អេសេគាល 25
25
ព្រះបន្ទូលស្ដីអំពីប្រជាជាតិនានា
ព្រះបន្ទូលប្រឆាំងនឹងជនជាតិអាំម៉ូន
1 #
យរ. ៤៩.១-៦; អគ. ២១.២៨-៣២; អម. ១.១៣-១៥; សផ. ២.៨-១១ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ 2«កូនមនុស្សអើយ ចូរបែរមុខទៅរកជនជាតិអាំម៉ូន ហើយថ្លែងពាក្យក្នុងនាមយើងប្រឆាំងនឹងពួកគេ។ 3ត្រូវប្រាប់ជនជាតិអាំម៉ូនដូចតទៅ: ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះជាអម្ចាស់! ព្រះជាអម្ចាស់មានព្រះបន្ទូលថា ដោយអ្នកសើចចំអក នៅពេលឃើញទីសក្ការៈរបស់យើងត្រូវខ្មាំងបន្ថោក ឃើញទឹកដីអ៊ីស្រាអែលត្រូវខ្មាំងបំផ្លាញ ហើយជនជាតិយូដាត្រូវខ្មាំងកៀរយកទៅជាឈ្លើយ 4យើងនឹងប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃរបស់កុលសម្ព័ន្ធ*ដែលមកពីទិសខាងកើត។ ពួកគេនឹងនាំគ្នាបោះជំរំ តាំងទីលំនៅលើទឹកដីរបស់អ្នក ពួកគេនឹងបរិភោគផ្លែឈើដែលអ្នកបានដាំ ហើយផឹកទឹកដោះពីហ្វូងសត្វរបស់អ្នក។ 5យើងនឹងធ្វើឲ្យក្រុងរ៉ាបាត ក្លាយទៅជាវាលស្មៅសម្រាប់អូដ្ឋរបស់ពួកគេ ស្រុកអាំម៉ូននឹងទៅជាក្រោលហ្វូងចៀមរបស់ពួកគេ។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។ 6ព្រះជាអម្ចាស់មានព្រះបន្ទូលទៀតថា៖ «ដោយអ្នកទះដៃ លោតកព្ឆោងយ៉ាងសប្បាយអស់ពីចិត្ត អ្នកត្រេកអរ ព្រោះឃើញទឹកដីអ៊ីស្រាអែលហិនហោច ហើយមើលងាយពួកគេទៀតផង 7យើងនឹងលើកដៃប្រហារអ្នក យើងប្រគល់អ្នកទៅឲ្យប្រជាជាតិនានាត្របាក់លេប យើងនឹងដកអ្នកចេញពីចំណោមជាតិសាសន៍នានា យើងនឹងលុបបំបាត់អ្នកពីស្រុក យើងនឹងកម្ទេចអ្នក។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។
ព្រះបន្ទូលប្រឆាំងនឹងជនជាតិម៉ូអាប់
8 #
អស. ១៥.១–១៦.១៤, ២៥.១០-១២; យរ. ៤៨.១-៤៧; អម. ២.១-៣; សផ. ២.៨-១១ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ដោយអ្នកស្រុកម៉ូអាប់ និងអ្នកស្រុកភ្នំសៀរនាំគ្នាពោលថា “មើលចុះ ជនជាតិយូដាមិនខុសពីប្រជាជាតិឯទៀតៗទេ!” 9យើងនឹងបើកឲ្យខ្មាំងចូលវាយក្រុងដែលនៅតាមព្រំប្រទល់ស្រុកម៉ូអាប់ជាបន្តបន្ទាប់ សូម្បីតែក្រុងដ៏ល្អជាងគេ ដូចជាក្រុងបេត-យេស៊ីម៉ូត បាល-មេយ៉ូន និងគារយ៉ាថែម ក៏ត្រូវខ្មាំងវាយប្រហារដែរ។ 10កុលសម្ព័ន្ធពីទិសខាងកើត ដែលបានវាយជនជាតិអាំម៉ូន ក៏មករឹបអូសយកស្រុកនេះដែរ។ យើងនឹងប្រគល់ស្រុកនេះឲ្យពួកគេកាន់កាប់ រហូតដល់លែងមាននរណានឹកនាដល់ជនជាតិនេះ ក្នុងចំណោមប្រជាជាតិទាំងឡាយទៀត។ 11យើងនឹងដាក់ទោសជនជាតិម៉ូអាប់ ហើយពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។
ព្រះបន្ទូលប្រឆាំងនឹងជនជាតិអេដុម
12 #
អស. ៣៤.៥-១៧, ៦៣.១-៦; យរ. ៤៩.៧-២២; អគ. ៣៥.១-១៥; អម. ១.១១-១២; អឌ. ១-១៤; មគ. ១.២-៥ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ដោយជនជាតិអេដុមសងសឹកជនជាតិយូដាយ៉ាងឃោរឃៅ ពួកគេបានធ្វើឲ្យខ្លួនឯងមានទោស»។ 13ហេតុនេះ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងប្រហារស្រុកអេដុម យើងនឹងដកជីវិតពួកគេ ទាំងមនុស្ស ទាំងសត្វ យើងនឹងបំផ្លាញស្រុកគេតាំងពីថេម៉ាន រហូតដល់ដេដាន់ ពួកគេនឹងស្លាប់ដោយមុខដាវ។ 14យើងនឹងសងសឹកស្រុកអេដុម ដោយដៃអ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើង ពួកគេនឹងប្រព្រឹត្តចំពោះជនជាតិអេដុម តាមកំហឹងដ៏ខ្លាំងក្លារបស់យើង។ ពេលនោះ អេដុមនឹងទទួលស្គាល់ថា ការប្រព្រឹត្តល្មើសចំពោះយើងត្រូវទទួលទោសយ៉ាងណា» - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
ព្រះបន្ទូលប្រឆាំងនឹងជនជាតិភីលីស្ទីន
15 #
អស. ១៤.២៩-៣១; យរ. ៤៧.១-៧; យអ. ៣.៤-៨; អម. ១.៦-៨; សផ. ២.៤-៧; សក. ៩.៥-៧ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ជនជាតិភីលីស្ទីនបានសងសឹកជនជាតិយូដា ដោយប្រមាថមាក់ងាយយ៉ាងព្រៃផ្សៃ ចង់តែបំផ្លាញគេ ហើយតាំងខ្លួនជាសត្រូវសួរពូជរបស់គេ»។ ហេតុនេះ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ 16«យើងនឹងប្រហារស្រុកភីលីស្ទីន យើងនឹងដកជីវិតពួកកេរេធីម យើងនឹងលុបបំបាត់ប្រជាជនដែលរស់នៅតាមឆ្នេរសមុទ្រ។ 17យើងនឹងសងសឹកពួកគេ តាមកំហឹងដ៏ខ្លាំងក្លារបស់យើង។ នៅពេលយើងសងសឹកនោះ ពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះជាអម្ចាស់មែន»។
ទើបបានជ្រើសរើសហើយ៖
អេសេគាល 25: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.