និក្ខមនំ 16:1-12
និក្ខមនំ 16:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គេធ្វើដំណើរចេញពីអេលីម ហើយក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងមូលបានមកដល់ទីរហោស្ថានស៊ីន ដែលនៅចន្លោះអេលីម និងភ្នំស៊ីណាយ នៅថ្ងៃដប់ប្រាំ ក្នុងខែទីពីរ ក្រោយពេលគេបានចាកចេញពីស្រុកអេស៊ីព្ទ។ ក្រុមជំនុំកូនចៅអ៊ីស្រាអែលទាំងមូលក៏រអ៊ូរទាំដាក់លោកម៉ូសេ និងលោកអើរ៉ុននៅទីរហោស្ថាននោះ កូនចៅអ៊ីស្រាអែលពោលទៅកាន់ពួកលោកថា៖ «ស៊ូឲ្យយើងស្លាប់ដោយព្រះហស្តនៃព្រះយេហូវ៉ានៅស្រុកអេស៊ីព្ទ កាលដែលយើងអង្គុយនៅជិតឆ្នាំងមានសាច់ ហើយទទួលទានអាហារឆ្អែតជាជាង ដ្បិតដែលលោកនាំពួកយើងមកក្នុងទីរហោស្ថាននេះ គឺដើម្បីសម្លាប់ក្រុមជំនុំនេះទាំងមូលដោយអត់ឃ្លានទេ»។ បន្ទាប់មក ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងបង្អុរភ្លៀងជានំបុ័ងពីលើមេឃមកឲ្យអ្នករាល់គ្នា ហើយរាល់ថ្ងៃ ប្រជាជនត្រូវចេញទៅរើសឲ្យល្មមសម្រាប់តែមួយថ្ងៃ ដើម្បីឲ្យយើងបានល្បងលគេមើល ប្រយោជន៍ឲ្យដឹងថា តើគេនឹងគោរពតាមច្បាប់របស់យើងឬទេ។ នៅថ្ងៃទីប្រាំមួយ ត្រូវឲ្យគេរើសលើសជាងធម្មតាមួយជាពីរ យកទៅរៀបចំទុក»។ លោកម៉ូសេ និងលោកអើរ៉ុនក៏ប្រកាសប្រាប់កូនចៅអ៊ីស្រាអែលទាំងអស់ថា៖ «ល្ងាចនេះ អ្នករាល់គ្នានឹងដឹងថា គឺព្រះយេហូវ៉ាទេដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទ ហើយព្រឹកឡើង អ្នករាល់គ្នានឹងឃើញសិរីល្អរបស់ព្រះយេហូវ៉ា ព្រោះព្រះអង្គបានឮសេចក្ដីដែលអ្នករាល់គ្នារអ៊ូរទាំដាក់ព្រះអង្គ។ ដ្បិតតើយើងទាំងពីរជាអ្វីដែលអ្នករាល់គ្នារអ៊ូរទាំដាក់យើងដូច្នេះ?» លោកម៉ូសេមានប្រសាសន៍ថា៖ «ល្ងាចនេះ ព្រះយេហូវ៉ានឹងប្រទានសាច់ឲ្យអ្នករាល់គ្នាបរិភោគ ហើយនៅព្រឹកស្អែក ព្រះអង្គនឹងប្រទាននំបុ័ងមកចម្អែតអ្នករាល់គ្នា ដ្បិតព្រះអង្គបានឮពាក្យដែលអ្នករាល់គ្នារអ៊ូរទាំដាក់ព្រះអង្គហើយ។ តើយើងទាំងពីរជាអ្វី? អ្នករាល់គ្នាមិនមែនរអ៊ូរទាំដាក់យើងទេ តែរអ៊ូរទាំដាក់ព្រះយេហូវ៉ាវិញ»។ លោកម៉ូសេប្រាប់លោកអើរ៉ុនថា៖ «សូមបង្គាប់ក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ថា "ចូរអ្នករាល់គ្នាចូលមកនៅចំពោះព្រះយេហូវ៉ា ដ្បិតព្រះអង្គបានឮពាក្យរអ៊ូរទាំរបស់អ្នករាល់គ្នាហើយ"»។ កាលលោកអើរ៉ុនកំពុងមានប្រសាសន៍ទៅកាន់ក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងមូល នោះគេងាកបែរឆ្ពោះទៅទីរហោស្ថាន ឃើញសិរីល្អនៃព្រះយេហូវ៉ាលេចមកក្នុងពពក។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងបានឮពាក្យរអ៊ូរទាំរបស់កូនចៅអ៊ីស្រាអែលហើយ ដូច្នេះ ចូរប្រាប់គេថា "នៅពេលព្រលប់ អ្នករាល់គ្នានឹងបានបរិភោគសាច់ ហើយនៅពេលព្រឹក នឹងបានចម្អែតដោយនំបុ័ង ដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា យើងជាយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា"»។
និក្ខមនំ 16:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សហគមន៍អ៊ីស្រាអែលទាំងមូលចេញដំណើរពីអេលីម ទៅដល់វាលរហោស្ថានស៊ីន ដែលនៅចន្លោះអេលីម និងភ្នំស៊ីណៃ។ ពួកគេទៅដល់ទីនោះ នៅថ្ងៃទីដប់ប្រាំ ក្នុងខែទីពីរ ក្រោយពេលចាកចេញពីស្រុកអេស៊ីប។ នៅវាលរហោស្ថាននោះ សហគមន៍អ៊ីស្រាអែលទាំងមូលនាំគ្នារអ៊ូរទាំដាក់លោកម៉ូសេ និងលោកអើរ៉ុន។ ជនជាតិអ៊ីស្រាអែលពោលទៅកាន់លោកទាំងពីរថា៖ «កាលនៅស្រុកអេស៊ីប ពួកយើងធ្លាប់អង្គុយជុំវិញឆ្នាំងដែលមានសាច់ និងមានអាហារដ៏បរិបូណ៌! ប្រសិនបើព្រះអម្ចាស់ប្រហារពួកយើងនៅទីនោះ ប្រសើរជាងឲ្យលោកទាំងពីរនាំពួកយើងទាំងអស់គ្នាមកស្លាប់ដោយអត់ឃ្លាន ក្នុងវាលរហោស្ថាននេះ!»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងផ្ដល់អាហារពីលើមេឃមកឲ្យអ្នករាល់គ្នា ដូចបង្អុរភ្លៀង។ រៀងរាល់ថ្ងៃ ប្រជាជនទាំងអស់ត្រូវចេញទៅរើសអាហារ សម្រាប់បរិភោគក្នុងមួយថ្ងៃ។ ធ្វើបែបនេះ យើងនឹងល្បងលមើលចិត្តប្រជាជន ដើម្បីឲ្យដឹងថា គេគោរពក្រឹត្យវិន័យរបស់យើងឬទេ? នៅថ្ងៃទីប្រាំមួយ ពេលគេរៀបចំម្ហូបអាហារដែលគេរើសមកនោះ គេនឹងឃើញមានអាហារលើសថ្ងៃធម្មតា មួយជាពីរ»។ លោកម៉ូសេ និងលោកអើរ៉ុន ប្រាប់ជនជាតិអ៊ីស្រាអែលទាំងអស់ថា៖ «ល្ងាចនេះ អ្នករាល់គ្នានឹងទទួលស្គាល់ថា គឺព្រះអម្ចាស់ទេតើដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប។ ព្រឹកស្អែក អ្នករាល់គ្នានឹងឃើញសិរីរុងរឿងរបស់ព្រះអម្ចាស់ ដ្បិតព្រះអង្គទ្រង់ព្រះសណ្ដាប់ឮពាក្យដែលអ្នករាល់គ្នារអ៊ូរទាំដាក់ព្រះអង្គ។ តើយើងទាំងពីរនាក់នេះជាអ្វី បានជាអ្នករាល់គ្នារអ៊ូរទាំដាក់យើងដូច្នេះ?»។ លោកម៉ូសេមានប្រសាសន៍ទៀតថា៖ «ល្ងាចនេះ ព្រះអម្ចាស់នឹងប្រទានសាច់ឲ្យអ្នករាល់គ្នាបរិភោគ ហើយព្រឹកស្អែក ព្រះអង្គនឹងប្រទាននំប៉័ងឲ្យអ្នករាល់គ្នាយ៉ាងបរិបូណ៌ ដ្បិតព្រះអង្គទ្រង់ព្រះសណ្ដាប់ឮពាក្យដែលអ្នករាល់គ្នារអ៊ូរទាំដាក់ព្រះអង្គ។ តើយើងទាំងពីរជាអ្វី? អ្នករាល់គ្នាមិនមែនរអ៊ូរទាំដាក់យើងទេ តែរអ៊ូរទាំដាក់ព្រះអម្ចាស់វិញ»។ លោកម៉ូសេប្រាប់លោកអើរ៉ុនថា៖ «សូមបង្គាប់សហគមន៍អ៊ីស្រាអែលទាំងមូល ឲ្យចូលមកគាល់ព្រះអម្ចាស់ ដ្បិតព្រះអង្គទ្រង់ព្រះសណ្ដាប់ឮពាក្យរអ៊ូរទាំរបស់ពួកគេហើយ»។ នៅពេលលោកអើរ៉ុនកំពុងតែមានប្រសាសន៍ទៅកាន់សហគមន៍អ៊ីស្រាអែលទាំងមូល ពួកគេនាំគ្នាបែរមើលទៅវាលរហោស្ថាន ឃើញសិរីរុងរឿងរបស់ព្រះអម្ចាស់លេចមកនៅក្នុងពពក។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងបានឮពាក្យរអ៊ូរទាំរបស់ជនជាតិអ៊ីស្រាអែលហើយ ចូរប្រាប់ពួកគេដូចតទៅ: នៅពេលព្រលប់ អ្នករាល់គ្នានឹងបរិភោគសាច់ ហើយនៅពេលព្រឹកអ្នករាល់គ្នានឹងមាននំប៉័ងបរិភោគយ៉ាងបរិបូណ៌។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា»។
និក្ខមនំ 16:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចគេចេញពីអេលីមធ្វើដំណើរទៅ លុះដល់ថ្ងៃ១៥ខែទី២ តាំងពីចេញពីស្រុកអេស៊ីព្ទមក នោះពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នាក៏ទៅដល់ទីរហោស្ថានស៊ីន ជាទីដែលនៅជាកណ្តាលអេលីម ហើយនឹងស៊ីណាយ ហើយពួកជំនុំកូនចៅអ៊ីស្រាអែលទាំងអស់ក៏ត្អូញត្អែរនឹងម៉ូសេ ហើយនឹងអើរ៉ុននៅទីរហោស្ថាននោះ គេនិយាយនឹងលោកថា ស៊ូឲ្យយើងបានស្លាប់ដោយព្រះហស្តនៃព្រះយេហូវ៉ានៅស្រុកអេស៊ីព្ទ ក្នុងកាលដែលយើងអង្គុយនៅជិតឆ្នាំងសំឡ ហើយបានទទួលទានបាយឲ្យឆ្អែត នោះជាជាង ដ្បិតដែលអ្នកបាននាំយើងមកក្នុងទីរហោស្ថាននេះ នោះគឺដើម្បីតែសំឡាប់ពួកជំនុំនេះទាំងអស់ដោយអត់ឃ្លានទេ។ បន្ទាប់នោះមក ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា មើល អញនឹងបង្អុរភ្លៀងជានំបុ័ងពីលើមេឃមកឲ្យឯងរាល់គ្នា ត្រូវឲ្យបណ្តាជនចេញទៅរើសឲ្យល្មមតែ១ថ្ងៃរាល់ៗថ្ងៃ ដើម្បីឲ្យអញបានល្បងលគេមើល តើគេនឹងដើរតាមច្បាប់របស់អញឬទេ ដល់ថ្ងៃទី៦ នោះត្រូវឲ្យគេរើសលើសជាងធម្មតា១ជា២ យកទៅរៀបចំទុក។ ម៉ូសេ នឹងអើរ៉ុន ក៏ប្រកាសប្រាប់ ដល់ពួកកូនចៅអ៊ីស្រាអែលទាំងអស់ថា នៅល្ងាចនេះ អ្នករាល់គ្នានឹងដឹងថា គឺជាព្រះយេហូវ៉ាហើយដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទមក ហើយដល់ព្រឹកឡើង នោះអ្នករាល់គ្នានឹងឃើញសិរីល្អរបស់ទ្រង់ ដ្បិតទ្រង់បានឮសេចក្ដីដែលអ្នករាល់គ្នាត្អូញត្អែរនឹងទ្រង់ហើយ ឯយើង តើយើងជាអ្វីដែលអ្នករាល់គ្នាត្អូញត្អែរនឹងយើងដូច្នេះ ម៉ូសេក៏ប្រាប់ថា ល្ងាចនេះ ព្រះយេហូវ៉ាទ្រង់នឹងប្រទានសាច់ ឲ្យអ្នករាល់គ្នាបរិភោគ ហើយដល់ព្រឹកឡើងនឹងប្រទាននំបុ័ងឲ្យចំអែត ដ្បិតទ្រង់បានឮពាក្យដំអូញ ដែលអ្នករាល់គ្នាត្អូញនឹងទ្រង់ហើយ ឯយើង តើយើងជាអ្វី ដែលអ្នករាល់គ្នាត្អូញត្អែរដូច្នេះ នោះមិនមែនត្អូញត្អែរទាស់នឹងយើងទេ គឺនឹងព្រះយេហូវ៉ាវិញ។ រួចម៉ូសេ លោកប្រាប់អើរ៉ុនឲ្យបង្គាប់ដល់ពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នាថា ចូរអ្នករាល់គ្នាចូលមកនៅចំពោះព្រះយេហូវ៉ា ដ្បិតទ្រង់បានឮសេចក្ដីដំអូញរបស់អ្នករាល់គ្នាហើយ កាលអើរ៉ុនកំពុងនិយាយនឹងពួកជំនុំកូនចៅអ៊ីស្រាអែលទាំងអស់ នោះគេងាកបែរទៅឯទីរហោស្ថាន ឃើញសិរីល្អនៃព្រះយេហូវ៉ាលេចមកក្នុងពពក ព្រះយេហូវ៉ា ទ្រង់មានបន្ទូលទៅម៉ូសេថា អញបានឮសេចក្ដីត្អូញត្អែរ របស់ពួកកូនចៅអ៊ីស្រាអែលហើយ ដូច្នេះចូរប្រាប់គេថា នៅល្ងាចនេះ ឯងរាល់គ្នានឹងបានបរិភោគសាច់ លុះដល់ព្រឹកឡើង នោះនឹងចំអែតដោយនំបុ័ង ដើម្បីឲ្យឯងរាល់គ្នាបានដឹងថា អញនេះជាយេហូវ៉ា ជាព្រះនៃឯងរាល់គ្នាពិត។