អេសេគាល 25:1-7
អេសេគាល 25:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ «កូនមនុស្សអើយ ចូរតម្រង់ទៅខាងពួកកូនចៅអាំម៉ូនថ្លែងទំនាយពីដំណើរគេចុះ ហើយប្រាប់ដល់ពួកកូនចៅអាំម៉ូនថា ចូរស្តាប់ព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ាចុះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអ្នកបានថា ហាស់ហា ទាស់នឹងទីបរិសុទ្ធរបស់យើង ក្នុងកាលដែលត្រូវបង្អាប់នោះ ហើយទាស់នឹងស្រុកអ៊ីស្រាអែលក្នុងកាលដែលត្រូវចោលស្ងាត់ ព្រមទាំងទាស់នឹងពួកវង្សយូដា ក្នុងកាលដែលគេត្រូវដឹកនាំទៅជាឈ្លើយផង ហេតុនោះ មើល៍ យើងនឹងប្រគល់អ្នកដល់ពួកកូនចៅស្រុកខាងកើតទុកជាកេរអាករ គេនឹងតាំងបន្ទាយ ហើយធ្វើទីលំនៅរបស់គេនៅក្នុងអ្នក គេនឹងស៊ីផល ហើយផឹកទឹកដោះសត្វរបស់អ្នក។ យើងនឹងធ្វើឲ្យក្រុងរ៉ាបាតទៅជាក្រោលសម្រាប់សត្វអូដ្ឋ ហើយឲ្យស្រុកពួកកូនចៅអាំម៉ូនទៅជាទីសម្រាប់ឲ្យហ្វូងចៀមដេកនៅ នោះអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត ដ្បិតព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអ្នកបានទះដៃ ហើយតន្ត្រំជើង ព្រមទាំងមានសេចក្ដីរីករាយ ដោយគ្រប់ទាំងសេចក្ដីមើលងាយនៅក្នុងចិត្តអ្នកចំពោះស្រុកអ៊ីស្រាអែល ហេតុនោះ មើល៍ យើងបានលូកដៃទៅលើអ្នកហើយ យើងនឹងប្រគល់អ្នកទៅសម្រាប់ជារបឹបដល់សាសន៍ដទៃ យើងនឹងកាត់អ្នកចេញពីពួកសាសន៍ទាំងប៉ុន្មាន ហើយឲ្យអ្នកវិនាសបាត់ពីអស់ទាំងប្រទេសទៅ យើងនឹងបំផ្លាញអ្នកបង់នោះអ្នកនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។
អេសេគាល 25:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ «កូនមនុស្សអើយ ចូរបែរមុខទៅរកជនជាតិអាំម៉ូន ហើយថ្លែងពាក្យក្នុងនាមយើងប្រឆាំងនឹងពួកគេ។ ត្រូវប្រាប់ជនជាតិអាំម៉ូនដូចតទៅ: ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះជាអម្ចាស់! ព្រះជាអម្ចាស់មានព្រះបន្ទូលថា ដោយអ្នកសើចចំអក នៅពេលឃើញទីសក្ការៈរបស់យើងត្រូវខ្មាំងបន្ថោក ឃើញទឹកដីអ៊ីស្រាអែលត្រូវខ្មាំងបំផ្លាញ ហើយជនជាតិយូដាត្រូវខ្មាំងកៀរយកទៅជាឈ្លើយ យើងនឹងប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃរបស់កុលសម្ព័ន្ធ*ដែលមកពីទិសខាងកើត។ ពួកគេនឹងនាំគ្នាបោះជំរំ តាំងទីលំនៅលើទឹកដីរបស់អ្នក ពួកគេនឹងបរិភោគផ្លែឈើដែលអ្នកបានដាំ ហើយផឹកទឹកដោះពីហ្វូងសត្វរបស់អ្នក។ យើងនឹងធ្វើឲ្យក្រុងរ៉ាបាត ក្លាយទៅជាវាលស្មៅសម្រាប់អូដ្ឋរបស់ពួកគេ ស្រុកអាំម៉ូននឹងទៅជាក្រោលហ្វូងចៀមរបស់ពួកគេ។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។ ព្រះជាអម្ចាស់មានព្រះបន្ទូលទៀតថា៖ «ដោយអ្នកទះដៃ លោតកព្ឆោងយ៉ាងសប្បាយអស់ពីចិត្ត អ្នកត្រេកអរ ព្រោះឃើញទឹកដីអ៊ីស្រាអែលហិនហោច ហើយមើលងាយពួកគេទៀតផង យើងនឹងលើកដៃប្រហារអ្នក យើងប្រគល់អ្នកទៅឲ្យប្រជាជាតិនានាត្របាក់លេប យើងនឹងដកអ្នកចេញពីចំណោមជាតិសាសន៍នានា យើងនឹងលុបបំបាត់អ្នកពីស្រុក យើងនឹងកម្ទេចអ្នក។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។
អេសេគាល 25:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា កូនមនុស្សអើយ ចូរដំរង់មុខឯងទៅខាងពួកកូនចៅអាំម៉ូនទាយពីដំណើរគេចុះ ហើយប្រាប់ដល់ពួកកូនចៅអាំម៉ូនថា ចូរស្តាប់ព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ាចុះ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះ ដោយព្រោះឯងបានថា ហាស់ហា ទាស់នឹងទីបរិសុទ្ធរបស់អញ ក្នុងកាលដែលត្រូវបង្អាប់នោះ ហើយទាស់នឹងស្រុកអ៊ីស្រាអែលក្នុងកាល ដែលត្រូវចោលស្ងាត់ ព្រមទាំងទាស់នឹងពួកវង្សយូដា ក្នុងកាលដែលគេត្រូវដឹកនាំទៅជាឈ្លើយផង ហេតុនោះ មើល អញនឹងប្រគល់ឯងដល់ពួកកូនចៅស្រុកខាងកើតទុកជាកេរ្តិ៍អាករ គេនឹងតាំងបន្ទាយ ហើយធ្វើទីលំនៅរបស់គេនៅក្នុងឯង គេនឹងស៊ីផល ហើយផឹកទឹកដោះសត្វរបស់ឯង អញនឹងធ្វើឲ្យក្រុងរ៉ាបាតទៅជាក្រោលសំរាប់សត្វអូដ្ឋ ហើយឲ្យស្រុកពួកកូនចៅអាំម៉ូនទៅជាទីសំរាប់ឲ្យហ្វូងចៀមដេកនៅ នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ដ្បិតព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះឯងបានទះដៃ ហើយតន្ត្រំជើង ព្រមទាំងមានសេចក្ដីរីករាយ ដោយគ្រប់ទាំងសេចក្ដីមើលងាយនៅក្នុងចិត្តឯង ចំពោះស្រុកអ៊ីស្រាអែល ហេតុនោះមើល អញបានលូកដៃទៅលើឯងហើយ អញនឹងប្រគល់ឯងទៅសំរាប់ជារបឹបដល់សាសន៍ដទៃ អញនឹងកាត់ឯងចេញពីពួកសាសន៍ទាំងប៉ុន្មាន ហើយឲ្យឯងវិនាសបាត់ពីអស់ទាំងប្រទេសទៅ អញនឹងបំផ្លាញឯងបង់ នោះឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។