អេសេគាល 11:1-13
អេសេគាល 11:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះវិញ្ញាណលើកខ្ញុំឡើង នាំទៅឯទ្វារកំផែងទិសខាងកើតរបស់ព្រះវិហារនៃព្រះយេហូវ៉ា ជាទ្វារដែលបើកទៅទិសខាងកើត នោះឃើញនៅមាត់ទ្វារកំផែង មានមនុស្សម្ភៃប្រាំនាក់ ហើយនៅកណ្ដាលអ្នកទាំងនោះ ខ្ញុំឃើញមានយ្អាសានា ជាកូនអ័ស៊ើរ ហើយពេឡាធា ជាកូនបេណាយ៉ា ទាំងពីរនាក់ជាចៅហ្វាយលើបណ្ដាជន ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ គឺមនុស្សទាំងនេះហើយដែលគិតគូរបង្កើតការទុច្ចរិត ហើយទូន្មានសេចក្ដីអាក្រក់នៅក្នុងទីក្រុងនេះ គេថា នេះមិនមែនជាពេលវេលាដែលត្រូវសង់ផ្ទះទេ ទីក្រុងនេះជាថ្លាង ហើយយើងរាល់គ្នាជាសាច់។ ដូច្នេះ កូនមនុស្សអើយ ចូរថ្លែងទំនាយទាស់នឹងគេ ចូរថ្លែងទំនាយចុះ»។ ព្រះវិញ្ញាណនៃព្រះយេហូវ៉ាសណ្ឋិតលើខ្ញុំ ហើយព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «ចូរថ្លែងទំនាយចុះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ ឱពូជពង្សអ៊ីស្រាអែលអើយ អ្នករាល់គ្នាបាននិយាយថា យើងស្គាល់អស់ទាំងសេចក្ដីដែលកើតក្នុងគំនិតរបស់អ្នករាល់គ្នាហើយ។ អ្នករាល់គ្នាបានសម្លាប់មនុស្សនៅក្នុងទីក្រុងនេះកាន់តែច្រើនឡើង ក៏បានសម្លាប់គេចោលនៅពាសពេញផ្លូវ។ ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ពួកអ្នកដែលអ្នករាល់គ្នាបានសម្លាប់ផ្តេកនៅកណ្ដាលទីក្រុង គឺគេវិញដែលជាសាច់នោះ ហើយទីក្រុងនេះជាថ្លាង តែចំណែកអ្នករាល់គ្នា យើងនឹងនាំចេញទៅក្រៅ។ អ្នករាល់គ្នាខ្លាចដាវ ដូច្នេះ យើងនឹងនាំដាវមកលើអ្នក នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។ យើងនឹងនាំអ្នករាល់គ្នាចេញទៅក្រៅទីក្រុង ហើយប្រគល់ទៅក្នុងកណ្ដាប់ដៃនៃសាសន៍ដទៃ ព្រមទាំងសម្រេចសេចក្ដីយុត្តិធម៌ដល់អ្នក។ អ្នករាល់គ្នានឹងត្រូវដួលដោយដាវ យើងនឹងជំនុំជម្រះអ្នក នៅត្រង់ព្រំប្រទល់ស្រុកអ៊ីស្រាអែល នោះអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត។ ទីក្រុងនេះនឹងមិនមែនជាថ្លាងសម្រាប់អ្នករាល់គ្នាឡើយ អ្នករាល់គ្នាក៏មិនត្រូវជាសាច់នៅក្នុងថ្លាងនោះដែរ គឺយើងនឹងជំនុំជម្រះអ្នក នៅត្រង់ព្រំប្រទល់ស្រុកអ៊ីស្រាអែលវិញ នោះអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត ដ្បិតអ្នករាល់គ្នាមិនបានប្រព្រឹត្តតាមក្រឹត្យក្រមរបស់យើងសោះ ក៏មិនបានសម្រេចតាមបញ្ញត្តិច្បាប់របស់យើងដែរ គឺបានប្រព្រឹត្តតាមបញ្ញត្តិច្បាប់របស់សាសន៍ដទៃទាំងប៉ុន្មាន ដែលនៅជុំវិញអ្នកវិញ»។ កាលខ្ញុំកំពុងតែទាយ នោះពេឡាធា ជាកូនបេណាយ៉ាក៏ស្លាប់ទៅ ដូច្នេះ ខ្ញុំក៏ក្រាបផ្កាប់មុខអំពាវនាវដោយសំឡេងយ៉ាងខ្លាំងថា៖ «ឱព្រះអម្ចាស់យេហូវ៉ាអើយ តើព្រះអង្គនឹងធ្វើឲ្យសំណល់សាសន៍អ៊ីស្រាអែល ត្រូវផុតទៅឲ្យអស់រលីងឬ?»។
អេសេគាល 11:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះវិញ្ញាណលើកខ្ញុំឡើង ហើយនាំខ្ញុំឆ្ពោះទៅទ្វារខាងកើតនៃព្រះដំណាក់របស់ព្រះអម្ចាស់។ មានមនុស្សម្ភៃប្រាំនាក់អង្គុយនៅមាត់ទ្វារនោះ។ ខ្ញុំឃើញមេដឹកនាំពីរនាក់របស់ប្រជាជន ស្ថិតនៅកណ្ដាលចំណោមពួកគេ គឺលោកយ៉ាសានា ជាកូនរបស់លោកអស៊ើរ និងលោកពេឡាធា ជាកូនរបស់លោកបេណាយ៉ា។ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ពួកនេះជាមនុស្សរៀបចំគម្រោងការប្រព្រឹត្តអំពើទុច្ចរិត ហើយផ្ដល់យោបល់អាក្រក់ដល់ក្រុងនេះ។ ពួកគេពោលថា “គ្មាននរណាសង់ផ្ទះក្នុងពេលឆាប់ៗខាងមុខទេ។ ក្រុងនេះប្រៀបបាននឹងឆ្នាំង រីឯពួកយើង ពួកយើងជាសាច់នៅក្នុងឆ្នាំង”។ ដូច្នេះ កូនមនុស្សអើយ ចូរថ្លែងព្រះបន្ទូល ចូរប្រកាសប្រឆាំងនឹងពួកគេទៅ!»។ ពេលនោះ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់មកសណ្ឋិតលើខ្ញុំ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «ចូរប្រកាសថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: ពូជពង្សអ៊ីស្រាអែលអើយ អ្វីៗដែលអ្នករាល់គ្នានិយាយ អ្វីៗដែលអ្នករាល់គ្នាគិត យើងដឹងទាំងអស់។ អ្នករាល់គ្នាបានសម្លាប់មនុស្សជាច្រើននៅក្នុងទីក្រុង អ្នករាល់គ្នាបានធ្វើឲ្យមានសាកសពពាសពេញផ្លូវ។ ហេតុនេះ ព្រះជាអម្ចាស់មានព្រះបន្ទូលថា សាកសពដែលអ្នករាល់គ្នាបានសម្លាប់នៅក្នុងទីក្រុង ប្រៀបបាននឹងសាច់មែន ហើយទីក្រុងជាឆ្នាំង។ រីឯអ្នករាល់គ្នាវិញ យើងនឹងដេញអ្នករាល់គ្នាចេញពីក្រុងនេះ។ អ្នករាល់គ្នាខ្លាចសង្គ្រាម តែយើងនឹងធ្វើឲ្យសង្គ្រាមកើតមានដល់អ្នករាល់គ្នា -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ យើងនឹងដេញអ្នករាល់គ្នាចេញពីទីក្រុង យើងនឹងប្រគល់អ្នករាល់គ្នាទៅក្នុងកណ្ដាប់ដៃរបស់ជនបរទេស យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាតាមការវិនិច្ឆ័យរបស់យើង។ អ្នករាល់គ្នានឹងដួលស្លាប់ដោយមុខដាវ។ យើងនឹងដាក់ទោសអ្នករាល់គ្នា ក្នុងទឹកដីអ៊ីស្រាអែល ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។ ក្រុងនេះមិនមែនជាឆ្នាំងសម្រាប់អ្នករាល់គ្នាទេ អ្នករាល់គ្នាក៏មិនមែនជាសាច់នៅក្នុងក្រុងនេះដែរ។ យើងនឹងដាក់ទោសអ្នករាល់គ្នានៅក្នុងទឹកដីអ៊ីស្រាអែល។ នៅពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។ អ្នករាល់គ្នាពុំបានប្រព្រឹត្តតាមច្បាប់របស់យើងទេ ហើយអ្នករាល់គ្នាក៏ពុំបានធ្វើតាមវិន័យរបស់យើងដែរ តែអ្នករាល់គ្នាបែរជាយកទម្លាប់តាមប្រជាជាតិនានា ដែលនៅជុំវិញ»។ ពេលខ្ញុំកំពុងថ្លែងព្រះបន្ទូលទាំងនេះ លោកពេឡាធា ជាកូនរបស់លោកបេណាយ៉ា ក៏ស្លាប់មួយរំពេច។ ខ្ញុំក្រាបចុះឱនមុខដល់ដី ហើយស្រែកយ៉ាងខ្លាំងៗថា៖ «ឱព្រះជាអម្ចាស់អើយ! ព្រះអង្គមុខជាប្រល័យជនជាតិអ៊ីស្រាអែល ដែលនៅសេសសល់ ឲ្យវិនាសសូន្យមិនខាន!»។
អេសេគាល 11:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លំដាប់នោះ ព្រះវិញ្ញាណទ្រង់លើកខ្ញុំឡើង នាំទៅឯទ្វារកំផែងទិសខាងកើតរបស់ព្រះវិហារនៃព្រះយេហូវ៉ាជាទ្វារដែលបើកទៅទិសខាងកើត នោះឃើញនៅមាត់ទ្វារកំផែង មានមនុស្ស២៥នាក់ ហើយនៅកណ្តាលអ្នកទាំងនោះ ខ្ញុំឃើញមានយ្អាសានា ជាកូនអ័ស៊ើរ ហើយពេឡាធា ជាកូនបេណាយ៉ា ទាំង២នាក់ជាចៅហ្វាយលើបណ្តាជន នោះទ្រង់មានបន្ទូលមកខ្ញុំថា កូនមនុស្សអើយ គឺមនុស្សទាំងនេះឯងដែលគិតគូរបង្កើតការទុច្ចរិត ហើយទូន្មានសេចក្ដីអាក្រក់នៅក្នុងទីក្រុងនេះ គេថា នេះមិនមែនជាពេលទេ ចូរយើងសង់ផ្ទះទៅ ទីក្រុងនេះជាថ្លាង ហើយយើងរាល់គ្នាជាសាច់ ដូច្នេះ កូនមនុស្សអើយ ចូរទាយទាស់នឹងគេ ចូរទាយចុះ។ នោះព្រះវិញ្ញាណនៃព្រះយេហូវ៉ា ក៏មកសណ្ឋិតលើខ្ញុំ ហើយទ្រង់មានបន្ទូលមកខ្ញុំថា ចូរទាយចុះ ព្រះយេហូវ៉ាមានបន្ទូលដូច្នេះ ឱពូជពង្សអ៊ីស្រាអែលអើយ ឯងរាល់គ្នាបាននិយាយយ៉ាងដូច្នោះ អញស្គាល់អស់ទាំងសេចក្ដី ដែលកើតក្នុងគំនិតរបស់ឯងរាល់គ្នាហើយ ឯងរាល់គ្នាបានសំឡាប់មនុស្ស នៅក្នុងទីក្រុងនេះ កាន់តែច្រើនឡើង ក៏បានសំឡាប់គេឲ្យពេញគ្រប់ទាំងផ្លូវហើយ ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ពួកអ្នកដែលឯងរាល់គ្នាបានសំឡាប់ផ្តេកនៅកណ្តាលទីក្រុង គឺគេវិញដែលជាសាច់នោះ ហើយទីក្រុងនេះជាថ្លាង តែចំណែកឯងរាល់គ្នា អញនឹងនាំចេញទៅក្រៅ ឯងរាល់គ្នាបានខ្លាចដាវ ដូច្នេះ អញនឹងនាំដាវមកលើឯង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា អញនឹងនាំឯងរាល់គ្នាចេញទៅក្រៅទីក្រុង ហើយប្រគល់ទៅក្នុងកណ្តាប់ដៃនៃសាសន៍ដទៃ ព្រមទាំងសំរេចសេចក្ដីយុត្តិធម៌នៅកណ្តាលឯង ឯងរាល់គ្នានឹងត្រូវដួលដោយដាវ អញនឹងជំនុំជំរះឯង នៅត្រង់ព្រំស្រុកអ៊ីស្រាអែល នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ទីក្រុងនេះនឹងមិនបានជាថ្លាងដល់ឯងរាល់គ្នាឡើយ ឯងរាល់គ្នាក៏មិនត្រូវជាសាច់នៅក្នុងថ្លាងនោះដែរ គឺអញនឹងជំនុំជំរះឯង នៅត្រង់ព្រំស្រុកអ៊ីស្រាអែលវិញ នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ដ្បិតឯងរាល់គ្នាមិនបានប្រព្រឹត្តតាមក្រឹត្យក្រមរបស់អញសោះ ក៏មិនបានសំរេចតាមបញ្ញត្តច្បាប់របស់អញដែរ គឺបានប្រព្រឹត្តតាមបញ្ញត្តច្បាប់របស់សាសន៍ដទៃទាំងប៉ុន្មាន ដែលនៅជុំវិញឯងវិញ រីឯកាលខ្ញុំកំពុងតែទាយ នោះពេឡាធា ជាកូនបេណាយ៉ាក៏ស្លាប់ទៅ ដូច្នេះ ខ្ញុំក៏ទំលាក់ខ្លួនផ្កាប់មុខអំពាវនាវដោយសំឡេងយ៉ាងខ្លាំងថា ឱព្រះអម្ចាស់យេហូវ៉ាអើយ តើទ្រង់នឹងធ្វើឲ្យសំណល់សាសន៍អ៊ីស្រាអែល ត្រូវផុតទៅឲ្យអស់រលីងឬ។