និក្ខមនំ 16:9-16

និក្ខមនំ 16:9-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​ម៉ូសេ​ប្រាប់​លោក​អើរ៉ុន​ថា៖ «សូម​បង្គាប់​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​ថា "ចូរ​អ្នក​រាល់​គ្នា​ចូល​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​បាន​ឮ​ពាក្យ​រអ៊ូ‌រទាំ​របស់​អ្នក​រាល់​គ្នា​ហើយ"»។ កាល​លោក​អើរ៉ុន​កំពុង​មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​មូល នោះ​គេ​ងាក​បែរ​ឆ្ពោះ​ទៅ​ទី​រហោ‌ស្ថាន ឃើញ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​លេច​មក​ក្នុង​ពពក។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​បាន​ឮ​ពាក្យ​រអ៊ូ‌រទាំ​របស់​កូន​ចៅ​អ៊ីស្រា‌អែល​ហើយ ដូច្នេះ ចូរ​ប្រាប់​គេ​ថា "នៅ​ពេល​ព្រលប់ អ្នក​រាល់​គ្នា​នឹង​បាន​បរិ‌ភោគ​សាច់ ហើយ​នៅ​ពេល​ព្រឹក នឹង​បាន​ចម្អែត​ដោយ​នំបុ័ង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា យើង​ជា​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា"»។ នៅ​ពេល​ល្ងាច មាន​សត្វ​ក្រួច​ហើរ​មក​គ្រប​នៅ​លើ​ជំរំ ហើយ​ព្រឹក​ឡើង មាន​ទឹក​សន្សើម​នៅ​ជុំ‌វិញ​ជំរំ។ កាល​ទឹក​សន្សើម​ស្ងួត​ហើយ នោះ​ឃើញ​មាន​គ្រាប់​ល្អិតៗ​ពាញ​ពេញ​ទី​រហោ‌ស្ថាន ដែល​មើល​ទៅ​បែប​ដូច​ទឹក​សន្សើម​កក ឡើង​ស‌ស្គុស​នៅ​លើ​ដី។ កាល​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ឃើញ គេ​សួរ​គ្នា​ថា៖ «តើ​នេះ​ជា​អ្វី ?» ដ្បិត​គេ​មិន​ស្គាល់​ជា​អ្វី​ទេ។ លោក​ម៉ូសេ​ប្រាប់​គេ​ថា៖ «នេះ​ជា​នំបុ័ង​ដែល​ព្រះ‌យេហូវ៉ា​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បរិ‌ភោគ។ នេះ​ហើយ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក គឺ​ឲ្យ​ម្នាក់​ៗ​រើស​យក​ល្មម​តែ​បរិ‌ភោគ​ឆ្អែត​ចុះ គឺ​មួយ​ខ្ញឹង​ម្នាក់ តាម​ចំនួន​មនុស្ស គ្រប់​គ្នា​ត្រូវ​យក​ឲ្យ​ល្មម​សម្រាប់​តែ​អ្នក​ដែល​នៅ​ក្នុង​ត្រសាល​របស់​ខ្លួន»។

ចែក​រំលែក
អាន និក្ខមនំ 16

និក្ខមនំ 16:9-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ម៉ូសេ​ប្រាប់​លោក​អើរ៉ុន​ថា៖ «សូម​បង្គាប់​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ឲ្យ​ចូល​មក​គាល់​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​ពាក្យ​រអ៊ូ‌រទាំ​របស់​ពួក​គេ​ហើយ»។ នៅ​ពេល​លោក​អើរ៉ុន​កំពុង​តែ​មាន​ប្រសាសន៍​ទៅ​កាន់​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ពួក​គេ​នាំ​គ្នា​បែរ​មើល​ទៅ​វាល​រហោ‌ស្ថាន ឃើញ​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​លេច​មក​នៅ​ក្នុង​ពពក។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​បាន​ឮ​ពាក្យ​រអ៊ូ‌រទាំ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ហើយ ចូរ​ប្រាប់​ពួក​គេ​ដូច​ត​ទៅ: នៅ​ពេល​ព្រលប់ អ្នក​រាល់​គ្នា​នឹង​បរិភោគ​សាច់ ហើយ​នៅ​ពេល​ព្រឹក​អ្នក​រាល់​គ្នា​នឹង​មាន​នំប៉័ង​បរិភោគ​យ៉ាង​បរិបូណ៌។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។ ពេល​ល្ងាច មាន​សត្វ​ក្រួច​ហើរ​មក​ពាស‌ពេញ​ជំរំ ហើយ​ព្រលឹម​ឡើង មាន​សន្សើម​ធ្លាក់​ជុំ‌វិញ​ជំរំ​ផង។ នៅ​ពេល​សន្សើម​ស្ងួត មាន​គ្រាប់​ល្អិតៗ​ដូច​ព្រឹល នៅ​ពាស‌ពេញ​វាល​រហោ‌ស្ថាន។ ឃើញ​ដូច្នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា «នេះ​ជា​អ្វី?» ដ្បិត​ពួក​គេ​មិន​ដឹង​ថា​ជា​អ្វី​ទេ។ លោក​ម៉ូសេ​ប្រាប់​ពួក​គេ​ថា៖ «នេះ​ជា​អាហារ​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បរិភោគ។ ព្រះ‌អម្ចាស់​បាន​បង្គាប់​ថា: ចូរ​នាំ​គ្នា​រើស​អាហារ​នេះ ល្មម​ដែល​អ្នក​រាល់​គ្នា​អាច​បរិភោគ​ឆ្អែត។ ត្រូវ​រើស​តាម​ចំនួន​មនុស្ស​ដែល​ស្ថិត​នៅ​ក្នុង​គ្រួសារ​របស់​ខ្លួន គឺ​មួយ​កូន​ល្អី​សម្រាប់​ម្នាក់»។

ចែក​រំលែក
អាន និក្ខមនំ 16

និក្ខមនំ 16:9-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​ម៉ូសេ លោក​ប្រាប់​អើរ៉ុន​ឲ្យ​បង្គាប់​ដល់​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ថា ចូរ​អ្នក​រាល់​គ្នា​ចូល​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​បាន​ឮ​សេចក្ដី​ដំអូញ​របស់​អ្នក​រាល់​គ្នា​ហើយ កាល​អើរ៉ុន​កំពុង​និយាយ​នឹង​ពួក​ជំនុំ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់ នោះ​គេ​ងាក​បែរ​ទៅ​ឯ​ទី​រហោ‌ស្ថាន ឃើញ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​លេច​មក​ក្នុង​ពពក ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ទៅ​ម៉ូសេ​ថា អញ​បាន​ឮ​សេចក្ដី​ត្អូញ‌ត្អែរ របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ហើយ ដូច្នេះ​ចូរ​ប្រាប់​គេ​ថា នៅ​ល្ងាច​នេះ ឯង​រាល់​គ្នា​នឹង​បាន​បរិភោគ​សាច់ លុះ​ដល់​ព្រឹក​ឡើង នោះ​នឹង​ចំអែត​ដោយ​នំបុ័ង ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​ដឹង​ថា អញ​នេះ​ជា​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា​ពិត។ លុះ​ដល់​វេលា​ល្ងាច នោះ​ក៏​មាន​សត្វ​ក្រួច​ហើរ​មក​គ្រប​នៅ​លើ​ទី​ដំឡើង​ត្រសាល ហើយ​ដល់​ព្រឹក​ឡើង ក៏​មាន​ទឹក​សន្សើម​នៅ​ជុំវិញ កាល​ទឹក​សន្សើម​ស្ងួត​ទៅ​ហើយ នោះ​ឃើញ​នៅ​ពេញ​ទាំង​ទី​រហោ‌ស្ថាន សឹង​ដ៏​មាន​គ្រាប់​ល្អិតៗ ដែល​មើល​ទៅ​បែប​ដូច​ទឹក​សន្សើម​កក ឡើង​ស‌ស្គុស​នៅ​លើ​ដី កាល​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ឃើញ នោះ​គេ​និយាយ​គ្នា​ថា នេះ​ជា​អ្វី​ហ្ន ដ្បិត​គេ​មិន​ស្គាល់​ជា​អ្វី​ទេ រួច​ម៉ូសេ​ប្រាប់​ថា នេះ​គឺ​ជា​នំបុ័ង​ដែល​ព្រះ‌យេហូវ៉ា ទ្រង់​ប្រទាន​មក​អ្នក​រាល់​គ្នា ទុក​ជា​អាហារ​ហើយ នេះ​ហើយ ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក គឺ​ឲ្យ​អ្នក​រាល់​គ្នា​រើស​យក​ល្មម​តែ​នឹង​បរិភោគ​ឆ្អែត​គ្រប់​គ្នា​ចុះ គឺ​ជា​១​ខ្ញឹង​ម្នាក់ តាម​ចំនួន​ពួក​អ្នក​រាល់​គ្នា គ្រប់​គ្នា​ត្រូវ​យក​ឲ្យ​ល្មម​ដល់​ពួក​អ្នក​ដែល​នៅ​ត្រសាល​របស់​ខ្លួន

ចែក​រំលែក
អាន និក្ខមនំ 16