លោកុប្បត្តិ 18
18
ព្រះជាម្ចាស់យាងមកឲ្យលោកអប្រាហាំឃើញសាជាថ្មី នៅដើមជ្រៃលោកតាម៉ាមរ៉េ
1 ព្រះអម្ចាស់បានយាងមកឲ្យលោកអប្រាហាំឃើញ នៅដើមជ្រៃលោកតាម៉ាមរ៉េ។ ពេលនោះ ថ្ងៃពេញកម្ដៅហើយ លោកអប្រាហាំអង្គុយនៅមាត់ទ្វារជំរំរបស់លោក 2#ហប. ១៣.២លោកងើបមុខឡើង មើលទៅឃើញបុរសបីនាក់ ឈរនៅជិតលោក។ ពេលឃើញបុរសបីនាក់នោះ លោកក៏រត់ចេញពីមាត់ទ្វារជំរំទៅជួប ក្រាបដល់ដី 3ហើយមានប្រសាសន៍ថា៖ «លោកម្ចាស់ បើលោកពេញចិត្តនឹងខ្ញុំប្របាទមែន សូមមេត្តាកុំអញ្ជើញទៅហួសអ្នកបម្រើរបស់លោកឡើយ។ 4សូមឲ្យគេយកទឹកបន្តិចមកលាងជើងជូន! សូមលោកសម្រាកក្រោមដើមឈើនេះសិនហើយ 5ខ្ញុំប្របាទនឹងទៅយកនំប៉័ងមួយដុំមកជូនលោកពិសា ដើម្បីឲ្យមានកម្លាំង រួចសឹមបន្តដំណើរទៅមុខទៀត។ ដូច្នេះ លោកនឹងមិនឆៀងកាត់តាមផ្ទះអ្នកបម្រើរបស់លោក ដោយឥតបានការឡើយ»។ បុរសទាំងបីតបថា៖ «សុំធ្វើតាមពាក្យលោកចុះ»។
6លោកអប្រាហាំប្រញាប់ប្រញាល់ចូលទៅរកនាងសារ៉ានៅក្នុងជំរំ ប្រាប់ថា៖ «ចូរយកម្សៅបីកំប៉ុងមក ហើយរៀបចំធ្វើនំឲ្យបានរួសរាន់ទៅ»។ 7បន្ទាប់មក លោករត់ទៅរកហ្វូងសត្វ យកកូនគោស្ទាវយ៉ាងធាត់ល្អមួយ ប្រគល់ឲ្យក្មេងបម្រើម្នាក់យកទៅសម្លាប់ ធ្វើម្ហូបជាបន្ទាន់។ 8លោកយកខ្លាញ់ និងទឹកដោះគោ ព្រមទាំងសាច់កូនគោដែលគេបានរៀបចំនោះ មកដាក់នៅមុខបុរសទាំងបី។ ខ្លួនលោកផ្ទាល់ឈរកំដរបុរសទាំងបីក្រោមដើមឈើនោះ បុរសទាំងបីនាក់ក៏នាំគ្នាបរិភោគ។
9បន្ទាប់មក បុរសទាំងបីពោលមកលោកថា៖ «នាងសារ៉ាភរិយារបស់លោកនៅឯណា?»។ លោកតបវិញថា៖ «នាងនៅក្នុងជំរំឯណោះ»។ 10#រ៉ូម. ៩.៩ព្រះអម្ចាស់#១៨.១០ ពាក្យដើម «គាត់» ឬ«លោក» ដែលយើងអាចបកប្រែថា «លោកម្នាក់ក្នុងចំណោមភ្ញៀវទាំងបីនាក់» ក៏បាន។មានព្រះបន្ទូលថា៖ «ឆ្នាំក្រោយ នៅខែដដែលនេះ យើងនឹងវិលមករកអ្នកសាជាថ្មី ពេលនោះ សារ៉ានឹងមានកូនប្រុសមួយ»។ លោកស្រីសារ៉ាឈរស្ដាប់ក្រោយខ្នងលោក នៅមាត់ទ្វារជំរំ។ 11លោកអប្រាហាំ និងលោកស្រីសារ៉ាមានវ័យចាស់ណាស់ទៅហើយ ហើយលោកស្រីសារ៉ាក៏ហួសអាយុនឹងមានកូនដែរ។ 12#១ពត្រ. ៣.៦គាត់អស់សំណើចនឹកក្នុងចិត្តថា៖ «ឥឡូវនេះ ខ្ញុំចាស់ប៉ុណ្ណឹងហើយ តើខ្ញុំនៅមានតម្រេកទៀតឬ? រីឯលោកម្ចាស់របស់ខ្ញុំសោត ក៏ចាស់ជរាណាស់ដែរ»។ 13ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអប្រាហាំថា៖ «ហេតុដូចម្ដេចបានជាសារ៉ាសើច ទាំងពោលថា “តើខ្ញុំដែលចាស់ណាស់ហើយ អាចនឹងមានកូនទៅកើតឬ?” 14#លក. ១.៣៧តើមានការអ្វីអស្ចារ្យពេកដែលព្រះអម្ចាស់ធ្វើមិនកើត? ឆ្នាំក្រោយនៅខែដដែល យើងនឹងមកជួបអ្នកសាជាថ្មី ពេលនោះ សារ៉ានឹងមានកូនប្រុសមួយ»។ 15លោកស្រីសារ៉ាបដិសេធថា៖ «ខ្ញុំម្ចាស់ពុំបានសើចទេ»។ គាត់ថាដូច្នេះ មកពីគាត់ភ័យខ្លាចខ្លាំងពេក។ ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នាងពិតជាបានសើចមែន!»។
លោកអប្រាហាំទូលអង្វរឲ្យក្រុងសូដុម
16បុរសទាំងបីនាក់ក្រោកឡើង ចាកចេញទៅ ដោយសម្លឹងឆ្ពោះទៅកាន់ក្រុងសូដុម។ លោកអប្រាហាំជូនដំណើរ ដើម្បីលាគ្នា។ 17ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «តើគួរឲ្យយើងលាក់កិច្ចការដែលយើងបម្រុងនឹងធ្វើនោះ មិនឲ្យអប្រាហាំដឹងឬ? 18អប្រាហាំនឹងបានទៅជាឪពុករបស់ប្រជាជាតិមួយដ៏ធំ ហើយមានអំណាចយ៉ាងខ្លាំងទៀតផង ប្រជាជាតិទាំងប៉ុន្មាននៅលើផែនដីក៏នឹងទទួលពរតាមរយៈគាត់ដែរ 19ដ្បិតយើងបានជ្រើសរើសគាត់ ដើម្បីណែនាំកូនប្រុសរបស់គាត់ និងកូនចៅដែលកើតមកតាមក្រោយ ឲ្យប្រតិបត្តិតាមមាគ៌ារបស់ព្រះអម្ចាស់ ដោយប្រព្រឹត្តអំពើសុចរិត និងយុត្តិធម៌។ ដូច្នេះ ព្រះអម្ចាស់នឹងប្រោសប្រទានឲ្យអប្រាហាំ ស្របតាមសេចក្ដីដែលព្រះអង្គមានព្រះបន្ទូលទុកអំពីគាត់»។
20 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ពាក្យដែលគេចោទប្រកាន់ក្រុងសូដុម និងក្រុងកូម៉ូរ៉ា ធ្ងន់ធ្ងរណាស់ ហើយអ្នកក្រុងនោះក៏បានប្រព្រឹត្តអំពើបាបជាច្រើនដែរ។ 21យើងត្រូវតែចុះទៅមើល ដើម្បីឲ្យដឹងថា អំពើដែលគេប្រព្រឹត្តនោះ ពិតដូចពាក្យដែលលាន់ឮមកដល់យើងឬយ៉ាងណា។ បើពិត ឬមិនពិត យើងមុខជាដឹងមិនខាន»។
22បុរសទាំងនោះចេញដំណើរឆ្ពោះទៅកាន់ក្រុងសូដុម។ រីឯលោកអប្រាហាំវិញ លោកឈរនៅជាមួយព្រះអម្ចាស់ដដែល។ 23លោកអប្រាហាំចូលទៅជិតព្រះអង្គ ហើយទូលថា៖ «តើព្រះអង្គនឹងធ្វើឲ្យមនុស្សសុចរិតបាត់បង់ជីវិត រួមជាមួយមនុស្សទុច្ចរិតមែនឬ? 24ក្នុងក្រុងនោះប្រហែលជាមានមនុស្សសុចរិតហាសិបនាក់ដែរមើលទៅ។ តើព្រះអង្គពិតជារំលាយក្រុងនោះមែនឬ? តើព្រះអង្គមិនលើកលែងទោសឲ្យគេ ដោយយោគយល់ដល់មនុស្សសុចរិតដែលរស់នៅក្នុងក្រុងនោះទេឬ? 25ព្រះអង្គធ្វើដូច្នេះមិនកើតទេ សូមកុំប្រហារជីវិតមនុស្សសុចរិតរួមជាមួយមនុស្សទុច្ចរិតឡើយ! បើមិនដូច្នោះទេ មនុស្សសុចរិតនឹងត្រូវបាត់បង់ជីវិតជាមួយមនុស្សទុច្ចរិតមិនខាន។ ព្រះអង្គធ្វើដូច្នេះមិនកើតទេ! ចៅក្រមនៃផែនដីទាំងមូល តោងតែវិនិច្ឆ័យទោសដោយយុត្តិធម៌!»។ 26ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ប្រសិនបើយើងរកឃើញមនុស្សសុចរិតហាសិបនាក់រស់នៅក្នុងក្រុងសូដុម យើងនឹងលើកលែងទោសឲ្យអ្នកក្រុងទាំងមូល ដោយយោគយល់ដល់មនុស្សសុចរិតទាំងនោះ»។ 27លោកអប្រាហាំទូលសាជាថ្មីថា៖ «ទូលបង្គំគ្រាន់តែជាធូលីដី និងជាផេះប៉ុណ្ណោះ សូមមេត្តាអភ័យទោសដល់ទូលបង្គំ ដែលហ៊ានតវ៉ាជាមួយព្រះអម្ចាស់បែបនេះ។ 28មនុស្សសុចរិតប្រហែលជាមិនទាន់បានគ្រប់ចំនួនហាសិបទេ គឺនៅខ្វះប្រាំនាក់ តើព្រះអង្គនឹងរំលាយទីក្រុងទាំងមូលចោល ព្រោះតែប្រាំនាក់នោះឬ?»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ប្រសិនបើយើងរកឃើញមនុស្សសុចរិតតែសែសិបប្រាំនាក់ យើងនឹងមិនរំលាយទីក្រុងនោះឡើយ»។ 29លោកអប្រាហាំនៅតែទូលព្រះអង្គថា៖ «ប្រហែលមានតែសែសិបនាក់ទេ»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ព្រោះតែអ្នកទាំងសែសិបនោះ យើងនឹងមិនធ្វើអ្វីឡើយ»។ 30លោកអប្រាហាំទូលថា៖ «សូមព្រះអម្ចាស់មេត្តាកុំខ្ញាល់នឹងទូលបង្គំធ្វើអ្វី ទូលបង្គំសូមអង្វរម្ដងទៀត។ ប្រហែលជាមានតែសាមសិបនាក់»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ព្រោះតែអ្នកទាំងសាមសិបនោះ យើងនឹងមិនធ្វើអ្វីឡើយ»។ 31លោកអប្រាហាំទូលថា៖ «សូមមេត្តាអភ័យទោសដល់ទូលបង្គំដែលហ៊ានតវ៉ាជាមួយព្រះអម្ចាស់ ប្រហែលជាមានតែម្ភៃនាក់ប៉ុណ្ណោះ»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ព្រោះតែអ្នកទាំងម្ភៃនោះ យើងនឹងមិនរំលាយទីក្រុងឡើយ»។ 32លោកអប្រាហាំទូលថា៖ «សូមព្រះអម្ចាស់មេត្តាកុំខ្ញាល់នឹងទូលបង្គំ ទូលបង្គំសូមអង្វរតែម្ដងទៀតទេ។ ប្រហែលជាមានតែដប់នាក់ប៉ុណ្ណោះ»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ព្រោះតែអ្នកទាំងដប់នោះ យើងនឹងមិនរំលាយទីក្រុងឡើយ»។
33កាលព្រះអម្ចាស់មានព្រះបន្ទូលជាមួយលោកអប្រាហាំរួចរាល់ហើយ ព្រះអង្គក៏យាងចាកចេញទៅ រីឯលោកអប្រាហាំក៏វិលទៅជំរំលោកវិញដែរ។
ទើបបានជ្រើសរើសហើយ៖
លោកុប្បត្តិ 18: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.