និក្ខមនំ 16:1-30

និក្ខមនំ 16:1-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គេ​ធ្វើ​ដំណើរ​ចេញ​ពី​អេលីម ហើយ​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​មូល​បាន​មក​ដល់​ទី​រហោ‌ស្ថាន​ស៊ីន ដែល​នៅ​ចន្លោះ​អេលីម និង​ភ្នំ​ស៊ី‌ណាយ នៅ​ថ្ងៃ​ដប់ប្រាំ ក្នុង​ខែ​ទី​ពីរ ក្រោយ​ពេល​គេ​បាន​ចាក​ចេញ​ពី​ស្រុក​អេស៊ីព្ទ។ ក្រុម​ជំនុំ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​មូល​ក៏រអ៊ូ‌រទាំ​ដាក់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​នៅ​ទី​រហោ‌ស្ថាន​នោះ កូន​ចៅ​អ៊ីស្រា‌អែល​ពោល​ទៅ​កាន់​ពួក​លោក​ថា៖ «ស៊ូ​ឲ្យ​យើង​ស្លាប់​ដោយ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​នៅ​ស្រុក​អេស៊ីព្ទ កាល​ដែល​យើង​អង្គុយ​នៅ​ជិត​ឆ្នាំង​មាន​សាច់ ហើយ​ទទួល​ទាន​អាហារ​ឆ្អែត​ជា​ជាង ដ្បិត​ដែល​លោក​នាំ​ពួក​យើង​មក​ក្នុង​ទី​រហោ‌ស្ថាន​នេះ គឺ​ដើម្បី​សម្លាប់​ក្រុម​ជំនុំ​នេះ​ទាំង​មូល​ដោយ​អត់​ឃ្លាន​ទេ»។ បន្ទាប់​មក ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​នឹង​បង្អុរ​ភ្លៀង​ជា​នំបុ័ង​ពី​លើ​មេឃ​មក​ឲ្យ​អ្នក​រាល់​គ្នា ហើយ​រាល់​ថ្ងៃ ប្រជា‌ជន​ត្រូវ​ចេញ​ទៅ​រើស​ឲ្យ​ល្មម​សម្រាប់​តែ​មួយ​ថ្ងៃ ដើម្បី​ឲ្យ​យើង​បាន​ល្បង‌ល​គេ​មើល ប្រយោជន៍​ឲ្យ​ដឹង​ថា តើ​គេ​នឹង​គោរព​តាម​ច្បាប់​របស់​យើងឬ​ទេ។ នៅ​ថ្ងៃ​ទី​ប្រាំមួយ ត្រូវ​ឲ្យ​គេ​រើស​លើស​ជាង​ធម្មតា​មួយ​ជា​ពីរ យក​ទៅ​រៀបចំ​ទុក»។ លោក​ម៉ូសេ និង​លោក​អើរ៉ុន​ក៏​ប្រកាស​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​ថា៖ «ល្ងាច​នេះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា គឺ​ព្រះ‌យេហូវ៉ាទេ​ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ ហើយ​ព្រឹក​ឡើង អ្នក​រាល់​គ្នា​នឹង​ឃើញ​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា ព្រោះ​ព្រះ‌អង្គ​បាន​ឮ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​រអ៊ូ‌រទាំ​ដាក់​ព្រះ‌អង្គ។ ដ្បិត​តើ​យើង​ទាំង​ពីរ​ជា​អ្វី​ដែល​អ្នក​រាល់​គ្នា​រអ៊ូ‌រទាំ​ដាក់​យើង​ដូច្នេះ?» លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «ល្ងាច​នេះ ព្រះ‌យេហូវ៉ា​នឹង​ប្រទាន​សាច់​ឲ្យ​អ្នក​រាល់​គ្នា​បរិ‌ភោគ ហើយ​នៅ​ព្រឹក​ស្អែក ព្រះ‌អង្គ​នឹង​ប្រទាន​នំបុ័ង​មក​ចម្អែត​អ្នក​រាល់​គ្នា ដ្បិត​ព្រះ‌អង្គ​បាន​ឮ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​រអ៊ូ‌រទាំ​ដាក់​ព្រះ‌អង្គ​ហើយ។ តើ​យើង​ទាំង​ពីរ​ជា​អ្វី? អ្នក​រាល់​គ្នា​មិន​មែន​រអ៊ូ‌រទាំ​ដាក់​យើង​ទេ តែ​រអ៊ូ‌រទាំ​ដាក់​ព្រះ‌យេហូវ៉ា​វិញ»។ លោក​ម៉ូសេ​ប្រាប់​លោក​អើរ៉ុន​ថា៖ «សូម​បង្គាប់​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​ថា "ចូរ​អ្នក​រាល់​គ្នា​ចូល​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​បាន​ឮ​ពាក្យ​រអ៊ូ‌រទាំ​របស់​អ្នក​រាល់​គ្នា​ហើយ"»។ កាល​លោក​អើរ៉ុន​កំពុង​មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​មូល នោះ​គេ​ងាក​បែរ​ឆ្ពោះ​ទៅ​ទី​រហោ‌ស្ថាន ឃើញ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​លេច​មក​ក្នុង​ពពក។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​បាន​ឮ​ពាក្យ​រអ៊ូ‌រទាំ​របស់​កូន​ចៅ​អ៊ីស្រា‌អែល​ហើយ ដូច្នេះ ចូរ​ប្រាប់​គេ​ថា "នៅ​ពេល​ព្រលប់ អ្នក​រាល់​គ្នា​នឹង​បាន​បរិ‌ភោគ​សាច់ ហើយ​នៅ​ពេល​ព្រឹក នឹង​បាន​ចម្អែត​ដោយ​នំបុ័ង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា យើង​ជា​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា"»។ នៅ​ពេល​ល្ងាច មាន​សត្វ​ក្រួច​ហើរ​មក​គ្រប​នៅ​លើ​ជំរំ ហើយ​ព្រឹក​ឡើង មាន​ទឹក​សន្សើម​នៅ​ជុំ‌វិញ​ជំរំ។ កាល​ទឹក​សន្សើម​ស្ងួត​ហើយ នោះ​ឃើញ​មាន​គ្រាប់​ល្អិតៗ​ពាញ​ពេញ​ទី​រហោ‌ស្ថាន ដែល​មើល​ទៅ​បែប​ដូច​ទឹក​សន្សើម​កក ឡើង​ស‌ស្គុស​នៅ​លើ​ដី។ កាល​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ឃើញ គេ​សួរ​គ្នា​ថា៖ «តើ​នេះ​ជា​អ្វី ?» ដ្បិត​គេ​មិន​ស្គាល់​ជា​អ្វី​ទេ។ លោក​ម៉ូសេ​ប្រាប់​គេ​ថា៖ «នេះ​ជា​នំបុ័ង​ដែល​ព្រះ‌យេហូវ៉ា​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បរិ‌ភោគ។ នេះ​ហើយ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក គឺ​ឲ្យ​ម្នាក់​ៗ​រើស​យក​ល្មម​តែ​បរិ‌ភោគ​ឆ្អែត​ចុះ គឺ​មួយ​ខ្ញឹង​ម្នាក់ តាម​ចំនួន​មនុស្ស គ្រប់​គ្នា​ត្រូវ​យក​ឲ្យ​ល្មម​សម្រាប់​តែ​អ្នក​ដែល​នៅ​ក្នុង​ត្រសាល​របស់​ខ្លួន»។ កូនចៅ​អ៊ីស្រា‌អែល​ក៏​ធ្វើ​ដូច្នោះ អ្នក​ខ្លះ​រើស​បាន​ច្រើន អ្នក​ខ្លះ​បាន​តិច។ ប៉ុន្ដែ កាល​គេ​យក​ខ្ញឹង​មក​វាល់ នោះ​អ្នក​ដែល​រើស​បាន​ច្រើន​ក៏​គ្មាន​អ្វី​នៅ​សល់ ហើយ​អ្នក​ណា​រើស​បាន​តិច​ក៏​មិន​ខ្វះ​ដែរ គឺ​ម្នាក់ៗ​ប្រមូល​បាន​ល្មម​តែ​ខ្លួន​បរិ‌ភោគ​ប៉ុណ្ណោះ។ លោក​ម៉ូសេ​ប្រាប់​គេ​ថា៖ «មិន​ត្រូវ​ឲ្យ​អ្នក​ណា​ម្នាក់​ទុក​រហូត​ដល់​ព្រឹក​ឡើយ»។ ប៉ុន្ដែ គេ​មិន​ស្តាប់​លោក​ម៉ូសេ​ទេ គឺ​មាន​អ្នក​ខ្លះ​បាន​ទុក​នំ​នោះ​រហូត​ដល់​ព្រឹក ហើយ​ក៏​កើត​មាន​ដង្កូវ មាន​ក្លិន​ស្អុយ លោក​ម៉ូសេក៏​ខឹង​នឹង​គេ។ គេ​តែង‌តែ​រើស​រៀង​រាល់​ព្រឹក ឲ្យ​ល្មម​តែ​បរិ‌ភោគ​ប៉ុណ្ណោះ តែ​នៅ​ពេល​ថ្ងៃ​ក្តៅ​ឡើង នំ​នោះ​ក៏​រលាយ​អស់។ នៅ​ថ្ងៃ​ទី​ប្រាំមួយ គេ​ក៏​រើស​នំ​ប៉័ង​ចំនួន​ពីរ​ភាគ គឺ​ម្នាក់ៗ​ពីរ​ខ្ញឹង ហើយ​កាល​ពួក​មេ​ដឹក​នាំ​ទាំង​អស់​របស់​ក្រុម​ជំនុំ​មក​ប្តឹង​លោក​ម៉ូសេ លោក​ប្រាប់​គេ​ថា៖ «នេះ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ដ្បិត​ថ្ងៃ​ស្អែក​ជា​ថ្ងៃ​សប្ប័ទ ជា​ថ្ងៃ​ឈប់​សម្រាក​បរិសុទ្ធ​ថ្វាយ​ព្រះ‌យេហូវ៉ា អ្វី​ដែល​ត្រូវ​ដុត នោះ​ដុត​ទៅ ហើយ​អ្វី​ដែល​ត្រូវ​ស្ងោរ នោះ​ស្ងោរ​ទៅ ឯ​អាហារ​ដែល​នៅ​សល់ ត្រូវ​ទុក​មួយ​ឡែក​សម្រាប់​ព្រឹក​ស្អែក»។ គេ​ក៏​ទុក​រហូត​ដល់​ព្រឹក​ស្អែក តាម​បង្គាប់​លោក​ម៉ូសេ តែ​នំ​នោះ​មិន​មាន​ធុំ​ក្លិន​ស្អុយ​អ្វី​ទេ ដង្កូវ​ក៏​មិន​បាន​ចោះ​ដែរ។ លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «ត្រូវ​បរិ‌ភោគ​សំណល់​នោះ​នៅ​ថ្ងៃ​នេះ ដ្បិត​ជា​ថ្ងៃ​សប្ប័ទ​ថ្វាយ​ព្រះ‌យេហូវ៉ា ថ្ងៃ​នេះ​អ្នក​រាល់​គ្នា​នឹង​មិន​ឃើញ​មាន​នៅ​ឯ​វាល​ទេ។ អ្នក​រាល់​គ្នា​ត្រូវ​រើស​នំ​នេះ​បាន​តែ​ក្នុង​រវាង​ប្រាំមួយ​ថ្ងៃ តែ​នៅ​ថ្ងៃ​ទី​ប្រាំពីរ ដែល​ជា​ថ្ងៃ​សប្ប័ទ នោះ​នឹង​គ្មាន​ទេ»។ នៅ​ថ្ងៃ​ទី​ប្រាំពីរ មាន​ប្រជា‌ជន​ខ្លះ​ចេញ​ទៅ​រើស​ដែរ តែ​គេ​រក​មិន​បាន​សោះ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «តើ​អ្នក​រាល់​គ្នា​នៅ​តែ​មិន​ព្រម​ធ្វើ​តាម​បទ​បញ្ជា និង​ច្បាប់​របស់​យើង​ដល់​កាល​ណា​ទៀត? មើល៍! ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ​មាន​ថ្ងៃ​សប្ប័ទ ដូច្នេះ​ហើយ​បាន​ជា​នៅ​ថ្ងៃ​ទី​ប្រាំមួយ ព្រះ‌អង្គ​ប្រទាន​នំ​ប៉័ង​សម្រាប់​ពីរ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​ប្រាំពីរ ចូរ​អ្នក​រាល់​គ្នា​នៅ​តែ​ក្នុង​កន្លែង​របស់​ខ្លួន​ចុះ មិន​ត្រូវ​ចេញ​ទៅ​ក្រៅ​ឡើយ»។ ដូច្នេះ ប្រជា‌ជន​ក៏​ឈប់​សម្រាក​នៅ​ថ្ងៃ​ទី​ប្រាំពីរ។

ចែក​រំលែក
អាន និក្ខមនំ 16

និក្ខមនំ 16:1-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ចេញ​ដំណើរ​ពី​អេលីម ទៅ​ដល់​វាល​រហោ‌ស្ថាន​ស៊ីន ដែល​នៅ​ចន្លោះ​អេលីម និង​ភ្នំ​ស៊ីណៃ។ ពួក​គេ​ទៅ​ដល់​ទី​នោះ នៅ​ថ្ងៃ​ទី​ដប់​ប្រាំ ក្នុង​ខែ​ទី​ពីរ ក្រោយ​ពេល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ នៅ​វាល​រហោ‌ស្ថាន​នោះ សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​រអ៊ូ‌រទាំ​ដាក់​លោក​ម៉ូសេ និង​លោក​អើរ៉ុន។ ជន‌ជាតិ​អ៊ីស្រា‌អែល​ពោល​ទៅ​កាន់​លោក​ទាំង​ពីរ​ថា៖ «កាល​នៅ​ស្រុក​អេស៊ីប ពួក​យើង​ធ្លាប់​អង្គុយ​ជុំ‌វិញ​ឆ្នាំង​ដែល​មាន​សាច់ និង​មាន​អាហារ​ដ៏​បរិបូណ៌! ប្រសិន​បើ​ព្រះ‌អម្ចាស់​ប្រហារ​ពួក​យើង​នៅ​ទី​នោះ ប្រសើរ​ជាង​ឲ្យ​លោក​ទាំង​ពីរ​នាំ​ពួក​យើង​ទាំង​អស់​គ្នា​មក​ស្លាប់​ដោយ​អត់​ឃ្លាន ក្នុង​វាល​រហោ‌ស្ថាន​នេះ!»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​នឹង​ផ្ដល់​អាហារ​ពី​លើ​មេឃ​មក​ឲ្យ​អ្នក​រាល់​គ្នា ដូច​បង្អុរ​ភ្លៀង។ រៀង​រាល់​ថ្ងៃ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ចេញ​ទៅ​រើស​អាហារ សម្រាប់​បរិភោគ​ក្នុង​មួយ​ថ្ងៃ។ ធ្វើ​បែប​នេះ យើង​នឹង​ល្បង‌ល​មើល​ចិត្ត​ប្រជា‌ជន ដើម្បី​ឲ្យ​ដឹង​ថា គេ​គោរព​ក្រឹត្យ‌វិន័យ​របស់​យើង​ឬ​ទេ? នៅ​ថ្ងៃ​ទី​ប្រាំ​មួយ ពេល​គេ​រៀបចំ​ម្ហូប​អាហារ​ដែល​គេ​រើស​មក​នោះ គេ​នឹង​ឃើញ​មាន​អាហារ​លើស​ថ្ងៃ​ធម្មតា មួយ​ជា​ពីរ»។ លោក​ម៉ូសេ និង​លោក​អើរ៉ុន ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​ថា៖ «ល្ងាច​នេះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា គឺ​ព្រះ‌អម្ចាស់​ទេ​តើ​ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប។ ព្រឹក​ស្អែក អ្នក​រាល់​គ្នា​នឹង​ឃើញ​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​រអ៊ូ‌រទាំ​ដាក់​ព្រះអង្គ។ តើ​យើង​ទាំង​ពីរ​នាក់​នេះ​ជា​អ្វី បាន​ជា​អ្នក​រាល់​គ្នា​រអ៊ូ‌រទាំ​ដាក់​យើង​ដូច្នេះ?»។ លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៀត​ថា៖ «ល្ងាច​នេះ ព្រះ‌អម្ចាស់​នឹង​ប្រទាន​សាច់​ឲ្យ​អ្នក​រាល់​គ្នា​បរិភោគ ហើយ​ព្រឹក​ស្អែក ព្រះអង្គ​នឹង​ប្រទាន​នំប៉័ង​ឲ្យ​អ្នក​រាល់​គ្នា​យ៉ាង​បរិបូណ៌ ដ្បិត​ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​រអ៊ូ‌រទាំ​ដាក់​ព្រះអង្គ។ តើ​យើង​ទាំង​ពីរ​ជា​អ្វី? អ្នក​រាល់​គ្នា​មិន​មែន​រអ៊ូ‌រទាំ​ដាក់​យើង​ទេ តែ​រអ៊ូ‌រទាំ​ដាក់​ព្រះ‌អម្ចាស់​វិញ»។ លោក​ម៉ូសេ​ប្រាប់​លោក​អើរ៉ុន​ថា៖ «សូម​បង្គាប់​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ឲ្យ​ចូល​មក​គាល់​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​ពាក្យ​រអ៊ូ‌រទាំ​របស់​ពួក​គេ​ហើយ»។ នៅ​ពេល​លោក​អើរ៉ុន​កំពុង​តែ​មាន​ប្រសាសន៍​ទៅ​កាន់​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ពួក​គេ​នាំ​គ្នា​បែរ​មើល​ទៅ​វាល​រហោ‌ស្ថាន ឃើញ​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​លេច​មក​នៅ​ក្នុង​ពពក។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​បាន​ឮ​ពាក្យ​រអ៊ូ‌រទាំ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ហើយ ចូរ​ប្រាប់​ពួក​គេ​ដូច​ត​ទៅ: នៅ​ពេល​ព្រលប់ អ្នក​រាល់​គ្នា​នឹង​បរិភោគ​សាច់ ហើយ​នៅ​ពេល​ព្រឹក​អ្នក​រាល់​គ្នា​នឹង​មាន​នំប៉័ង​បរិភោគ​យ៉ាង​បរិបូណ៌។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។ ពេល​ល្ងាច មាន​សត្វ​ក្រួច​ហើរ​មក​ពាស‌ពេញ​ជំរំ ហើយ​ព្រលឹម​ឡើង មាន​សន្សើម​ធ្លាក់​ជុំ‌វិញ​ជំរំ​ផង។ នៅ​ពេល​សន្សើម​ស្ងួត មាន​គ្រាប់​ល្អិតៗ​ដូច​ព្រឹល នៅ​ពាស‌ពេញ​វាល​រហោ‌ស្ថាន។ ឃើញ​ដូច្នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា «នេះ​ជា​អ្វី?» ដ្បិត​ពួក​គេ​មិន​ដឹង​ថា​ជា​អ្វី​ទេ។ លោក​ម៉ូសេ​ប្រាប់​ពួក​គេ​ថា៖ «នេះ​ជា​អាហារ​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បរិភោគ។ ព្រះ‌អម្ចាស់​បាន​បង្គាប់​ថា: ចូរ​នាំ​គ្នា​រើស​អាហារ​នេះ ល្មម​ដែល​អ្នក​រាល់​គ្នា​អាច​បរិភោគ​ឆ្អែត។ ត្រូវ​រើស​តាម​ចំនួន​មនុស្ស​ដែល​ស្ថិត​នៅ​ក្នុង​គ្រួសារ​របស់​ខ្លួន គឺ​មួយ​កូន​ល្អី​សម្រាប់​ម្នាក់»។ ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​ធ្វើ​តាម ពួក​គេ​រើស​អាហារ អ្នក​ខ្លះ​រើស​បាន​ច្រើន ហើយ​អ្នក​ខ្លះ​ទៀត​បាន​តិច។ បន្ទាប់​មក ពួក​គេ​យក​អាហារ​នោះ​ទៅ​វាល់ អស់​អ្នក​ដែល​រើស​បាន​ច្រើន ក៏​មិន​បាន​លើស​គេ ហើយ​អស់​អ្នក​ដែល​រើស​បាន​តិច ក៏​មិន​ខ្វះ​ដែរ គឺ​ម្នាក់ៗ​ទទួល​អាហារ​ល្មម​ដែល​ខ្លួន​ត្រូវ​ការ​ប៉ុណ្ណោះ។ លោក​ម៉ូសេ​ប្រាប់​ពួក​គេ​ថា៖ «មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ទុក​អាហារ​នេះ រហូត​ដល់​ព្រឹក​ស្អែក​ឡើយ»។ ប៉ុន្តែ មាន​អ្នក​ខ្លះ​មិន​ព្រម​ស្ដាប់​តាម​លោក​ម៉ូសេ​ទេ គឺ​គេ​ទុក​អាហារ​រហូត​ដល់​ព្រឹក​ស្អែក។ ដង្កូវ​ក៏​មក​ចោះ​អាហារ​ទាំង​នោះ ដែល​បណ្ដាល​ឲ្យ​ទៅ​ជា​ស្អុយ​រលួយ។ លោក​ម៉ូសេ​ខឹង​នឹង​ពួក​គេ។ ចាប់​ពី​ពេល​នោះ​មក រៀង​រាល់​ព្រឹក ពួក​គេ​រើស​អាហារ​ល្មម​ដែល​ខ្លួន​អាច​បរិភោគ​ឆ្អែត។ ពេល​ថ្ងៃ​រះ​ពេញ​កម្ដៅ អាហារ​ដែល​នៅ​សល់​ក៏​រលាយ​បាត់​អស់។ នៅ​ថ្ងៃ​ទី​ប្រាំ​មួយ ពួក​គេ​រើស​អាហារ​ពីរ​ដង​ច្រើន​ជាង គឺ​ពីរ​កូន​ល្អី​ក្នុង​ម្នាក់ៗ។ មេ​ដឹក​នាំ​ទាំង​អស់​របស់​សហគមន៍​មក​រាយ‌ការណ៍​ជម្រាប​លោក​ម៉ូសេ។ លោក​ប្រាប់​ពួក​គេ​វិញ​ថា៖ «ព្រះ‌អម្ចាស់​បាន​បញ្ជា​មក​ដូច្នេះ​មែន។ ស្អែក​ជា​ថ្ងៃ​សប្ប័ទ* ជា​ថ្ងៃ​ដ៏វិសុទ្ធ*​ដែល​ត្រូវ​ញែក​ថ្វាយ​ព្រះ‌អម្ចាស់ ចូរ​ចម្អិន​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ចម្អិន ចូរ​ស្ងោរ​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ស្ងោរ ហើយ​ទុក​អាហារ​ដែល​លើស​រហូត​ព្រឹក​ស្អែក»។ ដូច្នេះ ពួក​គេ​ទុក​អាហារ​រហូត​ដល់​ព្រឹក​ស្អែក តាម​បង្គាប់​របស់​លោក​ម៉ូសេ។ អាហារ​ទាំង​នោះ​ពុំ​មាន​ស្អុយ​រលួយ ឬ​មាន​ដង្កូវ​ចោះ​ឡើយ។ លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «ថ្ងៃ​នេះ ចូរ​បរិភោគ​អាហារ​ទាំង​នេះ​ចុះ ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​សប្ប័ទ សម្រាប់​គោរព​ព្រះ‌អម្ចាស់។ ថ្ងៃ​នេះ អ្នក​រាល់​គ្នា​នឹង​ពុំ​ឃើញ​មាន​អ្វី​នៅ​ខាង​ក្រៅ​ទេ។ អ្នក​រាល់​គ្នា​អាច​រើស​អាហារ​នេះ​ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ ប៉ុន្តែ នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ ដែល​ជា​ថ្ងៃ​សប្ប័ទ​នឹង​គ្មាន​អ្វី​រើស​ទេ»។ ទោះ​ជា​យ៉ាង​នេះ​ក្ដី នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ ក៏​មាន​ប្រជា‌ជន​ខ្លះ​ចេញ​ពី​ជំរំ ដើម្បី​ទៅ​រើស​អាហារ តែ​ពួក​គេ​រក​ពុំ​បាន​សោះ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «តើ​អ្នក​រាល់​គ្នា​នៅ​តែ​ពុំ​ព្រម​ស្ដាប់​បទ‌បញ្ជា និង​វិន័យ*​របស់​យើង​ដល់​កាល​ណា​ទៀត? ត្រូវ​ចង​ចាំ​ថា យើង​ជា​ព្រះ‌អម្ចាស់ បាន​ប្រគល់​ថ្ងៃ​សប្ប័ទ​ឲ្យ​អ្នក​រាល់​គ្នា ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ថ្ងៃ​ទី​ប្រាំ​មួយ យើង​ឲ្យ​អ្នក​រាល់​គ្នា​មាន​អាហារ​មួយ​ជា​ពីរ។ នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ​ម្នាក់ៗ​នៅ​ក្នុង​ជំរំ​របស់​ខ្លួន គឺ​មិន​ត្រូវ​ចេញ​ទៅ​ក្រៅ​ឡើយ»។ ហេតុ​នេះ ប្រជា‌ជន​នាំ​គ្នា​ឈប់​សម្រាក នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ។

ចែក​រំលែក
អាន និក្ខមនំ 16

និក្ខមនំ 16:1-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​គេ​ចេញ​ពី​អេលីម​ធ្វើ​ដំណើរ​ទៅ លុះ​ដល់​ថ្ងៃ​១៥​ខែ​ទី​២ តាំង​ពី​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ក៏​ទៅ​ដល់​ទី​រហោ‌ស្ថាន​ស៊ីន ជា​ទី​ដែល​នៅ​ជា​កណ្តាល​អេលីម ហើយ​នឹង​ស៊ី‌ណាយ ហើយ​ពួក​ជំនុំ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​ក៏​ត្អូញ‌ត្អែរ​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​នៅ​ទី​រហោ‌ស្ថាន​នោះ គេ​និយាយ​នឹង​លោក​ថា ស៊ូ​ឲ្យ​យើង​បាន​ស្លាប់​ដោយ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​នៅ​ស្រុក​អេស៊ីព្ទ ក្នុង​កាល​ដែល​យើង​អង្គុយ​នៅ​ជិត​ឆ្នាំង​សំឡ ហើយ​បាន​ទទួល​ទាន​បាយ​ឲ្យ​ឆ្អែត នោះ​ជា​ជាង ដ្បិត​ដែល​អ្នក​បាន​នាំ​យើង​មក​ក្នុង​ទី​រហោ‌ស្ថាន​នេះ នោះ​គឺ​ដើម្បី​តែ​សំឡាប់​ពួក​ជំនុំ​នេះ​ទាំង​អស់​ដោយ​អត់‌ឃ្លាន​ទេ។ បន្ទាប់​នោះ​មក ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា មើល អញ​នឹង​បង្អុរ​ភ្លៀង​ជា​នំបុ័ង​ពី​លើ​មេឃ​មក​ឲ្យ​ឯង​រាល់​គ្នា ត្រូវ​ឲ្យ​បណ្តាជន​ចេញ​ទៅ​រើស​ឲ្យ​ល្មម​តែ​១​ថ្ងៃ​រាល់ៗ​ថ្ងៃ ដើម្បី​ឲ្យ​អញ​បាន​ល្បង‌ល​គេ​មើល តើ​គេ​នឹង​ដើរ​តាម​ច្បាប់​របស់​អញ​ឬ​ទេ ដល់​ថ្ងៃ​ទី​៦ នោះ​ត្រូវ​ឲ្យ​គេ​រើស​លើស​ជាង​ធម្មតា​១​ជា​២ យក​ទៅ​រៀបចំ​ទុក។ ម៉ូសេ នឹង​អើរ៉ុន ក៏​ប្រកាស​ប្រាប់ ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​ថា នៅ​ល្ងាច​នេះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា គឺ​ជា​ព្រះ‌យេហូវ៉ា​ហើយ​ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​ដល់​ព្រឹក​ឡើង នោះ​អ្នក​រាល់​គ្នា​នឹង​ឃើញ​សិរី‌ល្អ​របស់​ទ្រង់ ដ្បិត​ទ្រង់​បាន​ឮ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ត្អូញ‌ត្អែរ​នឹង​ទ្រង់​ហើយ ឯ​យើង តើ​យើង​ជា​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្អូញ‌ត្អែរ​នឹង​យើង​ដូច្នេះ ម៉ូសេ​ក៏​ប្រាប់​ថា ល្ងាច​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រទាន​សាច់ ឲ្យ​អ្នក​រាល់​គ្នា​បរិភោគ ហើយ​ដល់​ព្រឹក​ឡើង​នឹង​ប្រទាន​នំបុ័ង​ឲ្យ​ចំអែត ដ្បិត​ទ្រង់​បាន​ឮ​ពាក្យ​ដំអូញ ដែល​អ្នក​រាល់​គ្នា​ត្អូញ​នឹង​ទ្រង់​ហើយ ឯ​យើង តើ​យើង​ជា​អ្វី ដែល​អ្នក​រាល់​គ្នា​ត្អូញ‌ត្អែរ​ដូច្នេះ នោះ​មិន​មែន​ត្អូញ‌ត្អែរ​ទាស់​នឹង​យើង​ទេ គឺ​នឹង​ព្រះ‌យេហូវ៉ា​វិញ។ រួច​ម៉ូសេ លោក​ប្រាប់​អើរ៉ុន​ឲ្យ​បង្គាប់​ដល់​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ថា ចូរ​អ្នក​រាល់​គ្នា​ចូល​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​បាន​ឮ​សេចក្ដី​ដំអូញ​របស់​អ្នក​រាល់​គ្នា​ហើយ កាល​អើរ៉ុន​កំពុង​និយាយ​នឹង​ពួក​ជំនុំ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់ នោះ​គេ​ងាក​បែរ​ទៅ​ឯ​ទី​រហោ‌ស្ថាន ឃើញ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​លេច​មក​ក្នុង​ពពក ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ទៅ​ម៉ូសេ​ថា អញ​បាន​ឮ​សេចក្ដី​ត្អូញ‌ត្អែរ របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ហើយ ដូច្នេះ​ចូរ​ប្រាប់​គេ​ថា នៅ​ល្ងាច​នេះ ឯង​រាល់​គ្នា​នឹង​បាន​បរិភោគ​សាច់ លុះ​ដល់​ព្រឹក​ឡើង នោះ​នឹង​ចំអែត​ដោយ​នំបុ័ង ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​ដឹង​ថា អញ​នេះ​ជា​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា​ពិត។ លុះ​ដល់​វេលា​ល្ងាច នោះ​ក៏​មាន​សត្វ​ក្រួច​ហើរ​មក​គ្រប​នៅ​លើ​ទី​ដំឡើង​ត្រសាល ហើយ​ដល់​ព្រឹក​ឡើង ក៏​មាន​ទឹក​សន្សើម​នៅ​ជុំវិញ កាល​ទឹក​សន្សើម​ស្ងួត​ទៅ​ហើយ នោះ​ឃើញ​នៅ​ពេញ​ទាំង​ទី​រហោ‌ស្ថាន សឹង​ដ៏​មាន​គ្រាប់​ល្អិតៗ ដែល​មើល​ទៅ​បែប​ដូច​ទឹក​សន្សើម​កក ឡើង​ស‌ស្គុស​នៅ​លើ​ដី កាល​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ឃើញ នោះ​គេ​និយាយ​គ្នា​ថា នេះ​ជា​អ្វី​ហ្ន ដ្បិត​គេ​មិន​ស្គាល់​ជា​អ្វី​ទេ រួច​ម៉ូសេ​ប្រាប់​ថា នេះ​គឺ​ជា​នំបុ័ង​ដែល​ព្រះ‌យេហូវ៉ា ទ្រង់​ប្រទាន​មក​អ្នក​រាល់​គ្នា ទុក​ជា​អាហារ​ហើយ នេះ​ហើយ ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក គឺ​ឲ្យ​អ្នក​រាល់​គ្នា​រើស​យក​ល្មម​តែ​នឹង​បរិភោគ​ឆ្អែត​គ្រប់​គ្នា​ចុះ គឺ​ជា​១​ខ្ញឹង​ម្នាក់ តាម​ចំនួន​ពួក​អ្នក​រាល់​គ្នា គ្រប់​គ្នា​ត្រូវ​យក​ឲ្យ​ល្មម​ដល់​ពួក​អ្នក​ដែល​នៅ​ត្រសាល​របស់​ខ្លួន ពួក​អ៊ីស្រាអែល​ក៏​ធ្វើ​ដូច្នោះ ខ្លះ​រើស​បាន​ច្រើន​ខ្លះ​បាន​តិច តែ​កាល​គេ​យក​ខ្ញឹង​មក​វាល់ នោះ​អ្នក​ដែល​រើស​បាន​ច្រើន​ក៏​គ្មាន​លើស​ទេ ហើយ​អ្នក​ណា​ដែល​រើស​បាន​តិច​ក៏​មិន​ខ្វះ​ដែរ គ្រប់​គ្នា​មាន​ល្មម​តែ​បរិភោគ​ឆ្អែត​ប៉ុណ្ណោះ រួច​ម៉ូសេ​ប្រាប់​ថា កុំ​ឲ្យ​អ្នក​ណា​ទុក​ឲ្យ​សល់​ដល់​ព្រឹក​ឡើយ តែ​គេ​មិន​បាន​ស្តាប់​តាម​ទេ ក៏​មាន​អ្នក​ខ្លះ​បាន​ទុក​នំ​នោះ​ដល់​ព្រឹក នោះ​ក៏​កើត​មាន​ដង្កូវ​មាន​ក្លិន​ស្អុយ ម៉ូសេ​ក៏​ខឹង​នឹង​គេ គេ​ក៏​តែង‌តែ​រើស​រាល់​តែ​ព្រឹក​ឲ្យ​ល្មម​បរិភោគ​ឆ្អែត​គ្រប់ៗ​គ្នា លុះ​ដល់​ថ្ងៃ​ក្តៅ នំ​នោះ​ក៏​រលាយ​ទៅ។ លុះ​ដល់​ថ្ងៃ​ទី​៦ គេ​ក៏​រើស​នំ​នោះ​បាន​ចំនួន​២​ភាគ គឺ​២​ខ្ញឹង​គ្រប់​គ្នា រួច​អស់​ទាំង​មេ​លើ​ពួក​ជំនុំ​ក៏​មក​ប្តឹង​ដល់​ម៉ូសេ តែ​លោក​ឆ្លើយ​ថា នោះ​គឺ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​មក​ទេ ដ្បិត​ថ្ងៃ​ស្អែក​ជា​ថ្ងៃ​សំរាក គឺ​ជា​ថ្ងៃ​ឈប់​សំរាក​បរិសុទ្ធ​ថ្វាយ​ព្រះ‌យេហូវ៉ា អាហារ​ណា​ដែល​ត្រូវ​ដុត នោះ​ឲ្យ​ដុត​ចុះ ហើយ​អាហារ​ណា​ដែល​ត្រូវ​ស្ងោរ ក៏​ឲ្យ​ស្ងោរ​ទៅ ឯ​អាហារ​ដែល​សល់ នោះ​ត្រូវ​ទុក​ដល់​ព្រឹក​ឡើង​សំរាប់​អ្នក​រាល់​គ្នា គេ​ក៏​ទុក​ដល់​ព្រឹក​តាម​បង្គាប់​ម៉ូសេ តែ​នំ​នោះ​ឥត​មាន​ធុំ​ក្លិន​ស្អុយ​អ្វី​ទេ ដង្កូវ​ក៏​មិន​បាន​កើត​ដែរ រួច​ម៉ូសេ​ប្រាប់​ថា ត្រូវ​បរិភោគ​សំណល់​នោះ​នៅ​ថ្ងៃ​នេះ ដ្បិត​ជា​ថ្ងៃ​ឈប់​សំរាក​ថ្វាយ​ព្រះ‌យេហូវ៉ា ថ្ងៃ​នេះ​អ្នក​រាល់​គ្នា​នឹង​រក​នៅ​ឯ​វាល​ទៀត​គ្មាន​ទេ អ្នក​រាល់​គ្នា​នឹង​រើស​នំ​នេះ​បាន​តែ​ក្នុង​រវាង​៦​ថ្ងៃ លុះ​ដល់​ថ្ងៃ​ទី​៧ នោះ​គ្មាន​ទេ ព្រោះ​ជា​ថ្ងៃ​ឈប់​សំរាក។ នៅ​ថ្ងៃ​ទី​៧ ក៏​មាន​អ្នក​ខ្លះ​ចេញ​ទៅ​រើស​នំ​នោះ​ដែរ តែ​រក​គ្មាន​សោះ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា តើ​ឯង​រាល់​គ្នា​មិន​ព្រម​ធ្វើ​តាម​បញ្ញត្ត ហើយ​នឹង​ច្បាប់​អញ​ដល់​កាល​ណា​ទៀត មើល ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ​មាន​ថ្ងៃ​ឈប់​សំរាក នោះ​បាន​ជា​ក្នុង​ថ្ងៃ​ទី​៦ ទ្រង់​ក៏​ប្រទាន​នំ​ឲ្យ​ល្មម​គ្រាន់​ដល់​២​ថ្ងៃ ដូច្នេះ ចូរ​ឲ្យ​ឯង​រាល់​គ្នា​នៅ​តែ​ក្នុង​កន្លែង​ឯង​ចុះ កុំ​ឲ្យ​អ្នក​ណា​ចេញ​ទៅ​ក្រៅ​នៅ​ថ្ងៃ​ទី​៧​ឡើយ ហេតុ​នោះ​បណ្តាជន​គ្រប់​គ្នា​ក៏​សំរាក​នៅ​ថ្ងៃ​ទី​៧​នោះ

ចែក​រំលែក
អាន និក្ខមនំ 16