កាឡាទី 6:11-18
កាឡាទី 6:11-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
សូមមើលអក្សរធំៗទាំងនេះ ដែលខ្ញុំសរសេរដោយដៃខ្ញុំផ្ទាល់ ផ្ញើមកអ្នករាល់គ្នា។ អស់អ្នកដែលចង់សម្ញែងខ្លួនខាងសាច់ឈាម គេបង្ខំអ្នករាល់គ្នាឲ្យទទួលពិធីកាត់ស្បែក គឺដើម្បីឲ្យគេបានរួចពីការបៀតបៀន ដោយព្រោះឈើឆ្កាងរបស់ព្រះគ្រីស្ទប៉ុណ្ណោះ ដ្បិតសូម្បីតែអស់អ្នកដែលទទួលពិធីកាត់ស្បែក ខ្លួនគេផ្ទាល់មិនទាំងកាន់តាមក្រឹត្យវិន័យផង តែគេចង់ឲ្យអ្នករាល់គ្នាទទួលពិធីកាត់ស្បែក ដើម្បីឲ្យគេបានអួតខាងសាច់ឈាមរបស់អ្នករាល់គ្នា។ ឯខ្ញុំវិញ សូមកុំឲ្យខ្ញុំអួតខ្លួនពីអ្វី ក្រៅពីឈើឆ្កាងរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងឡើយ ដែលដោយសារឈើឆ្កាងនោះ លោកីយ៍បានជាប់ឆ្កាងខាងឯខ្ញុំ ហើយខ្ញុំក៏ជាប់ឆ្កាងខាងឯលោកីយ៍ដែរ។ ដ្បិតការកាត់ស្បែកមិនសំខាន់អ្វីទេ ហើយការមិនកាត់ស្បែក នោះក៏មិនសំខាន់អ្វីដែរ តែដែលសំខាន់គឺ ការកើតជាថ្មី។ សូមឲ្យអស់អ្នកដែលដើរតាមគោលការណ៍នេះ ព្រមទាំងសាសន៍អ៊ីស្រាអែលរបស់ព្រះផង បានប្រកបដោយសេចក្ដីសុខសាន្ត និងសេចក្ដីមេត្តាករុណា។ ពីពេលនេះតទៅ សូមកុំឲ្យអ្នកណារំខានចិត្តខ្ញុំទៀតឡើយ ដ្បិតខ្ញុំមានស្លាកស្នាម របស់ព្រះយេស៊ូវ ជាប់ក្នុងរូបកាយខ្ញុំហើយ។ បងប្អូនអើយ សូមព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ស្ថិតនៅជាប់ជាមួយវិញ្ញាណរបស់អ្នករាល់គ្នា។ អាម៉ែន។:៚
កាឡាទី 6:11-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
តួអក្សរធំៗដែលបងប្អូនឃើញនេះ គឺខ្ញុំបានសរសេរមកបងប្អូនដោយដៃខ្ញុំផ្ទាល់។ អស់អ្នកដែលចង់បានកិត្តិយសខាងលោកីយ៍ បានបង្ខំបងប្អូនឲ្យកាត់ស្បែក* ក្នុងគោលបំណងកុំឲ្យមានគេបៀតបៀន ព្រោះតែឈើឆ្កាងរបស់ព្រះគ្រិស្តប៉ុណ្ណោះ។ ចំពោះអ្នកដែលកាត់ស្បែកទាំងនោះ ខ្លួនគេផ្ទាល់ពុំកាន់តាមក្រឹត្យវិន័យទេ គឺគេចង់ឲ្យបងប្អូនកាត់ស្បែក ដើម្បីឲ្យគេអាចអួតខ្លួនថា គេបានកាត់ស្បែកឲ្យបងប្អូន។ រីឯខ្ញុំវិញ ខ្ញុំមិនអួតខ្លួនអំពីអ្វី ក្រៅពីឈើឆ្កាងរបស់ព្រះយេស៊ូគ្រិស្ត ជាព្រះអម្ចាស់នៃយើងឡើយ។ ដោយសារឈើឆ្កាងនេះ អ្វីៗក្នុងពិភពលោកលែងមានទាក់ទាមនឹងខ្ញុំទៀតហើយ ហើយខ្ញុំក៏លែងមានទាក់ទាមអ្វីនឹងពិភពលោកទៀតដែរ។ ការកាត់ស្បែក ឬមិនកាត់ស្បែក មិនសំខាន់អ្វីទេ មានតែការកើតជាថ្មីវិញឯណោះ ទើបសំខាន់។ សូមព្រះជាម្ចាស់ប្រទានសេចក្ដីសុខសាន្ត និងមេត្តាករុណាដល់អស់អ្នកដែលអនុវត្តតាមគោលគំនិតនេះ និងដល់ប្រជារាស្ត្រអ៊ីស្រាអែលរបស់ព្រះអង្គ។ អំណើះតទៅ សូមកុំឲ្យនរណាម្នាក់ធ្វើឲ្យខ្ញុំពិបាកចិត្តទៀតឡើយ ដ្បិតខ្ញុំមានស្លាកស្នាមរបស់ព្រះយេស៊ូ នៅក្នុងរូបកាយខ្ញុំស្រាប់ហើយ។ បងប្អូនអើយ សូមព្រះគុណរបស់ព្រះអម្ចាស់យេស៊ូគ្រិស្តនៃយើង ស្ថិតនៅជាមួយវិញ្ញាណរបស់បងប្អូន។ អាម៉ែន។
កាឡាទី 6:11-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សូមមើលអក្សរធំទាំងម៉្លេះនេះ ដែលខ្ញុំសរសេរដោយដៃខ្ញុំ ផ្ញើមកអ្នករាល់គ្នា អស់អ្នកណាដែលចង់បានឫកពាល្អខាងសាច់ឈាម នោះគេបង្ខំឲ្យអ្នករាល់គ្នាទទួលកាត់ស្បែក ដើម្បីឲ្យតែខ្លួនគេបានរួចពីសេចក្ដីបៀតបៀន ដោយព្រោះឈើឆ្កាងនៃព្រះគ្រីស្ទ ដ្បិតពួកអ្នកដែលទទួលពិធីកាត់ស្បែកនោះ គេមិនទាំងកាន់តាមក្រិត្យវិន័យផង តែគេចង់ឲ្យអ្នករាល់គ្នាកាត់ស្បែកវិញ ដើម្បីឲ្យគេបានអួតខ្លួន ខាងឯសាច់ឈាមរបស់អ្នករាល់គ្នាប៉ុណ្ណោះ ឯខ្ញុំ កុំបីឲ្យខ្ញុំអួតខ្លួនឡើយ អួតបានតែពីឈើឆ្កាងនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាប៉ុណ្ណោះ ដែលដោយសារទ្រង់ នោះលោកីយបានត្រូវជាប់ឆ្កាងខាងឯខ្ញុំ ហើយខ្ញុំខាងឯលោកីយដែរ ដ្បិតក្នុងព្រះគ្រីស្ទយេស៊ូវ ដែលកាត់ស្បែក ឬមិនកាត់ នោះមិនជាប្រយោជន៍អ្វីទេ ដែលហៅថាមានប្រយោជន៍ នោះមានតែកើតជាថ្មីវិញប៉ុណ្ណោះ សូមឲ្យអស់អ្នកដែលដើរតាមមាត្រានេះ បានប្រកបដោយសេចក្ដីសុខសាន្ត នឹងសេចក្ដីមេត្តាករុណាចុះ ព្រមទាំងសាសន៍អ៊ីស្រាអែលនៃព្រះផង។ អំពីនេះទៅមុខ កុំឲ្យអ្នកណារំខានចិត្តខ្ញុំទៀតឡើយ ដ្បិតខ្ញុំជាប់មានស្នាមត្រារបស់ព្រះអម្ចាស់យេស៊ូវ នៅខ្លួនខ្ញុំហើយ បងប្អូនអើយ សូមឲ្យព្រលឹងវិញ្ញាណរបស់អ្នករាល់គ្នា បានប្រកបដោយព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។ អាម៉ែន។:៚