និក្ខមនំ 16:1-5
និក្ខមនំ 16:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គេធ្វើដំណើរចេញពីអេលីម ហើយក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងមូលបានមកដល់ទីរហោស្ថានស៊ីន ដែលនៅចន្លោះអេលីម និងភ្នំស៊ីណាយ នៅថ្ងៃដប់ប្រាំ ក្នុងខែទីពីរ ក្រោយពេលគេបានចាកចេញពីស្រុកអេស៊ីព្ទ។ ក្រុមជំនុំកូនចៅអ៊ីស្រាអែលទាំងមូលក៏រអ៊ូរទាំដាក់លោកម៉ូសេ និងលោកអើរ៉ុននៅទីរហោស្ថាននោះ កូនចៅអ៊ីស្រាអែលពោលទៅកាន់ពួកលោកថា៖ «ស៊ូឲ្យយើងស្លាប់ដោយព្រះហស្តនៃព្រះយេហូវ៉ានៅស្រុកអេស៊ីព្ទ កាលដែលយើងអង្គុយនៅជិតឆ្នាំងមានសាច់ ហើយទទួលទានអាហារឆ្អែតជាជាង ដ្បិតដែលលោកនាំពួកយើងមកក្នុងទីរហោស្ថាននេះ គឺដើម្បីសម្លាប់ក្រុមជំនុំនេះទាំងមូលដោយអត់ឃ្លានទេ»។ បន្ទាប់មក ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងបង្អុរភ្លៀងជានំបុ័ងពីលើមេឃមកឲ្យអ្នករាល់គ្នា ហើយរាល់ថ្ងៃ ប្រជាជនត្រូវចេញទៅរើសឲ្យល្មមសម្រាប់តែមួយថ្ងៃ ដើម្បីឲ្យយើងបានល្បងលគេមើល ប្រយោជន៍ឲ្យដឹងថា តើគេនឹងគោរពតាមច្បាប់របស់យើងឬទេ។ នៅថ្ងៃទីប្រាំមួយ ត្រូវឲ្យគេរើសលើសជាងធម្មតាមួយជាពីរ យកទៅរៀបចំទុក»។
និក្ខមនំ 16:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សហគមន៍អ៊ីស្រាអែលទាំងមូលចេញដំណើរពីអេលីម ទៅដល់វាលរហោស្ថានស៊ីន ដែលនៅចន្លោះអេលីម និងភ្នំស៊ីណៃ។ ពួកគេទៅដល់ទីនោះ នៅថ្ងៃទីដប់ប្រាំ ក្នុងខែទីពីរ ក្រោយពេលចាកចេញពីស្រុកអេស៊ីប។ នៅវាលរហោស្ថាននោះ សហគមន៍អ៊ីស្រាអែលទាំងមូលនាំគ្នារអ៊ូរទាំដាក់លោកម៉ូសេ និងលោកអើរ៉ុន។ ជនជាតិអ៊ីស្រាអែលពោលទៅកាន់លោកទាំងពីរថា៖ «កាលនៅស្រុកអេស៊ីប ពួកយើងធ្លាប់អង្គុយជុំវិញឆ្នាំងដែលមានសាច់ និងមានអាហារដ៏បរិបូណ៌! ប្រសិនបើព្រះអម្ចាស់ប្រហារពួកយើងនៅទីនោះ ប្រសើរជាងឲ្យលោកទាំងពីរនាំពួកយើងទាំងអស់គ្នាមកស្លាប់ដោយអត់ឃ្លាន ក្នុងវាលរហោស្ថាននេះ!»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងផ្ដល់អាហារពីលើមេឃមកឲ្យអ្នករាល់គ្នា ដូចបង្អុរភ្លៀង។ រៀងរាល់ថ្ងៃ ប្រជាជនទាំងអស់ត្រូវចេញទៅរើសអាហារ សម្រាប់បរិភោគក្នុងមួយថ្ងៃ។ ធ្វើបែបនេះ យើងនឹងល្បងលមើលចិត្តប្រជាជន ដើម្បីឲ្យដឹងថា គេគោរពក្រឹត្យវិន័យរបស់យើងឬទេ? នៅថ្ងៃទីប្រាំមួយ ពេលគេរៀបចំម្ហូបអាហារដែលគេរើសមកនោះ គេនឹងឃើញមានអាហារលើសថ្ងៃធម្មតា មួយជាពីរ»។
និក្ខមនំ 16:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចគេចេញពីអេលីមធ្វើដំណើរទៅ លុះដល់ថ្ងៃ១៥ខែទី២ តាំងពីចេញពីស្រុកអេស៊ីព្ទមក នោះពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នាក៏ទៅដល់ទីរហោស្ថានស៊ីន ជាទីដែលនៅជាកណ្តាលអេលីម ហើយនឹងស៊ីណាយ ហើយពួកជំនុំកូនចៅអ៊ីស្រាអែលទាំងអស់ក៏ត្អូញត្អែរនឹងម៉ូសេ ហើយនឹងអើរ៉ុននៅទីរហោស្ថាននោះ គេនិយាយនឹងលោកថា ស៊ូឲ្យយើងបានស្លាប់ដោយព្រះហស្តនៃព្រះយេហូវ៉ានៅស្រុកអេស៊ីព្ទ ក្នុងកាលដែលយើងអង្គុយនៅជិតឆ្នាំងសំឡ ហើយបានទទួលទានបាយឲ្យឆ្អែត នោះជាជាង ដ្បិតដែលអ្នកបាននាំយើងមកក្នុងទីរហោស្ថាននេះ នោះគឺដើម្បីតែសំឡាប់ពួកជំនុំនេះទាំងអស់ដោយអត់ឃ្លានទេ។ បន្ទាប់នោះមក ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា មើល អញនឹងបង្អុរភ្លៀងជានំបុ័ងពីលើមេឃមកឲ្យឯងរាល់គ្នា ត្រូវឲ្យបណ្តាជនចេញទៅរើសឲ្យល្មមតែ១ថ្ងៃរាល់ៗថ្ងៃ ដើម្បីឲ្យអញបានល្បងលគេមើល តើគេនឹងដើរតាមច្បាប់របស់អញឬទេ ដល់ថ្ងៃទី៦ នោះត្រូវឲ្យគេរើសលើសជាងធម្មតា១ជា២ យកទៅរៀបចំទុក។