នាងអេសធើរ 7:1-6

នាងអេសធើរ 7:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ស្តេច និង​ហាម៉ាន ក៏​ចូល​ទៅ​ពិធី​ជប់​លៀង​ជាមួយ​ព្រះ​នាង​អេសធើរ ជា​អគ្គ‌មហេសី។ នៅ​ថ្ងៃ​ទី​ពីរ​នោះ ពេល​កំពុង​សោយ​ស្រា​ក្នុង​ពិធី​ជប់​លៀង ស្ដេច​មាន​រាជ​ឱង្ការ​ទៅ​ព្រះ​នាង​អេសធើរ​ម្តង​ទៀត​ថា៖ «អេសធើរ អគ្គ‌មហេសី​អើយ តើ​ព្រះ‌នាង​ចង់​បាន​អ្វី? យើង​នឹង​ប្រទាន​ឲ្យ​ទាំង​អស់។ តើ​ព្រះ​នាង​មាន​សំណូម​ពរ​អ្វី? ទោះ​បីជា​នគរ​មួយ​ចំហៀង​របស់​យើង​ក៏​ដោយ ក៏​យើង​សម្រេច​ឲ្យ​ដែរ»។ ពេល​នោះ ព្រះ​នាង​អេសធើរ ជា​អគ្គ‌មហេសី​ទូល​ឆ្លើយ​ថា៖ «បពិត្រ​ព្រះ‌ករុណា ប្រសិន​បើ​ខ្ញុំ​ម្ចាស់​គាប់​ព្រះ​ហឫទ័យ​ព្រះ​ករុណា​មែន ហើយ​ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ សូម​ប្រោស​ឲ្យ​ខ្ញុំ​ម្ចាស់​បាន​រួច​ជីវិត តាម​សំណូម​របស់​ខ្ញុំ​ម្ចាស់ ព្រម​ទាំង​សាសន៍​របស់​ខ្ញុំ​ម្ចាស់ តាម​បំណង​របស់​ខ្ញុំ​ម្ចាស់​ផង។ ដ្បិត​គេ​បាន​លក់​ខ្ញុំ​ម្ចាស់ និង​សាសន៍​របស់​ខ្ញុំ​ម្ចាស់ ឲ្យ​ត្រូវ​បំផ្លាញ ឲ្យ​ត្រូវ​ស្លាប់ ហើយ​ឲ្យ​វិនាស​សាប​សូន្យ។ ប្រសិន‌បើ​គេ​បាន​លក់​យើង​ខ្ញុំ​ឲ្យ​គ្រាន់​តែ​ធ្វើ​ជា​បាវ​ប្រុស​បាវ​ស្រី​ប៉ុណ្ណោះ នោះ​ខ្ញុំ​ម្ចាស់សុខ​ចិត្ត​នៅ​ស្ងៀម មិន​ចាំ​បាច់​រំខាន​ព្រះ​ករុណា​ឡើយ តែ​យើង​ខ្ញុំ​ហៀប​នឹង​វិនាស ហៀប​នឹង​ស្លាប់​ផុត​ពូជ​ហើយ»។ ព្រះ‌បាទ​អ័ហា‌ស៊ូរុស​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌នាង​អេសធើរ​ជា​អគ្គ‌មហេសី​ថា៖ «តើ​អ្នក​ណា​ដែល​ហ៊ាន​ធ្វើ​បែប​នេះ តើ​គេ​នៅ​ឯ​ណា?» ព្រះ​នាង​អេសធើរ​ទូល​តប​ថា៖ «បច្ចា​មិត្ត​ជា​សត្រូវ​របស់​យើង​ខ្ញុំ គឺ​ហាម៉ាន ជា​មនុស្ស​អា‌ក្រក់​នេះ​ហើយ!» ពេល​នោះ ហាម៉ាន​ភ័យ​ស្លុតនៅ​ចំពោះ​ស្តេច និង​អគ្គ‌មហេសី។

ចែក​រំលែក
អាន នាងអេសធើរ 7

នាងអេសធើរ 7:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌រាជា និង​លោក​ហាម៉ាន បាន​ទៅ​ដល់ ហើយ​ជប់‌លៀង​ជា​មួយ​ព្រះ‌មហា‌ក្សត្រិ‌យានី​អេសធើរ។ នៅ​ថ្ងៃ​ទី​ពីរ​នោះ​ទៀត ពេល​កំពុង​សោយ​សុរា ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌នាង​អេសធើរ​ថា៖ «មហា‌ក្សត្រិ‌យានី​អេសធើរ​អើយ តើ​ព្រះ‌នាង​ចង់​បាន​អ្វី? យើង​នឹង​ប្រទាន​តាម​សំណូម​ពរ​ទាំង​អស់ គឺ​ទោះ​បី​មាន​តម្លៃ​មួយ​ចំហៀង​នគរ​ក៏​ដោយ ក៏​យើង​ប្រទាន​ឲ្យ​ដែរ»។ ព្រះ‌នាង​អេសធើរ​ទូល​ព្រះ‌រាជា​ថា៖ «បពិត្រ​ព្រះ‌រាជា ប្រសិន​បើ​ខ្ញុំ​ម្ចាស់​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ករុណា​មែន ហើយ​ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ នោះ​សូម​ទ្រង់​មេត្តា​ទុក​ជីវិត​ឲ្យ​ខ្ញុំ​ម្ចាស់ ព្រម​ទាំង​ទុក​ជីវិត​ឲ្យ​ប្រជា‌ជន​របស់​ខ្ញុំ​ម្ចាស់ តាម​សំណូម​ពរ​នេះ​ផង ដ្បិត​គេ​បាន​លក់​ខ្ញុំ​ម្ចាស់ និង​ប្រជា‌ជន​របស់​ខ្ញុំ​ម្ចាស់ ដើម្បី​យក​ទៅ​ប្រល័យ​ឲ្យ​បាត់​បង់​ជីវិត​សូន្យ! ប្រសិន​បើ​គេ​លក់​យើង​ខ្ញុំ ទាំង​ប្រុស ទាំង​ស្រី ជា​ទាសករ​នោះ ប្រហែល​ជា​ខ្ញុំ​ម្ចាស់​សុខ​ចិត្ត​នៅ​ស្ងៀម ព្រោះ​មិន​ចាំបាច់​ឲ្យ​ព្រះ‌រាជា​ខ្វល់​ខ្វាយ​ឡើយ»។ ព្រះចៅ​អហា‌ស៊ូរុស​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌មហា‌ក្សត្រិ‌យានី​អេសធើរ​ថា៖ «តើ​នរណា​ដែល​មាន​ចិត្ត​ចង់​ធ្វើ​បែប​នេះ គេ​នៅ​ឯ​ណា?»។ ព្រះ‌នាង​អេសធើរ​ទូល​ស្ដេច​ថា៖ «បច្ចា‌មិត្ត​ដែល​ចង់​ធ្វើ​បាប​យើង​ខ្ញុំ​នោះ គឺ​លោក​ហាម៉ាន ជា​ជន​កំណាច​នេះ!»។ ពេល​នោះ លោក​ហាម៉ាន​ស្លុត​ស្មារតី​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌រាជា និង​ព្រះ‌មហា‌ក្សត្រិ‌យានី។

ចែក​រំលែក
អាន នាងអេសធើរ 7

នាងអេសធើរ 7:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ស្តេច នឹង​ហាម៉ាន ក៏​ចូល​ទៅ​សោយ​ជា​មួយ​នឹង​អេសធើរ ជា​អគ្គ‌មហេសី ហើយ​នៅ​ថ្ងៃ​ទី​២​នោះ​កំពុង​ពេល​លៀង​ស្រា​ទំពាំង‌បាយ‌ជូរ នោះ​ស្តេច​ទ្រង់​មាន​បន្ទូល​នឹង​អេសធើរ​ម្តង​ទៀត​ថា អេសធើរ អគ្គ‌មហេសី​អើយ ព្រះ‌នាង​ចង់​បាន​អ្វី យើង​នឹង​បើក​ឲ្យ តើ​គិត​សូម​អ្វី ទោះ​បើ​ដល់​នគរ​១​ចំហៀង​ក៏​ដោយ គង់​តែ​នឹង​បាន​សំរេច​ឲ្យ នោះ​អេសធើរ ជា​អគ្គ‌មហេសី ទូល​ឆ្លើយ​ថា បពិត្រ​ព្រះ‌ករុណា បើ​ទ្រង់​ប្រោស​មេត្តា​ដល់​ខ្ញុំ​ម្ចាស់ ហើយ​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ទ័យ នោះ​សូម​ប្រោស​ឲ្យ​ខ្ញុំ​ម្ចាស់​បាន​រួច​ជីវិត តាម​សេចក្ដី​សំណូម ព្រម​ទាំង​សាសន៍​ខ្ញុំ​ម្ចាស់​ផង តាម​សេចក្ដី​បំណង​របស់​ខ្ញុំ​ម្ចាស់ ដ្បិត​មាន​គេ​លក់​ខ្ញុំ​ម្ចាស់ នឹង​ពួក​សាសន៍​របស់​ខ្ញុំ​ម្ចាស់​ហើយ ឲ្យ​យើង​ខ្ញុំ​ត្រូវ​បំផ្លាញ​សំឡាប់ ហើយ​វិនាស​អស់​ទៅ បើ​សិន​ជា​គេ​បាន​លក់​យើង​ខ្ញុំ​ឲ្យ​គ្រាន់​តែ​ធ្វើ​ជា​បាវ​ប្រុស​ស្រី​ប៉ុណ្ណោះ នោះ​ខ្ញុំ​ម្ចាស់​ឥត​បើ​ថា​ទេ ទោះ​បើ​ខ្មាំង​សត្រូវ​នឹង​សង​ការ​ខូច​ខាត ដែល​នឹង​កើត​ឡើង​ដល់​ស្តេច​មិន​បាន​ក៏​ដោយ ស្តេច​អ័ហា‌ស៊ូរុស​ទ្រង់​មាន​បន្ទូល​សួរ​ព្រះ‌នាង​អេសធើរ ជា​អគ្គ‌មហេសី​ថា តើ​អ្នក​ណា​ដែល​ហ៊ាន​ធ្វើ​ការ​ដូច្នោះ តើ​គេ​នៅ​ឯ​ណា នោះ​អេសធើរ​ទូល​តប​ថា នុ៎ះ​ន៍ អ្នក​ដែល​ធ្វើ​ទុក្ខ ហើយ​ស្អប់​ដល់​យើង​ខ្ញុំ គឺ​ហាម៉ាន ជា​មនុស្ស​អាក្រក់​នេះ​ឯង ដូច្នេះ ហាម៉ាន​ក៏​ភ័យ​ស្លុត នៅ​ចំពោះ​ស្តេច នឹង​អគ្គ‌មហេសី

ចែក​រំលែក
អាន នាងអេសធើរ 7