និក្ខមនំ 16:22-27
និក្ខមនំ 16:22-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅថ្ងៃទីប្រាំមួយ គេក៏រើសនំប៉័ងចំនួនពីរភាគ គឺម្នាក់ៗពីរខ្ញឹង ហើយកាលពួកមេដឹកនាំទាំងអស់របស់ក្រុមជំនុំមកប្តឹងលោកម៉ូសេ លោកប្រាប់គេថា៖ «នេះជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់ ដ្បិតថ្ងៃស្អែកជាថ្ងៃសប្ប័ទ ជាថ្ងៃឈប់សម្រាកបរិសុទ្ធថ្វាយព្រះយេហូវ៉ា អ្វីដែលត្រូវដុត នោះដុតទៅ ហើយអ្វីដែលត្រូវស្ងោរ នោះស្ងោរទៅ ឯអាហារដែលនៅសល់ ត្រូវទុកមួយឡែកសម្រាប់ព្រឹកស្អែក»។ គេក៏ទុករហូតដល់ព្រឹកស្អែក តាមបង្គាប់លោកម៉ូសេ តែនំនោះមិនមានធុំក្លិនស្អុយអ្វីទេ ដង្កូវក៏មិនបានចោះដែរ។ លោកម៉ូសេមានប្រសាសន៍ថា៖ «ត្រូវបរិភោគសំណល់នោះនៅថ្ងៃនេះ ដ្បិតជាថ្ងៃសប្ប័ទថ្វាយព្រះយេហូវ៉ា ថ្ងៃនេះអ្នករាល់គ្នានឹងមិនឃើញមាននៅឯវាលទេ។ អ្នករាល់គ្នាត្រូវរើសនំនេះបានតែក្នុងរវាងប្រាំមួយថ្ងៃ តែនៅថ្ងៃទីប្រាំពីរ ដែលជាថ្ងៃសប្ប័ទ នោះនឹងគ្មានទេ»។ នៅថ្ងៃទីប្រាំពីរ មានប្រជាជនខ្លះចេញទៅរើសដែរ តែគេរកមិនបានសោះ។
និក្ខមនំ 16:22-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅថ្ងៃទីប្រាំមួយ ពួកគេរើសអាហារពីរដងច្រើនជាង គឺពីរកូនល្អីក្នុងម្នាក់ៗ។ មេដឹកនាំទាំងអស់របស់សហគមន៍មករាយការណ៍ជម្រាបលោកម៉ូសេ។ លោកប្រាប់ពួកគេវិញថា៖ «ព្រះអម្ចាស់បានបញ្ជាមកដូច្នេះមែន។ ស្អែកជាថ្ងៃសប្ប័ទ* ជាថ្ងៃដ៏វិសុទ្ធ*ដែលត្រូវញែកថ្វាយព្រះអម្ចាស់ ចូរចម្អិនអ្វីដែលអ្នករាល់គ្នាត្រូវចម្អិន ចូរស្ងោរអ្វីដែលអ្នករាល់គ្នាត្រូវស្ងោរ ហើយទុកអាហារដែលលើសរហូតព្រឹកស្អែក»។ ដូច្នេះ ពួកគេទុកអាហាររហូតដល់ព្រឹកស្អែក តាមបង្គាប់របស់លោកម៉ូសេ។ អាហារទាំងនោះពុំមានស្អុយរលួយ ឬមានដង្កូវចោះឡើយ។ លោកម៉ូសេមានប្រសាសន៍ថា៖ «ថ្ងៃនេះ ចូរបរិភោគអាហារទាំងនេះចុះ ដ្បិតថ្ងៃនេះជាថ្ងៃសប្ប័ទ សម្រាប់គោរពព្រះអម្ចាស់។ ថ្ងៃនេះ អ្នករាល់គ្នានឹងពុំឃើញមានអ្វីនៅខាងក្រៅទេ។ អ្នករាល់គ្នាអាចរើសអាហារនេះក្នុងរយៈពេលប្រាំមួយថ្ងៃ ប៉ុន្តែ នៅថ្ងៃទីប្រាំពីរ ដែលជាថ្ងៃសប្ប័ទនឹងគ្មានអ្វីរើសទេ»។ ទោះជាយ៉ាងនេះក្ដី នៅថ្ងៃទីប្រាំពីរ ក៏មានប្រជាជនខ្លះចេញពីជំរំ ដើម្បីទៅរើសអាហារ តែពួកគេរកពុំបានសោះ។
និក្ខមនំ 16:22-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះដល់ថ្ងៃទី៦ គេក៏រើសនំនោះបានចំនួន២ភាគ គឺ២ខ្ញឹងគ្រប់គ្នា រួចអស់ទាំងមេលើពួកជំនុំក៏មកប្តឹងដល់ម៉ូសេ តែលោកឆ្លើយថា នោះគឺជាសេចក្ដីដែលព្រះយេហូវ៉ាទ្រង់បង្គាប់មកទេ ដ្បិតថ្ងៃស្អែកជាថ្ងៃសំរាក គឺជាថ្ងៃឈប់សំរាកបរិសុទ្ធថ្វាយព្រះយេហូវ៉ា អាហារណាដែលត្រូវដុត នោះឲ្យដុតចុះ ហើយអាហារណាដែលត្រូវស្ងោរ ក៏ឲ្យស្ងោរទៅ ឯអាហារដែលសល់ នោះត្រូវទុកដល់ព្រឹកឡើងសំរាប់អ្នករាល់គ្នា គេក៏ទុកដល់ព្រឹកតាមបង្គាប់ម៉ូសេ តែនំនោះឥតមានធុំក្លិនស្អុយអ្វីទេ ដង្កូវក៏មិនបានកើតដែរ រួចម៉ូសេប្រាប់ថា ត្រូវបរិភោគសំណល់នោះនៅថ្ងៃនេះ ដ្បិតជាថ្ងៃឈប់សំរាកថ្វាយព្រះយេហូវ៉ា ថ្ងៃនេះអ្នករាល់គ្នានឹងរកនៅឯវាលទៀតគ្មានទេ អ្នករាល់គ្នានឹងរើសនំនេះបានតែក្នុងរវាង៦ថ្ងៃ លុះដល់ថ្ងៃទី៧ នោះគ្មានទេ ព្រោះជាថ្ងៃឈប់សំរាក។ នៅថ្ងៃទី៧ ក៏មានអ្នកខ្លះចេញទៅរើសនំនោះដែរ តែរកគ្មានសោះ