និក្ខមនំ 21:1-11
និក្ខមនំ 21:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះជាច្បាប់ផ្សេងៗ ដែលអ្នកត្រូវយកទៅដាក់នៅមុខគេ កាលណាអ្នកទិញបាវបម្រើជាសាសន៍ហេព្រើរ គេនឹងបម្រើរយៈពេលប្រាំមួយឆ្នាំ នៅឆ្នាំទីប្រាំពីរ គេនឹងរួចចេញ ឥតជាប់មានបំណុលអ្វីឡើយ។ ប្រសិនបើគេមកតែម្នាក់ឯង នោះនឹងចេញទៅតែម្នាក់ឯង តែបើគេមានប្រពន្ធមកជាមួយ នោះប្រពន្ធរបស់គេត្រូវចេញទៅជាមួយដែរ។ ប្រសិនបើប្រពន្ធនោះជាស្ត្រីដែលចៅហ្វាយបានរកឲ្យ ហើយនាងបង្កើតបានកូនប្រុស ឬកូនស្រី នោះប្រពន្ធ និងកូននឹងបានជារបស់ចៅហ្វាយ ហើយអ្នកនោះត្រូវចេញទៅតែម្នាក់ឯង។ ប៉ុន្តែ ប្រសិនបើបាវបម្រើនោះនិយាយថា "ខ្ញុំស្រឡាញ់ចៅហ្វាយ និងប្រពន្ធកូនរបស់ខ្ញុំ ខ្ញុំមិនចេញទៅទេ" នោះចៅហ្វាយត្រូវនាំគេទៅចំពោះព្រះ រួចត្រូវនាំទៅឯទ្វារ ឬក្របទ្វារផ្ទះ ហើយយកដែកចោះមកចោះត្រចៀករបស់គេ ដូច្នេះ អ្នកនោះនឹងត្រូវនៅបម្រើចៅហ្វាយជារៀងរហូត។ ប្រសិនបើបុរសណាម្នាក់លក់កូនស្រីរបស់ខ្លួន ឲ្យទៅធ្វើជាបាវបម្រើគេ កូននោះមិនអាចចេញទៅដូចជាបាវបម្រើប្រុសបានទេ។ ប្រសិនបើនាងមិនពេញចិត្តដល់ចៅហ្វាយ ដែលបានទិញនាងមកសម្រាប់ខ្លួន នោះត្រូវបើកឲ្យគេលោះនាងយកទៅវិញ ចៅហ្វាយនោះគ្មានសិទ្ធិនឹងលក់នាងទៅឲ្យអ្នកប្រទេសក្រៅឡើយ ព្រោះគាត់បានបញ្ឆោតនាងហើយ។ ប្រសិនបើគាត់បានយកមកបម្រុងទុកឲ្យកូនប្រុសរបស់គាត់ អ្នកនោះត្រូវប្រព្រឹត្តចំពោះនាងតាមច្បាប់ជាកូនស្រី។ ប្រសិនបើចៅហ្វាយនោះយកប្រពន្ធមួយទៀត នោះគាត់មិនត្រូវកាត់បន្ថយអាហារ សម្លៀកបំពាក់ ឬច្បាប់ជាប្តី ចេញពីប្រពន្ធមុនសោះឡើយ។ ប្រសិនបើគាត់មិនធ្វើតាមប្រការទាំងបីនេះសម្រាប់នាងទេ នោះនាងនឹងចាកចេញទៅដោយទទេ ឥតសងប្រាក់អ្វីឡើយ។
និក្ខមនំ 21:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជាវិន័យផ្សេងៗដែលអ្នកត្រូវប្រាប់ជនជាតិអ៊ីស្រាអែលឲ្យអនុវត្តតាម: ប្រសិនបើអ្នកទិញជនជាតិហេប្រឺម្នាក់មកធ្វើជាខ្ញុំបម្រើ គេនឹងបម្រើអ្នកអស់រយៈពេលប្រាំមួយឆ្នាំ។ នៅឆ្នាំទីប្រាំពីរ គេនឹងមានសេរីភាពចាកចេញពីអ្នកទៅ ដោយមិនបាច់បង់ថ្លៃអ្វីទាំងអស់។ បើខ្ញុំបម្រើនោះមកតែម្នាក់ឯង គេត្រូវចាកចេញទៅតែម្នាក់ឯង ប៉ុន្តែ ប្រសិនបើគេមានប្រពន្ធមកជាមួយ គេត្រូវចាកចេញទៅជាមួយប្រពន្ធដែរ។ ប្រសិនបើចៅហ្វាយរបស់គេរកប្រពន្ធឲ្យ ហើយប្រពន្ធនោះមានកូនប្រុស ឬកូនស្រី នោះប្រពន្ធ និងកូនប្រុសកូនស្រីរបស់គេ ត្រូវតែនៅបម្រើចៅហ្វាយ ហើយបុរសនោះត្រូវចាកចេញទៅតែម្នាក់ឯង។ ប៉ុន្តែ ប្រសិនបើខ្ញុំបម្រើប្រកាសថា ខ្ញុំស្រឡាញ់ចៅហ្វាយ ព្រមទាំងប្រពន្ធកូនរបស់ខ្ញុំ ខ្ញុំមិនចង់បានសេរីភាពទេ នោះចៅហ្វាយត្រូវនាំគេចូលទៅជិតព្រះជាម្ចាស់ ហើយឲ្យខ្ញុំបម្រើនោះឈរនៅមាត់ទ្វារ ឬផ្អែកទៅនឹងក្របទ្វារផ្ទះ រួចចៅហ្វាយយកដែកមកចោះត្រចៀកគេ។ ដូច្នេះ អ្នកនោះនឹងនៅបម្រើចៅហ្វាយរហូតតទៅ។ ប្រសិនបើបុរសម្នាក់លក់កូនស្រីរបស់ខ្លួនឲ្យធ្វើជាខ្ញុំបម្រើគេ នាងនឹងមិនទទួលសេរីភាពដូចខ្ញុំបម្រើឯទៀតៗទេ។ ប្រសិនបើចៅហ្វាយទិញនាងយកមកធ្វើជាប្រពន្ធ ហើយបែរជាលែងពេញចិត្តនឹងនាង ត្រូវឲ្យឪពុករបស់នាងលោះនាងយកទៅវិញ។ ចៅហ្វាយគ្មានសិទ្ធិលក់នាងទៅឲ្យសាសន៍ដទៃឡើយ ធ្វើដូច្នេះ ជាការបោកប្រាស់។ ប្រសិនបើចៅហ្វាយទិញនាងយកមកធ្វើជាប្រពន្ធរបស់កូនប្រុសខ្លួន គាត់ត្រូវប្រព្រឹត្តចំពោះនាងតាមច្បាប់សម្រាប់កូនស្រី។ ប្រសិនបើចៅហ្វាយយកប្រពន្ធមួយទៀត នោះគាត់មិនត្រូវកាត់បន្ថយអ្វីៗពីប្រពន្ធមុនឡើយ ទោះជាម្ហូបអាហារ សម្លៀកបំពាក់ ឬសិទ្ធិជាប្រពន្ធក្ដី។ ប្រសិនបើគាត់ប្រព្រឹត្តចំពោះនាង មិនត្រឹមត្រូវតាមលក្ខខណ្ឌទាំងបីនេះទេ នាងអាចទទួលសេរីភាព ហើយចាកចេញទៅដោយមិនបាច់បង់ថ្លៃអ្វីឡើយ។
និក្ខមនំ 21:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះជាមាត្រាច្បាប់ទាំងប៉ុន្មាន ដែលឯងត្រូវយកទៅដាក់នៅមុខគេ។ បើឯងទិញបាវជាសាសន៍ហេព្រើរ នោះវាត្រូវនៅបំរើតែ៦ឆ្នាំទេ លុះដល់ឆ្នាំទី៧ នោះនឹងរួចចេញទៅទទេឥតសងអ្វីឡើយ បើវាបានមកតែម្នាក់ឯង នោះនឹងចេញទៅតែម្នាក់ដែរ តែបើមានប្រពន្ធផង នោះប្រពន្ធនឹងចេញទៅជាមួយគ្នា បើប្រពន្ធនោះជាស្ត្រីដែលចៅហ្វាយបានឲ្យ ហើយនាងបានបង្កើតកូនប្រុសឬស្រីឲ្យវា នោះប្រពន្ធ នឹងកូនទាំងប៉ុន្មានជារបស់ផងចៅហ្វាយវាវិញ ឯវាត្រូវចេញទៅតែខ្លួនប៉ុណ្ណោះ តែបើបាវនោះនិយាយថា ខ្ញុំស្រឡាញ់ចៅហ្វាយខ្ញុំ នឹងប្រពន្ធកូនខ្ញុំណាស់ ខ្ញុំមិនចេញទៅទេ នោះចៅហ្វាយត្រូវនាំវាទៅឯចំពោះព្រះ រួចត្រូវនាំទៅឯទ្វារ ឬបង្គោលទ្វារណាក្តី ហើយយកដែកចោះមកចោះត្រចៀកវា ដូច្នេះ បាវនោះនឹងត្រូវនៅបំរើចៅហ្វាយជាដរាបទៅ។ បើមនុស្សណាលក់កូនស្រី ឲ្យទៅធ្វើជាបាវបំរើគេ រូបកូននោះឯងនឹងចេញទៅដូចជាបាវប្រុសពុំបានទេ បើនាងមិនជាទីពេញចិត្ត ដល់ចៅហ្វាយដែលបានយកនាងហើយ នោះគាត់នឹងបើកឲ្យគេលោះនាងចេញបាន តែគ្មានច្បាប់នឹងលក់នាងឲ្យទៅអ្នកប្រទេសក្រៅណា ក្រោយដែលបានបញ្ឆោតនាងហើយនោះទេ តែបើគាត់បានយកមកបំរុងទុកឲ្យកូនប្រុសវិញ នោះត្រូវប្រព្រឹត្តនឹងនាងតាមធម្មតាច្បាប់ជាកូនស្រី បើបានយកសំរាប់ខ្លួនឯង រួចទៅយកប្រពន្ធ១ទៀត នោះមិនត្រូវបន្ថយអាហារ ឬសំលៀកបំពាក់ ឬច្បាប់ជាប្ដីចេញពីប្រពន្ធដើមសោះឡើយ តែបើសិនជាគាត់មិនធ្វើតាមសេចក្ដីទាំង៣ប្រការនេះដល់នាងទេ នោះនាងនឹងត្រូវចេញបានទទេ ឥតសងប្រាក់អ្វីឡើយ។