នាងអេសធើរ 7:7-10
នាងអេសធើរ 7:7-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ស្ដេចមានសេចក្ដីក្រោធជាខ្លាំង រួចក្រោកចេញពីកន្លែងសោយស្រា យាងចូលទៅក្នុងសួនច្បាររាជវាំង ឯហាម៉ានវិញ នៅទីនោះ អង្វរព្រះនាងអេសធើរ ជាអគ្គមហេសី សុំឲ្យរួចជីវិត ព្រោះលោកយល់ឃើញថា ស្ដេចបានសម្រេចនឹងធ្វើទោសខ្លួនហើយ។ ស្ដេចយាងត្រឡប់ពីសួនច្បាររាជវាំង មកកាន់សាលជប់លៀងវិញ ក្នុងពេលដែលហាម៉ានកំពុងក្រាបចុះនៅលើព្រះទែន ដែលព្រះនាងអេសធើរផ្អែក។ ឃើញដូច្នេះ ស្ដេចក៏ស្រែកឡើងថា៖ «ជននេះចង់បង្ខូចអគ្គមហេសីយើង នៅមុខយើង ក្នុងដំណាក់របស់យើងផងឬ?» កាលស្តេចមានរាជឱង្ការផុតពីមាត់ ពួករាជបម្រើក៏គ្របមុខហាម៉ានភ្លាម។ ពេលនោះ ហាបូណា ជាមហាតលិកមួយរូបរបស់ស្ដេច ទូលថា៖ «មើលហ្ន៍ មានបង្គោលមួយកម្ពស់ហាសិបហត្ថនៅផ្ទះលោកហាម៉ាន ដែលលោកហាម៉ានបានរៀបចំសម្រាប់ព្យួរកលោកម៉ាដេកាយ ជាអ្នកដែលបានរាយការណ៍សង្គ្រោះព្រះករុណា»។ ស្ដេចមានរាជឱង្ការថា៖ «យកជននេះ ទៅព្យួរកនៅលើបង្គោលនោះទៅ»។ ដូច្នេះ គេក៏ចងកហាម៉ានព្យួរលើបង្គោល ដែលលោកបានរៀបចំសម្រាប់ព្យួរកម៉ាដេកាយ។ ពេលនោះ សេចក្ដីក្រោធរបស់ស្តេចក៏ស្ងប់។
នាងអេសធើរ 7:7-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះរាជាទ្រង់ព្រះពិរោធយ៉ាងខ្លាំង ស្ដេចយាងចេញពីកន្លែងជប់លៀង ឆ្ពោះទៅឧទ្យាននៃរាជវាំង។ រីឯលោកហាម៉ានវិញ លោកនៅទីនោះ ទូលអង្វរព្រះមហាក្សត្រិយានីអេសធើរ សុំឲ្យបានរួចជីវិត ដ្បិតលោកឃើញយ៉ាងច្បាស់ថា ព្រះរាជាសម្រេចធ្វើទោសលោកហើយ។ ព្រះរាជាវិលពីឧទ្យានចូលមកក្នុងសាលជប់លៀងវិញ ក្នុងពេលលោកហាម៉ានក្រាបលើគ្រែ ដែលព្រះនាងអេសធើរគង់នៅលើនោះ។ ព្រះរាជាក៏ស្រែកឡើងថា៖ «ជននេះចង់រំលោភមហាក្សត្រិយានីនៅចំពោះមុខយើង ក្នុងដំណាក់នេះថែមទៀត!»។ ព្រះរាជាមានរាជឱង្ការមិនទាន់ផុតផង ពួករាជបម្រើក៏យកក្រណាត់មកឃ្លុំមុខលោកហាម៉ាន។ មហាតលិកមួយរូបឈ្មោះលោកហាបូណា ទូលព្រះរាជាថា៖ «លោកហាម៉ានសង់បង្គោលមួយកម្ពស់ហាសិបហត្ថ នៅវិមានរបស់លោក សម្រាប់ព្យួរ-កលោកម៉ាដេកាយ ជាអ្នកដែលបានរាយការណ៍សង្គ្រោះព្រះជន្មរបស់ព្រះករុណា»។ ព្រះរាជាក៏បញ្ជាថា៖ «ចូរយកលោកហាម៉ានទៅព្យួរ-កនៅបង្គោលនោះទៅ»។ គេក៏ព្យួរ-កលោកហាម៉ាននៅបង្គោលដែលលោកបានរៀបចំ សម្រាប់លោកម៉ាដេកាយ។ ពេលនោះ ព្រះរាជាក៏ស្ងប់ព្រះពិរោធ។
នាងអេសធើរ 7:7-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯស្តេចទ្រង់មានសេចក្ដីក្រោធ ដល់ម៉្លេះបានជាទ្រង់ក្រោកពីទីលៀងស្រាទំពាំងបាយជូរ យាងចេញទៅឯសួនច្បារក្នុងព្រះរាជវាំង ហើយហាម៉ានលោកឈរឡើង សូមអង្វរដល់អេសធើរ ជាអគ្គមហេសី ឲ្យបានរួចជីវិត ពីព្រោះលោកយល់ឃើញថា ស្តេចទ្រង់បានសំរេចនឹងធ្វើទោសដល់ខ្លួនហើយ បានជាផ្តួលខ្លួនក្រាបចុះនៅលើព្រះទែន ដែលអេសធើរផ្អែក ខណនោះឯង ស្តេចទ្រង់យាងត្រឡប់ពីសួនច្បារចូលមកក្នុងទីលៀងវិញ ឃើញដូច្នោះ ក៏មានបន្ទូលថា យើះ វាគិតទាំងបង្ខូចអគ្គមហេសីអញ នៅមុខអញក្នុងដំណាក់ផងឬ កាលស្តេចកំពុងមានបន្ទូលនៅឡើយ នោះគេក៏គ្របមុខហាម៉ាន រួចហាបូណា ជាពួកភ្នាក់ងារម្នាក់ទូលនៅចំពោះស្តេចថា ហ្ន៍ មានឈើកំពស់៥០ហត្ថដែលហាម៉ានបានដំឡើង ទុកសំរាប់ព្យួរម៉ាដេកាយ ជាអ្នកដែលបានទូលជាគុណដល់ព្រះករុណា នោះនៅឯផ្ទះវាស្រាប់ ស្តេចទ្រង់មានបន្ទូលតបថា ដូច្នោះ ចូរព្យួរវានឹងឈើនោះទៅ គេក៏ចងកហាម៉ានព្យួរនៅឈើ ដែលលោកបានដំឡើងសំរាប់ចងព្យួរម៉ាដេកាយនោះទៅ ដូច្នេះ សេចក្ដីក្រោធរបស់ស្តេចក៏ស្ងប់បង់។