និក្ខមនំ 22:1-15
និក្ខមនំ 22:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប្រសិនបើអ្នកណាលួចគោ ឬចៀម ហើយសម្លាប់ ឬយកទៅលក់ នោះត្រូវសងគោប្រាំឲ្យធួននឹងគោមួយ និងចៀមបួនឲ្យធួននឹងចៀមមួយ។ ប្រសិនបើចោរកំពុងតែលួច ហើយគេទាន់ រួចវាយសម្លាប់ នោះអ្នកសម្លាប់ចោរគ្មានទោសនឹងឈាមវាឡើយ។ ប៉ុន្ដែ បើថ្ងៃរះហើយ អ្នកសម្លាប់ចោរនឹងត្រូវមានទោស ដ្បិតចោរត្រូវតែសង។ ប្រសិនបើវាគ្មានអ្វីសោះ នោះត្រូវលក់ខ្លួនវាឲ្យធួននឹងរបស់ដែលវាបានលួច។ ប្រសិនបើរបស់ដែលលួចនោះ ទោះជាគោ លា ឬជាចៀមក្តី ឃើញនៅរស់ក្នុងដៃវានៅឡើយ នោះត្រូវសងមួយជាពីរ។ ប្រសិនបើអ្នកណាបណ្ដោយឲ្យសត្វស៊ីបំផ្លាញស្រែ ឬចម្ការទំពាំងបាយជូររបស់គេ ដោយលែងសត្វខ្លួន ឲ្យលុកលុយស៊ីក្នុងដីគេ អ្នកនោះត្រូវយកផលដំណាំយ៉ាងល្អបំផុតពីស្រែចម្ការរបស់ខ្លួនទៅសងគេវិញ។ ប្រសិនបើអ្នកណាដុតគុម្ពបន្លា ហើយភ្លើងរាលទៅឆេះកណ្តាប់ស្រូវ ឬស្រូវមិនទាន់ច្រូត ឬវាលស្មៅក្តី នោះអ្នកដែលដុត ត្រូវតែសងទៅម្ចាស់ស្រែ។ បើអ្នកណាផ្ញើប្រាក់ ឬរបស់អ្វីទុកនឹងអ្នកជិតខាង ហើយមានចោរលួចពីផ្ទះអ្នកនោះទៅ ប្រសិនបើគេចាប់ចោរបាន នោះចោរត្រូវសងមួយជាពីរ។ ប្រសិនបើរកចោរមិនឃើញទេ នោះត្រូវនាំម្ចាស់ផ្ទះទៅចំពោះព្រះ ដើម្បីបញ្ជាក់ថា អ្នកនោះមិនបានចូលដៃយកទ្រព្យរបស់គេឡើយ។ ក្នុងគ្រប់រឿងដណ្ដើមកម្មសិទ្ធិគ្នា ទោះជាគោ លា ចៀម ខោអាវ ឬរបស់ណាបាត់ក៏ដោយ ដែលម្នាក់ប្រកាន់ថា "នេះជារបស់ខ្ញុំ" នោះរឿងអ្នកទាំងសងខាងត្រូវចូលទៅចំពោះព្រះ ។ អ្នកណាដែលព្រះប្រកាសថាមានទោស អ្នកនោះត្រូវសងគេមួយជាពីរ។ បើអ្នកណាម្នាក់ផ្ញើលា គោ ចៀម ឬសត្វណាទុកនឹងគេ ហើយសត្វនោះស្លាប់ ឬបាក់ជើង ឬមានគេនាំទៅបាត់ ឥតអ្នកណាឃើញ នោះអ្នកទាំងពីរត្រូវស្បថនឹងគ្នានៅចំពោះព្រះយេហូវ៉ា ដើម្បីបញ្ជាក់ថា អ្នកទទួលបញ្ញើមិនបានចូលដៃយករបស់ទ្រព្យរបស់គេទេ ហើយម្ចាស់សត្វត្រូវតែទទួលយកសម្បថនោះ រួចមិនតម្រូវឲ្យមានសំណងឡើយ។ ប៉ុន្តែ បើមានគេលួចសត្វនោះពីអ្នកទទួលបញ្ញើ នោះតម្រូវឲ្យសងទៅម្ចាស់សត្វ។ ប្រសិនបើត្រូវសត្វព្រៃហែកស៊ី នោះត្រូវយកចំណែកដែលនៅសល់មកធ្វើជាភស្តុតាង ហើយមិនតម្រូវឲ្យសងដល់សត្វដែលត្រូវហែកហួរនោះទេ។ ប្រសិនបើអ្នកណាខ្ចីសត្វរបស់គេ ហើយវាបាក់ជើង ឬងាប់ ពេលម្ចាស់មិននៅជាមួយ នោះត្រូវសងពេញថ្លៃ។ ប្រសិនបើម្ចាស់វានៅជាមួយ នោះមិនត្រូវសងទេ បើជាសត្វដែលគេជួលវិញ នោះក៏ល្មមនឹងថ្លៃឈ្នួលហើយ។
និក្ខមនំ 22:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រសិនបើអ្នកណាលួចគោ ឬចៀម យកទៅសម្លាប់ ឬយកទៅលក់ អ្នកនោះត្រូវសងគោមួយជាប្រាំ និងចៀមមួយជាបួនទៅឲ្យម្ចាស់សត្វវិញ។ ប្រសិនបើគេសម្លាប់ចោរដែលគេទាន់កំពុងតែលួច នៅពេលយប់ អ្នកសម្លាប់ចោរនោះមិនត្រូវមានទោសឡើយ។ ប៉ុន្តែ បើហេតុការណ៍នេះកើតឡើងនៅពេលថ្ងៃ អ្នកសម្លាប់ចោរនឹងត្រូវមានទោស។ ត្រូវពិន័យចោរ តែបើចោរនោះគ្មានអ្វីបង់ទេ ត្រូវលក់គេជាទាសករ។ ប្រសិនបើគេរកឃើញគោ លា ឬចៀមនៅរស់ក្នុងដៃចោរ ចោរត្រូវតែសងសត្វនោះវិញមួយជាពីរ។ ប្រសិនបើអ្នកណាបណ្ដោយឲ្យហ្វូងសត្វរបស់ខ្លួន ទៅស៊ីបំផ្លាញស្រែ ឬចម្ការទំពាំងបាយជូររបស់អ្នកដទៃ អ្នកនោះត្រូវយកភោគផលដ៏ល្អបំផុតពីស្រែ និងពីចម្ការទំពាំងបាយជូររបស់ខ្លួនទៅសងគេវិញ។ ប្រសិនបើអ្នកណាដុតគុម្ពបន្លា ធ្វើឲ្យភ្លើងរាលទៅឆេះកណ្ដាប់ស្រូវ ឬឆេះស្រូវទុំ ឬមិនទាន់ទុំក្ដី អ្នកនោះត្រូវតែបង់ជំងឺចិត្តទៅឲ្យម្ចាស់ស្រែ។ បើអ្នកណាផ្ញើប្រាក់ ឬវត្ថុអ្វីផ្សេងទៀតឲ្យអ្នកដទៃថែរក្សា ហើយមានចោរលួចរបស់ទាំងនោះពីផ្ទះអ្នកថែរក្សា ប្រសិនបើគេចាប់ចោរបាន ចោរនោះត្រូវសងរបស់គេមួយជាពីរ។ ប្រសិនបើចាប់ចោរមិនបានទេ នោះត្រូវនាំម្ចាស់ផ្ទះទៅស្បថនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ថា គាត់មិនបានបន្លំយកទ្រព្យសម្បត្តិរបស់គេឡើយ។ បើនរណាម្នាក់បាត់គោ លា កូនចៀម អាវធំ ឬវត្ថុអ្វីផ្សេងទៀត ហើយមានម្នាក់ទៀតប្រកាន់ថាជារបស់ខ្លួន ក្នុងករណីដណ្ដើមកម្មសិទ្ធិគ្នា អ្នកទាំងពីរត្រូវនាំគ្នាទៅនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់។ អ្នកដែលព្រះអង្គប្រកាសថាមានកំហុស ត្រូវសងទៅម្ចាស់របស់មួយជាពីរ។ បើអ្នកណាម្នាក់យកលា គោ កូនចៀម ឬសត្វដទៃទៀត ទៅផ្ញើអ្នកដទៃមើលឲ្យ រួចសត្វនោះងាប់ ឬរបួស ឬត្រូវគេលួចយកទៅ ដោយគ្មាននរណាឃើញ ទាំងអ្នកផ្ញើសត្វ ទាំងអ្នកទទួលបញ្ញើ ត្រូវនាំគ្នាទៅនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយអ្នកទទួលបញ្ញើត្រូវស្បថថា គាត់មិនបានធ្វើអ្វីប៉ះពាល់សត្វរបស់គេឡើយ។ ម្ចាស់សត្វត្រូវតែទទួលយកពាក្យសម្បថនេះ រីឯអ្នកទទួលបញ្ញើក៏មិនត្រូវសងជំងឺចិត្តដែរ។ ផ្ទុយទៅវិញ បើមានចោរលួចសត្វនោះនៅផ្ទះរបស់អ្នកទទួលបញ្ញើ គាត់ត្រូវតែសងជំងឺចិត្តទៅម្ចាស់សត្វ។ ប្រសិនបើសត្វនោះងាប់ដោយសារសត្វព្រៃហែកស៊ី អ្នកទទួលបញ្ញើត្រូវយកចំណែក ដែលនៅសល់មកធ្វើជាភស្ដុតាង ហើយគាត់មិនត្រូវសងជំងឺចិត្តទេ។ ប្រសិនបើអ្នកណាខ្ចីសត្វពាហនៈពីអ្នកជិតខាងខ្លួន ហើយសត្វនោះត្រូវរបួស ឬងាប់ ពេលម្ចាស់មិននៅ អ្នកនោះត្រូវតែសងជំងឺចិត្ត។ ប៉ុន្តែ បើម្ចាស់នៅជាមួយដែរ នោះអ្នកខ្ចីមិនត្រូវសងអ្វីទេ។ ប្រសិនបើគាត់ជួលសត្វនោះមក គាត់ត្រូវតែបង់ថ្លៃឈ្នួល។
និក្ខមនំ 22:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បើអ្នកណាលួចគោ ឬចៀមគេ ហើយកាប់សំឡាប់ឬលក់ទៅ នោះត្រូវសងគោ៥ឲ្យធួននឹងគោ១ ហើយចៀម៤ឲ្យធួននឹងចៀម១ បើចោរកំពុងតែលួច ហើយគេបានទាន់វាយសំឡាប់ទៅ នោះគេគ្មានទោសនឹងឈាមវាទេ តែបើថ្ងៃរះហើយ នោះត្រូវមានទោសវិញ ដ្បិតនឹងត្រូវចាប់ឲ្យសង បើចោរគ្មានអ្វីសោះ ត្រូវលក់ខ្លួនវាឲ្យធួននឹងរបស់ដែលបានលួចយកនោះ បើរបស់ដែលលួចនោះ ទោះគោ លា ឬចៀមក្តី ឃើញរស់នៅដៃវានៅឡើយ នោះត្រូវឲ្យសង១ជា២។ បើអ្នកណាធ្វើបំផ្លាញចំការ ឬដំណាំទំពាំងបាយជូររបស់គេ ដោយលែងសត្វខ្លួនឲ្យលុកលុយស៊ីក្នុងដីគេ នោះត្រូវយកផលដំណាំយ៉ាងល្អបំផុតពីស្រែចំការរបស់ខ្លួនទៅសងគេវិញ។ បើកាលណាមានភ្លើងឆេះគុម្ពបន្លា ហើយខ្ទាតទៅឆេះដល់ស្នឹមស្រូវ ឬស្រូវមិនទាន់ច្រូត ឬវាលស្មៅក្តី នោះអ្នកណាដែលដុតភ្លើង ត្រូវតែសងគេជាមិនខាន។ បើអ្នកណាផ្ញើប្រាក់ ឬជារបស់អ្វីទុកនឹងអ្នកជិតខាង ហើយមានចោរលួចពីផ្ទះអ្នកនោះទៅ បើសិនជាគេចាប់ចោរបាន នោះចោរត្រូវសង១ជា២ តែបើរកចោរមិនឃើញទេ នោះត្រូវនាំម្ចាស់ផ្ទះទៅឯចៅក្រម ដើម្បីនឹងពិចារណាមើល តើអ្នកនោះបានដាក់ដៃលើរបស់ទ្រព្យអ្នកជិតខាងឬទេ។ ក្នុងគ្រប់រឿងរំលងច្បាប់អ្វី ទោះពីគោ ពីលា ពីចៀម ពីខោអាវ ឬពីរបស់ណាបាត់ក៏ដោយ ដែលគេនឹងប្រកាន់ថា នេះជារបស់ខ្ញុំ នោះរឿងអ្នកទាំងសងខាងត្រូវនាំទៅឯចៅក្រម បើអ្នកណាដែលចៅក្រមបានកាត់ថាមានទោស អ្នកនោះត្រូវសងគេ១ជា២។ បើអ្នកណាផ្ញើលា គោ ចៀម ឬសត្វណាទុកនឹងគេ ហើយសត្វនោះស្លាប់ ឬបាក់ជើង ឬមានគេនាំទៅបាត់ ឥតអ្នកណាឃើញ នោះអ្នកទាំង២ត្រូវស្បថនឹងគ្នាដោយនូវព្រះយេហូវ៉ា ដើម្បីឲ្យបានដឹងជាអ្នកនោះបានដាក់ដៃលើរបស់ទ្រព្យអ្នកជិតខាងខ្លួនឬទេ ហើយម្ចាស់សត្វនឹងត្រូវរងសម្បថនោះ រួចអ្នកនោះមិនត្រូវសងសំណងទេ ប៉ុន្តែបើមានគេលួចសត្វនោះទៅវិញ នោះនឹងត្រូវសងសំណងទៅម្ចាស់ជាពិត ឬបើត្រូវសត្វណាហែកវា នោះត្រូវយកមកធ្វើជាភស្តុតាង ហើយមិនត្រូវសងសំណងពីសត្វណាដែលត្រូវហែកហួរនោះទេ។ បើអ្នកណាខ្ចីសត្វរបស់គេ ហើយវាបាក់ជើង ឬស្លាប់ក្នុងកាលដែលម្ចាស់មិនបាននៅជាមួយ នោះត្រូវតែសងសំណងជាមិនខាន បើម្ចាស់វានៅជាមួយដែរ នោះមិនត្រូវសងសំណងទេ បើជាសត្វដែលគេជួល នោះក៏ល្មមនឹងថ្លៃឈ្នួលហើយ។