និក្ខមនំ 17
17
ជនជាតិអ៊ីស្រាអែលខ្វះទឹក
1សហគមន៍អ៊ីស្រាអែលទាំងមូលចាកចេញពីវាលរហោស្ថានស៊ីន តាមបង្គាប់ព្រះអម្ចាស់។ ពួកគេនាំគ្នាបោះជំរំនៅរេផិឌីម ប៉ុន្តែ នៅទីនោះ គ្មានទឹកសម្រាប់ប្រជាជនបរិភោគទេ។ 2ដូច្នេះ ពួកគេរករឿងឈ្លោះនឹងលោកម៉ូសេ ទាំងពោលថា៖ «សូមរកទឹកឲ្យពួកយើងផឹកផង!»។ លោកម៉ូសេឆ្លើយថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារករឿងឈ្លោះនឹងខ្ញុំ? ហើយហេតុអ្វីបានជាអ្នករាល់គ្នាល្បងលព្រះអម្ចាស់ដូច្នេះ?»។ 3នៅទីនោះ ដោយប្រជាជនស្រេកទឹកខ្លាំងពេក ពួកគេនាំគ្នារអ៊ូរទាំដាក់លោកម៉ូសេ ទាំងពោលថា៖ «ហេតុអ្វីបានជាលោកនាំពួកយើងចេញពីស្រុកអេស៊ីប ឲ្យពួកយើង ព្រមទាំងកូនចៅ និងហ្វូងសត្វរបស់ពួកយើង ស្លាប់ដោយអត់ទឹកដូច្នេះ?»។ 4លោកម៉ូសេស្រែកអង្វរព្រះអម្ចាស់ថា៖ «តើទូលបង្គំត្រូវធ្វើដូចម្ដេចចំពោះប្រជាជននេះ? បន្តិចទៀត ពួកគេនឹងយកដុំថ្មគប់សម្លាប់ទូលបង្គំជាពុំខាន»។ 5ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេវិញថា៖ «ចូរដើរទៅខាងមុខប្រជាជន ដោយនាំពួកព្រឹទ្ធាចារ្យរបស់ជនជាតិអ៊ីស្រាអែលទៅជាមួយ ហើយកាន់ដំបង ដែលអ្នកវាយទឹកទន្លេនីល ទៅជាមួយផង។ 6នៅទីនោះ យើងនឹងឈរពីមុខអ្នក លើផ្ទាំងថ្មមួយនៅភ្នំហោរ៉ែប។ ចូរវាយផ្ទាំងថ្មនោះ ទឹកនឹងហូរចេញមកសម្រាប់ប្រជាជនបរិភោគ»។ លោកម៉ូសេក៏ធ្វើតាម នៅចំពោះមុខព្រឹទ្ធាចារ្យរបស់ជនជាតិអ៊ីស្រាអែល។
7លោកដាក់ឈ្មោះកន្លែងនោះថា ម៉ាសា និងមេរីបា#១៧.៧ ពាក្យហេប្រឺ «ម៉ាសា» មានន័យថា ល្បងល ហើយ «មេរីបា» មានន័យថា «ជម្លោះ»។ ដ្បិតជនជាតិអ៊ីស្រាអែលរករឿងឈ្លោះនឹងលោកម៉ូសេ ព្រមទាំងល្បងលព្រះអម្ចាស់ ដោយពោលថា «តើព្រះអម្ចាស់គង់ក្នុងចំណោមពួកយើងមែន ឬមិនមែន?»។
ជនជាតិអាម៉ាឡេកប្រយុទ្ធជាមួយជនជាតិអ៊ីស្រាអែល
8ជនជាតិអាម៉ាឡេក#១៧.៨ ជនជាតិអាម៉ាឡេក ជាពូជពង្សរបស់លោកអេដុម (លប. ៣៦.១២, ១៦) ពួកគេរស់នៅតំបន់ខាងត្បូងទឹកដីប៉ាឡេស្ទីន ហើយត្រាច់ចរក្នុងវាលរហោស្ថានស៊ីណៃ។នាំគ្នាមកវាយជនជាតិអ៊ីស្រាអែលនៅរេផិឌីម។ 9លោកម៉ូសេពោលទៅកាន់លោកយ៉ូស្វេថា៖ «ចូរជ្រើសរើសមនុស្សមួយចំនួន ហើយចេញទៅច្បាំងជាមួយជនជាតិអាម៉ាឡេកចុះ។ ស្អែក ខ្ញុំនឹងឡើងទៅឈរលើកំពូលភ្នំ ទាំងកាន់ដំបងរបស់ព្រះជាម្ចាស់»។ 10លោកយ៉ូស្វេក៏ចេញទៅប្រយុទ្ធជាមួយជនជាតិអាម៉ាឡេក តាមបង្គាប់របស់លោកម៉ូសេ។ ចំណែកលោកម៉ូសេ លោកអើរ៉ុន និងលោកហ៊ើរ ក៏នាំគ្នាឡើងទៅលើកំពូលភ្នំ។ 11កាលណាលោកម៉ូសេលើកដៃឡើងលើ ជនជាតិអ៊ីស្រាអែលមានប្រៀបជាង ប៉ុន្តែ កាលណាលោកទម្លាក់ដៃចុះ ជនជាតិអាម៉ាឡេកមានប្រៀបជាង។ 12ដោយដៃរបស់លោកម៉ូសេចុកស្រពន់ ពួកគេក៏យកថ្មមកជូនលោកអង្គុយ។ លោកអើរ៉ុន និងលោកហ៊ើរ ទ្រដៃលោកម្ខាងម្នាក់ ជាហេតុធ្វើឲ្យលោកម៉ូសេអាចលើកដៃបាន រហូតដល់ថ្ងៃលិច។ 13ដូច្នេះ លោកយ៉ូស្វេមានជ័យជម្នះលើកងទ័ពអាម៉ាឡេក ហើយប្រហារពួកគេដោយមុខដាវ។
14 #
ទក. ២៥.១៧-១៩; ១សយ. ១៥.២-៩ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរកត់ត្រាព្រឹត្តិការណ៍នេះក្នុងក្រាំងមួយ ដើម្បីចងចាំទុក។ ចូរប្រាប់យ៉ូស្វេថា យើងនឹងលុបបំបាត់ជនជាតិអាម៉ាឡេកឲ្យអស់ពីផែនដី ឥតឲ្យនរណានឹកចាំពីពួកគេទៀតឡើយ»។
15ពេលនោះ លោកម៉ូសេសង់អាសនៈមួយ រួចដាក់ឈ្មោះថា «ព្រះអម្ចាស់ជាទង់ជ័យរបស់ខ្ញុំ»។ 16លោកប្រកាសថា៖ «ដោយជនជាតិអាម៉ាឡេកហ៊ានលើកដៃប្រឆាំងនឹងបល្ល័ង្ករបស់ព្រះអម្ចាស់ នោះព្រះអង្គនឹងប្រយុទ្ធជាមួយពួកគេ អស់កល្បជាអង្វែងតរៀងទៅ»។
ទើបបានជ្រើសរើសហើយ៖
និក្ខមនំ 17: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.