លោកុប្បត្តិ 15:1-5
លោកុប្បត្តិ 15:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្រោយហេតុការណ៍ទាំងនោះមក ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកអាប់រ៉ាមក្នុងនិមិត្តមួយថា៖ «អាប់រ៉ាមអើយ កុំខ្លាចអ្វីឡើយ យើងជាខែលរបស់អ្នក អ្នកនឹងបានទទួលរង្វាន់ដ៏ធំក្រៃលែង»។ ប៉ុន្ដែ លោកអាប់រ៉ាមទូលសួរថា៖ «ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ តើព្រះអង្គនឹងប្រទានអ្វីមកទូលបង្គំ បើទូលបង្គំនៅតែឥតមានកូនដូច្នេះ ហើយអ្នកដែលត្រូវធ្វើជាម្ចាស់លើផ្ទះរបស់ទូលបង្គំនោះ មានតែអេលាស៊ើរ ជាអ្នកស្រុកដាម៉ាសនេះប៉ុណ្ណោះ?» លោកអាប់រ៉ាមក៏ទូលទៀតថា៖ «មើល៍! ព្រះអង្គមិនបានប្រទានឲ្យទូលបង្គំមានកូនសោះ ហើយបាវបម្រើម្នាក់ដែលកើតនៅផ្ទះទូលបង្គំ វានឹងទទួលមត៌ករបស់ទូលបង្គំហើយ»។ ប៉ុន្ដែ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់លោកថា៖ «អ្នកនោះមិនត្រូវទទួលមត៌ករបស់អ្នកទេ គឺកូនដែលនឹងកើតចេញពីអ្នកវិញ ដែលត្រូវទទួលមត៌ក»។ ព្រះអង្គនាំលោកចេញទៅក្រៅ ហើយមានព្រះបន្ទូលថា៖ «ចូរងើយមើលទៅលើមេឃ ហើយរាប់ផ្កាយចុះ ប្រសិនបើអ្នកអាចរាប់បាន»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលមកកាន់លោកថា៖ «ពូជពង្សរបស់អ្នកក៏នឹងបានដូចផ្កាយទាំងនោះដែរ»។
លោកុប្បត្តិ 15:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រោយហេតុការណ៍ទាំងនោះមក លោកអាប់រ៉ាមនិមិត្តឃើញព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «អាប់រ៉ាមអើយ កុំខ្លាចអ្វីឡើយ! យើងនឹងធ្វើជាខែលការពារអ្នក អ្នកនឹងទទួលរង្វាន់យ៉ាងធំ»។ លោកអាប់រ៉ាមទូលតបវិញថា៖ «បពិត្រព្រះជាអម្ចាស់ ព្រះអង្គប្រទានអ្វីមកទូលបង្គំក៏ឥតប្រយោជន៍ដែរ ព្រោះទូលបង្គំនឹងលាចាកលោកនេះទៅទាំងគ្មានកូន។ រីឯអ្នកដែលនឹងទទួលកេរមត៌ករបស់ទូលបង្គំ គឺអេលាស៊ើរជាអ្នកក្រុងដាម៉ាសឯណោះវិញ»។ លោកមានប្រសាសន៍ទៀតថា៖ «ព្រះអង្គពុំបានប្រទានឲ្យទូលបង្គំមានកូនបន្តពូជសោះ គឺមានតែអ្នកបម្រើក្នុងក្រុមគ្រួសាររបស់ទូលបង្គំប៉ុណ្ណោះ ដែលនឹងទទួលកេរមត៌កតពីទូលបង្គំ»។ ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «មិនមែនអ្នកបម្រើទេ គឺកូនដែលនឹងកើតចេញពីអ្នកវិញឯណោះ ជាអ្នកទទួលមត៌ក»។ ព្រះអង្គនាំលោកចេញទៅក្រៅ ហើយមានព្រះបន្ទូលថា៖ «ចូរងើយមើលទៅលើមេឃ ហើយរាប់ចំនួនផ្កាយមើល៍ តើអ្នកអាចរាប់អស់ទេ?»។ ព្រះអង្គមានព្រះបន្ទូលថែមទៀតថា៖ «ពូជពង្សរបស់អ្នកក៏នឹងមានចំនួនច្រើន ដូចផ្កាយទាំងនោះដែរ»។
លោកុប្បត្តិ 15:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក្រោយការទាំងនោះមក ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងអាប់រ៉ាមដោយការជាក់ស្តែងថា អាប់រ៉ាមអើយ កុំឲ្យខ្លាចអ្វីឡើយ អញជាខែល ហើយជារង្វាន់ដ៏ធំក្រៃលែងរបស់ឯង នោះអាប់រ៉ាមគាត់ទូលសួរថា ឱព្រះយេហូវ៉ាជាព្រះអម្ចាស់អើយ តើទ្រង់នឹងប្រទានអ្វីមកទូលបង្គំ ដែលទូលបង្គំចេះតែនៅដោយឥតមានកូនដូច្នេះ ហើយអ្នកដែលត្រូវធ្វើជាម្ចាស់លើផ្ទះទូលបង្គំ នោះមានតែអេលាស៊ើរជាអ្នកស្រុកដាម៉ាសនេះប៉ុណ្ណោះ អាប់រ៉ាមក៏ទូលទៀតថា មើល ទ្រង់មិនបានប្រទានឲ្យទូលបង្គំមានកូនសោះ ហើយមើល បាវម្នាក់ដែលកើតនៅផ្ទះទូលបង្គំ វានឹងគ្រងមរដករបស់ទូលបង្គំហើយ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងគាត់ថា អ្នកនោះមិនត្រូវស៊ីមរដករបស់ឯងទេ គឺជាម្នាក់ដែលនឹងកើតពីឯងមកវិញទេតើ ដែលត្រូវស៊ីមរដករបស់ឯងនោះ រួចទ្រង់នាំគាត់ចេញទៅក្រៅប្រាប់ថា ចូរមើលទៅលើមេឃឥឡូវ ហើយរាប់ផ្កាយចុះ បើឯងអាចនឹងរាប់ទាំងអស់បាន រួចទ្រង់មានបន្ទូលប្រាប់ថា ពូជឯងនឹងបានដូច្នោះដែរ