និក្ខមនំ 23:1-17

និក្ខមនំ 23:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កុំ​ផ្សព្វ​ផ្សាយ​រឿង​ក្លែង‌ក្លាយ កុំ​ចូល​ដៃ​ជា‌មួយ​មនុស្ស​អាក្រក់ ដើម្បី​ធ្វើ​ជា​បន្ទាល់​ទុច្ចរិត​ឡើយ។ កុំ​ទៅ​តាម​មនុស្ស​ភាគ​ច្រើន​ដើម្បី​ប្រព្រឹត្ត​អាក្រក់​ឡើយ ក៏​កុំ​ធ្វើ​បន្ទាល់​ឲ្យ​រឿង​ក្តី​ខាង​មនុស្ស​ភាគ​ច្រើន ដើម្បី​បង្វែរ​យុត្តិ‌ធម៌​ឲ្យ​សោះ កុំ​យល់​មុខ​អ្នក​ណា​នៅ​ក្នុង​រឿង​ក្ដីឡើយ ទោះ​បី​អ្នក​នោះ​ជា​អ្នក​ក្រ​ក៏​ដោយ។ បើ​ប្រទះ​ឃើញ​គោ ឬ​លា​របស់​សត្រូវ​ដែល​វង្វេង នោះ​ត្រូវ​នាំ​វា​ទៅឲ្យ​ម្ចាស់​វា​វិញ។ បើ​ឃើញ​លា​របស់​ជន​ដែល​ស្អប់​អ្នក​ទន់​ជង្គង់​ដួល​ដោយ‌សារ​ផ្ទុក​ធ្ងន់ នោះ​ប្រហែល​ជា​អ្នក​ចង់​ធ្វើ​ព្រងើយ​មិន​ចង់​ជួយ តែ​មិន​ត្រូវ​ធ្វើ​ដូច្នោះ​ឡើយ គឺ​ត្រូវ​ជួយ​គេ​កុំ​ខាន។ កុំ​បង្វែរ​យុត្តិ‌ធម៌​ក្នុង​រឿង​ក្តី​របស់​អ្នក​ក្រ​ឡើយ។ ត្រូវ​ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​រឿង​ក្លែង‌ក្លាយ ឯ​មនុស្ស​ដែល​គ្មាន​ទោស និង​មនុស្ស​សុចរិត នោះ​កុំ​សម្លាប់​គេ​ឡើយ ដ្បិត​មនុស្ស​អាក្រក់ នោះ​យើង​មិន​ដែល​រាប់​ជា​សុចរិត​ទេ។ កុំ​ស៊ី​សំណូក​ឲ្យ​សោះ ដ្បិត​សំណូក​តែង​ដឹក‌នាំ​មនុស្ស​ភ្លឺ​ឲ្យ​ទៅ​ជា​ខ្វាក់ ហើយ​ក៏​បង្ខូច​ពាក្យ​របស់​មនុស្ស​សុចរិត​ផង។ កុំ​សង្កត់‌សង្កិន​អ្នក​ប្រទេស​ក្រៅ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​ស្គាល់​ចិត្ត​របស់​អ្នក​ប្រទេស​ក្រៅ​ហើយ ដ្បិត​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ជា​អ្នក​ប្រទេស​ក្រៅ នៅ​ស្រុក​អេស៊ីព្ទ​ដែរ។ ក្នុង​រវាង​ប្រាំមួយ​ឆ្នាំ អ្នក​ត្រូវ​សាប‌ព្រោះ​លើ​ដី​របស់​អ្នក ហើយ​ប្រមូល​ផល​ពី​ស្រែ​ចម្ការ​ចុះ តែ​ដល់​ឆ្នាំ​ទី​ប្រាំពីរ ត្រូវ​ទុក​ដី​ឲ្យ​នៅ​ទំនេរ ហើយ​បន្សល់​ផល​ដំណាំ​នៅ​ទី​នោះ​ចុះ ដើម្បី​ឲ្យ​មនុស្ស​ទ័ល‌ក្រ​ក្នុង​ចំណោម​ប្រជា‌ជន​របស់​អ្នក​បាន​បរិភោគ​ផង ហើយ​អ្វី​ដែល​នៅ​សេស​សល់ នោះ​សត្វ​នៅ​វាល​បាន​ស៊ី។ ចម្ការ​ទំពាំង‌បាយ‌ជូរ និង​ចម្ការ​អូលីវ​របស់​អ្នក ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ដែរ។ ក្នុង​ប្រាំមួយ​ថ្ងៃ​ត្រូវ​ធ្វើ​ការ​របស់​អ្នក ហើយ​ដល់​ថ្ងៃ​ទី​ប្រាំពីរ​ត្រូវ​ឈប់​សម្រាក ដើម្បី​ឲ្យ​គោ និង​លា​របស់​អ្នក​បាន​សម្រាក ហើយ​ឲ្យ​កូន​បាវ​បម្រើ​ស្រី​របស់​អ្នក និង​អ្នក​ប្រទេស​ក្រៅ​បាន​សម្រាក​ដក​ដង្ហើម​ផង។ ត្រូវ​ប្រយ័ត្ន​នឹង​ប្រតិបត្តិ​តាម​អស់​ទាំង​សេចក្ដី​ដែល​យើង​បាន​ប្រាប់​អ្នក​រាល់​គ្នា ហើយ​មិន​ត្រូវ​ចេញ​ឈ្មោះ​របស់​ព្រះ​ដទៃ​ណា​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​ឈ្មោះ​របស់​ព្រះ​ទាំង​នោះ​ឮ​ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ផង។ ក្នុង​មួយ​ឆ្នាំ ត្រូវ​ធ្វើ​បុណ្យ​សម្រាប់​យើង​បី​ដង ត្រូវ​ធ្វើ​បុណ្យ​នំបុ័ង​ឥត​ដំបែ គឺ​ដល់​កំណត់​ក្នុង​ខែ​អាប៊ីប នោះ​ត្រូវ​ធ្វើ​នំបុ័ង​ឥត​ដំបែ​ក្នុង​ប្រាំពីរ​ថ្ងៃ ដូច​យើង​បាន​បង្គាប់​មក​ហើយ ដ្បិត​គឺ​នៅ​ខែ​នោះ​ហើយ ដែល​អ្នក​រាល់​គ្នា​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ។ មិន​ត្រូវ​ចូល​មក​ចំពោះ​យើង​ដោយ​ដៃ​ទទេ​ឡើយ។ ត្រូវ​ធ្វើ​បុណ្យ​ចម្រូត គឺ​នៅ​ពេល​អ្នក​ចាប់​ផ្ដើម​ច្រូត​កាត់​ផល​ដំបូង​ពី​ការ​នឿយ​ហត់​របស់​អ្នក ពី​ការ​ដែល​អ្នក​សាប‌ព្រោះ​នៅ​ស្រែ​ចម្ការ។ ចុង​ឆ្នាំ ត្រូវ​ធ្វើ​បុណ្យ​ប្រមូល​ផល គឺ​នៅ​ពេល​អ្នក​ប្រមូល​ផល​ពី​ការ​នឿយ​ហត់​របស់​អ្នក​ពី​ស្រែ​ចម្ការ​រួច​រាល់​អស់។ ក្នុង​មួយ​ឆ្នាំ ប្រុសៗ​ទាំង​អស់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ចំនួន​បី​ដង។

ចែក​រំលែក
អាន និក្ខមនំ 23

និក្ខមនំ 23:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កុំ​ផ្សព្វ​ផ្សាយ​រឿង​មិន​ពិត ហើយ​ក៏​កុំ​ធ្វើ​ជា​សាក្សី​ក្លែងក្លាយ ដើម្បី​ជួយ​មនុស្ស​អាក្រក់​ដែរ។ កុំ​បណ្ដោយ​ខ្លួន​ទៅ​តាម​មនុស្ស​ភាគ​ច្រើន ដើម្បី​សម្រេច​ការ​អាក្រក់​ឡើយ កុំ​ទុក​ឲ្យ​មនុស្ស​ភាគ​ច្រើន​ទាក់‌ទាញ​អ្នក​ធ្វើ​ជា​សាក្សី​ក្លែងក្លាយ បង្វែរ​យុត្តិធម៌​ឲ្យ​សោះ។ នៅ​ពេល​កាត់​ក្ដី មិន​ត្រូវ​យោគ‌យល់​ដល់​អ្នក​ណា​ទាំង​អស់ ទោះ​បី​អ្នក​នោះ​ជា​អ្នក​ក្រីក្រ​ក៏​ដោយ។ ប្រសិន​បើ​អ្នក​ប្រទះ​ឃើញ​គោ ឬ​លា​របស់​សត្រូវ​វង្វេង នោះ​ត្រូវ​តែ​នាំ​វា​ទៅ​ឲ្យ​ម្ចាស់​វា​វិញ។ បើ​អ្នក​ឃើញ​លា​របស់​ជន​ដែល​ស្អប់​អ្នក​ទន់​ជង្គង់​ដួល ព្រោះ​តែ​ផ្ទុក​ធ្ងន់​ពេក នោះ​មិន​ត្រូវ​ធ្វើ​ព្រងើយ​ទេ គឺ​ត្រូវ​តែ​ជួយ​គេ​រៀបចំ​អីវ៉ាន់​នៅ​លើ​សត្វ​នោះ​ផង។ នៅ​ពេល​កាត់​ក្ដី មិន​ត្រូវ​រំលោភ​លើ​សិទ្ធិ​របស់​ជន​ក្រីក្រ​ឡើយ។ កុំ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ពាក្យ​ចោទ​ប្រកាន់​មិន​ពិត ហើយ​ក៏​មិន​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត​ជន​ស្លូត​ត្រង់ និង​ជន​សុចរិត​ដែរ ដ្បិត​យើង​មិន​ចាត់​ទុក​មនុស្ស​អាក្រក់ ថា​ជា​មនុស្ស​សុចរិត​ឡើយ។ កុំ​ទទួល​សំណូក ដ្បិត​សំណូក​រមែង​ធ្វើ​ឲ្យ​មនុស្ស​ភ្លឺ​ទៅ​ជា​ខ្វាក់ ព្រម​ទាំង​ធ្វើ​ឲ្យ​មនុស្ស​សុចរិត​ចាញ់​ក្ដី។ កុំ​សង្កត់‌សង្កិន​ជន​បរទេស​ឡើយ អ្នក​រាល់​គ្នា​ធ្លាប់​ស្គាល់​ការ​រស់​នៅ​ជា​ជន​បរទេស​ហើយ ដ្បិត​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ជា​ជន​បរទេស ក្នុង​ស្រុក​អេស៊ីប​ដែរ។ ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ អ្នក​អាច​សាប​ព្រោះ និង​ប្រមូល​ផល​ពី​ស្រែ​ចម្ការ​របស់​អ្នក​បាន។ ប៉ុន្តែ នៅ​ឆ្នាំ​ទី​ប្រាំ‌ពីរ​ត្រូវ​ទុក​ដី​នៅ​ទំនេរ ដើម្បី​ឲ្យ​ជន​ក្រីក្រ ក្នុង​ចំណោម​ប្រជា‌ជន​របស់​អ្នក អាច​រក​អាហារ​ពី​ដី​ទាំង​នោះ ហើយ​សត្វ​ព្រៃ​នឹង​មក​ស៊ី​អ្វីៗ​ដែល​នៅ​សេស‌សល់។ ត្រូវ​ធ្វើ​បែប​នេះ​ចំពោះ​ចម្ការ​ទំពាំង‌បាយជូរ និង​ចម្ការ​អូលីវ​របស់​អ្នក​ដែរ។ ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ អ្នក​អាច​ធ្វើ​ការ‌ងារ​របស់​អ្នក​បាន ប៉ុន្តែ នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ អ្នក​ត្រូវ​គោរព​ថ្ងៃ​សប្ប័ទ* ដើម្បី​ឲ្យ​គោ និង​លា​របស់​អ្នក​បាន​សម្រាក ហើយ​ឲ្យ​ខ្ញុំ​បម្រើ និង​ជន​បរទេស​បាន​សម្រាក​ដែរ។ ចូរ​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​យើង​បាន​បង្គាប់​អ្នក​រាល់​គ្នា ហើយ​មិន​ត្រូវ​បន់‌ស្រន់​ដល់​ព្រះ​ដទៃ​ឡើយ សូម្បី​តែ​ឈ្មោះ​របស់​ព្រះ​ទាំង​នោះ​ក៏​មិន​ត្រូវ​ឮ​ពី​មាត់​របស់​អ្នក​រាល់​គ្នា​ផង។ ក្នុង​មួយ​ឆ្នាំ ត្រូវ​ធ្វើ​ពិធី​បុណ្យ​បី​ដង ដើម្បី​គោរព​យើង។ ត្រូវ​ធ្វើ​ពិធី​បុណ្យ​នំប៉័ង​ឥត​មេ គឺ​អ្នក​ត្រូវ​បរិភោគ​នំប៉័ង​ឥត​មេ​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ នៅ​ខែ​ចេត្រ ដូច​យើង​បាន​បង្គាប់ និង​កំណត់​ទុក ព្រោះ​នៅ​ខែ​នោះ អ្នក​បាន​ចេញ​ពី​ស្រុក​អេស៊ីប។ ក្នុង​ឱកាស​បុណ្យ​នោះ មិន​ត្រូវ​ចូល​មក​រក​យើង ដោយ​ដៃ​ទទេ​ឡើយ។ បន្ទាប់​មក អ្នក​ត្រូវ​ធ្វើ​ពិធី​បុណ្យ​ចម្រូត នៅ​ពេល​អ្នក​ចាប់​ផ្ដើម​ច្រូត​កាត់​ផល​ដំបូង​ពី​ស្រែ​ចម្ការ ដែល​អ្នក​បាន​សាប​ព្រោះ។ ចុង​ឆ្នាំ ត្រូវ​ធ្វើ​ពិធី​បុណ្យ​ប្រមូល​ភោគ‌ផល នៅ​ពេល​អ្នក​បាន​ប្រមូល​ផល​ដំណាំ​របស់​អ្នក​រួច​រាល់​អស់​ហើយ។ រៀង​រាល់​ឆ្នាំ ប្រុសៗ​ទាំង​អស់​ក្នុង​ចំណោម​ប្រជា‌ជន ត្រូវ​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជា‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ចំនួន​បី​ដង។

ចែក​រំលែក
អាន និក្ខមនំ 23

និក្ខមនំ 23:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កុំ​ឲ្យ​បង្កើត​រឿង​ក្លែង‌ក្លាយ​ឲ្យ​សោះ ក៏​កុំ​ឲ្យ​ចូល​ដៃ​នឹង​មនុស្ស​អាក្រក់ ដើម្បី​នឹង​ធ្វើ​ជា​ទី​បន្ទាល់​ទុច្ចរិត​ឡើយ។ កុំ​ឲ្យ​តាម​ពួក​មាន​គ្នា​ច្រើន ដើម្បី​ប្រព្រឹត្ត​សេចក្ដី​អាក្រក់ ហើយ​កុំ​ឲ្យ​ធ្វើ​ជា​ទី​បន្ទាល់​ដល់​ពួក​ក្តី​ខាង​អ្នក​ណា​ដែល​មាន​គ្នា​ច្រើន ដើម្បី​នឹង​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌​ចេញ​នោះ​ឡើយ ក៏​កុំ​ឲ្យ​យល់​មុខ​ខាង​ឯ​អ្នក​ក្រ​ក្នុង​ការ​ក្តី​គេ​ដែរ។ បើ​ប្រទះ​ឃើញ​គោ ឬ​លា របស់​ខ្មាំង​សត្រូវ ដែល​វង្វេង នោះ​ត្រូវ​ឲ្យ​នាំ​ទៅ​ប្រគល់​ដល់​ម្ចាស់​វិញ​ជា​កុំ​ខាន បើ​ឃើញ​លា​របស់​អ្នក​ណា​ដែល​ស្អប់​ឯង វា​លុត​ជង្គង់​ចុះ​ដោយ‌សារ​បន្ទុក​ធ្ងន់ នោះ​ប្រហែល​ជា​ឯង​នឹង​ចង់​ធ្វើ​ព្រងើយ​ឥត​ជួយ​គេ​ទេ តែ​មិន​ត្រូវ​ធ្វើ​ដូច្នោះ​ឡើយ គឺ​ត្រូវ​ជួយ​ដល់​គេ​វិញ​ជា​កុំ​ខាន។ កុំ​ឲ្យ​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌ ក្នុង​រឿង​ក្តី​របស់​អ្នក​ក្រ​ឲ្យ​សោះ ត្រូវ​ឲ្យ​ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​រឿង​ក្លែង‌ក្លាយ ឯ​មនុស្ស​ដែល​គ្មាន​ទោស នឹង​មនុស្ស​សុចរិត នោះ​កុំ​ឲ្យ​សំឡាប់​គេ​ឡើយ ដ្បិត​ឯ​មនុស្ស​អាក្រក់ នោះ​អញ​មិន​ដែល​រាប់​ជា​សុចរិត​ទេ ក៏​កុំ​ឲ្យ​ស៊ី​សំណូក​ឲ្យ​សោះ ដ្បិត​សំណូក​តែង​ដឹក‌នាំ​មនុស្ស​ភ្លឺ​ឲ្យ​ទៅ​ជា​ខ្វាក់ ហើយ​ក៏​បង្ខូច​ពាក្យ​របស់​មនុស្ស​សុចរិត​ផង។ កុំ​ឲ្យ​សង្កត់‌សង្កិន​អ្នក​ប្រទេស​ក្រៅ​ឡើយ ដ្បិត​ឯង​រាល់​គ្នា​ស្គាល់​សណ្ឋាន​ចិត្ត​របស់​អ្នក​ប្រទេស​ក្រៅ​ហើយ ដោយ​ធ្លាប់​នៅ​ស្រុក​អេស៊ីព្ទ ជា​អ្នក​ប្រទេស​ក្រៅ​ដែរ។ ក្នុង​រវាង​៦​ឆ្នាំ ត្រូវ​សាប‌ព្រោះ​នៅ​ដី​ឯង ហើយ​ត្រូវ​ច្រូត​យក​ផល​ផង តែ​ដល់​ឆ្នាំ​ទី​៧ នោះ​ត្រូវ​ឈប់​លែង ហើយ​ទុក​ដី​ឲ្យ​នៅ​ទំនេរ​វិញ ដើម្បី​ឲ្យ​ពួក​មនុស្ស​ទ័ល‌ក្រ​បាន​ចិញ្ចឹម​ជីវិត​ផង ហើយ​សំណល់​សល់​ពី​គេ នោះ​សត្វ​នៅ​វាល​ទាំង​ប៉ុន្មាន​នឹង​បាន​ស៊ី ឯ​ដំណាំ​ទំពាំង‌បាយ‌ជូរ នឹង​ដំណាំ​អូលីវ​របស់​ឯង ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ដែរ។ ក្នុង​៦​ថ្ងៃ​ត្រូវ​ធ្វើ​ការ​របស់​ឯង ហើយ​ដល់​ថ្ងៃ​ទី​៧​ត្រូវ​ឈប់​សំរាក​វិញ ដើម្បី​ឲ្យ​គោ នឹង​លា​របស់​ឯង បាន​សំរាក​ផង ហើយ​ដើម្បី​ឲ្យ​កូន​របស់​បាវ​ស្រី​ឯង នឹង​អ្នក​ប្រទេស​ក្រៅ​បាន​ឈប់​ដក​ដង្ហើម​សិន ត្រូវ​ឲ្យ​ប្រយ័ត នឹង​កាន់​តាម​អស់​ទាំង​សេចក្ដី​ដែល​អញ​បាន​ប្រាប់​ដល់​ឯង​រាល់​គ្នា ហើយ​កុំ​ឲ្យ​ចេញ​ឈ្មោះ​របស់​ព្រះ​ដទៃ​ណា​ឡើយ ក៏​កុំ​ឲ្យ​ឮ​ចេញ​ពី​មាត់​ឯង​រាល់​គ្នា​ឲ្យ​សោះ។ ក្នុង​១​ឆ្នាំ ត្រូវ​ធ្វើ​បុណ្យ​ថ្វាយ​អញ​៣​ដង ត្រូវ​ធ្វើ​បុណ្យ​នំបុ័ង​ឥត​ដំបែ គឺ​ដល់​កំណត់​ក្នុង​ខែ​ចេត្រ នោះ​ត្រូវ​ធ្វើ​នំបុ័ង​ឥត​ដំបែ​ក្នុង​៧​ថ្ងៃ ដូច​ជា​អញ​បាន​បង្គាប់​មក​ហើយ ដ្បិត​គឺ​នៅ​ខែ​នោះ​ហើយ ដែល​ឯង​រាល់​គ្នា​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​មិន​ត្រូវ​មក​នៅ​មុខ​អញ​ដោយ​ដៃ​ទទេ​ឡើយ ត្រូវ​ឲ្យ​ធ្វើ​បុណ្យ​ចំរូត គឺ​ជា​ផល​ដំបូង​អំពី​ការ​ឯង​ធ្វើ ដោយ​សាប‌ព្រោះ​នៅ​ដី​របស់​ឯង ហើយ​នឹង​បុណ្យ​ប្រមូល​ផល​ដល់​ចុង​ឆ្នាំ ក្នុង​កាល​ដែល​ឯង​បាន​ប្រមូល​ផល​កើត​អំពី​ការ​របស់​ឯង​ធ្វើ​នៅ​ចំការ​មក គឺ​ក្នុង​១​ឆ្នាំ ត្រូវ​ឲ្យ​ពួក​ប្រុសៗ មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់ គ្រប់​៣​ដង។

ចែក​រំលែក
អាន និក្ខមនំ 23