និក្ខមនំ 16:1-21
និក្ខមនំ 16:1-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គេធ្វើដំណើរចេញពីអេលីម ហើយក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងមូលបានមកដល់ទីរហោស្ថានស៊ីន ដែលនៅចន្លោះអេលីម និងភ្នំស៊ីណាយ នៅថ្ងៃដប់ប្រាំ ក្នុងខែទីពីរ ក្រោយពេលគេបានចាកចេញពីស្រុកអេស៊ីព្ទ។ ក្រុមជំនុំកូនចៅអ៊ីស្រាអែលទាំងមូលក៏រអ៊ូរទាំដាក់លោកម៉ូសេ និងលោកអើរ៉ុននៅទីរហោស្ថាននោះ កូនចៅអ៊ីស្រាអែលពោលទៅកាន់ពួកលោកថា៖ «ស៊ូឲ្យយើងស្លាប់ដោយព្រះហស្តនៃព្រះយេហូវ៉ានៅស្រុកអេស៊ីព្ទ កាលដែលយើងអង្គុយនៅជិតឆ្នាំងមានសាច់ ហើយទទួលទានអាហារឆ្អែតជាជាង ដ្បិតដែលលោកនាំពួកយើងមកក្នុងទីរហោស្ថាននេះ គឺដើម្បីសម្លាប់ក្រុមជំនុំនេះទាំងមូលដោយអត់ឃ្លានទេ»។ បន្ទាប់មក ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងបង្អុរភ្លៀងជានំបុ័ងពីលើមេឃមកឲ្យអ្នករាល់គ្នា ហើយរាល់ថ្ងៃ ប្រជាជនត្រូវចេញទៅរើសឲ្យល្មមសម្រាប់តែមួយថ្ងៃ ដើម្បីឲ្យយើងបានល្បងលគេមើល ប្រយោជន៍ឲ្យដឹងថា តើគេនឹងគោរពតាមច្បាប់របស់យើងឬទេ។ នៅថ្ងៃទីប្រាំមួយ ត្រូវឲ្យគេរើសលើសជាងធម្មតាមួយជាពីរ យកទៅរៀបចំទុក»។ លោកម៉ូសេ និងលោកអើរ៉ុនក៏ប្រកាសប្រាប់កូនចៅអ៊ីស្រាអែលទាំងអស់ថា៖ «ល្ងាចនេះ អ្នករាល់គ្នានឹងដឹងថា គឺព្រះយេហូវ៉ាទេដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទ ហើយព្រឹកឡើង អ្នករាល់គ្នានឹងឃើញសិរីល្អរបស់ព្រះយេហូវ៉ា ព្រោះព្រះអង្គបានឮសេចក្ដីដែលអ្នករាល់គ្នារអ៊ូរទាំដាក់ព្រះអង្គ។ ដ្បិតតើយើងទាំងពីរជាអ្វីដែលអ្នករាល់គ្នារអ៊ូរទាំដាក់យើងដូច្នេះ?» លោកម៉ូសេមានប្រសាសន៍ថា៖ «ល្ងាចនេះ ព្រះយេហូវ៉ានឹងប្រទានសាច់ឲ្យអ្នករាល់គ្នាបរិភោគ ហើយនៅព្រឹកស្អែក ព្រះអង្គនឹងប្រទាននំបុ័ងមកចម្អែតអ្នករាល់គ្នា ដ្បិតព្រះអង្គបានឮពាក្យដែលអ្នករាល់គ្នារអ៊ូរទាំដាក់ព្រះអង្គហើយ។ តើយើងទាំងពីរជាអ្វី? អ្នករាល់គ្នាមិនមែនរអ៊ូរទាំដាក់យើងទេ តែរអ៊ូរទាំដាក់ព្រះយេហូវ៉ាវិញ»។ លោកម៉ូសេប្រាប់លោកអើរ៉ុនថា៖ «សូមបង្គាប់ក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ថា "ចូរអ្នករាល់គ្នាចូលមកនៅចំពោះព្រះយេហូវ៉ា ដ្បិតព្រះអង្គបានឮពាក្យរអ៊ូរទាំរបស់អ្នករាល់គ្នាហើយ"»។ កាលលោកអើរ៉ុនកំពុងមានប្រសាសន៍ទៅកាន់ក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងមូល នោះគេងាកបែរឆ្ពោះទៅទីរហោស្ថាន ឃើញសិរីល្អនៃព្រះយេហូវ៉ាលេចមកក្នុងពពក។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងបានឮពាក្យរអ៊ូរទាំរបស់កូនចៅអ៊ីស្រាអែលហើយ ដូច្នេះ ចូរប្រាប់គេថា "នៅពេលព្រលប់ អ្នករាល់គ្នានឹងបានបរិភោគសាច់ ហើយនៅពេលព្រឹក នឹងបានចម្អែតដោយនំបុ័ង ដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា យើងជាយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា"»។ នៅពេលល្ងាច មានសត្វក្រួចហើរមកគ្របនៅលើជំរំ ហើយព្រឹកឡើង មានទឹកសន្សើមនៅជុំវិញជំរំ។ កាលទឹកសន្សើមស្ងួតហើយ នោះឃើញមានគ្រាប់ល្អិតៗពាញពេញទីរហោស្ថាន ដែលមើលទៅបែបដូចទឹកសន្សើមកក ឡើងសស្គុសនៅលើដី។ កាលកូនចៅអ៊ីស្រាអែលបានឃើញ គេសួរគ្នាថា៖ «តើនេះជាអ្វី ?» ដ្បិតគេមិនស្គាល់ជាអ្វីទេ។ លោកម៉ូសេប្រាប់គេថា៖ «នេះជានំបុ័ងដែលព្រះយេហូវ៉ាប្រទានឲ្យអ្នករាល់គ្នាបរិភោគ។ នេះហើយជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មក គឺឲ្យម្នាក់ៗរើសយកល្មមតែបរិភោគឆ្អែតចុះ គឺមួយខ្ញឹងម្នាក់ តាមចំនួនមនុស្ស គ្រប់គ្នាត្រូវយកឲ្យល្មមសម្រាប់តែអ្នកដែលនៅក្នុងត្រសាលរបស់ខ្លួន»។ កូនចៅអ៊ីស្រាអែលក៏ធ្វើដូច្នោះ អ្នកខ្លះរើសបានច្រើន អ្នកខ្លះបានតិច។ ប៉ុន្ដែ កាលគេយកខ្ញឹងមកវាល់ នោះអ្នកដែលរើសបានច្រើនក៏គ្មានអ្វីនៅសល់ ហើយអ្នកណារើសបានតិចក៏មិនខ្វះដែរ គឺម្នាក់ៗប្រមូលបានល្មមតែខ្លួនបរិភោគប៉ុណ្ណោះ។ លោកម៉ូសេប្រាប់គេថា៖ «មិនត្រូវឲ្យអ្នកណាម្នាក់ទុករហូតដល់ព្រឹកឡើយ»។ ប៉ុន្ដែ គេមិនស្តាប់លោកម៉ូសេទេ គឺមានអ្នកខ្លះបានទុកនំនោះរហូតដល់ព្រឹក ហើយក៏កើតមានដង្កូវ មានក្លិនស្អុយ លោកម៉ូសេក៏ខឹងនឹងគេ។ គេតែងតែរើសរៀងរាល់ព្រឹក ឲ្យល្មមតែបរិភោគប៉ុណ្ណោះ តែនៅពេលថ្ងៃក្តៅឡើង នំនោះក៏រលាយអស់។
និក្ខមនំ 16:1-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សហគមន៍អ៊ីស្រាអែលទាំងមូលចេញដំណើរពីអេលីម ទៅដល់វាលរហោស្ថានស៊ីន ដែលនៅចន្លោះអេលីម និងភ្នំស៊ីណៃ។ ពួកគេទៅដល់ទីនោះ នៅថ្ងៃទីដប់ប្រាំ ក្នុងខែទីពីរ ក្រោយពេលចាកចេញពីស្រុកអេស៊ីប។ នៅវាលរហោស្ថាននោះ សហគមន៍អ៊ីស្រាអែលទាំងមូលនាំគ្នារអ៊ូរទាំដាក់លោកម៉ូសេ និងលោកអើរ៉ុន។ ជនជាតិអ៊ីស្រាអែលពោលទៅកាន់លោកទាំងពីរថា៖ «កាលនៅស្រុកអេស៊ីប ពួកយើងធ្លាប់អង្គុយជុំវិញឆ្នាំងដែលមានសាច់ និងមានអាហារដ៏បរិបូណ៌! ប្រសិនបើព្រះអម្ចាស់ប្រហារពួកយើងនៅទីនោះ ប្រសើរជាងឲ្យលោកទាំងពីរនាំពួកយើងទាំងអស់គ្នាមកស្លាប់ដោយអត់ឃ្លាន ក្នុងវាលរហោស្ថាននេះ!»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងផ្ដល់អាហារពីលើមេឃមកឲ្យអ្នករាល់គ្នា ដូចបង្អុរភ្លៀង។ រៀងរាល់ថ្ងៃ ប្រជាជនទាំងអស់ត្រូវចេញទៅរើសអាហារ សម្រាប់បរិភោគក្នុងមួយថ្ងៃ។ ធ្វើបែបនេះ យើងនឹងល្បងលមើលចិត្តប្រជាជន ដើម្បីឲ្យដឹងថា គេគោរពក្រឹត្យវិន័យរបស់យើងឬទេ? នៅថ្ងៃទីប្រាំមួយ ពេលគេរៀបចំម្ហូបអាហារដែលគេរើសមកនោះ គេនឹងឃើញមានអាហារលើសថ្ងៃធម្មតា មួយជាពីរ»។ លោកម៉ូសេ និងលោកអើរ៉ុន ប្រាប់ជនជាតិអ៊ីស្រាអែលទាំងអស់ថា៖ «ល្ងាចនេះ អ្នករាល់គ្នានឹងទទួលស្គាល់ថា គឺព្រះអម្ចាស់ទេតើដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប។ ព្រឹកស្អែក អ្នករាល់គ្នានឹងឃើញសិរីរុងរឿងរបស់ព្រះអម្ចាស់ ដ្បិតព្រះអង្គទ្រង់ព្រះសណ្ដាប់ឮពាក្យដែលអ្នករាល់គ្នារអ៊ូរទាំដាក់ព្រះអង្គ។ តើយើងទាំងពីរនាក់នេះជាអ្វី បានជាអ្នករាល់គ្នារអ៊ូរទាំដាក់យើងដូច្នេះ?»។ លោកម៉ូសេមានប្រសាសន៍ទៀតថា៖ «ល្ងាចនេះ ព្រះអម្ចាស់នឹងប្រទានសាច់ឲ្យអ្នករាល់គ្នាបរិភោគ ហើយព្រឹកស្អែក ព្រះអង្គនឹងប្រទាននំប៉័ងឲ្យអ្នករាល់គ្នាយ៉ាងបរិបូណ៌ ដ្បិតព្រះអង្គទ្រង់ព្រះសណ្ដាប់ឮពាក្យដែលអ្នករាល់គ្នារអ៊ូរទាំដាក់ព្រះអង្គ។ តើយើងទាំងពីរជាអ្វី? អ្នករាល់គ្នាមិនមែនរអ៊ូរទាំដាក់យើងទេ តែរអ៊ូរទាំដាក់ព្រះអម្ចាស់វិញ»។ លោកម៉ូសេប្រាប់លោកអើរ៉ុនថា៖ «សូមបង្គាប់សហគមន៍អ៊ីស្រាអែលទាំងមូល ឲ្យចូលមកគាល់ព្រះអម្ចាស់ ដ្បិតព្រះអង្គទ្រង់ព្រះសណ្ដាប់ឮពាក្យរអ៊ូរទាំរបស់ពួកគេហើយ»។ នៅពេលលោកអើរ៉ុនកំពុងតែមានប្រសាសន៍ទៅកាន់សហគមន៍អ៊ីស្រាអែលទាំងមូល ពួកគេនាំគ្នាបែរមើលទៅវាលរហោស្ថាន ឃើញសិរីរុងរឿងរបស់ព្រះអម្ចាស់លេចមកនៅក្នុងពពក។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងបានឮពាក្យរអ៊ូរទាំរបស់ជនជាតិអ៊ីស្រាអែលហើយ ចូរប្រាប់ពួកគេដូចតទៅ: នៅពេលព្រលប់ អ្នករាល់គ្នានឹងបរិភោគសាច់ ហើយនៅពេលព្រឹកអ្នករាល់គ្នានឹងមាននំប៉័ងបរិភោគយ៉ាងបរិបូណ៌។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា»។ ពេលល្ងាច មានសត្វក្រួចហើរមកពាសពេញជំរំ ហើយព្រលឹមឡើង មានសន្សើមធ្លាក់ជុំវិញជំរំផង។ នៅពេលសន្សើមស្ងួត មានគ្រាប់ល្អិតៗដូចព្រឹល នៅពាសពេញវាលរហោស្ថាន។ ឃើញដូច្នេះ ជនជាតិអ៊ីស្រាអែលសួរគ្នាទៅវិញទៅមកថា «នេះជាអ្វី?» ដ្បិតពួកគេមិនដឹងថាជាអ្វីទេ។ លោកម៉ូសេប្រាប់ពួកគេថា៖ «នេះជាអាហារដែលព្រះអម្ចាស់ប្រទានឲ្យអ្នករាល់គ្នាបរិភោគ។ ព្រះអម្ចាស់បានបង្គាប់ថា: ចូរនាំគ្នារើសអាហារនេះ ល្មមដែលអ្នករាល់គ្នាអាចបរិភោគឆ្អែត។ ត្រូវរើសតាមចំនួនមនុស្សដែលស្ថិតនៅក្នុងគ្រួសាររបស់ខ្លួន គឺមួយកូនល្អីសម្រាប់ម្នាក់»។ ជនជាតិអ៊ីស្រាអែលក៏ធ្វើតាម ពួកគេរើសអាហារ អ្នកខ្លះរើសបានច្រើន ហើយអ្នកខ្លះទៀតបានតិច។ បន្ទាប់មក ពួកគេយកអាហារនោះទៅវាល់ អស់អ្នកដែលរើសបានច្រើន ក៏មិនបានលើសគេ ហើយអស់អ្នកដែលរើសបានតិច ក៏មិនខ្វះដែរ គឺម្នាក់ៗទទួលអាហារល្មមដែលខ្លួនត្រូវការប៉ុណ្ណោះ។ លោកម៉ូសេប្រាប់ពួកគេថា៖ «មិនត្រូវឲ្យនរណាម្នាក់ទុកអាហារនេះ រហូតដល់ព្រឹកស្អែកឡើយ»។ ប៉ុន្តែ មានអ្នកខ្លះមិនព្រមស្ដាប់តាមលោកម៉ូសេទេ គឺគេទុកអាហាររហូតដល់ព្រឹកស្អែក។ ដង្កូវក៏មកចោះអាហារទាំងនោះ ដែលបណ្ដាលឲ្យទៅជាស្អុយរលួយ។ លោកម៉ូសេខឹងនឹងពួកគេ។ ចាប់ពីពេលនោះមក រៀងរាល់ព្រឹក ពួកគេរើសអាហារល្មមដែលខ្លួនអាចបរិភោគឆ្អែត។ ពេលថ្ងៃរះពេញកម្ដៅ អាហារដែលនៅសល់ក៏រលាយបាត់អស់។
និក្ខមនំ 16:1-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចគេចេញពីអេលីមធ្វើដំណើរទៅ លុះដល់ថ្ងៃ១៥ខែទី២ តាំងពីចេញពីស្រុកអេស៊ីព្ទមក នោះពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នាក៏ទៅដល់ទីរហោស្ថានស៊ីន ជាទីដែលនៅជាកណ្តាលអេលីម ហើយនឹងស៊ីណាយ ហើយពួកជំនុំកូនចៅអ៊ីស្រាអែលទាំងអស់ក៏ត្អូញត្អែរនឹងម៉ូសេ ហើយនឹងអើរ៉ុននៅទីរហោស្ថាននោះ គេនិយាយនឹងលោកថា ស៊ូឲ្យយើងបានស្លាប់ដោយព្រះហស្តនៃព្រះយេហូវ៉ានៅស្រុកអេស៊ីព្ទ ក្នុងកាលដែលយើងអង្គុយនៅជិតឆ្នាំងសំឡ ហើយបានទទួលទានបាយឲ្យឆ្អែត នោះជាជាង ដ្បិតដែលអ្នកបាននាំយើងមកក្នុងទីរហោស្ថាននេះ នោះគឺដើម្បីតែសំឡាប់ពួកជំនុំនេះទាំងអស់ដោយអត់ឃ្លានទេ។ បន្ទាប់នោះមក ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា មើល អញនឹងបង្អុរភ្លៀងជានំបុ័ងពីលើមេឃមកឲ្យឯងរាល់គ្នា ត្រូវឲ្យបណ្តាជនចេញទៅរើសឲ្យល្មមតែ១ថ្ងៃរាល់ៗថ្ងៃ ដើម្បីឲ្យអញបានល្បងលគេមើល តើគេនឹងដើរតាមច្បាប់របស់អញឬទេ ដល់ថ្ងៃទី៦ នោះត្រូវឲ្យគេរើសលើសជាងធម្មតា១ជា២ យកទៅរៀបចំទុក។ ម៉ូសេ នឹងអើរ៉ុន ក៏ប្រកាសប្រាប់ ដល់ពួកកូនចៅអ៊ីស្រាអែលទាំងអស់ថា នៅល្ងាចនេះ អ្នករាល់គ្នានឹងដឹងថា គឺជាព្រះយេហូវ៉ាហើយដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទមក ហើយដល់ព្រឹកឡើង នោះអ្នករាល់គ្នានឹងឃើញសិរីល្អរបស់ទ្រង់ ដ្បិតទ្រង់បានឮសេចក្ដីដែលអ្នករាល់គ្នាត្អូញត្អែរនឹងទ្រង់ហើយ ឯយើង តើយើងជាអ្វីដែលអ្នករាល់គ្នាត្អូញត្អែរនឹងយើងដូច្នេះ ម៉ូសេក៏ប្រាប់ថា ល្ងាចនេះ ព្រះយេហូវ៉ាទ្រង់នឹងប្រទានសាច់ ឲ្យអ្នករាល់គ្នាបរិភោគ ហើយដល់ព្រឹកឡើងនឹងប្រទាននំបុ័ងឲ្យចំអែត ដ្បិតទ្រង់បានឮពាក្យដំអូញ ដែលអ្នករាល់គ្នាត្អូញនឹងទ្រង់ហើយ ឯយើង តើយើងជាអ្វី ដែលអ្នករាល់គ្នាត្អូញត្អែរដូច្នេះ នោះមិនមែនត្អូញត្អែរទាស់នឹងយើងទេ គឺនឹងព្រះយេហូវ៉ាវិញ។ រួចម៉ូសេ លោកប្រាប់អើរ៉ុនឲ្យបង្គាប់ដល់ពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នាថា ចូរអ្នករាល់គ្នាចូលមកនៅចំពោះព្រះយេហូវ៉ា ដ្បិតទ្រង់បានឮសេចក្ដីដំអូញរបស់អ្នករាល់គ្នាហើយ កាលអើរ៉ុនកំពុងនិយាយនឹងពួកជំនុំកូនចៅអ៊ីស្រាអែលទាំងអស់ នោះគេងាកបែរទៅឯទីរហោស្ថាន ឃើញសិរីល្អនៃព្រះយេហូវ៉ាលេចមកក្នុងពពក ព្រះយេហូវ៉ា ទ្រង់មានបន្ទូលទៅម៉ូសេថា អញបានឮសេចក្ដីត្អូញត្អែរ របស់ពួកកូនចៅអ៊ីស្រាអែលហើយ ដូច្នេះចូរប្រាប់គេថា នៅល្ងាចនេះ ឯងរាល់គ្នានឹងបានបរិភោគសាច់ លុះដល់ព្រឹកឡើង នោះនឹងចំអែតដោយនំបុ័ង ដើម្បីឲ្យឯងរាល់គ្នាបានដឹងថា អញនេះជាយេហូវ៉ា ជាព្រះនៃឯងរាល់គ្នាពិត។ លុះដល់វេលាល្ងាច នោះក៏មានសត្វក្រួចហើរមកគ្របនៅលើទីដំឡើងត្រសាល ហើយដល់ព្រឹកឡើង ក៏មានទឹកសន្សើមនៅជុំវិញ កាលទឹកសន្សើមស្ងួតទៅហើយ នោះឃើញនៅពេញទាំងទីរហោស្ថាន សឹងដ៏មានគ្រាប់ល្អិតៗ ដែលមើលទៅបែបដូចទឹកសន្សើមកក ឡើងសស្គុសនៅលើដី កាលពួកកូនចៅអ៊ីស្រាអែលបានឃើញ នោះគេនិយាយគ្នាថា នេះជាអ្វីហ្ន ដ្បិតគេមិនស្គាល់ជាអ្វីទេ រួចម៉ូសេប្រាប់ថា នេះគឺជានំបុ័ងដែលព្រះយេហូវ៉ា ទ្រង់ប្រទានមកអ្នករាល់គ្នា ទុកជាអាហារហើយ នេះហើយ ជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មក គឺឲ្យអ្នករាល់គ្នារើសយកល្មមតែនឹងបរិភោគឆ្អែតគ្រប់គ្នាចុះ គឺជា១ខ្ញឹងម្នាក់ តាមចំនួនពួកអ្នករាល់គ្នា គ្រប់គ្នាត្រូវយកឲ្យល្មមដល់ពួកអ្នកដែលនៅត្រសាលរបស់ខ្លួន ពួកអ៊ីស្រាអែលក៏ធ្វើដូច្នោះ ខ្លះរើសបានច្រើនខ្លះបានតិច តែកាលគេយកខ្ញឹងមកវាល់ នោះអ្នកដែលរើសបានច្រើនក៏គ្មានលើសទេ ហើយអ្នកណាដែលរើសបានតិចក៏មិនខ្វះដែរ គ្រប់គ្នាមានល្មមតែបរិភោគឆ្អែតប៉ុណ្ណោះ រួចម៉ូសេប្រាប់ថា កុំឲ្យអ្នកណាទុកឲ្យសល់ដល់ព្រឹកឡើយ តែគេមិនបានស្តាប់តាមទេ ក៏មានអ្នកខ្លះបានទុកនំនោះដល់ព្រឹក នោះក៏កើតមានដង្កូវមានក្លិនស្អុយ ម៉ូសេក៏ខឹងនឹងគេ គេក៏តែងតែរើសរាល់តែព្រឹកឲ្យល្មមបរិភោគឆ្អែតគ្រប់ៗគ្នា លុះដល់ថ្ងៃក្តៅ នំនោះក៏រលាយទៅ។