និក្ខមនំ 26:1-14

និក្ខមនំ 26:1-14 គកស១៦

មួយ​វិញ​ទៀត អ្នក​ត្រូវ​ធ្វើ​រោង​ឧបោ‌សថ​ពី​វាំង‌នន​ដប់​ផ្ទាំង ដែល​ត្បាញ​ដោយ​អំបោះ​ខ្លូត‌ទេស វេញ​យ៉ាង​ខ្មាញ់ មាន​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ និង​ពណ៌​ក្រហម ព្រម​ទាំង​ប៉ាក់​ជា​រូប​ចេរូ‌ប៊ីម តាម​រចនា​នៃ​ពួក​ជាង​មាន​ស្នាដៃ។ វាំង‌នន​នីមួយៗ​ត្រូវ​មាន​បណ្តោយ​ម្ភៃ​ប្រាំបី​ហត្ថ ទទឹង​បួន​ហត្ថ ស្មើ​គ្នា​ទាំង​អស់។ វាំង‌នន​ប្រាំ​ផ្ទាំង ត្រូវ​ដេរ​ភ្ជាប់​ជា‌មួយ​គ្នា ហើយ​វាំង‌នន​ប្រាំ​ផ្ទាំង​ទៀត ក៏​ត្រូវ​ដេរ​ភ្ជាប់​ជា‌មួយ​គ្នា​ដែរ។ ត្រូវ​ធ្វើ​ខ្សែ​ក្រវិល​មាន​ពណ៌​ខៀវ​តាម​ជាយ​វាំង‌នន​ទី​មួយ ខាង​ចុង​ផ្ទាំង​ត្រង់​កន្លែង​ដែល​ភ្ជាប់​គ្នា ហើយ​ត្រូវ​ធ្វើ​ដូច្នោះ​តាម​ជាយ​ខាង​ចុង​ផ្ទាំង​មួយ​ទៀត ត្រង់​កន្លែង​ដែល​ភ្ជាប់​គ្នា​ដែរ។ ត្រូវ​ធ្វើ​ឲ្យ​មាន​ខ្សែ​ក្រវិល​ហា​សិប​នៅ​វាំង‌នន​ទី​មួយ ហើយ​ហាសិប​ទៀត​នៅ​វាំង‌នន​ទី​ពីរ ត្រូវ​ដាក់​ខ្សែ​ក្រវិល​ទាំង​នោះ​ឲ្យ​ស្មើ​គ្នា​ទាំង​អស់។ ត្រូវ​ធ្វើ​តម្ពក់​មាស​ហាសិប ហើយ​ភ្ជាប់​វាំង‌នន​ទាំង​ពីរ​ផ្ទាំង​នឹង​តម្ពក់​នោះ ដើម្បីឲ្យ​រោង​ឧបោ‌សថ​បាន​ជាប់​នៅ​ជា​រោង​តែ​មួយ។ ត្រូវ​ធ្វើ​វាំង‌នន​ពី​រោម​ពពែ ទុក​សម្រាប់​គ្រប​ពី​លើ​រោង​ឧបោ‌សថ គឺ​វាំង‌នន​នោះ​ត្រូវ​ធ្វើ​ដប់មួយ​ផ្ទាំង។ វាំង‌នន​នីមួយៗ​ត្រូវ​មាន​បណ្តោយ​សាម​សិប​ហត្ថ ទទឹង​បួន​ហត្ថ ហើយ​វាំង‌នន​ទាំង​ដប់​មួយ​នោះ ត្រូវ​មាន​ទំហំ​ស្មើ​គ្នា​ទាំង​អស់។ ត្រូវ​ដេរ​វាំង‌នន​ប្រាំ​ផ្ទាំង​ភ្ជាប់​ជា‌មួយ​គ្នា ហើយ​ប្រាំមួយ​ផ្ទាំង​ទៀត​ក៏​ត្រូវ​ដេរ​ភ្ជាប់​ជា‌មួយ​គ្នា​ដែរ វាំង‌នន​ទី​ប្រាំមួយ ត្រូវ​បត់​ផាត់​ទៅ​លើ ពី​ខាង​មុខ​ត្រសាល។ ត្រូវ​ធ្វើ​ខ្សែ​ក្រវិល​ហាសិប ដាក់​តាម​ជាយ​វាំង‌នន​ទី​មួយ ខាង​ចុង​ផ្ទាំង ត្រង់​កន្លែង​ដែល​ភ្ជាប់​គ្នា ហើយ​ខ្សែ​ក្រវិល​ហាសិប​ទៀត តាម​ជាយ​វាំង‌នន​ទី​ពីរ ខាង​ចុង​ផ្ទាំង ត្រង់​កន្លែង​ដែល​ភ្ជាប់​គ្នា​ដែរ។ ត្រូវ​ធ្វើ​តម្ពក់​លង្ហិន​ហាសិប ហើយ​ស៊ក​តម្ពក់​នោះ​ចូល​ទៅ​ក្នុង​ក្រវិល​ទាំង​នោះ ដើម្បី​ភ្ជាប់​ត្រសាល​រួម​មក​តែ​មួយ។ វាំង‌នន​ត្រសាល​ដែល​លើស គឺ​វាំង‌នន​ពាក់​កណ្ដាល​ដែល​លើល​នោះ ត្រូវ​ឲ្យ​សំយាក​ធ្លាក់​ទៅ​បាំង​ខាង​ក្រោយ​រោង​ឧបោ‌សថ។ វាំង‌នន​ដែល​សល់​មួយ​ហត្ថ​ទាំង​សង​ខាង​តាម​បណ្តោយ​ផ្ទាំង​ទាំង​ប៉ុន្មាន ត្រូវ​ទម្លាក់​ទៅ​បាំង​រោង​ឧបោ‌សថ​ទាំង​សង​ខាង។ ត្រូវ​ធ្វើ​គម្រប​ពី​ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម សម្រាប់​គ្រប​ត្រសាល ហើយយក​ស្បែក​ផ្សោត​មក​គ្រប​ពី​លើ​ថែម​ទៀត។

អាន និក្ខមនំ 26