និក្ខមនំ 16:22-36
និក្ខមនំ 16:22-36 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅថ្ងៃទីប្រាំមួយ គេក៏រើសនំប៉័ងចំនួនពីរភាគ គឺម្នាក់ៗពីរខ្ញឹង ហើយកាលពួកមេដឹកនាំទាំងអស់របស់ក្រុមជំនុំមកប្តឹងលោកម៉ូសេ លោកប្រាប់គេថា៖ «នេះជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់ ដ្បិតថ្ងៃស្អែកជាថ្ងៃសប្ប័ទ ជាថ្ងៃឈប់សម្រាកបរិសុទ្ធថ្វាយព្រះយេហូវ៉ា អ្វីដែលត្រូវដុត នោះដុតទៅ ហើយអ្វីដែលត្រូវស្ងោរ នោះស្ងោរទៅ ឯអាហារដែលនៅសល់ ត្រូវទុកមួយឡែកសម្រាប់ព្រឹកស្អែក»។ គេក៏ទុករហូតដល់ព្រឹកស្អែក តាមបង្គាប់លោកម៉ូសេ តែនំនោះមិនមានធុំក្លិនស្អុយអ្វីទេ ដង្កូវក៏មិនបានចោះដែរ។ លោកម៉ូសេមានប្រសាសន៍ថា៖ «ត្រូវបរិភោគសំណល់នោះនៅថ្ងៃនេះ ដ្បិតជាថ្ងៃសប្ប័ទថ្វាយព្រះយេហូវ៉ា ថ្ងៃនេះអ្នករាល់គ្នានឹងមិនឃើញមាននៅឯវាលទេ។ អ្នករាល់គ្នាត្រូវរើសនំនេះបានតែក្នុងរវាងប្រាំមួយថ្ងៃ តែនៅថ្ងៃទីប្រាំពីរ ដែលជាថ្ងៃសប្ប័ទ នោះនឹងគ្មានទេ»។ នៅថ្ងៃទីប្រាំពីរ មានប្រជាជនខ្លះចេញទៅរើសដែរ តែគេរកមិនបានសោះ។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «តើអ្នករាល់គ្នានៅតែមិនព្រមធ្វើតាមបទបញ្ជា និងច្បាប់របស់យើងដល់កាលណាទៀត? មើល៍! ព្រះយេហូវ៉ាបានប្រទានឲ្យមានថ្ងៃសប្ប័ទ ដូច្នេះហើយបានជានៅថ្ងៃទីប្រាំមួយ ព្រះអង្គប្រទាននំប៉័ងសម្រាប់ពីរថ្ងៃ។ នៅថ្ងៃទីប្រាំពីរ ចូរអ្នករាល់គ្នានៅតែក្នុងកន្លែងរបស់ខ្លួនចុះ មិនត្រូវចេញទៅក្រៅឡើយ»។ ដូច្នេះ ប្រជាជនក៏ឈប់សម្រាកនៅថ្ងៃទីប្រាំពីរ។ ពួកវង្សអ៊ីស្រាអែលក៏ហៅនំនោះថា "ម៉ាណា" នំនោះមើលទៅមានសណ្ឋានដូចជាគ្រាប់ល្ង មានពណ៌ស ហើយមានរសជាតិដូចនំដែលធ្វើពីទឹកឃ្មុំ។ លោកម៉ូសេមានប្រសាសន៍ថា៖ «នេះជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មក ត្រូវឲ្យយកនំនេះដាក់ពេញមួយខ្ញឹង ទុកសម្រាប់កូនចៅអ្នករាល់គ្នាតទៅមុខ ដើម្បីឲ្យគេបានឃើញនំដែលយើងបានឲ្យអ្នករាល់គ្នាបរិភោគនៅទីរហោស្ថាន នៅពេលយើងនាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទ»។ លោកម៉ូសេប្រាប់លោកអើរ៉ុនថា៖ «ចូរយកផើងមួយមកដាក់នំម៉ាណាមួយខ្ញឹង រួចយកទៅដាក់នៅចំពោះព្រះយេហូវ៉ាទៅ ដើម្បីរក្សាទុកសម្រាប់កូនចៅជំនាន់ក្រោយ»។ ដូច្នេះ លោកអើរ៉ុនក៏យកនំម៉ាណាទៅដាក់នៅមុខហិបនៃសេចក្ដីសញ្ញា ដើម្បីរក្សាទុក ដូចព្រះយេហូវ៉ាបានបង្គាប់លោកម៉ូសេ។ កូនចៅអ៊ីស្រាអែលបានបរិភោគនំម៉ាណាសែសិបឆ្នាំ រហូតទាល់តែបានទៅដល់ស្រុកមួយដែលមានមនុស្សរស់នៅ គឺបានបរិភោគនំម៉ាណារហូតទាល់តែគេបានទៅដល់ព្រំដែនស្រុកកាណាន។ ឯខ្ញឹងនោះ គឺមួយថាំងមានដប់ខ្ញឹង។
និក្ខមនំ 16:22-36 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅថ្ងៃទីប្រាំមួយ ពួកគេរើសអាហារពីរដងច្រើនជាង គឺពីរកូនល្អីក្នុងម្នាក់ៗ។ មេដឹកនាំទាំងអស់របស់សហគមន៍មករាយការណ៍ជម្រាបលោកម៉ូសេ។ លោកប្រាប់ពួកគេវិញថា៖ «ព្រះអម្ចាស់បានបញ្ជាមកដូច្នេះមែន។ ស្អែកជាថ្ងៃសប្ប័ទ* ជាថ្ងៃដ៏វិសុទ្ធ*ដែលត្រូវញែកថ្វាយព្រះអម្ចាស់ ចូរចម្អិនអ្វីដែលអ្នករាល់គ្នាត្រូវចម្អិន ចូរស្ងោរអ្វីដែលអ្នករាល់គ្នាត្រូវស្ងោរ ហើយទុកអាហារដែលលើសរហូតព្រឹកស្អែក»។ ដូច្នេះ ពួកគេទុកអាហាររហូតដល់ព្រឹកស្អែក តាមបង្គាប់របស់លោកម៉ូសេ។ អាហារទាំងនោះពុំមានស្អុយរលួយ ឬមានដង្កូវចោះឡើយ។ លោកម៉ូសេមានប្រសាសន៍ថា៖ «ថ្ងៃនេះ ចូរបរិភោគអាហារទាំងនេះចុះ ដ្បិតថ្ងៃនេះជាថ្ងៃសប្ប័ទ សម្រាប់គោរពព្រះអម្ចាស់។ ថ្ងៃនេះ អ្នករាល់គ្នានឹងពុំឃើញមានអ្វីនៅខាងក្រៅទេ។ អ្នករាល់គ្នាអាចរើសអាហារនេះក្នុងរយៈពេលប្រាំមួយថ្ងៃ ប៉ុន្តែ នៅថ្ងៃទីប្រាំពីរ ដែលជាថ្ងៃសប្ប័ទនឹងគ្មានអ្វីរើសទេ»។ ទោះជាយ៉ាងនេះក្ដី នៅថ្ងៃទីប្រាំពីរ ក៏មានប្រជាជនខ្លះចេញពីជំរំ ដើម្បីទៅរើសអាហារ តែពួកគេរកពុំបានសោះ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «តើអ្នករាល់គ្នានៅតែពុំព្រមស្ដាប់បទបញ្ជា និងវិន័យ*របស់យើងដល់កាលណាទៀត? ត្រូវចងចាំថា យើងជាព្រះអម្ចាស់ បានប្រគល់ថ្ងៃសប្ប័ទឲ្យអ្នករាល់គ្នា ហេតុនេះហើយបានជានៅថ្ងៃទីប្រាំមួយ យើងឲ្យអ្នករាល់គ្នាមានអាហារមួយជាពីរ។ នៅថ្ងៃទីប្រាំពីរម្នាក់ៗនៅក្នុងជំរំរបស់ខ្លួន គឺមិនត្រូវចេញទៅក្រៅឡើយ»។ ហេតុនេះ ប្រជាជននាំគ្នាឈប់សម្រាក នៅថ្ងៃទីប្រាំពីរ។ កូនចៅអ៊ីស្រាអែលហៅអាហារនោះថា “នំម៉ាណា”។ នំម៉ាណាមានរាងដូចជាគ្រាប់ល្ង មានពណ៌ស ព្រមទាំងមានរសជាតិដូចនំធ្វើពីទឹកឃ្មុំ។ លោកម៉ូសេមានប្រសាសន៍ថា៖ «ព្រះអម្ចាស់បង្គាប់ដូចតទៅ: ចូរដាក់នំម៉ាណាក្នុងភាជន៍មួយឲ្យពេញ ហើយរក្សាទុក សម្រាប់ឲ្យកូនចៅអ៊ីស្រាអែលនៅជំនាន់ក្រោយ ឃើញអាហារដែលយើងឲ្យអ្នករាល់គ្នាបរិភោគ ក្នុងវាលរហោស្ថាន នៅពេលយើងនាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប»។ លោកម៉ូសេប្រាប់លោកអើរ៉ុនថា៖ «ចូរយកថូមួយមក ហើយដាក់នំម៉ាណាឲ្យពេញ រួចយកថូទៅតម្កល់នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដើម្បីរក្សាទុកសម្រាប់កូនចៅជំនាន់ក្រោយ»។ លោកអើរ៉ុនក៏តម្កល់ថូនៅមុខហិបនៃសម្ពន្ធមេត្រី ដើម្បីរក្សាទុក ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់លោកម៉ូសេ។ ជនជាតិអ៊ីស្រាអែលបរិភោគនំម៉ាណា អស់រយៈពេលសែសិបឆ្នាំ រហូតទាល់តែពួកគេបានទៅដល់ស្រុកដែលមានមនុស្សរស់នៅ គឺរហូតទៅដល់ព្រំដែនស្រុកកាណាន។ រីឯរង្វាល់សម្រាប់វាល់នំម៉ាណានោះ គឺអូម៊ែរ* ស្មើមួយភាគដប់នៃអេផា*។
និក្ខមនំ 16:22-36 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះដល់ថ្ងៃទី៦ គេក៏រើសនំនោះបានចំនួន២ភាគ គឺ២ខ្ញឹងគ្រប់គ្នា រួចអស់ទាំងមេលើពួកជំនុំក៏មកប្តឹងដល់ម៉ូសេ តែលោកឆ្លើយថា នោះគឺជាសេចក្ដីដែលព្រះយេហូវ៉ាទ្រង់បង្គាប់មកទេ ដ្បិតថ្ងៃស្អែកជាថ្ងៃសំរាក គឺជាថ្ងៃឈប់សំរាកបរិសុទ្ធថ្វាយព្រះយេហូវ៉ា អាហារណាដែលត្រូវដុត នោះឲ្យដុតចុះ ហើយអាហារណាដែលត្រូវស្ងោរ ក៏ឲ្យស្ងោរទៅ ឯអាហារដែលសល់ នោះត្រូវទុកដល់ព្រឹកឡើងសំរាប់អ្នករាល់គ្នា គេក៏ទុកដល់ព្រឹកតាមបង្គាប់ម៉ូសេ តែនំនោះឥតមានធុំក្លិនស្អុយអ្វីទេ ដង្កូវក៏មិនបានកើតដែរ រួចម៉ូសេប្រាប់ថា ត្រូវបរិភោគសំណល់នោះនៅថ្ងៃនេះ ដ្បិតជាថ្ងៃឈប់សំរាកថ្វាយព្រះយេហូវ៉ា ថ្ងៃនេះអ្នករាល់គ្នានឹងរកនៅឯវាលទៀតគ្មានទេ អ្នករាល់គ្នានឹងរើសនំនេះបានតែក្នុងរវាង៦ថ្ងៃ លុះដល់ថ្ងៃទី៧ នោះគ្មានទេ ព្រោះជាថ្ងៃឈប់សំរាក។ នៅថ្ងៃទី៧ ក៏មានអ្នកខ្លះចេញទៅរើសនំនោះដែរ តែរកគ្មានសោះ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា តើឯងរាល់គ្នាមិនព្រមធ្វើតាមបញ្ញត្ត ហើយនឹងច្បាប់អញដល់កាលណាទៀត មើល ដោយព្រោះព្រះយេហូវ៉ាបានប្រទានឲ្យមានថ្ងៃឈប់សំរាក នោះបានជាក្នុងថ្ងៃទី៦ ទ្រង់ក៏ប្រទាននំឲ្យល្មមគ្រាន់ដល់២ថ្ងៃ ដូច្នេះ ចូរឲ្យឯងរាល់គ្នានៅតែក្នុងកន្លែងឯងចុះ កុំឲ្យអ្នកណាចេញទៅក្រៅនៅថ្ងៃទី៧ឡើយ ហេតុនោះបណ្តាជនគ្រប់គ្នាក៏សំរាកនៅថ្ងៃទី៧នោះ ពួកវង្សអ៊ីស្រាអែលក៏ហៅនំនោះថា «ម៉ាន៉ា» នំនោះមើលទៅមានសណ្ឋានដូចជាគ្រាប់ល្ង សម្បុរស ហើយមានរសជាតិដូចនំដែលធ្វើពីទឹកឃ្មុំ។ ម៉ូសេក៏ប្រាប់ថា នេះជាសេចក្ដីដែលព្រះយេហូវ៉ាទ្រង់បង្គាប់មក គឺឲ្យយកនំនេះដាក់ពេញ១ខ្ញឹង ទុកសំរាប់កូនចៅឯងរាល់គ្នាតទៅមុខ ដើម្បីឲ្យគេបានឃើញនំដែលអញបានឲ្យឯងបរិភោគនៅទីរហោស្ថាន ក្នុងកាលដែលអញនាំឯងចេញពីស្រុកអេស៊ីព្ទមកផង នោះម៉ូសេក៏ប្រាប់ទៅអើរ៉ុនថា ចូរយកផើង១មកដាក់នំម៉ាន៉ា១ខ្ញឹង រួចយកទៅដាក់នៅចំពោះព្រះយេហូវ៉ាទៅ ដើម្បីទុកដរាបដល់អស់ទាំងដំណនៃអ្នករាល់គ្នាតទៅ នោះអើរ៉ុនក៏យកនំម៉ាន៉ាទៅដាក់ទុកនៅមុខសេចក្ដីបន្ទាល់ តាមព្រះបន្ទូលនៃព្រះយេហូវ៉ាដែលទ្រង់បង្គាប់ដល់ម៉ូសេ ពួកកូនចៅអ៊ីស្រាអែល បានបរិភោគនំម៉ាន៉ានោះអស់រវាង៤០ឆ្នាំ ទាល់តែបានទៅដល់ស្រុក១ដែលមានមនុស្សនៅ គឺបានបរិភោគនំម៉ាន៉ានោះ ដរាបទៅដល់ព្រំដែនស្រុកកាណាន ឯខ្ញឹងនោះ គឺ១ថាំងមាន១០ខ្ញឹង។