លោកុ‌ប្បត្តិ 15

15
សេចក្ដី​សញ្ញា​របស់​ព្រះ​ជាមួយ​លោក​អាប់‌រ៉ាម
1ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អាប់‌រ៉ាម​ក្នុង​និមិត្ត​មួយ​ថា៖ «អាប់‌រ៉ាម​អើយ កុំ​ខ្លាច​អ្វី​ឡើយ យើង​ជា​ខែល​របស់​អ្នក អ្នក​នឹង​បាន​ទទួល​រង្វាន់​ដ៏​ធំ​ក្រៃ‌លែង»។ 2ប៉ុន្ដែ លោក​អាប់​រ៉ាម​ទូល​សួរ​ថា៖ «ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​អើយ តើ​ព្រះ‌អង្គ​នឹង​ប្រទាន​អ្វី​មក​ទូល‌បង្គំ បើ​ទូល‌បង្គំ​នៅ​តែ​ឥត​មាន​កូន​ដូច្នេះ ហើយ​អ្នក​ដែល​ត្រូវ​ធ្វើ​ជា​ម្ចាស់​លើ​ផ្ទះ​របស់​ទូល‌បង្គំ​នោះ មាន​តែ​អេលា‌ស៊ើរ ជា​អ្នក​ស្រុក​ដាម៉ាស​នេះ​ប៉ុណ្ណោះ?» 3លោក​អាប់‌រ៉ាម​ក៏​ទូល​ទៀត​ថា៖ «មើល៍! ព្រះ‌អង្គ​មិន​បាន​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​កូន​សោះ ហើយ​បាវ​បម្រើ​ម្នាក់​ដែល​កើត​នៅ​ផ្ទះ​ទូល‌បង្គំ វា​នឹង​ទទួល​មត៌ក​របស់​ទូល‌បង្គំ​ហើយ»។ 4ប៉ុន្ដែ ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​លោក​ថា៖ «អ្នក​នោះ​មិន​ត្រូវ​ទទួល​មត៌ក​របស់​អ្នក​ទេ គឺ​កូន​ដែល​នឹង​កើត​ចេញ​ពី​អ្នក​វិញ ដែល​ត្រូវ​ទទួល​មត៌ក»។ 5ព្រះ‌អង្គ​នាំ​លោក​ចេញ​ទៅ​ក្រៅ ហើយ​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​ងើយ​មើល​ទៅ​លើ​មេឃ ហើយ​រាប់​ផ្កាយ​ចុះ ប្រសិន‌បើ​អ្នក​អាច​រាប់​បាន»។ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «ពូជ‌ពង្ស​របស់​អ្នក​ក៏​នឹង​បាន​ដូច​ផ្កាយ​ទាំង​នោះ​ដែរ»។ 6លោក​អាប់‌រ៉ាម​ក៏​ជឿ​តាម​ព្រះ‌យេហូវ៉ា ហើយ​ដោយ​សារ​ជំនឿ​របស់​លោក ព្រះ‌អង្គ​បាន​រាប់​លោក​ជា​សុចរិត ។
7ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «យើង​ជា​ព្រះ‌យេហូវ៉ា ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អ៊ើរ​របស់​សាសន៍​ខាល់ដេ​មក ដើម្បី​ប្រគល់​ស្រុក​នេះ​ឲ្យ​អ្នក​ទុក​ជា​កេរ‌អាករ»។ 8ប៉ុន្តែ លោក​ទូល​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ‌អម្ចាស់​អើយ ធ្វើ​ដូច​ម្ដេច​ឲ្យ​ទូល‌បង្គំ​ដឹង​ថា ទូល‌បង្គំ​នឹង​បាន​ស្រុក​នេះ​ជា​កេរ‌អាករ​ទៅ?» 9ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូលមក​កាន់​លោក​ថា៖ «ចូរ​យក​គោ​ញី​មួយ​អាយុ​បី​ខួប ពពែ​ញី​មួយ​អាយុ​បី​ខួប ចៀម​ឈ្មោល​មួយ​អាយុ​បី​ខួប លលក​មួយ និង​ព្រាប​ចំទើរ​មួយ​មក​ឲ្យ​យើង»។ 10លោក​ក៏​យក​សត្វ​ទាំង​នោះមក​ថ្វាយ​ព្រះ‌អង្គ ដោយ​ពុះ​វា​ជា​ពីរ ហើយ​ដាក់​ចំហៀង​នីមួយៗ​ប្រទល់​គ្នា តែ​សត្វ​ស្លាប លោក​មិន​បាន​ពុះ​ជា​ពីរ​ទេ 11ពេល​ណា​មាន​សត្វ​ហើរ​ចុះ​មក​លើ​ខ្មោច​សត្វ​ទាំង​នោះ លោក​អាប់‌រ៉ាមក៏​ដេញ​វា​ចេញ។
12នៅ​ពេល​ថ្ងៃ​ជិត​លិច លោក​អាប់‌រ៉ាម​ក៏​លង់​លក់​ទៅ ហើយ​មើល៍ មាន​ងងឹត​ជា​ខ្លាំង គួរ​ឲ្យ​ព្រឺ​‌ខ្លាច គ្រប​ដណ្ដប់​លើ​លោក។ 13ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អាប់‌រ៉ាម​ថា៖ «ចូរ​ដឹង​ឲ្យ​ប្រាកដ​ថា ពូជ‌ពង្ស​របស់​អ្នក​នឹង​ទៅ​ជា​អ្នក​ដទៃ​ស្នាក់​នៅ​ក្នុង​ស្រុក​មួយ ដែល​មិន​មែន​ជា​ស្រុក​របស់​ខ្លួន គេ​នឹង​ក្លាយ​ជា​ទាសករ​នៅ​ស្រុក​នោះ ហើយ​អ្នក​ស្រុក​នោះ​នឹង​សង្កត់‌សង្កិន​គេ​អស់​រយៈ​ពេល​បួនរយ​ឆ្នាំ 14តែ​យើង​នឹង​ជំនុំ‌ជម្រះ​សាសន៍​ដែល​គេ​បម្រើ​នោះ ហើយ​ក្រោយ​នោះ​មក គេ​នឹង​ចាក​ចេញ​មក​ទាំង​មាន​ទ្រព្យ‌សម្បត្តិ​ជា​ច្រើន។ 15រី​ឯ​អ្នក​វិញ អ្នក​នឹង​ទៅ​ជួប​ជុំ​បុព្វ‌បុរស​របស់​អ្នក​ដោយ​សុខ‌សាន្ត ហើយ​គេ​នឹង​បញ្ចុះ​សព​អ្នក ក្រោយ​ពី​អ្នក​មាន​អាយុ​វែង​ល្អ​ហើយ។ 16នៅ​តំណ​ទី​បួន គេ​នឹង​វិល​ត្រឡប់​មក​ទី​នេះ​វិញ ដ្បិត​អំពើ​ទុច្ចរិត​របស់​ពួក​សាសន៍​អាម៉ូរី មិន​ទាន់​ដល់​កម្រិត​នៅ​ឡើយ»។
17កាល​ថ្ងៃ​លិច​ផុត​ទៅ ហើយ​មេឃ​ក៏​ងងឹត នោះ​មើល៍ មាន​គុក​ភ្លើង​ហុយ​ផ្សែង និង​ចន្លុះ​ដែល​មាន​អណ្ដាត​ភ្លើង ឆេះ​ទៅ​មក​តាម​ចន្លោះ​ដុំ​សាច់​ទាំង​នោះ។ 18នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា​តាំង​សញ្ញា​ជា‌មួយ​អាប់‌រ៉ាម ដោយ​មាន​ព្រះ​បន្ទូល​ថា៖ «យើង​ប្រគល់​ស្រុក​នេះ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក ចាប់​តាំង​ពី​ទន្លេ​ស្រុក​អេស៊ីព្ទ​រហូត​ដល់​ទន្លេ​ធំ គឺ​ទន្លេ​អ៊ើប្រាត 19ស្រុក​របស់​ពួក​កែន ពួក‌គេ​និស៊ីត ពួក​កាត់‌ម៉ូនី 20ពួក​ហេត ពួក​ពេរិស៊ីត ពួក​រេផែម 21ពួក​អាម៉ូរី ពួក​កាណាន ពួក​គើកាស៊ី និង​ពួក​យេប៊ូស»។

ទើបបានជ្រើសរើសហើយ៖

លោកុ‌ប្បត្តិ 15: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ