សាស្ដា 4:1-8
សាស្ដា 4:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំបានងាកមកពិចារណាមើលពីការសង្កត់សង្កិនគ្រប់យ៉ាង ដែលកើតមាននៅក្រោមថ្ងៃ ក៏ឃើញទឹកភ្នែករបស់ពួកអ្នកដែលត្រូវគេសង្កត់សង្កិន ហើយឃើញថា គេគ្មានអ្នកណាជួយដោះទុក្ខឡើយ ត្រូវពួកអ្នកមានអំណាចរឹបជាន់ ឥតអ្នកណាជួយដោះទុក្ខគេឡើយ។ ហេតុនោះ ខ្ញុំក៏សរសើរដល់មនុស្សដែលស្លាប់ជាយូរមកហើយ ជាជាងមនុស្សដែលនៅរស់នៅឡើយ។ ប៉ុន្តែ អ្នកដែលមិនទាន់កើតមកនៅឡើយ ជាអ្នកដែលមិនបានឃើញការអាក្រក់ដែលកើតនៅក្រោមថ្ងៃ វិសេសជាងពួកទាំងពីរនោះទៅទៀត។ រួចខ្ញុំយល់ឃើញថា អស់ទាំងការនឿយហត់ និងភាពប៉ិនប្រសប់ក្នុងកិច្ចការ គឺមកពីមនុស្សមានចិត្តច្រណែននឹងគ្នាប៉ុណ្ណោះ។ នេះក៏ជាការឥតមានទំនង ហើយដូចជាដេញចាប់ខ្យល់ ។ មនុស្សល្ងីល្ងើឱបដៃ ហើយស៊ីសាច់របស់ខ្លួនគេ បើមានតែមួយក្តាប់ទាំងប្រកបដោយសេចក្ដីសុខ នោះវិសេសជាងមានពីរក្តាប់ និងការខំប្រឹងដោយនឿយហត់ ដូចជាដេញចាប់ខ្យល់ ។ រួចហើយខ្ញុំបែរមកមើលការដែលឥតប្រយោជន៍នៅក្រោមថ្ងៃ គឺមានម្នាក់ដែលនៅតែឯងឥតមានគូ គ្មានទាំងកូន គ្មានបងប្អូនទេ ប៉ុន្តែ ការនឿយហត់របស់អ្នកនោះមិនចេះអស់មិនចេះហើយសោះ ភ្នែកគេមិនស្កប់ដោយទ្រព្យសម្បត្តិឡើយ គេគិតថា «ខ្ញុំធ្វើការនឿយហត់ ហើយបង្អត់សេចក្ដីល្អដល់ព្រលឹងដូច្នេះ នោះតើសម្រាប់អ្នកណា?» នេះជាការឥតប្រយោជន៍ និងអាក្រក់ណាស់។
សាស្ដា 4:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មួយវិញទៀត ខ្ញុំបានឃើញការសង្កត់សង្កិនគ្រប់យ៉ាង ដែលមនុស្សប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក នៅលើផែនដីនេះ។ ខ្ញុំឃើញទឹកភ្នែករបស់មនុស្សដែលត្រូវគេសង្កត់សង្កិន តែគ្មាននរណាម្នាក់សម្រាលទុក្ខពួកគេទេ ដ្បិតអំណាចស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អ្នកសង្កត់សង្កិន ដូច្នេះ គ្មាននរណាម្នាក់សម្រាលទុក្ខពួកគេឡើយ។ ខ្ញុំយល់ថា អ្នកដែលស្លាប់ទៅហើយមានសុភមង្គលជាងអ្នកដែលនៅរស់។ ក៏ប៉ុន្តែ អ្នកដែលមិនទាន់កើត ហើយមិនបានឃើញអំពើអាក្រក់ទាំងប៉ុន្មានដែលមនុស្សប្រព្រឹត្តនៅលើផែនដី ប្រសើរជាងមនុស្សដែលស្លាប់ និងមនុស្សដែលនៅរស់ទៅទៀត។ ខ្ញុំយល់ឃើញថា ការនឿយហត់ដែលមនុស្សខំប្រឹងប្រែងធ្វើរហូតដល់មានជោគជ័យនោះ គឺមកពីការច្រណែនគ្នាប៉ុណ្ណោះ។ ត្រង់នេះក៏នៅតែឥតបានការ ដូចដេញចាប់ខ្យល់។ មនុស្សលេលាគិតតែពីឱបដៃ ហើយស៊ីសាច់ខ្លួនឯង។ បានសម្រាកតែបន្តិច នោះប្រសើរជាងខំប្រឹងប្រែងធ្វើការច្រើន ដូចជាដេញចាប់ខ្យល់។ ខ្ញុំបានឃើញការម្យ៉ាងទៀតនៅលើផែនដីនេះ ដែលឥតបានការ គឺមនុស្សរស់នៅកណ្ដោចកណ្ដែងតែម្នាក់ឯង គ្មានកូន គ្មានបងប្អូន តែអ្នកនោះធ្វើការមិនចេះឈប់ ចង់បានទ្រព្យ មិនចេះស្កប់ចិត្ត។ តើខ្ញុំខំប្រឹងធ្វើការសម្រាប់នរណា បានជាបង្អត់ខ្លួនឯងមិនឲ្យមានសុភមង្គលដូច្នេះ? ត្រង់នេះទៀតក៏សុទ្ធតែឥតបានការ ហើយជាការខ្វល់ខ្វាយឥតអំពើ។
សាស្ដា 4:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះយើងបានវិលមកពិចារណាមើលអស់ទាំងការសង្កត់សង្កិន ដែលកើតមកនៅក្រោមថ្ងៃ ក៏ឃើញទឹកភ្នែករបស់ពួកអ្នកដែលត្រូវគេសង្កត់សង្កិន ហើយឃើញថា គេគ្មានអ្នកណានឹងជួយដោះទុក្ខឡើយ គេត្រូវរឹបជាន់ដោយពួកអ្នកមានអំណាច ឥតអ្នកណានឹងជួយដោះទុក្ខទេ ហេតុនោះយើងក៏សរសើរដល់មនុស្សដែលស្លាប់ជាយូរមកហើយ ជាជាងមនុស្សដែលនៅរស់នៅឡើយ អើអ្នកដែលមិនទាន់កើតមកនៅឡើយ ជាអ្នកដែលមិនបានឃើញការអាក្រក់ដែលកើតនៅក្រោមថ្ងៃ នោះវិសេសជាងពួកទាំង២នោះទៅទៀត។ រួចយើងបានឃើញអស់ទាំងការនឿយហត់ នឹងគ្រប់ការដែលធ្វើបានដោយស្រួលថា ជាហេតុនាំឲ្យអ្នកជិតខាងមានចិត្តច្រណែនដល់គ្នានឹងគ្នា នេះក៏ជាការឥតមានទំនង ហើយជាអសារឥតការទទេ។ មនុស្សល្ងីល្ងើគេឱបដៃ ហើយស៊ីសាច់របស់ខ្លួនគេ បើមានតែ១ក្តាប់ ទាំងប្រកបដោយសេចក្ដីសុខ នោះវិសេសជាងមាន២ក្តាប់ ហើយមានទាំងការនឿយហត់ នឹងការខំជាអសារឥតការផង។ រួចយើងងាកបែរមក ឃើញការដែលឥតប្រយោជន៍នៅក្រោមថ្ងៃ គឺមានម្នាក់ដែលនៅតែឯងឥតមានគូ អើគ្មានទាំងកូន ឬបងប្អូនផង ប៉ុន្តែការនឿយហត់របស់អ្នកនោះមិនចេះអស់មិនចេះហើយឡើយ ភ្នែកគេក៏មិនបានស្កប់ស្កល់ដោយទ្រព្យសម្បត្តិដែរ គេក៏នឹកថា អញធ្វើការនឿយហត់ ហើយបង្អត់សេចក្ដីល្អដល់ព្រលឹងដូច្នេះ នោះតើសំរាប់អ្នកណា នេះជាការឥតប្រយោជន៍ដែរ ហើយក៏អាក្រក់ណាស់ផង