និក្ខមនំ 16:13-18
និក្ខមនំ 16:13-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅពេលល្ងាច មានសត្វក្រួចហើរមកគ្របនៅលើជំរំ ហើយព្រឹកឡើង មានទឹកសន្សើមនៅជុំវិញជំរំ។ កាលទឹកសន្សើមស្ងួតហើយ នោះឃើញមានគ្រាប់ល្អិតៗពាញពេញទីរហោស្ថាន ដែលមើលទៅបែបដូចទឹកសន្សើមកក ឡើងសស្គុសនៅលើដី។ កាលកូនចៅអ៊ីស្រាអែលបានឃើញ គេសួរគ្នាថា៖ «តើនេះជាអ្វី ?» ដ្បិតគេមិនស្គាល់ជាអ្វីទេ។ លោកម៉ូសេប្រាប់គេថា៖ «នេះជានំបុ័ងដែលព្រះយេហូវ៉ាប្រទានឲ្យអ្នករាល់គ្នាបរិភោគ។ នេះហើយជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មក គឺឲ្យម្នាក់ៗរើសយកល្មមតែបរិភោគឆ្អែតចុះ គឺមួយខ្ញឹងម្នាក់ តាមចំនួនមនុស្ស គ្រប់គ្នាត្រូវយកឲ្យល្មមសម្រាប់តែអ្នកដែលនៅក្នុងត្រសាលរបស់ខ្លួន»។ កូនចៅអ៊ីស្រាអែលក៏ធ្វើដូច្នោះ អ្នកខ្លះរើសបានច្រើន អ្នកខ្លះបានតិច។ ប៉ុន្ដែ កាលគេយកខ្ញឹងមកវាល់ នោះអ្នកដែលរើសបានច្រើនក៏គ្មានអ្វីនៅសល់ ហើយអ្នកណារើសបានតិចក៏មិនខ្វះដែរ គឺម្នាក់ៗប្រមូលបានល្មមតែខ្លួនបរិភោគប៉ុណ្ណោះ។
និក្ខមនំ 16:13-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលល្ងាច មានសត្វក្រួចហើរមកពាសពេញជំរំ ហើយព្រលឹមឡើង មានសន្សើមធ្លាក់ជុំវិញជំរំផង។ នៅពេលសន្សើមស្ងួត មានគ្រាប់ល្អិតៗដូចព្រឹល នៅពាសពេញវាលរហោស្ថាន។ ឃើញដូច្នេះ ជនជាតិអ៊ីស្រាអែលសួរគ្នាទៅវិញទៅមកថា «នេះជាអ្វី?» ដ្បិតពួកគេមិនដឹងថាជាអ្វីទេ។ លោកម៉ូសេប្រាប់ពួកគេថា៖ «នេះជាអាហារដែលព្រះអម្ចាស់ប្រទានឲ្យអ្នករាល់គ្នាបរិភោគ។ ព្រះអម្ចាស់បានបង្គាប់ថា: ចូរនាំគ្នារើសអាហារនេះ ល្មមដែលអ្នករាល់គ្នាអាចបរិភោគឆ្អែត។ ត្រូវរើសតាមចំនួនមនុស្សដែលស្ថិតនៅក្នុងគ្រួសាររបស់ខ្លួន គឺមួយកូនល្អីសម្រាប់ម្នាក់»។ ជនជាតិអ៊ីស្រាអែលក៏ធ្វើតាម ពួកគេរើសអាហារ អ្នកខ្លះរើសបានច្រើន ហើយអ្នកខ្លះទៀតបានតិច។ បន្ទាប់មក ពួកគេយកអាហារនោះទៅវាល់ អស់អ្នកដែលរើសបានច្រើន ក៏មិនបានលើសគេ ហើយអស់អ្នកដែលរើសបានតិច ក៏មិនខ្វះដែរ គឺម្នាក់ៗទទួលអាហារល្មមដែលខ្លួនត្រូវការប៉ុណ្ណោះ។
និក្ខមនំ 16:13-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះដល់វេលាល្ងាច នោះក៏មានសត្វក្រួចហើរមកគ្របនៅលើទីដំឡើងត្រសាល ហើយដល់ព្រឹកឡើង ក៏មានទឹកសន្សើមនៅជុំវិញ កាលទឹកសន្សើមស្ងួតទៅហើយ នោះឃើញនៅពេញទាំងទីរហោស្ថាន សឹងដ៏មានគ្រាប់ល្អិតៗ ដែលមើលទៅបែបដូចទឹកសន្សើមកក ឡើងសស្គុសនៅលើដី កាលពួកកូនចៅអ៊ីស្រាអែលបានឃើញ នោះគេនិយាយគ្នាថា នេះជាអ្វីហ្ន ដ្បិតគេមិនស្គាល់ជាអ្វីទេ រួចម៉ូសេប្រាប់ថា នេះគឺជានំបុ័ងដែលព្រះយេហូវ៉ា ទ្រង់ប្រទានមកអ្នករាល់គ្នា ទុកជាអាហារហើយ នេះហើយ ជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មក គឺឲ្យអ្នករាល់គ្នារើសយកល្មមតែនឹងបរិភោគឆ្អែតគ្រប់គ្នាចុះ គឺជា១ខ្ញឹងម្នាក់ តាមចំនួនពួកអ្នករាល់គ្នា គ្រប់គ្នាត្រូវយកឲ្យល្មមដល់ពួកអ្នកដែលនៅត្រសាលរបស់ខ្លួន ពួកអ៊ីស្រាអែលក៏ធ្វើដូច្នោះ ខ្លះរើសបានច្រើនខ្លះបានតិច តែកាលគេយកខ្ញឹងមកវាល់ នោះអ្នកដែលរើសបានច្រើនក៏គ្មានលើសទេ ហើយអ្នកណាដែលរើសបានតិចក៏មិនខ្វះដែរ គ្រប់គ្នាមានល្មមតែបរិភោគឆ្អែតប៉ុណ្ណោះ