ទុតិយកថា 9:7-29

ទុតិយកថា 9:7-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​នឹក​ចាំ កុំ​ឲ្យ​ភ្លេច​ថា អ្នក​បាន​បណ្ដាល​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក មាន​សេចក្ដី‌ក្រោធ នៅ​ត្រង់​ទី​រហោ‌ស្ថាន ហើយ​ចាប់​តាំង​ពី​ថ្ងៃ​ដែល​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ រហូត​មក​ដល់​ទី​នេះ អ្នក​រាល់​គ្នា​ចេះ​តែ​បះ‌បោរ​នឹង​ព្រះ‌យេហូវ៉ា​ជា‌និច្ច។ នៅ​ត្រង់​ភ្នំ​ហោរែប​ក៏​ដែរ អ្នក​រាល់​គ្នា​បាន​បណ្ដាល​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​សេចក្ដី‌ក្រោធ ហើយ​ព្រះ‌យេហូវ៉ា​ខ្ញាល់​នឹង​អ្នករាល់​គ្នា​ជា​ខ្លាំង រហូត​ដល់​ចង់​បំផ្លាញ​អ្នក​រាល់​គ្នា​ទៀត​ផង។ ក្នុង​គ្រា​ដែល​ខ្ញុំ​បាន​ឡើង​ទៅ​លើ​ភ្នំ​ដើម្បី​ទទួល​បន្ទះ​ថ្ម ជា​បន្ទះ​ថ្ម​នៃ​សេចក្ដី‌សញ្ញា​ដែល​ព្រះ‌យេហូវ៉ា​បាន​តាំង​ជា‌មួយ​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​បាន​នៅ​លើ​ភ្នំ​អស់សែសិប​ថ្ងៃសែ​សិប​យប់ ឥត​មាន​បរិ‌ភោគ​អាហារ ឬ​ផឹក​ទឹក​សោះ។ ព្រះ‌យេហូវ៉ា​បាន​ប្រទាន​បន្ទះ​ថ្ម​ទាំងពីរ​ផ្ទាំងមក​ខ្ញុំ ដែល​សរសេរ​ដោយ​អង្គុលី​របស់​ព្រះ ហើយ​នៅ​លើ​ថ្ម​ទាំង​ពីរ​នោះ មាន​អស់​ទាំង​ព្រះ‌បន្ទូល ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មកកាន់អ្នក​រាល់​គ្នា នៅ​លើ​ភ្នំពី​ក្នុង​ភ្លើង នា​ថ្ងៃ​ជួប​ប្រជុំ​គ្នានោះ។ លុះ​ដល់​ផុត​សែ​សិប​ថ្ងៃសែ​សិប​យប់​នោះ​ហើយ ព្រះ‌យេហូវ៉ា​ក៏​ប្រទាន​បន្ទះ​ថ្ម​ទាំង​ពីរ​ផ្ទាំង​នោះ​មក​ខ្ញុំ គឺ​ជា​បន្ទះ​ថ្ម​នៃ​សេចក្ដី‌សញ្ញា។ ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា "ចូរ​ក្រោក​ឡើង ចុះ​ពី​នេះ​ជា​ប្រញាប់​ទៅ ដ្បិតប្រជា‌ជន​របស់អ្នក ដែលអ្នក​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក បាន​ប្រព្រឹត្ត​យ៉ាងខូច​អាក្រក់។ គេ​រហ័ស​នឹង​បែរ​ចេញ​ពី​ផ្លូវ​ដែល​យើង​បាន​បង្គាប់​គេ គេ​បាន​សិត​ធ្វើ​រូប​ព្រះ​សម្រាប់​គេ​ហើយ"។ ព្រះ‌យេហូវ៉ាមាន​ព្រះ‌បន្ទូល​មកខ្ញុំ​ទៀត​ថា "យើង​បាន​រំពឹង​មើល​ឃើញ​ថា ប្រជា‌ជន​នេះសុទ្ធ​តែជា​មនុស្ស​មាន​ចិត្ត​រឹង‌រូស។ ចូរ​ទុកឲ្យ​យើង យើង​នឹង​បំផ្លាញ​ពួក‌គេ​ចេញ ហើយ​លុប​ឈ្មោះ​របស់​គេ​ឲ្យ​បាត់​ពី​ក្រោម​មេឃ រួច​យើង​នឹង​យកអ្នក បង្កើត​ឡើង​ជា​សាសន៍​មួយ​ដ៏​ខ្លាំង​ពូកែ ហើយ​មាន​គ្នា​ច្រើន​ជាង​ប្រជា‌ជន​នេះ"។ ដូច្នេះ ខ្ញុំក៏​វិល​ចុះ​ពី​ភ្នំ​មកវិញ ក្នុង​កាលដែល​ភ្នំ​មាន​ភ្លើង​ឆេះយ៉ាង​សន្ធោ​សន្ធៅ។ ឯ​បន្ទះ​ថ្ម​ទាំងពីរ​នៃ​សេចក្ដី‌សញ្ញា នៅ​ជាប់​នឹង​ដៃ​ខ្ញុំ​ទាំងសង​ខាង។ ខ្ញុំ​ក្រឡេក​មើល​ទៅ​ឃើញ​ថា អ្នក​រាល់​គ្នា​បាន​ធ្វើ​បាប​ទាស់​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នករាល់​គ្នា ដោយ​បាន​សិត​ធ្វើ​រូប​កូន​គោមួយ។ អ្នក​រាល់​គ្នា​បាន​ងាក​ចេញ​យ៉ាង​រហ័ស​ពី​ផ្លូវ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​អ្នក​រាល់​គ្នា។ ដូច្នេះ ខ្ញុំក៏​ចាប់​យក​ថ្ម​ទាំងពីរ​ផ្ទាំង ហើយ​គ្រវែង​ចេញ​ពី​ដៃ​ទាំង​ពីរ​របស់​ខ្ញុំ បំបែក​បន្ទះ​ចោលនៅ​ចំពោះ​មុខ​អ្នក​រាល់​គ្នា។ បន្ទាប់​មក ខ្ញុំ​ក្រាប​ចុះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ាដូចពី​មុន អស់​សែសិប​ថ្ងៃសែសិប​យប់ ខ្ញុំ​មិន​បរិ‌ភោគនំ​ប៉័ង ឬ​ផឹក​ទឹក​ឡើយ ព្រោះ​តែ​អំពើ​បាប​ទាំង​ប៉ុន្មាន​ដែល​អ្នក​រាល់​គ្នា​បានប្រព្រឹត្ត ដោយ​ធ្វើ​ការ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ការ​ដែល​បណ្ដាល​ឲ្យ​ព្រះ‌អង្គ​ខ្ញាល់។ ដ្បិតខ្ញុំ​ភ័យ​ខ្លាច​ចំពោះ​សេចក្ដី‌ខ្ញាល់ និង​សេចក្ដីក្រេវ​ក្រោធ​ដែល​ព្រះ‌យេហូវ៉ា​អត់​ទ្រាំ​នឹង​អ្នក​រាល់​គ្នា រហូត​ដល់​ចង់​បំផ្លាញ​អ្នក​រាល់គ្នា។ ប៉ុន្ដែ ព្រះ‌យេហូវ៉ា​ទ្រង់​ព្រះ​សណ្ដាប់​ខ្ញុំ​នៅ​វេលា​នោះ។ ព្រះ‌យេហូវ៉ា​ខ្ញាល់​នឹង​លោក​អើរ៉ុន​ជា​ខ្លាំង រហូត​ដល់​ចង់​បំផ្លាញ​លោក​ទៀត​ផង តែ​នៅ​វេលា​នោះ ខ្ញុំ​ក៏​បាន​ទូល​អង្វរ​ឲ្យ​លោក​អើរ៉ុន​ដែរ។ ពេល​នោះ ខ្ញុំ​បាន​យក​រូប​កូន​គោ​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ គឺ​ជា​អំពើ​បាប​របស់​អ្នក​រាល់​គ្នា ទៅ​ដុត​កម្ទេច​នឹង​ភ្លើង ហើយ​កិន​ឲ្យ​ម៉ដ្ត​ដូច​ធូលី រួច​បាច​ធូលី​នោះ​ទៅ​ក្នុង​ជ្រោះ​ទឹក​ដែល​ហូរ​ចុះ​ពី​ភ្នំ។ កាល​នៅ​តាបេរ៉ា នៅ​ម៉ាសា និង​នៅ​គីប្រុត-ហាតាវ៉ា អ្នក​រាល់​គ្នា​ក៏​បាន​ធ្វើ​ឲ្យ​ព្រះ‌យេហូវ៉ា​ក្រោធ​ដែរ។ កាល​ព្រះ‌យេហូវ៉ា​បាន​ចាត់​អ្នក​ពី​កាដេស-បារនា ដោយ​ព្រះ‌បន្ទូល​ថា "ចូរ​ឡើង​ទៅ​ចាប់​យក​ស្រុក​ដែល​យើង​បាន​ប្រគល់ឲ្យអ្នក​រាល់​គ្នា​ចុះ" នោះ​អ្នក​រាល់​គ្នា​បាន​បះ‌បោរ​ទាស់​នឹង​បញ្ជា​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ទៀត ហើយ​មិន​បាន​ជឿ ក៏​មិន​បាន​ស្តាប់​តាម​ព្រះ​សូរ​សៀង​របស់​ព្រះ‌អង្គ​សោះ។ អ្នក​រាល់​គ្នា​ចេះ​តែ​បះ​បោរ​ទាស់​នឹង​ព្រះ‌យេហូវ៉ា​ជានិច្ច តាំង​តែ​ពី​ខ្ញុំ បាន​ស្គាល់​អ្នក​រាល់​គ្នា​មក។ ដូច្នេះ ខ្ញុំ​បាន​ក្រាប​ចុះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា អស់​សែសិប​ថ្ងៃ​សែ​សិប​យប់​នោះ ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ថា ព្រះ‌អង្គ​នឹង​បំផ្លាញ​អ្នក​រាល់​គ្នា ខ្ញុំ​ក៏​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ថា "ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​អើយ សូម​កុំ​បំផ្លាញ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ និង​មត៌ក​របស់​ព្រះ‌អង្គ​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​លោះ​គេ​ដោយ​តេជា‌នុភាព​របស់​ព្រះ‌អង្គ ហើយ​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ។ សូម​នឹក​ចាំ​ពី​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​វិញ សូម​កុំ​ទត​ចំពោះ​សេចក្ដី​រឹង‌រូស​របស់​ប្រជា‌ជន​នេះ ឬ​សេចក្ដី​អាក្រក់ ឬ​អំពើ​បាប​របស់​គេ​ឡើយ ក្រែង​មនុស្ស​នៅ​ស្រុក​ដែល​ព្រះ‌អង្គ​បាន​នាំ​យើង​ចេញ​មក​នោះ និយាយ​ថា "ដោយ​ព្រោះ​តែ​ព្រះ‌យេហូវ៉ា​ពុំ​អាច​នាំ​គេ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អង្គ​បាន​សន្យា​នឹង​គេ ហើយ​ដោយ​ព្រោះព្រះ‌អង្គ​ស្អប់​គេ បាន​ជាព្រះ‌អង្គ​នាំ​គេ​ចេញ​ទៅ​សម្លាប់នៅ​ទី​រហោ‌ស្ថាន"។ ដ្បិត​ពួក‌គេ​ជា​ប្រជា‌រាស្ត្រ និង​ជា​មត៌ក​របស់​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​បាន​នាំ​ចេញ​មក ដោយ‌សារ​ព្រះ‌ចេស្តា​ដ៏​ធំ និង​ដោយ​ព្រះ‌ពាហុ​លើក​សម្រេច"»។

ចែក​រំលែក
អាន ទុតិយកថា 9

ទុតិយកថា 9:7-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«ចូរ​ចង​ចាំ កុំ​ឲ្យ​ភ្លេច​ថា នៅ​វាល​រហោ‌ស្ថាន អ្នក​បាន​ធ្វើ​ឲ្យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ទ្រង់​ព្រះ‌ពិរោធ គឺ​ចាប់​ពី​ថ្ងៃ​ដែល​អ្នក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប រហូត​មក​ដល់​កន្លែង​នេះ អ្នក​រាល់​គ្នា​ចេះ​តែ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់​ជានិច្ច។ នៅ​ភ្នំ​ហោរែប អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ រហូត​ដល់​ចង់​បំផ្លាញ​អ្នក​រាល់​គ្នា។ នៅ​ពេល​ខ្ញុំ​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​ទទួល​បន្ទះ​ថ្ម គឺ​បន្ទះ​ថ្ម​នៃ​សម្ពន្ធ‌មេត្រី*​ដែល​ព្រះ‌អម្ចាស់​បាន​ចង​ជា​មួយ​អ្នក​រាល់​គ្នា ខ្ញុំ​ស្ថិត​នៅ​លើ​ភ្នំ អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ​សែ‌សិប​យប់ ដោយ​មិន​បាន​បរិភោគ​អាហារ ឬ​ទឹក​ទេ។ ព្រះ‌អម្ចាស់​ប្រគល់​បន្ទះ​ថ្ម​ពីរ​មក​ឲ្យ​ខ្ញុំ ជា​បន្ទះ​ថ្ម​ចារ​ដោយ​ព្រះអង្គុលី​របស់​ព្រះអង្គ​ផ្ទាល់ មាន​ចែង​អំពី​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ពី​ក្នុង​ភ្លើង​មក​កាន់​អ្នក​រាល់​គ្នា​នៅ​លើ​ភ្នំ ក្នុង​ថ្ងៃ​ដែល​អ្នក​ជួប‌ជុំ​គ្នា។ សែ‌សិប​ថ្ងៃ​សែ‌សិប​យប់ ក្រោយ​ពេល​ខ្ញុំ​ឡើង​ទៅ​ជួប​ព្រះ‌អម្ចាស់ ព្រះអង្គ​ប្រទាន​បន្ទះ​ថ្ម​នៃ​សម្ពន្ធ‌មេត្រី​នេះ​មក​ខ្ញុំ។ ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “ចូរ​ក្រោក​ឡើង ហើយ​ចុះ​ទៅ​វិញ​ជា​ប្រញាប់ ដ្បិត​ប្រជា‌ជន​របស់​អ្នក គឺ​ប្រជា‌ជន​ដែល​អ្នក​នាំ​ចេញ​ពី​ស្រុក​អេស៊ីប បាន​ប្រព្រឹត្ត​អំពើ​បាប​មួយ​យ៉ាង​ធ្ងន់។ ពួក​គេ​ឆាប់​ងាក​ចេញ​ពី​មាគ៌ា ដែល​យើង​បង្ហាញ​ដល់​ពួក​គេ​ដោយ​សិត​ធ្វើ​រូប​បដិមា​មួយ”។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ: “យើង​បាន​ឃើញ​ថា ប្រជា‌ជន​នេះ​សុទ្ធ​តែ​ជា​មនុស្ស​មាន​ចិត្ត​រឹង‌រូស។ ចូរ​ទុក​ឲ្យ​យើង​បំផ្លាញ​ពួក​គេ និង​លុប​ឈ្មោះ​ពួក​គេ ឲ្យ​បាត់​សូន្យ​ពី​ផែនដី រួច​យើង​នឹង​ធ្វើ​ឲ្យ​មាន​ប្រជា‌ជាតិ​មួយ​កើត​ចេញ​ពី​អ្នក ជា​ប្រជា‌ជាតិ​ខ្លាំង​ពូកែ ហើយ​មាន​គ្នា​ច្រើន​ជាង​ប្រជា‌ជន​នេះ”។ ខ្ញុំ​ក៏​ចុះ​ពី​ភ្នំ​មក​វិញ ទាំង​កាន់​បន្ទះ​ថ្ម​នៃ​សម្ពន្ធ‌មេត្រី​ទាំង​ពីរ​ផ្ទាំង។ ពេល​នោះ មាន​ភ្លើង​ពាស‌ពេញ​លើ​ភ្នំ។ ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​បាប​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​បាន​សិត​ធ្វើ​រូប​កូន​គោ​មួយ អ្នក​រាល់​គ្នា​ឆាប់​ងាក​ចេញ​ពី​មាគ៌ា​ដែល​ព្រះ‌អម្ចាស់​បង្ហាញ​ដល់​អ្នក​រាល់​គ្នា។ ខ្ញុំ​ក៏​ចាប់​បន្ទះ​ថ្ម​មក​កាន់​ក្នុង​ដៃ​ទាំង​ពីរ ហើយ​បោក​បន្ទះ​ថ្ម​ទាំង​ពីរ​នោះ​ឲ្យ​បែក នៅ​ចំពោះ​មុខ​អ្នក​រាល់​គ្នា»។ «បន្ទាប់​មក ខ្ញុំ​បាន​ក្រាប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ​សែ‌សិប​យប់ ខ្ញុំ​មិន​បរិភោគ​អាហារ ឬ​ទឹក ដូច​ពី​មុន ព្រោះ​តែ​អំពើ​បាប​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ បណ្ដាល​ឲ្យ​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ។ ខ្ញុំ​ភ័យ​ខ្លាច​ជា​ខ្លាំង ដោយ​ឃើញ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ និង​ក្រេវ‌ក្រោធ​ចំពោះ​អ្នក​រាល់​គ្នា រហូត​ដល់​មាន​បំណង​បំផ្លាញ​អ្នក​រាល់​គ្នា។ ប៉ុន្តែ នៅ​លើក​នេះ​ទៀត ព្រះ‌អម្ចាស់​ឆ្លើយ​តប​នឹង​ពាក្យ​ទូល‌អង្វរ​របស់​ខ្ញុំ។ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​លោក​អើរ៉ុន​យ៉ាង​ខ្លាំង​ដែរ រហូត​ដល់​មាន​បំណង​បំផ្លាញ​គាត់​ទៀត​ផង។ នៅ​គ្រា​នោះ ខ្ញុំ​ក៏​បាន​ទូល‌អង្វរ​ព្រះអង្គ​ឲ្យ​លោក​អើរ៉ុន​ដែរ។ ខ្ញុំ​បាន​យក​រូប​កូន​គោ ដែល​ជា​ស្នា‌ដៃ​នៃ​អំពើ​បាប​របស់​អ្នក​រាល់​គ្នា​នោះ ទៅ​ដុត​កម្ទេច​ក្នុង​ភ្លើង​ឲ្យ​ម៉ដ្ដ​ដូច​ធូលី​ដី ហើយ​បោះ​ចោល​ទៅ​ក្នុង​ទឹក​ជ្រោះ​ដែល​ហូរ​ចុះ​ពី​លើ​ភ្នំ។ នៅ​តា‌បេ‌រ៉ា នៅ​ម៉ាសា និង​នៅ​គីប្រូត-‌ហាតា‌វ៉ា អ្នក​រាល់​គ្នា​ក៏​បាន​ធ្វើ​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ដែរ។ ព្រះ‌អម្ចាស់​បង្គាប់​អ្នក​រាល់​គ្នា​នៅ​កាដេស-‌បារនា ថា “ចូរ​ទៅ​ចាប់​យក​ទឹក​ដី ដែល​យើង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ចុះ!”។ ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​បះ‌បោរ​ប្រឆាំង​នឹង​បញ្ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​ពុំ​បាន​ជឿ​លើ​ព្រះអង្គ ហើយ​ពុំ​ស្ដាប់​តាម​ព្រះ‌សូរសៀង​របស់​ព្រះអង្គ​ទេ។ តាំង​ពី​ខ្ញុំ​ស្គាល់​អ្នក​រាល់​គ្នា​មក អ្នក​រាល់​គ្នា​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់​ជានិច្ច។ ខ្ញុំ​ក្រាប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ សែ‌សិប​យប់ ដ្បិត​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា ព្រះអង្គ​មាន​បំណង​បំផ្លាញ​អ្នក​រាល់​គ្នា។ ខ្ញុំ​បាន​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ថា: “បពិត្រ​ព្រះ‌ជា‌អម្ចាស់ សូម​កុំ​បំផ្លាញ​ប្រជា‌ជន​នេះ​ឡើយ។ ពួក​គេ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ផ្ទាល់ ព្រះអង្គ​បាន​រំដោះ​ពួក​គេ ដោយ​ព្រះ‌ចេស្ដា​ដ៏​រុងរឿង​របស់​ព្រះអង្គ ព្រះអង្គ​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​ព្រះ‌បារមី​របស់​ព្រះអង្គ។ សូម​នឹក​ដល់​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ជា​អ្នក​បម្រើ​របស់​ព្រះអង្គ។ សូម​កុំ​ដាក់​ទោស​ប្រជា‌ជន​នេះ ព្រោះ​តែ​ចិត្ត​រឹង‌រូស ចិត្ត​អាក្រក់ ព្រម​ទាំង​អំពើ​បាប​របស់​ពួក​គេ​ឡើយ ក្រែង​លោ​អ្នក​ស្រុក​អេស៊ីប​ពោល​ថា ព្រះ‌អម្ចាស់​គ្មាន​អំណាច​នឹង​នាំ​ប្រជា‌ជន​នេះ​ចូល​ទៅ​ក្នុង​ទឹក​ដី​សន្យា​ទេ ព្រះអង្គ​ស្អប់​ពួក​គេ​បាន​ជា​ព្រះអង្គ​នាំ​ពួក​គេ​ចេញ​ទៅ​សម្លាប់​នៅ​វាល​រហោ‌ស្ថាន។ អ្នក​ទាំង​នេះ​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ​ផ្ទាល់ ព្រះអង្គ​បាន​នាំ​ពួក​គេ​ចេញ​មក​ដោយ​ឫទ្ធា‌នុភាព​ដ៏​ខ្ពង់‌ខ្ពស់ និង​ដោយ​តេជ‌បារមី​របស់​ព្រះអង្គ”»។

ចែក​រំលែក
អាន ទុតិយកថា 9

ទុតិយកថា 9:7-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​នឹក​ចាំ កុំ​ឲ្យ​ភ្លេច​ឡើយ ថា​ឯង​បាន​បណ្តាល​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង មាន​សេចក្ដី​ក្រោធ នៅ​ត្រង់​ទី​រហោ‌ស្ថាន ហើយ​ចាប់​តាំង​ពី​ថ្ងៃ​ដែល​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ រហូត​មក​ដល់​ទី​នេះ នោះ​ឯង​រាល់​គ្នា​ចេះ​តែ​បះ‌បោរ​នឹង​ព្រះ‌យេហូវ៉ា​ជា​ដរាប នៅ​ត្រង់​ភ្នំ​ហោរែប​ក៏​ដែរ ឯង​បាន​បណ្តាល​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​សេចក្ដី​ក្រោធ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ខ្ញាល់ ដល់​ទៅ​ចង់​បំផ្លាញ​ឯង​ចេញ​ផង ក្នុង​គ្រា​ដែល​អញ​បាន​ឡើង​ទៅ​លើ​ភ្នំ​ដើម្បី​នឹង​ទទួល​បន្ទះ​ថ្ម ជា​បន្ទះ​មាន​កត់​ចុះ​សេចក្ដី​សញ្ញា​ដែល​ព្រះ‌យេហូវ៉ា​បាន​តាំង​នឹង​ឯង​រាល់​គ្នា នោះ​អញ​បាន​នៅ​លើ​ភ្នំ​អស់​៤០​ថ្ងៃ​៤០​យប់ ឥត​មាន​បរិភោគ​អាហារ ឬ​ផឹក​ទឹក​សោះ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​បន្ទះ​ថ្ម​ទាំង​២​ផ្ទាំង ដែល​សរសេរ​ដោយ​អង្គុលី​ព្រះ‌ហស្ត​នៃ​ទ្រង់​នៅ​ថ្ម​ទាំង​២​នោះ មាន​កត់​ចុះ​អស់​ទាំង​ព្រះ‌បន្ទូល ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​នឹង​ឯង​រាល់​គ្នា ពី​កណ្តាល​ភ្លើង​នៅ​លើ​ភ្នំ នា​ថ្ងៃ​ដែល​ប្រជុំ​គ្នា​នោះ លុះ​ដល់​ផុត​៤០​ថ្ងៃ​៤០​យប់​នោះ​ហើយ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រទាន​បន្ទះ​ថ្ម​ទាំង​២​ផ្ទាំង​នោះ​ដល់​អញ គឺ​ជា​បន្ទះ​នៃ​សេចក្ដី​សញ្ញា រួច​ព្រះ‌យេហូវ៉ា​មាន​បន្ទូល​ប្រាប់​អញ​ថា ចូរ​ក្រោក​ឡើង ចុះ​ពី​នេះ​ជា​ប្រញាប់​ទៅ ដ្បិត​ពួក​ជន​ដែល​ឯង​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គេ​បាន​បង្ខូច​ចិត្ត​អស់​ហើយ គេ​រហ័ស​នឹង​បែរ​ចេញ​ពី​ផ្លូវ​ដែល​អញ​បាន​បង្គាប់​គេ ក៏​បាន​សិត​ធ្វើ​រូប​ព្រះ​សំរាប់​គេ​ហើយ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក​អញ​ទៀត​ថា អញ​បាន​រំពឹង​មើល​ឃើញ​ថា សាសន៍​នេះ​គេ​មាន​ក្បាល​រឹង​ទាំង​អស់​គ្នា ឈប់​សិន ចាំ​អញ​នឹង​បំផ្លាញ​គេ​ចេញ ព្រម​ទាំង​លុប​ឈ្មោះ​គេ​ពី​ក្រោម​មេឃ​ទៅ រួច​អញ​នឹង​យក​ឯង បង្កើត​ឡើង​ជា​សាសន៍​១​ដ៏​ខ្លាំង​ពូកែ ហើយ​មាន​គ្នា​ច្រើន​ជាង​គេ​ទៅ​ទៀត ដូច្នេះ​អញ​បាន​វិល​ចុះ​ពី​ភ្នំ​មក មាន​បន្ទះ​ថ្ម​ទាំង​២​នៃ​សេចក្ដី​សញ្ញា កាន់​នៅ​ដៃ​ទាំង​សង​ខាង​ផង ឯ​ភ្នំ​ក៏​មាន​សុទ្ធ​តែ​ភ្លើង​ឆេះ​នៅ អញ​ក៏​ក្រឡេក​មើល​ទៅ​ឃើញ​ថា ឯង​រាល់​គ្នា​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ហើយ ដោយ​បាន​សិត​ធ្វើ​រូប​កូន​គោ​១ ឯង​បាន​ប្រញាប់​នឹង​ងាក​បែរ​ចេញ​ពី​ផ្លូវ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ឯង​ណាស់ នោះ​អញ​បាន​ចាប់​យក​ថ្ម​ទាំង​២​ផ្ទាំង បោះ​ពី​ដៃ​អញ​បំបែក​ចោល​ទៅ នៅ​ចំពោះ​ភ្នែក​ឯង​រាល់​គ្នា រួច​អញ​ក៏​ក្រាប​ចុះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា អស់​៤០​ថ្ងៃ​៤០​យប់ ដូច​ជាន់​មុន ឥត​មាន​បរិភោគ ឬ​ផឹក​ទឹក​សោះ​ឡើយ ដោយ​ព្រោះ​អស់​ទាំង​អំពើ​បាប​ដែល​ឯង​រាល់​គ្នា​បាន​ធ្វើ ដោយ​ប្រព្រឹត្ត​សេចក្ដី​ដែល​អាក្រក់ នៅ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​ជា​ការ​ដែល​បណ្តាល​ឲ្យ​ទ្រង់​ខ្ញាល់​ឡើង ដ្បិត​អញ​បាន​ភ័យ​ខ្លាច​ចំពោះ​សេចក្ដី​ខ្ញាល់ នឹង​សេចក្ដី​ក្រោធ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ឃោរ‌ឃៅ ដល់​ទៅ​ចង់​បំផ្លាញ​ឯង​នោះ​ណាស់ ហើយ​នៅ​វេលា​នោះ ព្រះ‌យេហូវ៉ា​ក៏​ស្តាប់​តាម​អញ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ខ្ញាល់​នឹង​អើរ៉ុន​ជា​ខ្លាំង ដល់​ទៅ​ចង់​បំផ្លាញ​លោក​ដែរ តែ​អញ​បាន​សូម​អង្វរ​ឲ្យ​លោក នៅ​វេលា​នោះ​ឯង រួច​អញ​បាន​យក​រូប​កូន​គោ ដែល​ឯង​រាល់​គ្នា​បាន​ធ្វើ គឺ​ជា​អំពើ​បាប​របស់​ឯង​នោះ ទៅ​ដុត​នឹង​ភ្លើង រួច​ផែ ហើយ​កិន​កំទេច ទាល់​តែ​ម៉ដ្ត​ដូច​ធូលី​ទៅ ក៏​បាច‌សាច​ធូលី​នោះ ទៅ​ក្នុង​ជ្រោះ​ទឹក​ដែល​ហូរ​ចុះ​ពី​ភ្នំ​មក។ កាល​នៅ​ត្រង់​តាបេរ៉ា ត្រង់​ម៉ាសា ហើយ​ត្រង់​គីប្រុត-ហាតាវ៉ា នោះ​ឯង​រាល់​គ្នា​ក៏​បាន​បណ្តាល​ឲ្យ​ព្រះ‌យេហូវ៉ា​ក្រោធ​ទៀត ហើយ​កាល​ព្រះ‌យេហូវ៉ា​បាន​ចាត់​ឯង​ពី​កាដេស-បារនា ដោយ​មាន​បន្ទូល​ថា ចូរ​ឡើង​ទៅ​ចាប់​យក​ស្រុក​ដែល​អញ​បាន​ឲ្យ​ដល់​ឯង​ចុះ នោះ​ក៏​បាន​បះ‌បោរ នឹង​បង្គាប់​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ទៀត ឯង​រាល់​គ្នា​មិន​បាន​ជឿ ក៏​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់​សោះ គឺ​ចេះ​តែ​មាន​ចិត្ត​រឹង‌ចចេស​ចំពោះ​ព្រះ‌យេហូវ៉ា​ជានិច្ច តាំង​តែ​ពី​ថ្ងៃ​ដែល​អញ​ទើប​នឹង​ស្គាល់​ឯង​រាល់​គ្នា​មក។ យ៉ាង​នោះ អញ​បាន​ក្រាប​ចុះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​អស់​៤០​ថ្ងៃ​៤០​យប់ នោះ​ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​បំផ្លាញ​ឯង​រាល់​គ្នា ហើយ​អញ​ក៏​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ថា ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ‌អម្ចាស់​អើយ សូម​កុំ​បំផ្លាញ​បណ្តាជន​នេះ​ដ៏​ជា​មរដក​របស់​ទ្រង់ ដែល​ទ្រង់​បាន​លោះ​ដោយ​ឫទ្ធិ‌បារមី​ទ្រង់ ហើយ​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា​នោះ​ឡើយ សូម​ទ្រង់​នឹក​ចាំ​ពី​អ័ប្រា‌ហាំ អ៊ីសាក នឹង​យ៉ាកុប ជា​អ្នក​បំរើ​ទ្រង់​វិញ សូម​កុំ​ទត​ចំពោះ​សេចក្ដី​រឹង‌រូស​របស់​សាសន៍​នេះ ឬ​កិរិយា​អាក្រក់ ឬ​អំពើ​បាប​របស់​គេ​ឡើយ ក្រែង​មនុស្ស​នៅ​ស្រុក​ដែល​ទ្រង់​បាន​នាំ​យើង​រាល់​គ្នា​ចេញ​មក​នោះ គេ​ដំនៀល​ថា ដោយ​ព្រោះ​តែ​ព្រះ‌យេហូវ៉ា​ពុំ​អាច​នឹង​នាំ​គេ​ចូល​ទៅ​ក្នុង​ស្រុក ដែល​ទ្រង់​សន្យា​នឹង​ឲ្យ​ដល់​គេ​បាន ហើយ​ដោយ​ព្រោះ​ទ្រង់​ស្អប់​គេ​បាន​ជា​ទ្រង់​នាំ​គេ​ចេញ​ទៅ​សំឡាប់​នៅ​ទី​រហោ‌ស្ថាន​វិញ ប៉ុន្តែ គេ​ជា​រាស្ត្រ ហើយ​ជា​មរដក​របស់​ផង​ទ្រង់ ដែល​ទ្រង់​បាន​នាំ​ចេញ​មក ដោយ‌សារ​ព្រះ‌ចេស្តា​ដ៏​ធំ ហើយ​ដោយ​ព្រះ‌ពាហុ​លើក​សំរេច​ហើយ។

ចែក​រំលែក
អាន ទុតិយកថា 9