកុប្បត្តិ 18:17-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលថា តើត្រូវលាក់នឹងអ័ប្រាហាំពីការដែលអញរៀបនឹងធ្វើឬទេ ដ្បិតអ័ប្រាហាំនឹងត្រឡប់ជានគរ១យ៉ាងធំ ហើយពូកែជាពិតប្រាកដ គ្រប់ទាំងសាសន៍នៅផែនដីនឹងបានពរដោយសារគាត់ ដ្បិតអញស្គាល់គាត់ថា គាត់នឹងបង្គាប់ដល់កូនចៅ នឹងពួកផ្ទះគាត់តរៀងទៅ ឲ្យគេកាន់ខ្ជាប់តាមផ្លូវនៃព្រះយេហូវ៉ា ដើម្បីឲ្យបានប្រព្រឹត្តសេចក្ដីសុចរិត នឹងសេចក្ដីទៀងត្រង់ ប្រយោជន៍ឲ្យព្រះយេហូវ៉ាបានសំរេចដល់គាត់ តាមសេចក្ដីដែលទ្រង់មានបន្ទូលពីដំណើរគាត់ រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ពីព្រោះសំរែកនៃក្រុងសូដុំម នឹងក្រុងកូម៉ូរ៉ាបានឮជាខ្លាំង ហើយអំពើបាបរបស់គេក៏ធ្ងន់ណាស់ផង នោះបានជាអញចុះទៅមើលឥឡូវ ដើម្បីឲ្យដឹង បើគេបានប្រព្រឹត្តដូចជាសំរែកដែលអញបានឮនោះឬទេ បើមិនមែនទេ នោះអញនឹងបានដឹង រួចក៏បែរចេញពីនោះដំរង់ទៅខាងឯក្រុងសូដុំមទៅ តែអ័ប្រាហាំគាត់ឈរនៅចំពោះព្រះយេហូវ៉ានៅឡើយ។ អ័ប្រាហាំក៏ចូលទៅជិតទូលសួរថា តើទ្រង់នឹងបំផ្លាញមនុស្សសុចរិតជាមួយនឹងមនុស្សអាក្រក់ផងដែរឬអី បើសិនជាមានមនុស្សសុចរិត៥០នាក់នៅក្នុងក្រុងនោះ តើទ្រង់នឹងបំផ្លាញអស់រលីងទៅ ឥតមានប្រណីដល់ទីក្រុង ដោយព្រោះមនុស្សសុចរិត៥០នាក់ដែលនៅទីនោះទេឬអី មិនគួរគប្បីឲ្យទ្រង់ប្រព្រឹត្តដូច្នោះ នឹងសំឡាប់មនុស្សសុចរិតជាមួយនឹងមនុស្សអាក្រក់នោះទេ យ៉ាងនោះឈ្មោះថាធ្វើឲ្យមនុស្សសុចរិតបានដូចជាមនុស្សអាក្រក់ដែរ សូមកុំឲ្យទ្រង់ធ្វើដូច្នោះឡើយ ឯព្រះដ៏ជាចៅក្រមផែនដីទាំងមូល តើទ្រង់មិនត្រូវប្រព្រឹត្តដោយយុត្តិធម៌ទេឬអី នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលថា បើអញឃើញមានមនុស្សសុចរិត៥០នាក់នៅក្នុងទីក្រុងសូដុំម នោះអញនឹងប្រណីដល់ទីនោះ ដោយយល់ដល់គេវិញ រួចអ័ប្រាហាំគាត់ទូលថា មើល ឥឡូវទូលបង្គំបានផ្តើមទូលនឹងព្រះអម្ចាស់ដែលទូលបង្គំជាធូលីដី ហើយជាផេះទទេ ក្នុងមនុស្សសុចរិតទាំង៥០នាក់នោះ ប្រហែលជានឹងមានខ្វះ៥នាក់ ដូច្នេះ តើទ្រង់នឹងបំផ្លាញទីក្រុងទាំងមូល ដោយព្រោះខ្វះ៥នាក់ឬអី នោះទ្រង់មានបន្ទូលថា បើអញឃើញមាន៤៥នាក់ នោះអញមិនបំផ្លាញទេ គាត់ក៏ទូលទ្រង់ទៀតថា ប្រហែលជារកបានតែ៤០នាក់ទេ នោះទ្រង់មានបន្ទូលថា អញមិនធ្វើអ្វីទេ ដោយយល់ដល់៤០នាក់នោះ រួចគាត់ទូលថា សូមកុំឲ្យព្រះអម្ចាស់ខ្ញាល់ នោះទូលបង្គំនឹងទូលទៀតថា នៅទីនោះប្រហែលជានឹងឃើញមានតែ៣០នាក់ទេ នោះទ្រង់មានបន្ទូលថា បើអញឃើញមាន៣០នាក់ នោះអញក៏មិនធ្វើអ្វីដែរ រួចគាត់ទូលថា មើល ឥឡូវទូលបង្គំបានផ្តើមទូលនឹងព្រះអម្ចាស់ ប្រហែលជារកបានតែ២០នាក់ប៉ុណ្ណោះនៅទីនោះ ទ្រង់ក៏មានបន្ទូលថា អញមិនបំផ្លាញទេ ដោយយល់ដល់២០នាក់នោះ នោះគាត់ទូលថា សូមកុំឲ្យព្រះអម្ចាស់ខ្ញាល់ឡើយ ទូលបង្គំនឹងទូលតែម្តងនេះទៀតថា នៅទីនោះប្រហែលជារកបានតែ១០នាក់ទេ រួចទ្រង់មានបន្ទូលថា អញមិនបំផ្លាញឡើយ ដោយយល់ដល់១០នាក់នោះ កាលព្រះយេហូវ៉ាបានលែងមានបន្ទូលនឹងអ័ប្រាហាំហើយ នោះទ្រង់យាងចេញបាត់ទៅ ហើយអ័ប្រាហាំវិលទៅឯទីលំនៅរបស់គាត់វិញ។