លោកុប្បត្តិ 15:6-21
លោកុប្បត្តិ 15:6-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកអាប់រ៉ាមក៏ជឿតាមព្រះយេហូវ៉ា ហើយដោយសារជំនឿរបស់លោក ព្រះអង្គបានរាប់លោកជាសុចរិត ។ ពេលនោះ ព្រះអង្គមានព្រះបន្ទូលមកកាន់លោកថា៖ «យើងជាព្រះយេហូវ៉ា ដែលបាននាំអ្នកចេញពីស្រុកអ៊ើររបស់សាសន៍ខាល់ដេមក ដើម្បីប្រគល់ស្រុកនេះឲ្យអ្នកទុកជាកេរអាករ»។ ប៉ុន្តែ លោកទូលថា៖ «ឱព្រះយេហូវ៉ាជាព្រះអម្ចាស់អើយ ធ្វើដូចម្ដេចឲ្យទូលបង្គំដឹងថា ទូលបង្គំនឹងបានស្រុកនេះជាកេរអាករទៅ?» ព្រះអង្គមានព្រះបន្ទូលមកកាន់លោកថា៖ «ចូរយកគោញីមួយអាយុបីខួប ពពែញីមួយអាយុបីខួប ចៀមឈ្មោលមួយអាយុបីខួប លលកមួយ និងព្រាបចំទើរមួយមកឲ្យយើង»។ លោកក៏យកសត្វទាំងនោះមកថ្វាយព្រះអង្គ ដោយពុះវាជាពីរ ហើយដាក់ចំហៀងនីមួយៗប្រទល់គ្នា តែសត្វស្លាប លោកមិនបានពុះជាពីរទេ ពេលណាមានសត្វហើរចុះមកលើខ្មោចសត្វទាំងនោះ លោកអាប់រ៉ាមក៏ដេញវាចេញ។ នៅពេលថ្ងៃជិតលិច លោកអាប់រ៉ាមក៏លង់លក់ទៅ ហើយមើល៍ មានងងឹតជាខ្លាំង គួរឲ្យព្រឺខ្លាច គ្របដណ្ដប់លើលោក។ ពេលនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកអាប់រ៉ាមថា៖ «ចូរដឹងឲ្យប្រាកដថា ពូជពង្សរបស់អ្នកនឹងទៅជាអ្នកដទៃស្នាក់នៅក្នុងស្រុកមួយ ដែលមិនមែនជាស្រុករបស់ខ្លួន គេនឹងក្លាយជាទាសករនៅស្រុកនោះ ហើយអ្នកស្រុកនោះនឹងសង្កត់សង្កិនគេអស់រយៈពេលបួនរយឆ្នាំ តែយើងនឹងជំនុំជម្រះសាសន៍ដែលគេបម្រើនោះ ហើយក្រោយនោះមក គេនឹងចាកចេញមកទាំងមានទ្រព្យសម្បត្តិជាច្រើន។ រីឯអ្នកវិញ អ្នកនឹងទៅជួបជុំបុព្វបុរសរបស់អ្នកដោយសុខសាន្ត ហើយគេនឹងបញ្ចុះសពអ្នក ក្រោយពីអ្នកមានអាយុវែងល្អហើយ។ នៅតំណទីបួន គេនឹងវិលត្រឡប់មកទីនេះវិញ ដ្បិតអំពើទុច្ចរិតរបស់ពួកសាសន៍អាម៉ូរី មិនទាន់ដល់កម្រិតនៅឡើយ»។ កាលថ្ងៃលិចផុតទៅ ហើយមេឃក៏ងងឹត នោះមើល៍ មានគុកភ្លើងហុយផ្សែង និងចន្លុះដែលមានអណ្ដាតភ្លើង ឆេះទៅមកតាមចន្លោះដុំសាច់ទាំងនោះ។ នៅថ្ងៃនោះ ព្រះយេហូវ៉ាតាំងសញ្ញាជាមួយអាប់រ៉ាម ដោយមានព្រះបន្ទូលថា៖ «យើងប្រគល់ស្រុកនេះឲ្យពូជពង្សរបស់អ្នក ចាប់តាំងពីទន្លេស្រុកអេស៊ីព្ទរហូតដល់ទន្លេធំ គឺទន្លេអ៊ើប្រាត ស្រុករបស់ពួកកែន ពួកគេនិស៊ីត ពួកកាត់ម៉ូនី ពួកហេត ពួកពេរិស៊ីត ពួករេផែម ពួកអាម៉ូរី ពួកកាណាន ពួកគើកាស៊ី និងពួកយេប៊ូស»។
លោកុប្បត្តិ 15:6-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកអាប់រ៉ាមជឿលើព្រះអម្ចាស់ ហើយដោយយល់ដល់ជំនឿនេះ ព្រះអង្គប្រោសលោកឲ្យបានសុចរិត*។ ព្រះអង្គមានព្រះបន្ទូលមកលោកទៀតថា៖ «យើងជាព្រះអម្ចាស់ដែលបាននាំអ្នកចេញពីក្រុងអ៊ើរនៅស្រុកខាល់ដេមក ដើម្បីប្រគល់ស្រុកនេះឲ្យអ្នកទុកជាសម្បត្តិ»។ លោកអាប់រ៉ាមទូលព្រះអង្គវិញថា៖ «បពិត្រព្រះជាអម្ចាស់ តើធ្វើម្ដេចឲ្យដឹងថា ទូលបង្គំនឹងទទួលស្រុកនេះ?» ព្រះអង្គមានព្រះបន្ទូលមកលោកថា៖ «ចូរយកគោញីជំទង់អាយុបីខួបមួយ ពពែញីអាយុបីខួបមួយ ពពែឈ្មោលអាយុបីខួបមួយ លលកមួយ និងព្រាបជំទើរមួយ មកឲ្យយើង»។ លោកក៏យកសត្វទាំងនោះមកពុះជាពីរ រួចដាក់ទន្ទឹមគ្នា តែលោកពុំបានពុះសត្វស្លាបជាពីរទេ។ ពេលនោះ មានត្មាតមកឆាបសាច់សត្វ តែលោកអាប់រ៉ាមបានដេញវា។ នៅពេលថ្ងៃជិតលិច លោកអាប់រ៉ាមលង់លក់ ហើយព្រឺខ្លាចជាខ្លាំង ព្រោះមានភាពងងឹតមកគ្របដណ្ដប់លើលោក។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអាប់រ៉ាមថា៖ «តោងដឹងថា ពូជពង្សរបស់អ្នកនឹងទៅស្នាក់នៅក្នុងស្រុកមួយ ដែលមិនមែនជាស្រុករបស់ខ្លួន គេនឹងធ្លាក់ខ្លួនទៅជាទាសករនៅក្នុងស្រុកនោះ ហើយអ្នកស្រុកនោះនឹងជិះជាន់គេ អស់រយៈពេលបួនរយឆ្នាំ។ ប៉ុន្តែ យើងនឹងដាក់ទោសប្រជាជាតិ ដែលយកពូជពង្សអ្នកធ្វើជាទាសករ។ បន្ទាប់មក គេនឹងចាកចេញទៅ ដោយនាំយកទ្រព្យសម្បត្តិជាច្រើនទៅជាមួយផង។ រីឯអ្នកវិញ អ្នកនឹងទៅជួបជុំជាមួយបុព្វបុរសរបស់អ្នកដោយសុខសាន្ត ហើយគេនឹងបញ្ចុះសពអ្នក ក្រោយពីអ្នកបានរស់យ៉ាងសុខក្សេមក្សាន្ត អាយុយឺនយូរ។ នៅតំណទីបួន ទើបពូជពង្សរបស់អ្នកវិលត្រឡប់មកទីនេះវិញ ដ្បិតជនជាតិអាម៉ូរីប្រព្រឹត្តបទល្មើសមិនទាន់ដល់កម្រិតនៅឡើយ»។ លុះថ្ងៃលិចផុតទៅ មេឃក៏ងងឹត។ ពេលនោះ ស្រាប់តែភ្លើងឆេះឡើង ព្រមទាំងមានអណ្ដាតភ្លើងឆេះឆាបតាមចន្លោះដុំសាច់សត្វ ដែលពុះជាពីរនោះផងដែរ។ នៅថ្ងៃនោះ ព្រះអម្ចាស់បានចងសម្ពន្ធមេត្រីជាមួយលោកអាប់រ៉ាម ដោយមានព្រះបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះឲ្យពូជពង្សរបស់អ្នក ដោយគិតចាប់តាំងពីទន្លេស្រុកអេស៊ីប រហូតដល់ទន្លេធំ ពោលគឺទន្លេអឺប្រាត ពួកកែន ស្រុកកេនិស៊ីត ស្រុកកាត់ម៉ូនី ស្រុកហេត ស្រុកពេរិស៊ីត ស្រុករេផែម ស្រុកអាម៉ូរី ស្រុកកាណាន ស្រុកគើកាស៊ី និងស្រុកយេប៊ូស»។
លោកុប្បត្តិ 15:6-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គាត់ក៏ជឿដល់ព្រះយេហូវ៉ា ហើយទ្រង់រាប់សេចក្ដីជំនឿនោះ ទុកជាសេចក្ដីសុចរិតដល់គាត់ នោះទ្រង់មានបន្ទូលទៅគាត់ថា អញជាព្រះយេហូវ៉ា ដែលនាំឯងចេញពីស្រុកអ៊ើររបស់សាសន៍ខាល់ដេ មកដើម្បីនឹងឲ្យស្រុកនេះដល់ឯងទុកជាកេរអាករ រួចគាត់ទូលសួរថា ឱព្រះយេហូវ៉ាជាព្រះអម្ចាស់អើយ តើទូលបង្គំនឹងដឹងដោយសារអ្វីថា ទូលបង្គំនឹងបានស្រុកនេះជាកេរអាករពិត នោះទ្រង់មានបន្ទូលថា ចូរយកគោញី១អាយុ៣ខួប ពពែញី១អាយុ៣ខួប ចៀមឈ្មោល១ អាយុ៣ខួប ហើយលលក១ នឹងព្រាបជំទើរ១មកឲ្យអញ គាត់ក៏យកសត្វទាំងនោះមកពុះជា២ភាគ រួចដាក់ចំហៀងប្រទល់គ្នា តែសត្វស្លាបគាត់មិនពុះទេ ឯពួកសត្វហើរក៏ចុះមកលើខ្មោចនៃសត្វទាំងនោះ តែអាប់រ៉ាមដេញវាទៅ។ លុះដល់វេលាថ្ងៃដែលកំពុងតែលិច អាប់រ៉ាមក៏ដេកលក់យន់ទៅ នោះឃើញមានងងឹតយ៉ាងខ្លាំងគួរស្ញែងខ្លាចចុះមកគ្របលើគាត់ រួចទ្រង់មានបន្ទូលប្រាប់អាប់រ៉ាមថា ចូរដឹងជាប្រាកដថា ពូជឯងនឹងត្រូវទៅជាអ្នកដទៃនៅស្រុក១ ដែលមិនមែនជាស្រុករបស់ផងខ្លួន ហើយត្រូវបំរើពួកស្រុកនោះ ដែលគេនឹងសង្កត់សង្កិនឯងអស់រវាង៤០០ឆ្នាំ តែអញនឹងជំនុំជំរះសាសន៍ដែលឯងត្រូវបំរើនោះ រួចពីនោះមក ពូជឯងនឹងចេញមកទាំងមានទ្រព្យសម្បត្តិជាច្រើនវិញ ឯឯងនឹងទៅឯពួកឰយុកោឯងដោយសុខសាន្ត ហើយគេនឹងកប់ឯង ក្រោយដែលឯងមានអាយុវែងល្អហើយ ដល់ដំណទី៤ នោះគេនឹងវិលមកឯណេះវិញ ដ្បិតសេចក្ដីទុច្ចរិតរបស់ពួកសាសន៍អាម៉ូរីមិនទាន់ពោរពេញនៅឡើយ រួចកាលថ្ងៃលិចទៅ បានងងឹតហើយ នោះឃើញមានគុកភ្លើងហុយផ្សែង នឹងចន្លុះដែលឆេះទៅមកនៅកណ្តាលដុំសាច់ទាំងនោះ។ នៅថ្ងៃនោះឯង ព្រះយេហូវ៉ាទ្រង់តាំងសញ្ញានឹងអាប់រ៉ាមថា អញឲ្យស្រុកនេះដល់ពូជឯង ចាប់តាំងពីទន្លេស្រុកអេស៊ីព្ទរហូតដល់ទន្លេធំ គឺជាទន្លេអ៊ើប្រាត ព្រមទាំងពួកកែន ពួកគេនិស៊ីត ពួកកាត់ម៉ូនី ពួកហេត ពួកពេរិស៊ីត ពួករេផែម ពួកអាម៉ូរី ពួកកាណាន ពួកគើកាស៊ី ហើយនឹងពួកយេប៊ូសផង។