និក្ខមនំ 22:16-31

និក្ខមនំ 22:16-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប្រសិន‌បើ​អ្នក​ណា​ល្បួង​លួង‌លោម​ស្ត្រី​ក្រមុំ ដែល​មិន​ទាន់​មាន​អ្នក​ណា​ដណ្តឹង​នៅ​ឡើយ ហើយ​បាន​ដេក​នៅ​ជា‌មួយ​នាង អ្នក​នោះ​ត្រូវ​បង់​បណ្ណា‌ការ​ឲ្យ​នាង ហើយ​យក​នាង​ធ្វើ​ជា​ប្រពន្ធ។ ប្រសិន‌បើ​ឪពុក​នាង​ប្រកែក​ដាច់​ខាត​មិន​ព្រម​លើក​នាង​ឲ្យទេ អ្នក​នោះ​ត្រូវ​តែ​សង​តាម​តម្លៃ​បណ្ណា‌ការ​ស​ម្រាប់​ស្ត្រី​ក្រមុំ។ មិន​ត្រូវ​ទុក​ឲ្យ​ស្ត្រី​ដែល​ជា​គ្រូ​អាប​ធ្មប់​នៅ​រស់​ឡើយ។ អ្នក​ណា​ដែល​រួម​សង្វាស​ជា‌មួយ​សត្វ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់។ អ្នក​ណា​ដែល​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​ណា​ក្រៅ​ពី​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​តែ​បំផ្លាញ​ចោល​ឲ្យ​អស់។ មិន​ត្រូវ​ធ្វើ​បាប​អ្នក​ប្រទេស​ក្រៅ ឬ​សង្កត់‌សង្កិន​គេ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​នៅ​ស្រុក​អេស៊ីព្ទ​ជា​អ្នក​ប្រទេស​ក្រៅ​ដែរ។ មិន​ត្រូវ​ធ្វើ​ទុក្ខ​ស្ត្រី​មេម៉ាយ ឬ​កូន​កំព្រា​ណា​ឡើយ។ ប្រសិន‌បើ​អ្នក​ធ្វើ​ទុក្ខ​គេ ហើយ​គេ​អំពាវ‌នាវ​រក​យើង នោះ​យើង​ប្រាកដ​ជា​ស្ដាប់​សម្រែក​របស់​គេ​មិន​ខាន ហើយ​សេចក្ដី‌ក្រោធ​របស់​យើង​នឹង​ក្តៅ​ឡើង យើង​នឹង​សម្លាប់​អ្នក​រាល់​គ្នា​ដោយ​មុខ​ដាវ ប្រពន្ធ​របស់​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​ស្រ្ដី​មេម៉ាយ ហើយ​កូន​របស់​អ្នក​នឹង​ទៅ​ជា​កំព្រា។ ប្រសិន‌បើ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ណា​មួយ ជា​អ្នក​ទ័ល‌ក្រ​ដែល​នៅ​ជា‌មួយ​អ្នក​បាន​ខ្ចី​ប្រាក់ នោះ​មិន​ត្រូវ​ប្រព្រឹត្ត​នឹង​គេ​ដូច​ជា​ម្ចាស់​បំណុល​ទេ ក៏​មិន​ត្រូវ​យក​ការ​ពី​គេ​ឡើយ។ ប្រសិន‌បើ​ទទួល​បញ្ចាំ​អាវ​ធំ​របស់​អ្នក​ជិត​ខាង នោះ​ត្រូវ​ប្រគល់​ទៅ​គេ​វិញ​មុន​ថ្ងៃ​លិច ដ្បិត​វា​អាច​ជា​អាវ​ធំ​តែ​មួយ​របស់​អ្នក​នោះ​សម្រាប់​នឹង​ដណ្ដប់​ខ្លួន តើ​គេ​នឹង​បាន​អ្វី​ដណ្តប់​នៅ​ពេល​ដេក? បើ​គេ​អំពាវ‌នាវ​ដល់​យើង នោះ​យើង​នឹង​ស្ដាប់ ដ្បិត​យើង​មាន​ចិត្ត​អាណិត​មេត្តា។ មិន​ត្រូវ​ជេរ​ប្រមាថ​ព្រះឡើយ ក៏​មិន​ត្រូវ​ប្រទេច​ផ្ដាសា​អ្នក​ដឹក​នាំ​ប្រជា‌ជន​របស់​អ្នក​ដែរ។ មិន​ត្រូវ​បង្អង់​នឹង​ថ្វាយ​ភោគ​ផល​ដំបូង​ពី​ស្រែ​ចម្ការ និង​ពី​ប្រេង​អូលីវ​របស់​អ្នក​មក​យើង​ឡើយ ឯ​កូន​ប្រុស​ច្បង​របស់​អ្នក​ក៏​ត្រូវ​ប្រគល់​មក​យើង​ដែរ។ រី​ឯ​កូន​ដំបូង​របស់​គោ និង​ចៀម នោះ​ក៏​ត្រូវ​ឲ្យ​មក​យើង​ដែរ គឺ​ត្រូវ​ទុក​ឲ្យ​នៅ​ជា‌មួយ​មេ​របស់​វា​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ លុះ​ដល់​ថ្ងៃ​ទី​ប្រាំបី នោះ​ត្រូវ​ឲ្យមក​យើង។ អ្នក​រាល់​គ្នា​នឹង​បាន​ជា​មនុស្ស​បរិសុទ្ធដល់​យើង ដូច្នេះ មិន​ត្រូវ​បរិ‌ភោគ​សាច់​ដែល​ត្រូវ​សត្វ​ព្រៃ​ហែកស៊ី​នៅ​ឯ​ទី​វាល​ឡើយ គឺ​ត្រូវ​បោះ​ចោល​ទៅ​ឲ្យ​ឆ្កែ​ស៊ី​វិញ។

ចែក​រំលែក
អាន និក្ខមនំ 22

និក្ខមនំ 22:16-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បើ​អ្នក​ណា​ល្បួង​ស្ត្រី​ក្រមុំ​ដែល​មិន​ទាន់​មាន​គូ​ដណ្ដឹង ហើយ​រួមរ័ក​ជា​មួយ​នាង អ្នក​នោះ​ត្រូវ​បង់​បណ្ណា​ការ រួច​យក​នាង​ធ្វើ​ជា​ភរិយា។ ប្រសិន​បើ​ឪពុក​នាង​ប្រកែក​ដាច់​ខាត​មិន​ព្រម​លើក​នាង​ឲ្យ​ទេ អ្នក​នោះ​ត្រូវ​បង់​ប្រាក់​តាម​តម្លៃ​បណ្ណា​ការ​សម្រាប់​ស្ត្រី​ក្រមុំ។ មិន​ត្រូវ​ទុក​ឲ្យ​ស្ត្រី​អាប‌ធ្មប់​នៅ​រស់​ឡើយ។ អ្នក​រួមរ័ក​ជា​មួយ​សត្វ ត្រូវ​តែ​ទទួល​ទោស​ដល់​ជីវិត។ អ្នក​ដែល​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​ដទៃ ក្រៅ​ពី​ព្រះ‌អម្ចាស់ ត្រូវ​តែ​សម្លាប់​ចោល។ មិន​ត្រូវ​ជិះ‌ជាន់ ឬ​សង្កត់‌សង្កិន​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ជា​ជន​បរទេស​នៅ​ស្រុក​អេស៊ីប​ដែរ។ មិន​ត្រូវ​ធ្វើ​បាប​ស្ត្រី​មេម៉ាយ ឬ​ក្មេង​កំព្រា​ឡើយ។ ប្រសិន​បើ​អ្នក​ធ្វើ​បាប​ពួក​គេ ហើយ​ពួក​គេ​ស្រែក​ហៅ​យើង យើង​ប្រាកដ​ជា​ស្ដាប់​សម្រែក​របស់​ពួក​គេ។ យើង​នឹង​ខឹង​អ្នក​រាល់​គ្នា​យ៉ាង​ខ្លាំង យើង​នឹង​ប្រហារ​អ្នក​រាល់​គ្នា​ដោយ​មុខ​ដាវ ប្រពន្ធ​របស់​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​ស្ត្រី​មេម៉ាយ ហើយ​កូន​របស់​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​ក្មេង​កំព្រា។ ប្រសិន​បើ​អ្នក​ឲ្យ​ជន​ទុគ៌ត​ណា​ម្នាក់ ក្នុង​ចំណោម​ប្រជា‌ជន​របស់​យើង​ខ្ចី​ប្រាក់ មិន​ត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ​ដូច​ជា​អ្នក​ចង​ការ​ប្រាក់​ឡើយ គឺ​កុំ​ទារ​ការ​ប្រាក់​ពី​គេ​ជា​ដាច់​ខាត។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ទទួល​អាវ​ធំ​ដែល​អ្នក​ដទៃ​យក​មក​បញ្ចាំ ត្រូវ​ប្រគល់​ទៅ​គេ​វិញ​មុន​ពេល​ថ្ងៃ​លិច ដ្បិត​អ្នក​នោះ​គ្មាន​អ្វី​ផ្សេង​ទៀត​ដណ្ដប់​ទេ បើ​គ្នា​គ្មាន​អាវ​ធំ តើ​បាន​អ្វី​ដណ្ដប់​នៅ​ពេល​ដេក? ប្រសិន​បើ​គេ​ស្រែក​រក​យើង យើង​នឹង​ស្ដាប់​ពាក្យ​គេ ដ្បិត​យើង​មាន​ចិត្ត​អាណិត​មេត្តា។ មិន​ត្រូវ​ជេរ​ប្រមាថ​ព្រះ‌ជាម្ចាស់ ហើយ​ក៏​មិន​ត្រូវ​ប្រទេច‌ផ្ដាសា​អ្នក​ដឹក​នាំ​ប្រជា‌ជន​របស់​អ្នក​ដែរ។ ត្រូវ​យក​ភោគ‌ផល​ដំបូង​នៃ​ស្រែ​ចម្ការ​របស់​អ្នក​មក​ឲ្យ​យើង កុំ​បី​អាក់‌ខាន​ឡើយ។ ត្រូវ​ញែក​កូន​ប្រុស​ច្បង​របស់​អ្នក​ទុក​សម្រាប់​យើង។ រីឯ​កូន​ដំបូង​របស់​គោ និង​ចៀម ក៏​ត្រូវ​ញែក​ទុក​ឲ្យ​យើង​ដែរ។ ត្រូវ​ទុក​កូន​គោ ឬ​កូន​ចៀម​ឲ្យ​នៅ​ជា​មួយ​មេ​វា ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ ហើយ​នៅ​ថ្ងៃ​ទី​ប្រាំ​បី ត្រូវ​យក​មក​ឲ្យ​យើង។ យើង​ចាត់​ទុក​អ្នក​រាល់​គ្នា​ជា​មនុស្ស​ដ៏វិសុទ្ធ ដូច្នេះ មិន​ត្រូវ​បរិភោគ​សាច់​សត្វ​ដែល​សត្វ​ព្រៃ​ហែក​ស៊ី​នោះ​ឡើយ តែ​ត្រូវ​បោះ​សាច់​នោះ​ទៅ​ឲ្យ​ឆ្កែ​ស៊ី​វិញ។

ចែក​រំលែក
អាន និក្ខមនំ 22

និក្ខមនំ 22:16-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បើ​អ្នក​ណា​ល្បួង​លួង‌លោម​ស្ត្រី​ក្រមុំ ដែល​មិន​ទាន់​មាន​អ្នក​ណា​ដណ្តឹង​នៅ​ឡើយ ហើយ​បាន​ដេក​នៅ​ជា​មួយ​នឹង​នាង នោះ​ត្រូវ​យក​នាង​ធ្វើ​ជា​ប្រពន្ធ​ទៅ ព្រម​ទាំង​ចេញ​បណ្តា‌ការ​ឲ្យ​ផង តែ​បើ​ឪពុក​នាង​មិន​ព្រម​ឲ្យ​ទៅ​អ្នក​នោះ​សោះ នោះ​ត្រូវ​តែ​សង​ថ្លៃ​តាម​បណ្តា‌ការ​របស់​ស្ត្រី​ក្រមុំ​វិញ។ កុំ​ទុក​ឲ្យ​ស្ត្រី​ដែល​ជា​គ្រូ​អាប‌ធ្មប់​នៅ​រស់​ឡើយ។ អ្នក​ណា​ដែល​រួម​សង្វាស​ជា​មួយ​នឹង​សត្វ នោះ​ត្រូវ​សំឡាប់​ចោល​ជា​មិន​ខាន។ អ្នក​ណា​ដែល​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​ណា​ក្រៅ​ពី​ព្រះ‌យេហូវ៉ា​តែ​១ នោះ​នឹង​ត្រូវ​បំផ្លាញ​ចេញ​អស់​រលីង។ កុំ​ឲ្យ​ធ្វើ​បាប​ដល់​អ្នក​ប្រទេស​ក្រៅ ក៏​កុំ​ឲ្យ​សង្កត់‌សង្កិន​គេ​ឡើយ ដ្បិត​ឯង​រាល់​គ្នា​ក៏​បាន​នៅ​ស្រុក​អេស៊ីព្ទ​ជា​អ្នក​ប្រទេស​ក្រៅ​ដែរ។ កុំ​ឲ្យ​ធ្វើ​ទុក្ខ​ដល់​ស្ត្រី​មេម៉ាយ ឬ​កូន​កំព្រា​ណា​ឡើយ បើ​ធ្វើ​ទុក្ខ​ដល់​គេ ហើយ​គេ​អំពាវ‌នាវ​រក​អញ នោះ​អញ​នឹង​ឮ​សំរែក​របស់​គេ​ជា​មិន​ខាន ហើយ​សេចក្ដី​ក្រោធ​របស់​អញ​នឹង​ក្តៅ​ឡើង អញ​នឹង​សំឡាប់​ឯង​រាល់​គ្នា​ដោយ​ដាវ នោះ​ប្រពន្ធ​របស់​ឯង​រាល់​គ្នា​នឹង​ត្រឡប់​ទៅ​ជា​មេម៉ាយ ហើយ​កូន​ឯង​នឹង​ទៅ​ជា​កំព្រា​ដែរ។ បើ​ឲ្យ​រាស្ត្រ​អញ​ណា​មួយ ជា​អ្នក​ទ័ល‌ក្រ ដែល​នៅ​ជា​មួយ​នឹង​ឯង​បាន​ខ្ចី​ប្រាក់ នោះ​មិន​ត្រូវ​ប្រព្រឹត្ត​នឹង​គេ​ដូច​ជា​ម្ចាស់​បំណុល​ទេ ក៏​មិន​ត្រូវ​យក​ការ​ពី​គេ​ឡើយ។ បើ​ទទួល​បញ្ចាំ​សំលៀក‌បំពាក់​របស់​អ្នក​ជិត​ខាង នោះ​ត្រូវ​ប្រគល់​ទៅ​គេ​វិញ​មុន​ថ្ងៃ​លិច ដ្បិត​ជា​សំពត់​ដណ្តប់​តែ​១​របស់​អ្នក​នោះ ជា​សំលៀក‌បំពាក់​ខ្លួន​គេ តើ​គេ​នឹង​បាន​អ្វី​ដណ្តប់​ក្នុង​កាល​ដែល​ទៅ​ដេក បើ​គេ​អំពាវ‌នាវ​ដល់​អញ នោះ​អញ​នឹង​ឮ ដ្បិត​អញ​មាន​សេចក្ដី​អាណិត​ដល់​គេ។ កុំ​ឲ្យ​ប្រមាថ​មើល‌ងាយ​ដល់​ព្រះ ក៏​កុំ​ឲ្យ​ជេរ​ប្រទេច​ដល់​ចៅហ្វាយ​របស់​សាសន៍​ឯង​ឡើយ។ កុំ​ឲ្យ​បង្អង់​នឹង​ថ្វាយ​ផល​ផ្លែ នឹង​ទឹក​ទំពាំង‌បាយ‌ជូរ​ដំបូង​របស់​ឯង​១​ចំណែក​មក​អញ​ឡើយ ឯ​កូន​ប្រុសៗ​របស់​ឯង​ដែល​កើត​ជា​ដំបូង នោះ​ក៏​ត្រូវ​ថ្វាយ​ដល់​អញ​ដែរ ហើយ​ទាំង​កូន​គោ​កូន​ចៀម​ដែល​កើត​ដំបូង នោះ​ត្រូវ​នៅ​នឹង​មេ​វា​អស់​៧​ថ្ងៃ លុះ​ដល់​ថ្ងៃ​ទី​៨ នោះ​ត្រូវ​ថ្វាយ​ដល់​អញ។ ឯង​រាល់​គ្នា​ត្រូវ​បាន​ជា​មនុស្ស​បរិសុទ្ធ​ដល់​អញ កុំ​ឲ្យ​ស៊ី​សាច់​ដែល​ត្រូវ​សត្វ​ព្រៃ​ហែក​នៅ​ឯ​វាល​ឡើយ ត្រូវ​បោះ​ចោល​ទៅ​ឲ្យ​ឆ្កែ​វិញ។

ចែក​រំលែក
អាន និក្ខមនំ 22