អេ‌សេ‌គាល 47:13-23

អេ‌សេ‌គាល 47:13-23 គកស១៦

ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «នេះ​ជា​ព្រំ​ប្រទល់ ដែល​អ្នក​រាល់​គ្នា​នឹង​ចែក​ទុក​ជា​មត៌ក តាម​កុល‌សម្ព័ន្ធ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ដប់ ឯ​ពួក​យ៉ូសែប​នឹង​ត្រូវ​បាន​ពីរ​ចំណែក។ អ្នក​រាល់​គ្នា​នឹង​បាន​ស្រុក​ទុក​ជា​មត៌ក​ស្មើ​គ្នា​ទាំង​អស់ ដ្បិត​យើង​បាន​ស្បថ​នឹង​ឲ្យ​ស្រុក​នេះ​ដល់​បុព្វ‌បុរស​អ្នក​រាល់​គ្នា​ហើយ ដូច្នេះ ស្រុក​នេះ​នឹង​បាន​បន្ត​ដល់​អ្នក​រាល់​គ្នា ទុក​ជា​មត៌ក​ដែរ នេះ​ជា​ព្រំ​ប្រទល់​ស្រុក គឺ​ខាង​ជើង​ចាប់​ពី​សមុទ្រ​ធំ តាម​ផ្លូវ​ហេតឡូន​រហូត​ដល់​ឡេបូ-ហាម៉ាត រួច​បន្ត​ទៅ​សេដាត់ ក្រុង​ហាម៉ាត ក្រុង​បេរ៉ូថា ក្រុង​ស៊ីបរ៉ែម ដែល​នៅ​កណ្ដាល​ដែន​ស្រុក​ដាម៉ាស និង​ស្រុក​ហាម៉ាត ហើយ​ហាសា-ហាទីកុន ដែល​នៅ​ក្បែរ​ព្រំ​ប្រទល់​ហាវរ៉ុន។ ដូច្នេះ ព្រំ​ប្រទល់​នឹង​លាត​សន្ឋឹង​ចាប់​ពី​សមុទ្រ​គឺ​ហាសា-អេណាន រហូត​ដល់​ស្រុក​ដាម៉ាស ឯ​ខាង​ជើង​នោះ​ជា​ព្រំ​ប្រទល់​ហាម៉ាត នេះ​ហើយ​ជា​ព្រំ​ប្រទល់​ខាង​ជើង។ ឯ​ព្រំ​ដែន​ខាង​កើត គឺ​នៅ​ចន្លោះស្រុក​ហាវរ៉ុន និង​ស្រុក​ដាម៉ាស តាម​ដង​ទន្លេ​យ័រដាន់ ចន្លោះ​ស្រុក​កាឡាត និង​ស្រុក​អ៊ីស្រា‌អែល រហូត​ដល់​សមុទ្រ​ខាង​កើត ត្រឹម​តាម៉ារ។ នេះ​ជា​ព្រំ‌ដែន​ខាង​កើត។ ឯ​ព្រំ​ដែន​ខាង​ត្បូង លាត​សន្ធឹង​ចាប់​ពី​តាម៉ារ រហូត​ដល់​ទឹក​មេរីបា-កាដេស តាម​ជ្រោះ​ទឹក​អេស៊ីព្ទ ដែល​ហូរ​ធ្លាក់​ទៅ​សមុទ្រ​ធំ។ នេះ​ជា​ព្រំ‌ដែន​ខាង​ត្បូង។ ខាង​លិច គឺ​ជា​សមុទ្រ​ធំ ចាប់​តាំង​ពី​ព្រំ‌ដែន​ខាង​ត្បូង​ទៅ ត្រឹម​ទល់​ដែន​នឹង​ទ្វារ​ស្រុក​ហាម៉ាត នេះ​ជា​ព្រំ​ខាង​លិច។ អ្នក​រាល់​គ្នា​ត្រូវ​ចែក​ស្រុក​នេះ​តាម​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​សាសន៍​អ៊ីស្រា‌អែល។ ត្រូវ​ចែក​គ្នា​ដោយ​ចាប់​ឆ្នោត ទុក​ជា​មត៌ក​សម្រាប់​អ្នក​រាល់​គ្នា ហើយ​សម្រាប់​ពួក​សាសន៍​ដទៃ ដែល​អាស្រ័យ​នៅ​កណ្ដាល​អ្នក​រាល់​គ្នា ជា​ពួក​អ្នក​ដែល​នឹង​បង្កើត​កូន នៅ​កណ្ដាល​អ្នក​ដែរ អ្នក​ទាំង​នោះ​នឹង​បាន​ដូច​អ្នក​ដែល​កើត​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល ដល់​អ្នក​រាល់​គ្នា គេ​នឹង​បាន​មត៌ក​នៅ​ក្នុង​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​អ៊ីស្រា‌អែល ជា‌មួយ​អ្នក​រាល់​គ្នា​ដែរ ឯ​សាសន៍​ដទៃ​ទាំង​នោះ​អាស្រ័យ​នៅ​ក្នុង​កុល‌សម្ព័ន្ធ​ណា អ្នក​ទាំង​អស់​គ្នា​ត្រូវ​ចែក​ឲ្យ​មាន​មត៌ក​នៅ​ទី​នោះ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា»។

អាន អេ‌សេ‌គាល 47