និក្ខមនំ 22:1-15

និក្ខមនំ 22:1-15 គកស១៦

ប្រសិន‌បើ​អ្នក​ណា​លួច​គោ ឬ​ចៀម ហើយសម្លាប់ ឬ​យក​ទៅ​លក់ នោះ​ត្រូវ​សង​គោ​ប្រាំ​ឲ្យ​ធួន​នឹង​គោ​មួយ និង​ចៀម​បួន​ឲ្យ​ធួន​នឹង​ចៀម​មួយ។ ប្រសិន‌បើ​ចោរ​កំពុង​តែ​លួច ហើយ​គេទាន់ រួច​វាយ​សម្លាប់ នោះ​អ្នក​សម្លាប់​ចោរ​គ្មាន​ទោស​នឹង​ឈាម​វា​ឡើយ។ ប៉ុន្ដែ បើ​ថ្ងៃ​រះ​ហើយ អ្នក​សម្លាប់​ចោរ​នឹង​ត្រូវ​មាន​ទោស ដ្បិត​ចោរ​ត្រូវ​តែ​សង។ ប្រសិន‌បើ​វា​គ្មាន​អ្វី​សោះ នោះ​ត្រូវ​លក់​ខ្លួន​វា​ឲ្យ​ធួន​នឹង​របស់​ដែល​វា​បាន​លួច។ ប្រសិន‌បើ​របស់​ដែល​លួច​នោះ ទោះ​ជា​គោ លា ឬ​ជា​ចៀម​ក្តី ឃើញ​នៅ​រស់​ក្នុង​ដៃ​វា​នៅ​ឡើយ នោះ​ត្រូវ​សង​មួយ​ជា​ពីរ។ ប្រសិន‌បើ​អ្នក​ណា​បណ្ដោយ​ឲ្យ​សត្វ​ស៊ី​បំផ្លាញ​ស្រែ ឬ​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​គេ ដោយ​លែង​សត្វ​ខ្លួន ឲ្យ​លុក‌លុយ​ស៊ី​ក្នុង​ដី​គេ អ្នក​នោះ​ត្រូវ​យក​ផល​ដំណាំ​យ៉ាង​ល្អ​បំផុត​ពី​ស្រែ​ចម្ការ​របស់​ខ្លួន​ទៅ​សង​គេ​វិញ។ ប្រសិន‌បើ​អ្នក​ណា​ដុត​គុម្ព​បន្លា ហើយ​ភ្លើង​រាល​ទៅ​ឆេះ​កណ្តាប់​ស្រូវ ឬ​ស្រូវ​មិន​ទាន់​ច្រូត ឬ​វាល​ស្មៅ​ក្តី នោះ​អ្នក​ដែល​ដុត ត្រូវ​តែ​សង​ទៅ​ម្ចាស់​ស្រែ។ បើ​អ្នក​ណា​ផ្ញើ​ប្រាក់ ឬ​របស់​អ្វី​ទុក​នឹង​អ្នក​ជិត​ខាង ហើយ​មាន​ចោរ​លួច​ពី​ផ្ទះ​អ្នក​នោះ​ទៅ ប្រសិន‌បើ​គេ​ចាប់​ចោរ​បាន នោះ​ចោរ​ត្រូវ​សង​មួយ​ជា​ពីរ។ ប្រសិន‌បើ​រក​ចោរ​មិន​ឃើញ​ទេ នោះ​ត្រូវ​នាំ​ម្ចាស់​ផ្ទះ​ទៅ​ចំពោះ​ព្រះ ដើម្បី​បញ្ជាក់​ថា អ្នក​នោះ​មិន​បាន​ចូល​ដៃ​យក​ទ្រព្យ​របស់​គេ​ឡើយ។ ក្នុង​គ្រប់​រឿង​ដណ្ដើម​កម្ម‌សិទ្ធិ​គ្នា ទោះ​ជា​គោ លា ចៀម ខោ​អាវ ឬ​របស់​ណា​បាត់​ក៏​ដោយ ដែល​ម្នាក់​ប្រកាន់​ថា "នេះ​ជា​របស់​ខ្ញុំ" នោះ​រឿង​អ្នក​ទាំង​សង​ខាង​ត្រូវ​ចូល​ទៅ​ចំពោះ​ព្រះ ។ អ្នក​ណា​ដែល​ព្រះ​ប្រកាស​ថា​មាន​ទោស អ្នក​នោះ​ត្រូវ​សង​គេ​មួយ​ជា​ពីរ។ បើ​អ្នក​ណា​ម្នាក់​ផ្ញើ​លា គោ ចៀម ឬ​សត្វ​ណា​ទុក​នឹង​គេ ហើយ​សត្វ​នោះ​ស្លាប់ ឬ​បាក់​ជើង ឬ​មាន​គេ​នាំ​ទៅ​បាត់ ឥត​អ្នក​ណា​ឃើញ នោះ​អ្នក​ទាំង​ពីរ​ត្រូវ​ស្បថ​នឹង​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​បញ្ជាក់​ថា អ្នក​ទទួល​បញ្ញើ​មិន​បាន​ចូល​ដៃ​យក​របស់​ទ្រព្យ​របស់គេ​ទេ ហើយ​ម្ចាស់​សត្វ​ត្រូវ​តែ​ទទួល​យក​សម្បថ​នោះ រួច​មិន​តម្រូវ​ឲ្យ​មាន​សំណង​ឡើយ។ ប៉ុន្តែ បើ​មាន​គេ​លួច​សត្វ​នោះ​ពី​អ្នក​ទទួល​បញ្ញើ នោះតម្រូវ​ឲ្យ​សង​ទៅ​ម្ចាស់​សត្វ។ ប្រសិន‌បើ​ត្រូវ​សត្វ​ព្រៃ​ហែក​ស៊ី នោះ​ត្រូវ​យក​ចំណែក​ដែល​នៅ​សល់​មក​ធ្វើ​ជា​ភស្តុ‌តាង ហើយ​មិន​តម្រូវ​ឲ្យ​សង​ដល់​សត្វ​ដែល​ត្រូវ​ហែក‌ហួរ​នោះ​ទេ។ ប្រសិន‌បើ​អ្នក​ណា​ខ្ចី​សត្វ​របស់​គេ ហើយ​វា​បាក់​ជើង ឬ​ងាប់ ពេល​ម្ចាស់​មិន​នៅ​ជា‌មួយ នោះ​ត្រូវ​សង​ពេញ​ថ្លៃ។ ប្រសិន‌បើ​ម្ចាស់​វា​នៅ​ជា‌មួយ នោះ​មិន​ត្រូវ​សង​ទេ បើ​ជា​សត្វ​ដែល​គេ​ជួល​វិញ នោះ​ក៏​ល្មម​នឹង​ថ្លៃ​ឈ្នួល​ហើយ។

អាន និក្ខមនំ 22