អេសេគាល 47:13-23

អេសេគាល 47:13-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «នេះ​ជា​ព្រំ​ប្រទល់ ដែល​អ្នក​រាល់​គ្នា​នឹង​ចែក​ទុក​ជា​មត៌ក តាម​កុល‌សម្ព័ន្ធ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ដប់ ឯ​ពួក​យ៉ូសែប​នឹង​ត្រូវ​បាន​ពីរ​ចំណែក។ អ្នក​រាល់​គ្នា​នឹង​បាន​ស្រុក​ទុក​ជា​មត៌ក​ស្មើ​គ្នា​ទាំង​អស់ ដ្បិត​យើង​បាន​ស្បថ​នឹង​ឲ្យ​ស្រុក​នេះ​ដល់​បុព្វ‌បុរស​អ្នក​រាល់​គ្នា​ហើយ ដូច្នេះ ស្រុក​នេះ​នឹង​បាន​បន្ត​ដល់​អ្នក​រាល់​គ្នា ទុក​ជា​មត៌ក​ដែរ នេះ​ជា​ព្រំ​ប្រទល់​ស្រុក គឺ​ខាង​ជើង​ចាប់​ពី​សមុទ្រ​ធំ តាម​ផ្លូវ​ហេតឡូន​រហូត​ដល់​ឡេបូ-ហាម៉ាត រួច​បន្ត​ទៅ​សេដាត់ ក្រុង​ហាម៉ាត ក្រុង​បេរ៉ូថា ក្រុង​ស៊ីបរ៉ែម ដែល​នៅ​កណ្ដាល​ដែន​ស្រុក​ដាម៉ាស និង​ស្រុក​ហាម៉ាត ហើយ​ហាសា-ហាទីកុន ដែល​នៅ​ក្បែរ​ព្រំ​ប្រទល់​ហាវរ៉ុន។ ដូច្នេះ ព្រំ​ប្រទល់​នឹង​លាត​សន្ឋឹង​ចាប់​ពី​សមុទ្រ​គឺ​ហាសា-អេណាន រហូត​ដល់​ស្រុក​ដាម៉ាស ឯ​ខាង​ជើង​នោះ​ជា​ព្រំ​ប្រទល់​ហាម៉ាត នេះ​ហើយ​ជា​ព្រំ​ប្រទល់​ខាង​ជើង។ ឯ​ព្រំ​ដែន​ខាង​កើត គឺ​នៅ​ចន្លោះស្រុក​ហាវរ៉ុន និង​ស្រុក​ដាម៉ាស តាម​ដង​ទន្លេ​យ័រដាន់ ចន្លោះ​ស្រុក​កាឡាត និង​ស្រុក​អ៊ីស្រា‌អែល រហូត​ដល់​សមុទ្រ​ខាង​កើត ត្រឹម​តាម៉ារ។ នេះ​ជា​ព្រំ‌ដែន​ខាង​កើត។ ឯ​ព្រំ​ដែន​ខាង​ត្បូង លាត​សន្ធឹង​ចាប់​ពី​តាម៉ារ រហូត​ដល់​ទឹក​មេរីបា-កាដេស តាម​ជ្រោះ​ទឹក​អេស៊ីព្ទ ដែល​ហូរ​ធ្លាក់​ទៅ​សមុទ្រ​ធំ។ នេះ​ជា​ព្រំ‌ដែន​ខាង​ត្បូង។ ខាង​លិច គឺ​ជា​សមុទ្រ​ធំ ចាប់​តាំង​ពី​ព្រំ‌ដែន​ខាង​ត្បូង​ទៅ ត្រឹម​ទល់​ដែន​នឹង​ទ្វារ​ស្រុក​ហាម៉ាត នេះ​ជា​ព្រំ​ខាង​លិច។ អ្នក​រាល់​គ្នា​ត្រូវ​ចែក​ស្រុក​នេះ​តាម​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​សាសន៍​អ៊ីស្រា‌អែល។ ត្រូវ​ចែក​គ្នា​ដោយ​ចាប់​ឆ្នោត ទុក​ជា​មត៌ក​សម្រាប់​អ្នក​រាល់​គ្នា ហើយ​សម្រាប់​ពួក​សាសន៍​ដទៃ ដែល​អាស្រ័យ​នៅ​កណ្ដាល​អ្នក​រាល់​គ្នា ជា​ពួក​អ្នក​ដែល​នឹង​បង្កើត​កូន នៅ​កណ្ដាល​អ្នក​ដែរ អ្នក​ទាំង​នោះ​នឹង​បាន​ដូច​អ្នក​ដែល​កើត​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល ដល់​អ្នក​រាល់​គ្នា គេ​នឹង​បាន​មត៌ក​នៅ​ក្នុង​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​អ៊ីស្រា‌អែល ជា‌មួយ​អ្នក​រាល់​គ្នា​ដែរ ឯ​សាសន៍​ដទៃ​ទាំង​នោះ​អាស្រ័យ​នៅ​ក្នុង​កុល‌សម្ព័ន្ធ​ណា អ្នក​ទាំង​អស់​គ្នា​ត្រូវ​ចែក​ឲ្យ​មាន​មត៌ក​នៅ​ទី​នោះ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា»។

ចែក​រំលែក
អាន អេសេគាល 47

អេសេគាល 47:13-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​បែង​ចែក​ទឹក​ដី​ឲ្យ​កុល‌សម្ព័ន្ធ​ទាំង​ដប់‌ពីរ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: កូន​ចៅ​យ៉ូសែប​ទទួល​ពីរ​ចំណែក។ ក្រៅ​ពី​នោះ អ្នក​រាល់​គ្នា​ត្រូវ​បែង​ចែក​ឲ្យ​ស្មើ គឺ​ស្រប​តាម​ពាក្យ​ដែល​យើង​បាន​សន្យា​យ៉ាង​ឱឡា‌រិក​ថា នឹង​ប្រគល់​ឲ្យ​ដូនតា​របស់​អ្នក​រាល់​គ្នា។ ដូច្នេះ ទឹក​ដី​នេះ​ត្រូវ​បាន​ជា​កេរ‌មត៌ក​របស់​អ្នក​រាល់​គ្នា។ ព្រំ​ស្រុក​របស់​អ្នក​រាល់​គ្នា​មាន​ដូច​ត​ទៅ: ខាង​ជើង​ត្រូវ​គិត​ពី​សមុទ្រ​មេឌី‌ទែរ៉ាណេ ផ្លូវ​ទៅ​ហេត‌ឡូន​រហូត​ដល់​ច្រក​ចូល​សេដាត ហា‌ម៉ាត់ បេរ៉ូ‌ថា ស៊ីប‌រ៉ែម ដែល​នៅ​ចន្លោះ​ព្រំ‌ដែន​ដាម៉ាស និង​ព្រំ‌ដែន​ហា‌ម៉ាត់ ហាសា-‌ហាទី‌កុន នៅ​ព្រំ‌ដែន​ហារ៉ុន។ ដូច្នេះ ព្រំ‌ដែន​ខាង​ជើង​ត្រូវ​លាត​សន្ធឹង​ចាប់​ពី​សមុទ្រ កាត់​តាម​ហាសា-‌អេណាន ព្រំ‌ប្រទល់​ដាម៉ាស សាផូន​ខាង​ជើង និង​ព្រំ‌ប្រទល់​ស្រុក​ហា‌ម៉ាត់។ ព្រំ‌ដែន​ខាង​កើត គឺ​ទន្លេ​យ័រដាន់ នៅ​ចន្លោះ​ហាវរ៉ុន ដាម៉ាស និង​កាឡាដ ព្រម​ទាំង​ស្រុក​អ៊ីស្រា‌អែល។ ព្រំ‌ដែន​ខាង​កើត​នេះ ត្រូវ​វាស់​ចាប់​ពី​ព្រំ‌ប្រទល់​ខាង​ជើង រហូត​ដល់​សមុទ្រ​ខាង​កើត។ ព្រំ‌ប្រទល់​ខាង​ត្បូង​លាត​សន្ធឹង​ចាប់​ពី​តាម៉ារ រហូត​ដល់​ប្រភព​ទឹក​មេរី‌បា នៅ​វាល​រហោ‌ស្ថាន​កាដេស និង​រហូត​ដល់​ទឹក​អូ​ដែល​ហូរ​ចាក់​ទៅ​ក្នុង​សមុទ្រ​មេឌី‌ទែរ៉ាណេ។ ព្រំ‌ដែន​ខាង​លិច គឺ​សមុទ្រ​មេឌី‌ទែរ៉ាណេ ដោយ​គិត​ចាប់​តាំង​ពី​ព្រំ‌ប្រទល់​ខាង​ត្បូង រហូត​ទៅ​ដល់​ច្រក​ចូល​ហា‌ម៉ាត់។ ត្រូវ​ចែក​ទឹក​ដី​គ្នា​តាម​កុល‌សម្ព័ន្ធ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។ ត្រូវ​បែង​ចែក​ដី​នេះ​ជា​ចំណែក​មត៌ក ដោយ​ចាប់​ឆ្នោត​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ រីឯ​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ ហើយ​បង្កើត​កូន​ចៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​រាប់​ជា​ម្ចាស់​ស្រុក​ដូច​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ គឺ​ឲ្យ​គេ​ចាប់​ឆ្នោត​ទទួល​ដី​ជា​ចំណែក​មត៌ក ជា​មួយ​កុល‌សម្ព័ន្ធ​ទាំង‌ឡាយ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ។ ដូច្នេះ ជន​បរទេស​ស្នាក់​ជា​មួយ​កុល‌សម្ព័ន្ធ​ណា ត្រូវ​ចែក​ដី​ឲ្យ​គេ​ក្នុង​កុល‌សម្ព័ន្ធ​នោះ ទុក​ជា​ចំណែក​មត៌ក​ផង - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់»។

ចែក​រំលែក
អាន អេសេគាល 47

អេសេគាល 47:13-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា នេះ​ជា​ព្រំ​ស្រុក ដែល​ឯង​រាល់​គ្នា​នឹង​ចែក​ទុក​ជា​មរដក តាម​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​១២ ឯ​ពួក​យ៉ូសែប នឹង​ត្រូវ​បាន​២​ចំណែក ឯង​រាល់​គ្នា​នឹង​បាន​ស្រុក​ទុក​ជា​មរដក​ស្មើ​គ្នា​ទាំង​អស់ ដ្បិត​អញ​បាន​ស្បថ​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ពួក​ឰយុកោ​ឯង​រាល់​គ្នា​ហើយ ដូច្នេះ ស្រុក​នេះ​នឹង​បាន​បន្ត​ដល់​ឯង​រាល់​គ្នា ទុក​ជា​មរដក​ដែរ នេះ​ជា​ព្រំ​ស្រុក គឺ​ខាង​ជើង​នោះ ចាប់​ផ្តើម​ពី​សមុទ្រ​ធំ តាម​ផ្លូវ​ក្រុង​ហេត‌ឡូន រហូត​ដល់​ផ្លូវ​ចូល​ក្រុង​សេដាត់ ក្រុង​ហាម៉ាត ក្រុង​បេរ៉ូថា ក្រុង​ស៊ីបរ៉ែម ដែល​នៅ​កណ្តាល​ដែន​ស្រុក​ដាម៉ាស នឹង​ស្រុក​ហាម៉ាត ហើយ​ហាសា-ហាទីកុន ដែល​នៅ​ក្បែរ​ព្រំ​ស្រុក​ហាវរ៉ុន ដូច្នេះ ព្រំ​ស្រុក​នឹង​ចាប់​តាំង​ពី​សមុទ្រ គឺ​ហាសា-អេណាន រហូត​ដល់​ស្រុក​ដាម៉ាស ឯ​ខាង​ជើង​នោះ​ជា​ព្រំ​ស្រុក​ហាម៉ាត នេះ​ហើយ​ជា​ព្រំ‌ដែន​ខាង​ជើង ឯ​ខាង​កើត នោះ​ត្រូវ​ឲ្យ​វាស់​តាម​ទន្លេ​យ័រដាន់ នៅ​ជា​កណ្តាល​ស្រុក​ហាវរ៉ុន ស្រុក​ដាម៉ាស នឹង​ស្រុក​កាឡាត​ម្ខាង នឹង​ស្រុក​អ៊ីស្រាអែល​ម្ខាង ចាប់​តាំង​ពី​ព្រំ​ស្រុក​ខាង​ជើង រហូត​ដល់​សមុទ្រ​ខាង​កើត នេះ​ហើយ​ជា​ព្រំ‌ដែន​ខាង​កើត ឯ​ខាង​ត្បូង​នោះ​ចាប់​តាំង​ពី​ក្រុង​តាម៉ារ រហូត​ដល់​ទឹក​មេរីបា-កាដេស តាម​ជ្រោះ​ទឹក​ទៅ​ដល់​សមុទ្រ​ធំ​នេះ​ជា​ព្រំ‌ដែន​ខាង​ត្បូង ហើយ​ខាង​លិច នោះ​គឺ​ជា​សមុទ្រ​ធំ ចាប់​តាំង​ពី​ព្រំ‌ដែន​ខាង​ត្បូង​ទៅ ត្រឹម​ទល់​ដែន​នឹង​ទ្វារ​ស្រុក​ហាម៉ាត នេះ​ជា​ព្រំ​ខាង​លិច។ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ចែក​ស្រុក​នេះ ដល់​គ្នា​តាម​ពូជ​អំបូរ​ទាំង​ប៉ុន្មាន​នៃ​សាសន៍​អ៊ីស្រាអែល ត្រូវ​ឲ្យ​ចែក​គ្នា​ដោយ​ចាប់​ឆ្នោត ទុក​ជា​មរដក​សំរាប់​ឯង​រាល់​គ្នា ហើយ​សំរាប់​ពួក​សាសន៍​ដទៃ ដែល​អាស្រ័យ​នៅ​កណ្តាល​ឯង​រាល់​គ្នា ជា​ពួក​អ្នក​ដែល​នឹង​បង្កើត​កូន នៅ​កណ្តាល​ឯង​ដែរ អ្នក​ទាំង​នោះ​នឹង​បាន​ដូច​អ្នក​ដែល​កើត​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល ដល់​ឯង​រាល់​គ្នា គេ​នឹង​បាន​មរដក​នៅ​ក្នុង​ពូជ​អំបូរ​ទាំង​ប៉ុន្មាន​នៃ​អ៊ីស្រាអែល ជា​មួយ​នឹង​ឯង​រាល់​គ្នា​ដែរ ឯ​សាសន៍​ដទៃ​ទាំង​នោះ​អាស្រ័យ​នៅ​ក្នុង​ពូជ​អំបូរ​ណា នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ចែក ឲ្យ​មាន​មរដក​នៅ​ទី​នោះ​ឯង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

ចែក​រំលែក
អាន អេសេគាល 47