និក្ខមនំ 26:1-14
និក្ខមនំ 26:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មួយវិញទៀត អ្នកត្រូវធ្វើរោងឧបោសថពីវាំងននដប់ផ្ទាំង ដែលត្បាញដោយអំបោះខ្លូតទេស វេញយ៉ាងខ្មាញ់ មានពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ព្រមទាំងប៉ាក់ជារូបចេរូប៊ីម តាមរចនានៃពួកជាងមានស្នាដៃ។ វាំងនននីមួយៗត្រូវមានបណ្តោយម្ភៃប្រាំបីហត្ថ ទទឹងបួនហត្ថ ស្មើគ្នាទាំងអស់។ វាំងននប្រាំផ្ទាំង ត្រូវដេរភ្ជាប់ជាមួយគ្នា ហើយវាំងននប្រាំផ្ទាំងទៀត ក៏ត្រូវដេរភ្ជាប់ជាមួយគ្នាដែរ។ ត្រូវធ្វើខ្សែក្រវិលមានពណ៌ខៀវតាមជាយវាំងននទីមួយ ខាងចុងផ្ទាំងត្រង់កន្លែងដែលភ្ជាប់គ្នា ហើយត្រូវធ្វើដូច្នោះតាមជាយខាងចុងផ្ទាំងមួយទៀត ត្រង់កន្លែងដែលភ្ជាប់គ្នាដែរ។ ត្រូវធ្វើឲ្យមានខ្សែក្រវិលហាសិបនៅវាំងននទីមួយ ហើយហាសិបទៀតនៅវាំងននទីពីរ ត្រូវដាក់ខ្សែក្រវិលទាំងនោះឲ្យស្មើគ្នាទាំងអស់។ ត្រូវធ្វើតម្ពក់មាសហាសិប ហើយភ្ជាប់វាំងននទាំងពីរផ្ទាំងនឹងតម្ពក់នោះ ដើម្បីឲ្យរោងឧបោសថបានជាប់នៅជារោងតែមួយ។ ត្រូវធ្វើវាំងននពីរោមពពែ ទុកសម្រាប់គ្របពីលើរោងឧបោសថ គឺវាំងនននោះត្រូវធ្វើដប់មួយផ្ទាំង។ វាំងនននីមួយៗត្រូវមានបណ្តោយសាមសិបហត្ថ ទទឹងបួនហត្ថ ហើយវាំងននទាំងដប់មួយនោះ ត្រូវមានទំហំស្មើគ្នាទាំងអស់។ ត្រូវដេរវាំងននប្រាំផ្ទាំងភ្ជាប់ជាមួយគ្នា ហើយប្រាំមួយផ្ទាំងទៀតក៏ត្រូវដេរភ្ជាប់ជាមួយគ្នាដែរ វាំងននទីប្រាំមួយ ត្រូវបត់ផាត់ទៅលើ ពីខាងមុខត្រសាល។ ត្រូវធ្វើខ្សែក្រវិលហាសិប ដាក់តាមជាយវាំងននទីមួយ ខាងចុងផ្ទាំង ត្រង់កន្លែងដែលភ្ជាប់គ្នា ហើយខ្សែក្រវិលហាសិបទៀត តាមជាយវាំងននទីពីរ ខាងចុងផ្ទាំង ត្រង់កន្លែងដែលភ្ជាប់គ្នាដែរ។ ត្រូវធ្វើតម្ពក់លង្ហិនហាសិប ហើយស៊កតម្ពក់នោះចូលទៅក្នុងក្រវិលទាំងនោះ ដើម្បីភ្ជាប់ត្រសាលរួមមកតែមួយ។ វាំងននត្រសាលដែលលើស គឺវាំងននពាក់កណ្ដាលដែលលើលនោះ ត្រូវឲ្យសំយាកធ្លាក់ទៅបាំងខាងក្រោយរោងឧបោសថ។ វាំងននដែលសល់មួយហត្ថទាំងសងខាងតាមបណ្តោយផ្ទាំងទាំងប៉ុន្មាន ត្រូវទម្លាក់ទៅបាំងរោងឧបោសថទាំងសងខាង។ ត្រូវធ្វើគម្របពីស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម សម្រាប់គ្របត្រសាល ហើយយកស្បែកផ្សោតមកគ្របពីលើថែមទៀត។
និក្ខមនំ 26:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរធ្វើព្រះពន្លាពីក្រណាត់ក្រាស់ដប់ផ្ទាំង ដែលត្បាញដោយអំបោះធ្មៃ លាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និងក្រហមទុំ។ ក្រណាត់ទាំងនោះត្រូវប៉ាក់លំអដោយរូបចេរូប៊ីន*។ ផ្ទាំងក្រណាត់ទាំងអស់ត្រូវមានទំហំប៉ុនៗគ្នា គឺបណ្ដោយប្រវែងម្ភៃប្រាំបីហត្ថ ទទឹងបួនហត្ថ។ ត្រូវដេរក្រណាត់ប្រាំផ្ទាំងជាប់គ្នា ហើយក្រណាត់ប្រាំផ្ទាំងទៀតក៏ត្រូវដេរជាប់គ្នាដែរ។ ត្រូវយកអំបោះពណ៌ស្វាយវេញធ្វើខ្សែដែលមានរាងដូចកង ដេរភ្ជាប់តាមជាយម្ខាងរបស់ផ្ទាំងក្រណាត់ធំៗទាំងពីរ។ ត្រូវមានខ្សែកងចំនួនហាសិបនៅតាមជាយនៃផ្ទាំងធំនីមួយៗ ហើយខ្សែកង ដែលស្ថិតនៅលើផ្ទាំងធំៗទាំងពីរនេះ ត្រូវនៅទន្ទឹមគ្នា។ ចូរធ្វើតម្ពក់មាសចំនួនហាសិប សម្រាប់ថ្ពក់ផ្ទាំងក្រណាត់ធំទាំងពីរជាប់គ្នា។ ដូច្នេះ មានក្រណាត់តែមួយផ្ទាំងធ្វើជាព្រះពន្លា។ បន្ទាប់មក ត្រូវត្បាញក្រណាត់ក្រាស់ដប់មួយផ្ទាំងអំពីរោមពពែ សម្រាប់គ្របពីលើព្រះពន្លា។ ផ្ទាំងក្រណាត់ទាំងដប់មួយត្រូវមានទំហំប៉ុនៗគ្នា គឺបណ្ដោយសាមសិបហត្ថ ទទឹងបួនហត្ថ។ មុនដំបូង ត្រូវយកក្រណាត់ប្រាំផ្ទាំងមកដេរភ្ជាប់គ្នា រួចទើបយកក្រណាត់ប្រាំមួយផ្ទាំងទៀត មកដេរភ្ជាប់គ្នាដែរ។ ផ្ទាំងទីប្រាំមួយត្រូវបត់ទម្លាក់ទៅខាងមុខពន្លា។ ចូរធ្វើខ្សែកងចំនួនហាសិប ដេរភ្ជាប់នៅជាយម្ខាងនៃផ្ទាំងក្រណាត់ធំៗទីពីរ។ ត្រូវធ្វើតម្ពក់លង្ហិនចំនួនហាសិប សម្រាប់ថ្ពក់ទៅក្នុងខ្សែកង ដើម្បីឲ្យបានទៅជាក្រណាត់តែមួយផ្ទាំង។ ក្រណាត់ដែលគ្របពីលើព្រះពន្លានេះ ត្រូវមានទំហំវែងជាងព្រះពន្លា ពាក់កណ្ដាលផ្ទាំង ហើយសាច់ក្រណាត់ដែលលើសនេះ ត្រូវបត់ទម្លាក់ទៅខាងក្រោយព្រះពន្លា។ រីឯក្រណាត់ដែលលើសមួយហត្ថទាំងសងខាងនៅតាមបណ្ដោយផ្ទាំងធំ ត្រូវទម្លាក់ទៅសងខាងព្រះពន្លា ដើម្បីបាំងព្រះពន្លានេះ។ ត្រូវយកស្បែកពពែឈ្មោល ជ្រលក់ពណ៌ក្រហម គ្របពីលើផ្ទាំងក្រណាត់នោះ ហើយយកស្បែកផ្សោតមកគ្របពីលើថែមទៀត។
និក្ខមនំ 26:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯរោងឧបោសថ នោះត្រូវឲ្យឯងធ្វើពីសំពត់១០ផ្ទាំង ដែលត្បាញដោយអំបោះខ្លូតទេស វេញយ៉ាងខ្មាញ់ មានពណ៌ផ្ទៃមេឃ ពណ៌ស្វាយ នឹងពណ៌ក្រហម ព្រមទាំងប៉ាក់ជារូបចេរូប៊ីន តាមរចនានៃពួកជាងមានស្នាដៃ បណ្តាសំពត់នីមួយៗត្រូវឲ្យមានបណ្តោយ២៨ហត្ថ ទទឹង៤ហត្ថស្មើគ្នាទាំងអស់ សំពត់៥ផ្ទាំង ត្រូវដេរភ្ជាប់ជាមួយគ្នា ហើយសំពត់៥ផ្ទាំងទៀត ក៏ត្រូវដេរភ្ជាប់ជាមួយគ្នាដែរ ត្រូវធ្វើខ្សែក្រវិលមានពណ៌ខៀវតាមជាយសំពត់ទី១ ខាងចុងផ្ទាំងត្រង់កន្លែងដែលភ្ជាប់គ្នា ហើយត្រូវធ្វើដូច្នោះតាមជាយខាងចុងផ្ទាំង១ទៀត ត្រង់កន្លែងដែលភ្ជាប់គ្នាដែរ ត្រូវធ្វើឲ្យមានខ្សែក្រវិល៥០នៅសំពត់ទី១ ហើយ៥០ទៀតនៅសំពត់ទី២ ត្រូវដាក់ខ្សែក្រវិលទាំងនោះឲ្យស្មើគ្នាទាំងអស់ ត្រូវធ្វើទំពក់មាស៥០ ដើម្បីនឹងភ្ជាប់សំពត់ទាំង២ផ្ទាំងនឹងទំពក់នោះ ឲ្យរោងឧបោសថបានជាប់នៅជារោងតែ១។ រួចត្រូវធ្វើសំពត់ ពីរោមពពែ ទុកសំរាប់គ្របពីលើរោងឧបោសថ ត្រូវឲ្យធ្វើសំពត់នោះ១១ផ្ទាំង ឲ្យមានបណ្តោយ៣០ហត្ថ ទទឹង៤ហត្ថស្មើគ្នាទាំងអស់ ត្រូវដេរសំពត់៥ផ្ទាំងភ្ជាប់ជាមួយគ្នា ហើយ៦ផ្ទាំងទៀតក៏ត្រូវដេរភ្ជាប់ជាមួយគ្នាដែរ ឯសំពត់ទី៦ នោះត្រូវបត់ផាត់ទៅលើ ពីខាងមុខត្រសាល ហើយត្រូវធ្វើខ្សែក្រវិល៥០ដាក់តាមជាយសំពត់ទី១ ខាងចុងផ្ទាំងត្រង់កន្លែងដែលភ្ជាប់គ្នា ហើយខ្សែក្រវិល៥០ទៀត តាមជាយសំពត់ទី២ខាងចុងផ្ទាំង ត្រង់កន្លែងដែលភ្ជាប់គ្នាដែរ ត្រូវធ្វើទំពក់លង្ហិន៥០ សំរាប់ថ្ពក់នឹងខ្សែក្រវិលទាំងនោះភ្ជាប់ត្រសាលរួមមកតែ១ ឯសំពត់ត្រសាលដែលលើសពាក់កណ្តាល ក្នុង១ផ្ទាំងខាងចុង នោះត្រូវឲ្យសំយាកធ្លាក់ទៅបាំងខាងក្រោយរោងឧបោសថវិញ ហើយសំពត់ដែលសល់១ហត្ថទាំងសងខាងតាមបណ្តោយផ្ទាំងទាំងប៉ុន្មាន នោះត្រូវឲ្យសំយាកធ្លាក់ទៅ បាំងរោងឧបោសថទាំងសងខាងដែរ រួចត្រូវធ្វើគំរបពីស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម សំរាប់គ្របត្រសាល ហើយនឹងគំរបស្បែកផ្សោត ដើម្បីនឹងគ្រប់ពីលើនោះទៀត។