សាស្ដា 1:1-18
សាស្ដា 1:1-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ទាំងនេះជាពាក្យរបស់គ្រូប្រដៅ ដែលជាបុត្ររបស់ព្រះបាទដាវីឌ ស្តេចនៅក្រុងយេរូសាឡិម។ «ការឥតប្រយោជន៍ទទេៗ» នេះជាពាក្យរបស់គ្រូប្រដៅ ពោលទុកថា ការឥតប្រយោជន៍ទទេៗ គ្រប់ទាំងអស់សុទ្ធតែអត់ប្រយោជន៍ទទេៗ។ តើមនុស្សមានកម្រៃអ្វីខ្លះ ពីកិច្ចការទាំងប៉ុន្មានដែលខ្លួនខំធ្វើ ដោយនឿយហត់នៅក្រោមថ្ងៃ? មនុស្សតំណមួយកន្លងបាត់ទៅ ហើយតំណមួយទៀតកើតឡើង តែផែនដីស្ថិតស្ថេរនៅជាដរាប។ ថ្ងៃរះឡើង ហើយលិចទៅវិញ រួចប្រញាប់នឹងវិលទៅឯកន្លែង ដែលរះឡើងនោះទៀត ឯខ្យល់ក៏បក់ទៅខាងត្បូង រួចវិលមកខាងជើងវិញ គឺវិលទៅវិលមកជានិច្ច ហើយក៏ត្រឡប់មកតាមផ្លូវដដែលទៀត។ ទន្លេទាំងប៉ុន្មានហូរធ្លាក់ទៅក្នុងសមុទ្រ តែសមុទ្រមិនចេះពេញឡើយ ហើយទឹកទន្លេក៏ត្រឡប់ទៅហូរ តាមផ្លូវដដែលវិញទៀត គ្រប់ការ ទាំងអស់ច្រំដែលៗគួរឲ្យធុញទ្រាន់ មនុស្សរកពាក្យថ្លែងមិនបាន ភ្នែកមើលមិនចេះឆ្អែត ហើយត្រចៀកក៏ស្តាប់មិនចេះពេញ។ អ្វីដែលមានពីមុនមក នោះនឹងមានតទៅទៀត ហើយអ្វីដែលបានធ្វើពីមុនមក នោះក៏នឹងត្រូវធ្វើតទៅទៀត ឥតមានអ្វីថ្មីនៅក្រោមថ្ងៃឡើយ។ តើមានអ្វីណាមួយដែលគេអាចថា «នេះជារបស់ថ្មី» ទេ? គឺសុទ្ធតែមានតាំងពីបុរាណមក ក៏មាននៅអស់កល្ប មុនដែលមនុស្សយើងកើតមកផង។ គ្មានអ្នកណានឹកចាំពីអ្វីៗនៅជំនាន់មុនទេ ហើយជំនាន់មនុស្សទៅខាងមុខ ក៏នឹងមិននឹកចាំ ចំពោះអ្វីៗដែលមិនទាន់មាន ដែលនឹងមកដល់បន្ទាប់ទៀតដែរ។ យើងគឺជាគ្រូប្រដៅ បានធ្វើជាស្តេចនៃសាសន៍អ៊ីស្រាអែល នៅក្រុងយេរូសាឡិម។ យើងបានផ្ចង់ចិត្តពិនិត្យមើល ហើយស្វែងរកដោយប្រាជ្ញា ពីគ្រប់ទាំងអស់ដែលកើតមាននៅក្រោមមេឃ នេះហើយជាការមានទម្ងន់ដែលព្រះបានប្រគល់មកឲ្យមនុស្សជាតិប្រឹងធ្វើ។ យើងបានឃើញកិច្ចការទាំងឡាយដែលធ្វើនៅក្រោមថ្ងៃ ហើយមើល៍ ការទាំងនោះសុទ្ធតែឥតប្រយោជន៍ទទេ ក៏ដូចជាដេញចាប់ខ្យល់ ។ របស់ណាដែលវៀច នោះនឹងធ្វើឲ្យត្រង់ឡើងវិញមិនបាន ហើយរបស់អ្នកណាដែលខ្វះខាត នោះនឹងរាប់មិនបានដែរ។ យើងបាននឹកក្នុងចិត្តថា «យើងបានធំឡើងហើយ មានប្រាជ្ញាលើសជាងអ្នកណាដែលនៅក្រុងយេរូសាឡិមមុនយើងទៅទៀត អើ ចិត្តយើងធ្លាប់បានដឹងចំពោះប្រាជ្ញា និងតម្រិះជាច្រើន»។ យើងក៏បានផ្ចង់ចិត្តឲ្យស្គាល់ប្រាជ្ញា ព្រមទាំងសេចក្ដីចម្កួត និងការផ្តេសផ្តាស។ ខ្ញុំយល់ឃើញថា ការនេះដូចគ្នា ក៏មិនខុសពីដេញចាប់ខ្យល់ដែរ ។ ដ្បិតដែលមានប្រាជ្ញាច្រើន ក៏កើតទុក្ខច្រើន ហើយអ្នកណាដែលចម្រើនចំណេះ ក៏ចម្រើនសេចក្ដីព្រួយឡើងដែរ។
សាស្ដា 1:1-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជាពាក្យរបស់សាស្ដា ជាបុត្ររបស់ព្រះបាទដាវីឌ និងជាព្រះមហាក្សត្រនៅក្រុងយេរូសាឡឹម។ សាស្ដាបានថ្លែងថា: អ្វីៗទាំងអស់សុទ្ធតែឥតន័យ ឥតខ្លឹមសារ និងឥតបានការ។ មនុស្សខំប្រឹងធ្វើការយ៉ាងនឿយហត់នៅលើផែនដី តើបានប្រយោជន៍អ្វី? មនុស្សមួយជំនាន់ចាកចេញពីលោកនេះទៅ មនុស្សមួយជំនាន់ទៀតចូលមក ហើយផែនដីនៅស្ថិតស្ថេរដដែល។ ព្រះអាទិត្យរះឡើង រួចលិចទៅវិញ ហើយប្រញាប់វិលត្រឡប់ទៅកន្លែងដែលត្រូវរះសាជាថ្មី។ ខ្យល់បក់ទៅទិសខាងត្បូង ទៅទិសខាងជើង វិលទៅវិលមក បក់តាមទិសរបស់ខ្លួនវិញ។ ទន្លេទាំងប៉ុន្មានហូរចាក់ទៅក្នុងសមុទ្រ តែសមុទ្រមិនចេះពេញឡើយ ហើយទឹកទន្លេក៏វិលទៅហូរតាមផ្លូវរបស់វាវិញដែរ។ អ្វីៗទាំងអស់សុទ្ធតែច្រំដែលៗ រហូតដល់មនុស្សរកពាក្យមកថ្លែងពុំបាន។ ភ្នែកសម្លឹងមើល តែមិនចេះស្កប់ ត្រចៀកត្រងត្រាប់ស្ដាប់ តែមិនចេះធុញទ្រាន់។ ហេតុការណ៍ដែលធ្លាប់មានកាលពីមុន ក៏នឹងមាននៅពេលខាងមុខ ការអ្វីៗដែលគេធ្វើពីមុន គេនឹងធ្វើនៅពេលខាងមុខដែរ គឺនៅលើផែនដី គ្មានការអ្វីថ្មីសោះឡើយ។ ប្រសិនបើគេពោលអំពីហេតុការណ៍អ្វីមួយថា «នេះជាហេតុការណ៍ថ្មី» តោងដឹងថាហេតុការណ៍នោះធ្លាប់កើតមាន តាំងពីបុរាណកាលរួចស្រេចទៅហើយ។ គ្មាននរណានឹកចាំពីអតីតកាលទេ ហើយហេតុការណ៍ដែលនឹងកើតឡើងនៅអនាគត ក៏មនុស្សជំនាន់ក្រោយមិននឹកចាំដែរ។ ខ្ញុំសាស្ដា ខ្ញុំគ្រងរាជ្យលើស្រុកអ៊ីស្រាអែលនៅក្រុងយេរូសាឡឹម។ ខ្ញុំខិតខំស្វែងរក និងយកប្រាជ្ញាមករិះគិតពិចារណាអំពីអ្វីៗទាំងប៉ុន្មាន ដែលកើតមាននៅក្រោមមេឃនេះ។ ព្រះជាម្ចាស់តម្រូវឲ្យមនុស្សលោកខ្វល់ខ្វាយធ្វើការយ៉ាងនឿយហត់បំផុត។ ខ្ញុំបានឃើញថាស្នាដៃទាំងប៉ុន្មាន ដែលមនុស្សធ្វើនៅលើផែនដី សុទ្ធតែឥតបានការ ដូចដេញចាប់ខ្យល់។ អ្វីៗដែលកោង ពុំអាចបត់ឲ្យត្រង់វិញបានឡើយ ហើយអ្វីៗដែលខ្វះក៏ពុំអាចរាប់បានដែរ។ ខ្ញុំរិះគិតថា: ខ្ញុំមានប្រាជ្ញាកាន់តែច្រើនឡើងៗ លើសស្ដេចឯទៀតៗ ដែលគ្រងរាជ្យនៅក្រុងយេរូសាឡឹមមុនខ្ញុំ។ ខ្ញុំមានបទពិសោធជាច្រើនអំពីប្រាជ្ញា និងការចេះដឹង។ ខ្ញុំខិតខំស្វែងយល់អំពីប្រាជ្ញា ព្រមទាំងស្វែងយល់អំពីភាពលេលា និងការវង្វេងស្មារតី។ ខ្ញុំយល់ឃើញថា សូម្បីតែត្រង់នេះក៏ដូចដេញចាប់ខ្យល់ដែរ ដ្បិតមានប្រាជ្ញាច្រើន មានទុក្ខកង្វល់ក៏ច្រើន ហើយមានការចេះដឹងច្រើន មានទុក្ខព្រួយក៏ច្រើនដែរ។
សាស្ដា 1:1-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពាក្យទាំងនេះជាពាក្យរបស់គ្រូប្រដៅ ដែលជាបុត្ររបស់ដាវីឌ ស្តេចនៅក្រុងយេរូសាឡិម «ការឥតប្រយោជន៍ទទេៗ» នេះជាពាក្យរបស់គ្រូប្រដៅពោលទុកថា ការឥតប្រយោជន៍ទទេៗ គ្រប់ទាំងអស់សុទ្ធតែអត់ប្រយោជន៍ទទេ តើមនុស្សមានកំរៃអ្វីខ្លះ ពីអស់ទាំងការដែលខ្លួនខំធ្វើ ដោយនឿយហត់នៅក្រោមថ្ងៃ មនុស្សដំណ១កន្លងបាត់ទៅ ហើយដំណ១ទៀតកើតឡើង តែផែនដីស្ថិតស្ថេរនៅជាដរាប ថ្ងៃក៏រះឡើង ហើយលិចទៅវិញ រួចប្រញាប់នឹងវិលទៅឯកន្លែងដែលរះឡើងនោះទៀត ឯខ្យល់ក៏បក់ទៅខាងត្បូង រួចវិលមកខាងជើងវិញ គឺវិលទៅវិលមកជានិច្ច ហើយក៏ត្រឡប់មកតាមផ្លូវដដែលទៀត ទន្លេទាំងប៉ុន្មានហូរធ្លាក់ទៅក្នុងសមុទ្រ តែសមុទ្រមិនចេះពេញឡើយ ហើយទឹកទន្លេក៏ត្រឡប់ទៅហូរតាមផ្លូវដដែលវិញទៀត គ្រប់ទាំងអស់ចេះតែជញ្ជាន់ដដែលៗជានិច្ច ទាល់តែមនុស្សរកថ្លែងមិនបាន ភ្នែកមើលមិនចេះឆ្អែត ហើយត្រចៀកស្តាប់ក៏មិនចេះពេញដែរ របស់ដែលមានពីមុនមក គឺរបស់នោះឯងដែលនឹងមានតទៅទៀត ហើយការដែលបានធ្វើពីមុនមក គឺការនោះឯងដែលនឹងធ្វើរៀងតទៅដែរ ឥតមានអ្វីជាថ្មីនៅក្រោមថ្ងៃឡើយ តើមានអ្វីណាមួយដែលគេអាចនឹងថា មើល នេះជារបស់ថ្មីទេដូច្នេះ គឺសុទ្ធតែបានមាននៅ តាំងពីបុរាណមក ក៏មាននៅអស់ទាំងកល្ប មុនដែលមនុស្សយើងកើតមកផង គ្មានអ្នកណានឹកចាំពីអ្វីៗនៅជាន់មុនទេ ហើយជំនាន់មនុស្សទៅខាងមុខ ក៏នឹងមិននឹកចាំពីអ្វីៗដែលត្រូវមាននៅខាងមុខដែរ។ យើង គឺជាគ្រូប្រដៅ បានធ្វើជាស្តេចនៃសាសន៍អ៊ីស្រាអែល នៅក្រុងយេរូសាឡិម យើងបានផ្ចង់ចិត្តពិនិត្យមើល ហើយស្វែងរកដោយប្រាជ្ញា ពីគ្រប់ទាំងអស់ដែលកើតមាននៅក្រោមមេឃ នេះហើយជាការមានទំងន់ដែលព្រះបានប្រគល់មកឲ្យមនុស្សជាតិប្រឹងធ្វើ យើងបានឃើញបណ្តាការដែលមានធ្វើនៅក្រោមថ្ងៃ ហើយមើល ការទាំងនោះសុទ្ធតែឥតប្រយោជន៍ទទេ ក៏ជាអសារឥតការផង របស់ណាដែលវៀច នោះនឹងធ្វើឲ្យត្រង់ឡើងវិញមិនបាន ហើយរបស់អ្នកណាដែលខ្វះខាត នោះនឹងរាប់មិនបានដែរ យើងបាននឹកក្នុងចិត្តថា មើល យើងបានធំឡើងហើយ មានប្រាជ្ញាលើសអស់អ្នកណាដែលនៅក្រុងយេរូសាឡិមមុនយើងទៅទៀត អើ ចិត្តយើងបានធ្លាប់ដឹងចំពោះប្រាជ្ញា នឹងដំរិះជាច្រើនហើយ យើងក៏បានផ្ចង់ចិត្តឲ្យបានស្គាល់ប្រាជ្ញា ព្រមទាំងសេចក្ដីចំកួត នឹងសេចក្ដីផ្តេសផ្តាស ក៏យល់ឃើញថា ការនោះជាអសារឥតការដែរ ដ្បិតដែលមានប្រាជ្ញាច្រើន នោះក៏កើតទុក្ខច្រើន ហើយអ្នកណាដែលចំរើនចំណេះ នោះក៏ចំរើនសេចក្ដីព្រួយឡើងដែរ។