សាស្ដា 7:1-6
សាស្ដា 7:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នាមឈ្មោះល្អ នោះវិសេសជាងប្រេងក្រអូបមានតម្លៃ ហើយថ្ងៃមរណៈក៏វិសេសជាងថ្ងៃកើតដែរ ស៊ូទៅផ្ទះដែលមានការកាន់ទុក្ខ ជាជាងទៅផ្ទះដែលមានការជប់លៀង ដ្បិតមរណភាពជាចុងបំផុត របស់មនុស្សទាំងឡាយ ហើយមនុស្សដែលនៅរស់ នឹងយកចិត្តទុកដាក់ចំពោះសេចក្ដីនោះ។ សេចក្ដីសោយសោកមានប្រយោជន៍ ជាងសំណើច ដ្បិតទឹកមុខព្រួយរមែងបណ្ដាលឲ្យ ចិត្តសប្បាយឡើង។ ដូច្នេះ ចិត្តរបស់មនុស្សមានប្រាជ្ញា តែងតែនៅក្នុងផ្ទះដែលមានការសោយសោក តែចិត្តរបស់មនុស្សល្ងីល្ងើ តែងនៅក្នុងផ្ទះ ដែលមានការសប្បាយរីករាយវិញ។ ឯការដែលស្តាប់ពាក្យបន្ទោសរបស់មនុស្ស មានប្រាជ្ញាវិសេសដល់មនុស្ស ជាជាងស្តាប់បទចម្រៀងរបស់ពួកល្ងីលើ ដ្បិតសំណើចរបស់មនុស្សល្ងីល្ងើ នោះឮដូចជាសូរគុកគឹក ពីបន្លាដែលឆេះក្រោមឆ្នាំង នេះក៏ជាការឥតប្រយោជន៍ទទេ
សាស្ដា 7:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កេរ្តិ៍ឈ្មោះល្អ ប្រសើរជាងទឹកអប់ដ៏ក្រអូប ហើយថ្ងៃស្លាប់ ក៏ប្រសើរជាងថ្ងៃកើតដែរ។ ចូលទៅក្នុងផ្ទះដែលគេកាន់ទុក្ខ ប្រសើរជាងចូលទៅក្នុងផ្ទះដែលគេជប់លៀង ដ្បិតអ្នកដែលនៅរស់ត្រូវចងចាំថា សេចក្ដីស្លាប់ ជាចុងបញ្ចប់របស់មនុស្សគ្រប់ៗរូប។ ទុក្ខព្រួយប្រសើរជាងសើចសប្បាយ ដ្បិតទឹកមុខក្រៀមក្រំអាចបង្កប់នូវ ចិត្តអរសប្បាយ។ មនុស្សមានប្រាជ្ញាតែងចូលចិត្ត នៅជាមួយអ្នកមានទុក្ខ រីឯមនុស្សលេលាចូលចិត្តតែកន្លែងណា ដែលមានការសប្បាយ។ ស្ដាប់ពាក្យស្ដីបន្ទោសរបស់មនុស្សមានប្រាជ្ញា ប្រសើរជាងស្ដាប់ពាក្យបញ្ចើចបញ្ចើរបស់ មនុស្សល្ងីល្ងើ។ សំណើចរបស់មនុស្សលេលាប្រៀបបីដូចជា ស្នូរបន្លាដែលឆេះនៅពីក្រោមឆ្នាំង។ ត្រង់នេះក៏ឥតបានការអ្វីដែរ។
សាស្ដា 7:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នាមឈ្មោះល្អ នោះវិសេសជាងប្រេងក្រអូបដ៏មានដំឡៃ ហើយថ្ងៃមរណៈក៏វិសេសជាងថ្ងៃកើតដែរ ស៊ូទៅឯផ្ទះដែលមានការកាន់ទុក្ខ ជាជាងទៅឯផ្ទះដែលមានការជប់លៀង ដ្បិតមរណភាពជាចុងបំផុតរបស់មនុស្សទាំងឡាយ ហើយមនុស្សដែលនៅរស់នឹងយកចិត្តទុកដាក់ចំពោះសេចក្ដីនោះ សេចក្ដីសោយសោកមានប្រយោជន៍ជាងសេចក្ដីសំណើច ដ្បិតទឹកមុខព្រួយរមែងបណ្តាលឲ្យចិត្តសប្បាយឡើង ដូច្នេះ ចិត្តរបស់មនុស្សមានប្រាជ្ញានោះតែងតែនៅក្នុងផ្ទះដែលមានការសោយសោក តែចិត្តរបស់មនុស្សល្ងីល្ងើ តែងនៅក្នុងផ្ទះដែលមានការសប្បាយរីករាយវិញ។ ឯការដែលស្តាប់ពាក្យបន្ទោសនៃមនុស្សមានប្រាជ្ញានោះវិសេសដល់មនុស្ស ជាជាងស្តាប់បទចំរៀងរបស់ពួកល្ងីល្ងើ ដ្បិតសំណើចរបស់មនុស្សល្ងីល្ងើ នោះឮដូចជាសូរគុកគឹក ពីបន្លាដែលឆេះក្រោមឆ្នាំង នេះក៏ជាការឥតប្រយោជន៍ទទេ