សាស្តា 1:1-18

សាស្តា 1:1-18 គកស១៦

ទាំង​នេះ​ជា​ពាក្យ​របស់​គ្រូ​ប្រដៅ ដែល​ជា​បុត្រ​របស់​ព្រះបាទ​ដាវីឌ ស្តេច​នៅ​ក្រុង​យេរូ‌សាឡិម។ «ការ​ឥត​ប្រយោជន៍​ទទេៗ» នេះ​ជា​ពាក្យ​របស់​គ្រូ​ប្រដៅ ពោល​ទុក​ថា ការ​ឥត​ប្រយោជន៍​ទទេៗ គ្រប់​ទាំង​អស់​សុទ្ធ​តែ​អត់​ប្រយោជន៍​ទទេៗ។ តើ​មនុស្ស​មាន​កម្រៃ​អ្វី​ខ្លះ ពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​ខំ​ធ្វើ ដោយ​នឿយ​ហត់​នៅ​ក្រោម​ថ្ងៃ? មនុស្ស​តំណ​មួយ​កន្លង​បាត់​ទៅ ហើយ​តំណ​មួយ​ទៀត​កើត​ឡើង តែ​ផែនដី​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប។ ថ្ងៃ​រះ​ឡើង ហើយ​លិច​ទៅ​វិញ រួច​ប្រញាប់​នឹង​វិល​ទៅ​ឯ​កន្លែង ដែល​រះ​ឡើង​នោះ​ទៀត ឯ​ខ្យល់​ក៏​បក់​ទៅ​ខាង​ត្បូង រួច​វិល​មក​ខាង​ជើង​វិញ គឺ​វិល​ទៅ​វិល​មក​ជា‌និច្ច ហើយ​ក៏​ត្រឡប់​មក​តាម​ផ្លូវ​ដដែល​ទៀត។ ទន្លេ​ទាំង​ប៉ុន្មាន​ហូរ​ធ្លាក់​ទៅ​ក្នុង​សមុទ្រ តែ​សមុទ្រ​មិន​ចេះ​ពេញ​ឡើយ ហើយ​ទឹក​ទន្លេ​ក៏​ត្រឡប់​ទៅ​ហូរ តាម​ផ្លូវ​ដដែល​វិញ​ទៀត គ្រប់​ការ ទាំង​អស់​ច្រំដែលៗ​គួរ​ឲ្យ​ធុញ​ទ្រាន់ មនុស្ស​រក​ពាក្យ​ថ្លែង​មិន​បាន ភ្នែក​មើល​មិន​ចេះ​ឆ្អែត ហើយ​ត្រចៀក​ក៏​ស្តាប់​មិន​ចេះ​ពេញ។ អ្វី​ដែល​មាន​ពី​មុន​មក នោះ​នឹង​មាន​ត​ទៅ​ទៀត ហើយ​អ្វី​ដែល​បាន​ធ្វើ​ពី​មុន​មក នោះ​ក៏​នឹង​ត្រូវ​ធ្វើ​ត​ទៅទៀត ឥត​មាន​អ្វី​ថ្មី​នៅក្រោម​ថ្ងៃ​ឡើយ។ តើ​មាន​អ្វី​ណា​មួយ​ដែល​គេ​អាច​ថា «នេះ​ជា​របស់​ថ្មី» ទេ? គឺ​សុទ្ធ​តែ​មាន​តាំង​ពី​បុរាណ​មក ក៏​មាន​នៅ​អស់​កល្ប មុន​ដែល​មនុស្ស​យើង​កើត​មក​ផង។ គ្មាន​អ្នក​ណា​នឹក​ចាំ​ពី​អ្វីៗ​នៅ​ជំនាន់​មុន​ទេ ហើយ​ជំនាន់​មនុស្ស​ទៅ​ខាង​មុខ ក៏​នឹង​មិន​នឹក​ចាំ ចំពោះ​អ្វីៗ​ដែល​មិនទាន់​មាន ដែល​នឹង​មក​ដល់​បន្ទាប់​ទៀត​ដែរ។ យើង​គឺ​ជា​គ្រូ​ប្រដៅ បាន​ធ្វើ​ជា​ស្តេច​នៃ​សាសន៍​អ៊ីស្រា‌អែល នៅ​ក្រុង​យេរូ‌សាឡិម។ យើង​បាន​ផ្ចង់​ចិត្ត​ពិនិត្យ​មើល ហើយ​ស្វែង​រក​ដោយ​ប្រាជ្ញា ពី​គ្រប់​ទាំង​អស់​ដែល​កើត​មាន​នៅ​ក្រោម​មេឃ នេះ​ហើយ​ជា​ការ​មាន​ទម្ងន់​ដែល​ព្រះ​បាន​ប្រគល់​មក​ឲ្យ​មនុស្ស​ជាតិ​ប្រឹង​ធ្វើ។ យើង​បាន​ឃើញ​កិច្ច‌ការ​ទាំង​ឡាយ​ដែល​ធ្វើ​នៅ​ក្រោម​ថ្ងៃ ហើយ​មើល៍ ការ​ទាំង​នោះ​សុទ្ធ​តែ​ឥត​ប្រយោជន៍​ទទេ ក៏​ដូច​ជា​ដេញ​ចាប់​ខ្យល់ ។ របស់​ណា​ដែល​វៀច នោះ​នឹង​ធ្វើ​ឲ្យ​ត្រង់​ឡើង​វិញ​មិន​បាន ហើយ​របស់​អ្នក​ណា​ដែល​ខ្វះ‌ខាត នោះ​នឹង​រាប់​មិន​បាន​ដែរ។ យើង​បាន​នឹក​ក្នុង​ចិត្ត​ថា «យើង​បាន​ធំ​ឡើង​ហើយ មាន​ប្រាជ្ញា​លើស​ជាង​អ្នក​ណា​ដែល​នៅ​ក្រុង​យេរូ‌សាឡិម​មុន​យើង​ទៅ​ទៀត អើ ចិត្ត​យើង​ធ្លាប់​បាន​ដឹង​ចំពោះ​ប្រាជ្ញា និង​តម្រិះ​ជា​ច្រើន»។ យើង​ក៏​បាន​ផ្ចង់​ចិត្ត​ឲ្យ​ស្គាល់​ប្រាជ្ញា ព្រម​ទាំង​សេចក្ដី​ចម្កួត និង​ការ​ផ្តេស‌ផ្តាស។ ខ្ញុំ​យល់​ឃើញ​ថា ការ​នេះ​ដូច​គ្នា ក៏​មិន​ខុស​ពី​ដេញ​ចាប់​ខ្យល់​ដែរ ។ ដ្បិត​ដែល​មាន​ប្រាជ្ញា​ច្រើន ក៏​កើត​ទុក្ខ​ច្រើន ហើយ​អ្នក​ណា​ដែល​ចម្រើន​ចំណេះ ក៏​ចម្រើន​សេចក្ដី​ព្រួយ​ឡើង​ដែរ។

អាន សាស្តា 1