កុំផ្សព្វផ្សាយរឿងក្លែងក្លាយ កុំចូលដៃជាមួយមនុស្សអាក្រក់ ដើម្បីធ្វើជាបន្ទាល់ទុច្ចរិតឡើយ។ កុំទៅតាមមនុស្សភាគច្រើនដើម្បីប្រព្រឹត្តអាក្រក់ឡើយ ក៏កុំធ្វើបន្ទាល់ឲ្យរឿងក្តីខាងមនុស្សភាគច្រើន ដើម្បីបង្វែរយុត្តិធម៌ឲ្យសោះ កុំយល់មុខអ្នកណានៅក្នុងរឿងក្ដីឡើយ ទោះបីអ្នកនោះជាអ្នកក្រក៏ដោយ។ បើប្រទះឃើញគោ ឬលារបស់សត្រូវដែលវង្វេង នោះត្រូវនាំវាទៅឲ្យម្ចាស់វាវិញ។ បើឃើញលារបស់ជនដែលស្អប់អ្នកទន់ជង្គង់ដួលដោយសារផ្ទុកធ្ងន់ នោះប្រហែលជាអ្នកចង់ធ្វើព្រងើយមិនចង់ជួយ តែមិនត្រូវធ្វើដូច្នោះឡើយ គឺត្រូវជួយគេកុំខាន។ កុំបង្វែរយុត្តិធម៌ក្នុងរឿងក្តីរបស់អ្នកក្រឡើយ។ ត្រូវចៀសចេញឲ្យឆ្ងាយពីរឿងក្លែងក្លាយ ឯមនុស្សដែលគ្មានទោស និងមនុស្សសុចរិត នោះកុំសម្លាប់គេឡើយ ដ្បិតមនុស្សអាក្រក់ នោះយើងមិនដែលរាប់ជាសុចរិតទេ។ កុំស៊ីសំណូកឲ្យសោះ ដ្បិតសំណូកតែងដឹកនាំមនុស្សភ្លឺឲ្យទៅជាខ្វាក់ ហើយក៏បង្ខូចពាក្យរបស់មនុស្សសុចរិតផង។ កុំសង្កត់សង្កិនអ្នកប្រទេសក្រៅឡើយ ដ្បិតអ្នករាល់គ្នាស្គាល់ចិត្តរបស់អ្នកប្រទេសក្រៅហើយ ដ្បិតអ្នករាល់គ្នាក៏ធ្លាប់ជាអ្នកប្រទេសក្រៅ នៅស្រុកអេស៊ីព្ទដែរ។ ក្នុងរវាងប្រាំមួយឆ្នាំ អ្នកត្រូវសាបព្រោះលើដីរបស់អ្នក ហើយប្រមូលផលពីស្រែចម្ការចុះ តែដល់ឆ្នាំទីប្រាំពីរ ត្រូវទុកដីឲ្យនៅទំនេរ ហើយបន្សល់ផលដំណាំនៅទីនោះចុះ ដើម្បីឲ្យមនុស្សទ័លក្រក្នុងចំណោមប្រជាជនរបស់អ្នកបានបរិភោគផង ហើយអ្វីដែលនៅសេសសល់ នោះសត្វនៅវាលបានស៊ី។ ចម្ការទំពាំងបាយជូរ និងចម្ការអូលីវរបស់អ្នក ក៏ត្រូវធ្វើដូច្នោះដែរ។ ក្នុងប្រាំមួយថ្ងៃត្រូវធ្វើការរបស់អ្នក ហើយដល់ថ្ងៃទីប្រាំពីរត្រូវឈប់សម្រាក ដើម្បីឲ្យគោ និងលារបស់អ្នកបានសម្រាក ហើយឲ្យកូនបាវបម្រើស្រីរបស់អ្នក និងអ្នកប្រទេសក្រៅបានសម្រាកដកដង្ហើមផង។ ត្រូវប្រយ័ត្ននឹងប្រតិបត្តិតាមអស់ទាំងសេចក្ដីដែលយើងបានប្រាប់អ្នករាល់គ្នា ហើយមិនត្រូវចេញឈ្មោះរបស់ព្រះដទៃណាឡើយ ក៏មិនត្រូវឲ្យឈ្មោះរបស់ព្រះទាំងនោះឮចេញពីមាត់អ្នករាល់គ្នាផង។ ក្នុងមួយឆ្នាំ ត្រូវធ្វើបុណ្យសម្រាប់យើងបីដង ត្រូវធ្វើបុណ្យនំបុ័ងឥតដំបែ គឺដល់កំណត់ក្នុងខែអាប៊ីប នោះត្រូវធ្វើនំបុ័ងឥតដំបែក្នុងប្រាំពីរថ្ងៃ ដូចយើងបានបង្គាប់មកហើយ ដ្បិតគឺនៅខែនោះហើយ ដែលអ្នករាល់គ្នាបានចេញពីស្រុកអេស៊ីព្ទ។ មិនត្រូវចូលមកចំពោះយើងដោយដៃទទេឡើយ។ ត្រូវធ្វើបុណ្យចម្រូត គឺនៅពេលអ្នកចាប់ផ្ដើមច្រូតកាត់ផលដំបូងពីការនឿយហត់របស់អ្នក ពីការដែលអ្នកសាបព្រោះនៅស្រែចម្ការ។ ចុងឆ្នាំ ត្រូវធ្វើបុណ្យប្រមូលផល គឺនៅពេលអ្នកប្រមូលផលពីការនឿយហត់របស់អ្នកពីស្រែចម្ការរួចរាល់អស់។ ក្នុងមួយឆ្នាំ ប្រុសៗទាំងអស់ក្នុងចំណោមអ្នករាល់គ្នា ត្រូវមកបង្ហាញខ្លួននៅចំពោះព្រះយេហូវ៉ាដ៏ជាព្រះចំនួនបីដង។
អាន និក្ខមនំ 23
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 23:1-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ