សាស្ដា 6:1-12

សាស្ដា 6:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មាន​ការ​អាក្រក់​មួយ​ទៀត ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ក្រោម​ថ្ងៃ ជា​ការ​ដែល​មាន​ជា​ញឹក​ញយ​នៅ​ក្នុង​ពួក​មនុស្ស​លោក​ដែរ គឺ​មាន​មនុស្ស​ដែល​ព្រះ‌ទ្រង់​ប្រទាន​ឲ្យ​មាន​ទ្រព្យ‌សម្បត្តិ មាន​ធន‌ធាន និង​កិត្តិ‌យស។ ហេតុនោះ គេ​មិន​ខ្វះ‌ខាត​អ្វី​ឡើយ មាន​គ្រប់​ទាំង​របស់​ដែល​ចិត្ត​ប្រាថ្នា​ចង់​បាន តែ​ព្រះ​មិន​ប្រទាន​ឲ្យ​មាន​អំណាច​អាច​បរិ‌ភោគ​បាន​ទេ គឺ​មាន​អ្នក​ដទៃ​បរិ‌ភោគ​វិញ នេះ​ជា​ការ​ឥត​មាន​ទំនង ហើយ​ជា​គ្រោះ​ថ្នាក់​យ៉ាង​អាក្រក់​ណាស់។ ប្រសិន‌បើ​អ្នក​ណា​បង្កើត​បាន​កូន​មួយរយ​នាក់ ហើយ​រស់​នៅ​ជា​យូរ​ឆ្នាំ ទោះ​ជា​មាន​អាយុ​យឺន‌យូរ​យ៉ាង​ណា តែ​មិន​បាន​ស្កប់​ចិត្ត​ដោយ​សេចក្ដី​ល្អ ហើយ​ឥត​មាន​ពិធី​បញ្ចុះ​សព​ខ្លួន​ផង ខ្ញុំ​យល់​ថា កូន​ដែល​រលូត​កើត​មុន​កំណត់​វិសេស​ជាង​អ្នក​នោះ។ ដ្បិត​វា​កើត​មក​ជា​ឥត​ប្រយោជន៍ ហើយ​ក៏​បាត់​ទៅ​ក្នុង​សេចក្ដី​ងងឹត ឯ​ឈ្មោះ​ក៏​គ្រប​បាំង​ដោយ​ងងឹត​ដែរ មួយ​ទៀត វា​មិន​បាន​ឃើញ​ពន្លឺ​ថ្ងៃ ឬ​ដឹង​អ្វី​សោះ នេះ​ឯង​បាន​សេចក្ដី​ស្រាក‌ស្រាន្ត​ជាង​ម្នាក់​នោះ។ អើ ទោះ​បើ​អ្នក​នោះ​រស់​នៅ​មួយ​ពាន់​ឆ្នាំ ឬ​ថា​ទ្វេ​ជា​ពីរ​ផង តែ​ឥត​ដែល​មាន​សេចក្ដី​ល្អ​សោះ តើ​ទាំង​អស់​មិន​ចុះ​ទៅ​កន្លែង​តែ​មួយ​ទេ​ឬ? អស់​ទាំង​កិច្ច‌ការ​របស់​មនុស្ស​សុទ្ធ​តែ​សម្រាប់​មាត់​ខ្លួន​ទេ បើ​ទុក​ជា​ដូច្នោះ គង់​តែ​មិន​ចេះ​ឆ្អែត​ផង។ ដ្បិត​មនុស្ស​មាន​ប្រាជ្ញា តើ​មាន​អ្វី​លើស​ជាង​មនុស្ស​ល្ងី‌ល្ងើ​យ៉ាង​ណា? ឬ​មនុស្ស​ទាល់​ក្រ តើ​មាន​អ្វី​លើស​ជាង​គេ​បាន​ជា​អាច​ដើរ​នៅ​ចំពោះ​មនុស្ស​មាន​ជីវិត​រស់​ដូច្នេះ? ការ​ដែល​មើល​ឃើញ​ដោយ​ភ្នែក វិសេស​ជាង​មាន​ចិត្ត​ប៉ង​ដែល​សាវា។ នេះ​ក៏​ជា​ការ​ឥត​ប្រយោជន៍ដែរ ហើយ​ដូច​ជា​ដេញ​ចាប់​ខ្យល់ ។ របស់​អ្វីៗ​ដែល​មាន​ស្រាប់ មាន​ឈ្មោះ​តាំង​ពី​យូរ​មក​ហើយ ក៏​មិន​ដឹង​ជា​មនុស្ស​បែប​យ៉ាង​ណា​ដែរ ហើយ​គេ​ពុំ​អាច​ត​តាំង​នឹង​អ្នក​ដែល​ពូកែ​ជាង​ខ្លួន​បាន​ឡើយ។ មាន​សេចក្ដី​ជា​ច្រើន​មុខ ដែល​នាំ​ឲ្យ​ការ​ឥត​ប្រយោជន៍​ចម្រើន​កើន​ឡើង ដូច្នេះ តើ​មនុស្ស​បាន​ផល​ប្រយោជន៍​អ្វី​ខ្លះ? ដ្បិត​តើ​មាន​អ្នក​ណា​ដឹង​ពី​អ្វីៗ​ដែល​ល្អ​សម្រាប់​មនុស្ស​ក្នុង​ជីវិត​នេះ គឺ​ក្នុង​អស់​ទាំង​ថ្ងៃ​នៃ​អាយុ​ដ៏​ឥត​ប្រយោជន៍ ដែល​រស់​នៅ​ដូច​ជា​ស្រមោល​នេះ តើ​អ្នក​ណា​អាច​នឹង​ប្រាប់​ដល់​មនុស្ស​បាន អំពី​អ្វីៗ​ដែល​នឹង​កើត​មក​ក្រោយ​ខ្លួន​នៅ​ក្រោម​ថ្ងៃ​នេះ?

ចែក​រំលែក
អាន សាស្ដា 6

សាស្ដា 6:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​សង្កេត​ឃើញ​ការ​វេទនា​មួយ​ទៀត ដែល​រមែង​កើត​មាន​ដល់​មនុស្ស​លោក​នៅ​លើ​ផែនដី។ ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​មនុស្ស​ម្នាក់​មាន​ទ្រព្យ​សម្បត្តិ ធន‌ធាន និង​កិត្តិយស។ គេ​មិន​ខ្វះ​អ្វី​ឡើយ គឺ​គេ​ទទួល​អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​ប្រាថ្នា​ចង់​បាន។ ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​ពុំ​បាន​ទុក​ឲ្យ​គេ​ទាញ​ផល​ប្រយោជន៍​ពី​អ្វីៗ​ដែល​គេ​មាន​នោះ​ឡើយ គឺ​មាន​ម្នាក់​ទៀត​ទទួល​ជំនួស។ ត្រង់​នេះ ក៏​ឥត​បាន​ការ ហើយ​អាក្រក់​បំផុត។ ឧបមា​ថា​បុរស​ម្នាក់​មាន​កូន​ប្រុស​មួយ​រយ និង​មាន​អាយុ​យឺន‌យូរ ទោះ​បី​គាត់​មាន​អាយុ​វែង​ក៏​ដោយ ប្រសិន​បើ​គាត់​មិន​ដែល​មាន​សុភមង្គល ហើយ​គ្មាន​នរណា​បញ្ចុះ​សព​គាត់​ទេ​នោះ ខ្ញុំ​យល់​ថា កូន​រលូត​ប្រសើរ​ជាង​គាត់​ឆ្ងាយ​ណាស់។ កូន​រលូត​នោះ​កកើត​មក ដោយ​ឥត​បាន​ការ ហើយ​បាត់​សូន្យ​ទៅ​វិញ ក្នុង​ទី​ងងឹត គ្មាន​នរណា​នឹក​នា​ដល់​វា​ទេ។ វា​មិន​ដែល​បាន​ឃើញ ក៏​មិន​ដែល​ស្គាល់​ពន្លឺ​ព្រះ‌អាទិត្យ​ដែរ ប៉ុន្តែ វា​បាន​សុខ​ជាង​អ្នក​មាន​អាយុ​វែង​ទៅ​ទៀត។ ប្រសិន​បើ​មនុស្ស​មិន​ជួប​នឹង​សុភមង្គល​ទេ ទោះ​បី​គេ​រស់​បាន​ពីរ​ពាន់​ឆ្នាំ​ក្ដី ក៏​ឥត​បាន​ការ​អ្វី​ដែរ ព្រោះ​មនុស្ស​ទាំង​អស់​ឈាន​ទៅ​រក​ចុង​បញ្ចប់​ដូច​គ្នា។ កិច្ចការ​ទាំង​ប៉ុន្មាន ដែល​មនុស្ស​ខំ​ប្រឹង‌ប្រែង​ធ្វើ បាន​ត្រឹម​តែ​ចម្អែត​ក្រពះ​ប៉ុណ្ណោះ តែ​ពុំ​អាច​ធ្វើ​ឲ្យ​គេ​ស្កប់​ចិត្ត​ឡើយ។ តើ​មនុស្ស​មាន​ប្រាជ្ញា​ទទួល​បាន​អ្វី​លើស​មនុស្ស​លេលា? រីឯ​អ្នក​ក្រ​ដែល​ខំ​តស៊ូ​ក្នុង​ជីវិត​នោះ តើ​បាន​ប្រយោជន៍​អ្វី​ដែរ? អ្វីៗ​ដែល​យើង​មើល​ឃើញ​ផ្ទាល់​នឹង​ភ្នែក នោះ​ប្រសើរ​ជាង​ចិត្ត​ស្រមើ‌ស្រមៃ។ សូម្បី​តែ​ត្រង់​នេះ​ទៀត​ក៏​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។ អ្វីៗ​ដែល​មាន​នៅ​ក្នុង​លោក​នេះ សុទ្ធ​តែ​មាន​ឈ្មោះ​របស់​ខ្លួន​ស្រេច​ទៅ​ហើយ ហើយ​យើង​ក៏​ដឹង​ថា អ្វី​ទៅ​ដែល​ហៅ​ថា​មនុស្ស។ មនុស្ស​ពុំ​អាច​ជជែក​តវ៉ា​នឹង​អ្នក​ដែល​ខ្លាំង​ពូកែ​ជាង​ខ្លួន​ឡើយ។ យើង​និយាយ​កាន់​តែ​ច្រើន​យ៉ាង​ណា ពាក្យ​សម្ដី​របស់​យើង​រឹត​តែ​ឥត​បាន​ការ​យ៉ាង​នោះ​ដែរ ហើយ​យើង​ពុំ​អាច​ទាញ​ផល​ប្រយោជន៍​អ្វី​បាន​ឡើយ។ ជីវិត​របស់​មនុស្ស​ប្រៀប​បាន​នឹង​ស្រមោល។ គ្មាន​នរណា​អាច​ដឹង​ថា ខ្លួន​ត្រូវ​ធ្វើ​ការ​អ្វី​ដែល​ប្រសើរ​ជាង​គេ នៅ​ពេល​ដែល​ខ្លួន​រស់​នៅ​ក្នុង​ជីវិត​ដ៏​ខ្លី ហើយ​ឥត​ន័យ​នេះ​ឡើយ។ គ្មាន​នរណា​អាច​ថ្លែង​ប្រាប់​មនុស្ស​អំពី​ហេតុ‌ការណ៍ ដែល​កើត​មាន នៅ​លើ​ផែនដី ក្រោយ​ពេល​គេ​ស្លាប់​ផុត​ទៅ​ហើយ​នោះ​ដែរ។

ចែក​រំលែក
អាន សាស្ដា 6

សាស្ដា 6:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មាន​ការ​អាក្រក់​១​ទៀត ដែល​យើង​បាន​ឃើញ​នៅ​ក្រោម​ថ្ងៃ ជា​ការ​ដែល​មាន​ជា​ញឹក‌ញយ​នៅ​ក្នុង​ពួក​មនុស្ស​លោក​ដែរ គឺ​មាន​មនុស្ស​ដែល​ព្រះ‌ទ្រង់​ប្រទាន​ឲ្យ​មាន​ទ្រព្យ​សម្បត្តិ នឹង​ធន‌ធាន ហើយ​កិត្តិយស ដល់​ម៉្លេះ​បាន​ជា​គេ​មិន​ខ្វះ‌ខាត​អ្វី ក្នុង​គ្រប់​ទាំង​របស់​ដែល​ចិត្ត​ប្រាថ្នា​ចង់​បាន​ឡើយ តែ​ព្រះ‌ទ្រង់​មិន​ប្រទាន​ឲ្យ​មាន​អំណាច​អាច​នឹង​បរិភោគ​បាន​ទេ គឺ​មាន​អ្នក​ដទៃ​បរិភោគ​វិញ នេះ​ជា​ការ​ឥត​មាន​ទំនង ហើយ​ជា​គ្រោះ​ថ្នាក់​យ៉ាង​អាក្រក់​ផង បើ‌សិន​ជា​មនុស្ស​ណា​បង្កើត​បាន​កូន​១០០​នាក់ ហើយ​រស់​នៅ​ជា​យូរ​ឆ្នាំ ដល់​ម៉្លេះ​បាន​ជា​មាន​អាយុ​យឺន‌យូរ តែ​មិន​បាន​ស្កប់​ចិត្ត​ដោយ​សេចក្ដី​ល្អ ហើយ​ឥត​មាន​ពិធី​បញ្ចុះ​សព​ខ្លួន​ផង នោះ​យើង​ថា កូន​ដែល​រលូត​មក​មុន​កំណត់​ក៏​វិសេស​ជាង​អ្នក​នោះ ដ្បិត​វា​កើត​មក​ជា​ឥត​ប្រយោជន៍ ហើយ​ក៏​បាត់​ទៅ​ក្នុង​សេចក្ដី​ងងឹត ឯ​ឈ្មោះ​ក៏​គ្រប​បាំង​ដោយ​ងងឹត​ដែរ ១​ទៀតវា​មិន​បាន​ឃើញ​ពន្លឺ​ថ្ងៃ ឬ​ដឹង​អ្វី​សោះ នេះ​ឯង​បាន​សេចក្ដី​ស្រាក‌ស្រាន្ត​ជាង​អ្នក​១​នោះ អើ ទោះ​បើ​អ្នក​នោះ​រស់​នៅ​១​ពាន់​ឆ្នាំ ឬ​ថា​ទ្វេ​ជា​២​ផង តែ​ឥត​ដែល​មាន​សេចក្ដី​ល្អ​សោះ នោះ​គង់​តែ​ទាំង​អស់​នឹង​ចុះ​ទៅ​ឯ​កន្លែង​តែ​១​ដែរ​ទេ​តើ។ អស់​ទាំង​កិច្ច‌ការ​របស់​មនុស្ស នោះ​សុទ្ធ​តែ​សំរាប់​មាត់​ខ្លួន​ទេ បើ​ទុក​ជា​ដូច្នោះ គង់​តែ​មិន​ចេះ​ឆ្អែត​ផង ដ្បិត​ឯ​មនុស្ស​មាន​ប្រាជ្ញា តើ​មាន​អ្វី​លើស​ជាង​មនុស្ស​ល្ងី‌ល្ងើ​យ៉ាង​ណា ឬ​មនុស្ស​ទាល់​ក្រ តើ​មាន​អ្វី​លើស​ជាង​គេ បាន​ជា​អាច​ដើរ​នៅ​ចំពោះ​មនុស្ស​មាន​ជីវិត​រស់​ដូច្នេះ ការ​ដែល​មើល​ឃើញ​ដោយ​ភ្នែក នោះ​វិសេស​ជាង​មាន​ចិត្ត​ប៉ង​សាវា​វិញ នេះ​ជា​ការ​ឥត​ប្រយោជន៍ ហើយ​ក៏​អសារ​ឥត​ការ​ដែរ។ របស់​អ្វីៗ​ដែល​មាន​ស្រាប់ នោះ​បាន​មាន​ឈ្មោះ​តាំង​ពី​យូរ​មក​ហើយ ក៏​មាន​ដឹង​ជា​មនុស្ស​បែប​យ៉ាង​ណា​ដែរ ហើយ​គេ​ពុំ​អាច​នឹង​ត​តាំង​នឹង​អ្នក​ដែល​ពូកែ​ជាង​ខ្លួន​បាន​ឡើយ មាន​សេចក្ដី​ជា​ច្រើន​មុខ ដែល​នាំ​ឲ្យ​ការ​ឥត​ប្រយោជន៍​ចំរើន​កើន​ឡើង ដូច្នេះ តើ​មនុស្ស​បាន​ផល​ប្រយោជន៍​អ្វី​ខ្លះ ដ្បិត​តើ​មាន​អ្នក​ណា​ដឹង​ពី​អ្វីៗ​ដែល​ល្អ​សំរាប់​មនុស្ស​ក្នុង​ជីវិត​នេះ គឺ​ក្នុង​អស់​ទាំង​ថ្ងៃ​នៃ​អាយុ​ដ៏​ឥត​ប្រយោជន៍ ដែល​រស់​នៅ​ដូច​ជា​ស្រមោល​នេះ ដ្បិត​តើ​អ្នក​ណា​អាច​នឹង​ប្រាប់​ដល់​មនុស្ស​បាន អំពី​អ្វីៗ​ដែល​នឹង​កើត​មក​ក្រោយ​ខ្លួន​នៅ​ក្រោម​ថ្ងៃ​នេះ។

ចែក​រំលែក
អាន សាស្ដា 6