និក្ខមនំ 27:1-8
និក្ខមនំ 27:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ត្រូវធ្វើអាសនាពីឈើនាងនួន បណ្តោយប្រាំហត្ថ ទទឹងប្រាំហត្ថ បួនជ្រុងស្មើ ហើយកម្ពស់បីហត្ថ។ ត្រូវធ្វើស្នែងជាប់នឹងអាសនាគ្រប់ទាំងបួនជ្រុង ហើយត្រូវស្រោបដោយលង្ហិន។ ត្រូវធ្វើប្រដាប់ដាក់ផេះ ចបចូក ផើង សម និងជើងក្រានសម្រាប់អាសនា ឯគ្រឿងប្រដាប់ទាំងនោះ ត្រូវធ្វើពីលង្ហិនទាំងអស់។ ត្រូវធ្វើប្រទាសលង្ហិនខ្ទាស់ក្រឡាគ្នាសម្រាប់អាសនាដែរ ហើយត្រូវធ្វើកងលង្ហិនបួន ដាក់នៅតាមជ្រុងប្រទាសទាំងបួន។ ត្រូវដាក់ប្រទាសពីខាងក្រោមគែមឲ្យជាប់ត្រង់ពាក់កណ្ដាលកម្ពស់នៃអាសនា។ ត្រូវយកឈើនាងនួន ធ្វើជាឈើស្នែងសម្រាប់សែងអាសនា ហើយស្រោបដោយលង្ហិនដែរ។ ត្រូវស៊កឈើស្នែងនោះទៅក្នុងកង ដើម្បីឲ្យឈើស្នែងបានជាប់ទាំងសងខាងអាសនាសម្រាប់សែង។ អាសនានេះត្រូវធ្វើពីក្ដារ ឲ្យមានប្រហោងកណ្ដាល គឺត្រូវធ្វើដូច្នោះ ដូចបានបង្ហាញឲ្យអ្នកឃើញនៅលើភ្នំ។
និក្ខមនំ 27:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ត្រូវធ្វើអាសនៈមួយពីឈើនាងនួន មានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗមានប្រវែងប្រាំហត្ថ និងកម្ពស់បីហត្ថ។ ចូរធ្វើស្នែងជាប់នឹងមុមទាំងបួនរបស់អាសនៈ ហើយស្រោបលង្ហិនពីលើ។ ត្រូវធ្វើគ្រឿងសម្រាប់ប្រើប្រាស់ពីលង្ហិនទាំងអស់ គឺមានធុងដាក់ផេះ ប្រដាប់ចូកផេះ ផើងដាក់ឈាម សម និងភាជន៍។ ត្រូវធ្វើប្រទាសលង្ហិនមួយ ដែលមានកងលង្ហិននៅតាមមុមទាំងបួន។ ត្រូវដាក់ប្រទាសនេះនៅចំពាក់កណ្ដាលកម្ពស់របស់អាសនៈ។ ត្រូវយកឈើនាងនួនស្រោបលង្ហិន ធ្វើជាឈើស្នែងអាសនៈ។ ត្រូវស៊កឈើស្នែងនោះទៅក្នុងកងដែលស្ថិតនៅតាមជ្រុងអាសនៈសម្រាប់សែង។ អាសនៈនេះត្រូវធ្វើពីបន្ទះក្ដារដែលព័ទ្ធជុំវិញ ទុកប្រហោងនៅកណ្ដាល តាមគំរូដែលយើងបង្ហាញឲ្យអ្នកឃើញនៅលើភ្នំ។
និក្ខមនំ 27:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ត្រូវឲ្យធ្វើអាសនាពីឈើនាងនួន បណ្តោយ៥ហត្ថ ទទឹង៥ហត្ថ ៤ជ្រុងស្មើ ហើយកំពស់៣ហត្ថ ត្រូវធ្វើស្នែងជាប់នឹងអាសនាគ្រប់ទាំង៤ជ្រុង ហើយត្រូវស្រោបដោយលង្ហិន ត្រូវធ្វើប្រដាប់ដាក់ផេះ ចបចូក ផើង សម ហើយនឹងជើងក្រានសំរាប់អាសនា ឯប្រដាប់ទាំងនោះ ត្រូវធ្វើពីលង្ហិនទាំងអស់ ត្រូវធ្វើប្រទាសលង្ហិនខ្ទាស់ក្រឡាគ្នាសំរាប់អាសនាដែរ ហើយត្រូវធ្វើកងលង្ហិន៤ដាក់នៅគ្រប់ជ្រុងប្រទាស ត្រូវដាក់ប្រទាសពីខាងក្រោមគែមឲ្យជាប់ត្រង់ពាក់កណ្តាលកំពស់នៃអាសនា ត្រូវយកឈើនាងនួន ធ្វើជាឈើស្នែងសំរាប់សែងអាសនា ហើយស្រោបដោយលង្ហិនដែរ ត្រូវប្រហកឈើស្នែងនោះទៅក្នុងកង ឲ្យឈើស្នែងបានជាប់ទាំងសងខាងអាសនាសំរាប់សែងទៅ អាសនានោះត្រូវធ្វើពីក្តារឲ្យខូង ដូចជាបានបង្ហាញឲ្យឯងឃើញនៅលើភ្នំ។