និក្ខមនំ 17:1-6
និក្ខមនំ 17:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងមូលបានចាកចេញពីទីរហោស្ថានស៊ីន ធ្វើដំណើរពីមួយដំណាក់ទៅមួយដំណាក់ តាមបង្គាប់ព្រះយេហូវ៉ា។ គេបោះជំរំនៅត្រង់រេផិឌីម នៅទីនោះគ្មានទឹកផឹកសោះ។ ដូច្នេះ ប្រជាជនរករឿងឈ្លោះនឹងលោកម៉ូសេ ដោយពាក្យថា៖ «ចូររកទឹកឲ្យពួកយើងផឹកផង»។ លោកម៉ូសេឆ្លើយតបថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារករឿងនឹងខ្ញុំ? ហេតុអ្វីបានជាអ្នករាល់គ្នាល្បងលព្រះយេហូវ៉ា?» នៅទីនោះ ប្រជាជនស្រេកទឹកយ៉ាងខ្លាំង ហើយគេត្អូញត្អែរដាក់លោកម៉ូសេថា៖ «ហេតុអ្វីបានជាលោកនាំពួកយើងចេញពីស្រុកអេស៊ីព្ទមក ដើម្បីសម្លាប់ពួកយើង ព្រមទាំងកូនចៅ និងហ្វូងសត្វរបស់យើង ដោយស្រេកទឹកដូច្នេះ?» ដូច្នេះ លោកម៉ូសេក៏ស្រែកអំពាវនាវដល់ព្រះយេហូវ៉ាថា៖ «តើទូលបង្គំត្រូវធ្វើដូចម្តេចជាមួយប្រជាជននេះ? គេប្រុងនឹងយកថ្មគប់សម្លាប់ទូលបង្គំហើយ»។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរដើរទៅខាងមុនប្រជាជន ទាំងនាំពួកចាស់ទុំអ៊ីស្រាអែលទៅជាមួយ ហើយយកដំបងដែលអ្នកបានវាយទឹកទន្លេនីលនោះ ជាប់នៅដៃទៅជាមួយផង។ មើល៍ យើងនឹងឈរទីនោះនៅមុខអ្នក នៅលើថ្មដាហូរែប អ្នកត្រូវវាយថ្មនោះ ហើយទឹកនឹងហូរចេញមកឲ្យប្រជាជនផឹក»។ លោកម៉ូសេក៏ធ្វើដូច្នោះ នៅមុខពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល។
និក្ខមនំ 17:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សហគមន៍អ៊ីស្រាអែលទាំងមូលចាកចេញពីវាលរហោស្ថានស៊ីន តាមបង្គាប់ព្រះអម្ចាស់។ ពួកគេនាំគ្នាបោះជំរំនៅរេផិឌីម ប៉ុន្តែ នៅទីនោះ គ្មានទឹកសម្រាប់ប្រជាជនបរិភោគទេ។ ដូច្នេះ ពួកគេរករឿងឈ្លោះនឹងលោកម៉ូសេ ទាំងពោលថា៖ «សូមរកទឹកឲ្យពួកយើងផឹកផង!»។ លោកម៉ូសេឆ្លើយថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារករឿងឈ្លោះនឹងខ្ញុំ? ហើយហេតុអ្វីបានជាអ្នករាល់គ្នាល្បងលព្រះអម្ចាស់ដូច្នេះ?»។ នៅទីនោះ ដោយប្រជាជនស្រេកទឹកខ្លាំងពេក ពួកគេនាំគ្នារអ៊ូរទាំដាក់លោកម៉ូសេ ទាំងពោលថា៖ «ហេតុអ្វីបានជាលោកនាំពួកយើងចេញពីស្រុកអេស៊ីប ឲ្យពួកយើង ព្រមទាំងកូនចៅ និងហ្វូងសត្វរបស់ពួកយើង ស្លាប់ដោយអត់ទឹកដូច្នេះ?»។ លោកម៉ូសេស្រែកអង្វរព្រះអម្ចាស់ថា៖ «តើទូលបង្គំត្រូវធ្វើដូចម្ដេចចំពោះប្រជាជននេះ? បន្តិចទៀត ពួកគេនឹងយកដុំថ្មគប់សម្លាប់ទូលបង្គំជាពុំខាន»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេវិញថា៖ «ចូរដើរទៅខាងមុខប្រជាជន ដោយនាំពួកព្រឹទ្ធាចារ្យរបស់ជនជាតិអ៊ីស្រាអែលទៅជាមួយ ហើយកាន់ដំបង ដែលអ្នកវាយទឹកទន្លេនីល ទៅជាមួយផង។ នៅទីនោះ យើងនឹងឈរពីមុខអ្នក លើផ្ទាំងថ្មមួយនៅភ្នំហោរ៉ែប។ ចូរវាយផ្ទាំងថ្មនោះ ទឹកនឹងហូរចេញមកសម្រាប់ប្រជាជនបរិភោគ»។ លោកម៉ូសេក៏ធ្វើតាម នៅចំពោះមុខព្រឹទ្ធាចារ្យរបស់ជនជាតិអ៊ីស្រាអែល។
និក្ខមនំ 17:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯពួកជំនុំកូនចៅអ៊ីស្រាអែលទាំងអស់ក៏ចេញពីទីរហោស្ថានស៊ីន ធ្វើដំណើរទៅតាមបង្គាប់ព្រះយេហូវ៉ា ក៏ដំឡើងត្រសាលនៅត្រង់រេផិឌីម នៅទីនោះគ្មានទឹកឲ្យគេផឹកសោះ បានជាគេរករឿងឈ្លោះនឹងម៉ូសេ ដោយពាក្យថា ចូរឲ្យទឹកមកយើងរាល់គ្នាផឹកផង ម៉ូសេឆ្លើយតបថា ហេតុអ្វីបានជាអ្នករាល់គ្នារករឿងនឹងខ្ញុំ អ្នករាល់គ្នាចង់ល្បងលព្រះយេហូវ៉ាធ្វើអី នៅទីនោះបណ្តាជនក៏ស្រេកទឹកជាខ្លាំង ហើយគេត្អូញត្អែរដាក់ម៉ូសេថា ហេតុអ្វីបានជាលោកនាំពួកយើងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមក ដើម្បីសំឡាប់យើង ព្រមទាំងកូនចៅ នឹងហ្វូងសត្វយើងផង ដោយស្រេកទឹកដូច្នេះ នោះម៉ូសេក៏ស្រែកអំពាវនាវដល់ព្រះយេហូវ៉ាថា តើឲ្យទូលបង្គំធ្វើដូចម្តេចនឹងពួកនេះ គេចង់ចោលទូលបង្គំនឹងថ្មហើយ ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា ចូរឯងដើរទៅខាងមុនគេ ទាំងនាំពួកចាស់ទុំសាសន៍អ៊ីស្រាអែលទៅជាមួយ ហើយយកដំបងដែលឯងបានវាយទឹកទន្លេនោះ ជាប់នៅដៃផង មើល អញនឹងឈរនៅមុខឯងនៅលើថ្មដាហូរែប ត្រូវឲ្យឯងវាយថ្មនោះ រួចនឹងមានទឹកចេញមកឲ្យគេផឹកហើយ នោះម៉ូសេក៏ធ្វើដូច្នោះ នៅមុខពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល