ព្រះវិញ្ញាណលើកខ្ញុំឡើង នាំទៅឯទ្វារកំផែងទិសខាងកើតរបស់ព្រះវិហារនៃព្រះយេហូវ៉ា ជាទ្វារដែលបើកទៅទិសខាងកើត នោះឃើញនៅមាត់ទ្វារកំផែង មានមនុស្សម្ភៃប្រាំនាក់ ហើយនៅកណ្ដាលអ្នកទាំងនោះ ខ្ញុំឃើញមានយ្អាសានា ជាកូនអ័ស៊ើរ ហើយពេឡាធា ជាកូនបេណាយ៉ា ទាំងពីរនាក់ជាចៅហ្វាយលើបណ្ដាជន ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ គឺមនុស្សទាំងនេះហើយដែលគិតគូរបង្កើតការទុច្ចរិត ហើយទូន្មានសេចក្ដីអាក្រក់នៅក្នុងទីក្រុងនេះ គេថា នេះមិនមែនជាពេលវេលាដែលត្រូវសង់ផ្ទះទេ ទីក្រុងនេះជាថ្លាង ហើយយើងរាល់គ្នាជាសាច់។ ដូច្នេះ កូនមនុស្សអើយ ចូរថ្លែងទំនាយទាស់នឹងគេ ចូរថ្លែងទំនាយចុះ»។ ព្រះវិញ្ញាណនៃព្រះយេហូវ៉ាសណ្ឋិតលើខ្ញុំ ហើយព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «ចូរថ្លែងទំនាយចុះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ ឱពូជពង្សអ៊ីស្រាអែលអើយ អ្នករាល់គ្នាបាននិយាយថា យើងស្គាល់អស់ទាំងសេចក្ដីដែលកើតក្នុងគំនិតរបស់អ្នករាល់គ្នាហើយ។ អ្នករាល់គ្នាបានសម្លាប់មនុស្សនៅក្នុងទីក្រុងនេះកាន់តែច្រើនឡើង ក៏បានសម្លាប់គេចោលនៅពាសពេញផ្លូវ។ ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ពួកអ្នកដែលអ្នករាល់គ្នាបានសម្លាប់ផ្តេកនៅកណ្ដាលទីក្រុង គឺគេវិញដែលជាសាច់នោះ ហើយទីក្រុងនេះជាថ្លាង តែចំណែកអ្នករាល់គ្នា យើងនឹងនាំចេញទៅក្រៅ។ អ្នករាល់គ្នាខ្លាចដាវ ដូច្នេះ យើងនឹងនាំដាវមកលើអ្នក នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។ យើងនឹងនាំអ្នករាល់គ្នាចេញទៅក្រៅទីក្រុង ហើយប្រគល់ទៅក្នុងកណ្ដាប់ដៃនៃសាសន៍ដទៃ ព្រមទាំងសម្រេចសេចក្ដីយុត្តិធម៌ដល់អ្នក។ អ្នករាល់គ្នានឹងត្រូវដួលដោយដាវ យើងនឹងជំនុំជម្រះអ្នក នៅត្រង់ព្រំប្រទល់ស្រុកអ៊ីស្រាអែល នោះអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត។ ទីក្រុងនេះនឹងមិនមែនជាថ្លាងសម្រាប់អ្នករាល់គ្នាឡើយ អ្នករាល់គ្នាក៏មិនត្រូវជាសាច់នៅក្នុងថ្លាងនោះដែរ គឺយើងនឹងជំនុំជម្រះអ្នក នៅត្រង់ព្រំប្រទល់ស្រុកអ៊ីស្រាអែលវិញ នោះអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត ដ្បិតអ្នករាល់គ្នាមិនបានប្រព្រឹត្តតាមក្រឹត្យក្រមរបស់យើងសោះ ក៏មិនបានសម្រេចតាមបញ្ញត្តិច្បាប់របស់យើងដែរ គឺបានប្រព្រឹត្តតាមបញ្ញត្តិច្បាប់របស់សាសន៍ដទៃទាំងប៉ុន្មាន ដែលនៅជុំវិញអ្នកវិញ»។ កាលខ្ញុំកំពុងតែទាយ នោះពេឡាធា ជាកូនបេណាយ៉ាក៏ស្លាប់ទៅ ដូច្នេះ ខ្ញុំក៏ក្រាបផ្កាប់មុខអំពាវនាវដោយសំឡេងយ៉ាងខ្លាំងថា៖ «ឱព្រះអម្ចាស់យេហូវ៉ាអើយ តើព្រះអង្គនឹងធ្វើឲ្យសំណល់សាសន៍អ៊ីស្រាអែល ត្រូវផុតទៅឲ្យអស់រលីងឬ?»។
អាន អេសេគាល 11
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសេគាល 11:1-13
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ