ចូរនឹកចាំ កុំឲ្យភ្លេចថា អ្នកបានបណ្ដាលឲ្យព្រះយេហូវ៉ាជាព្រះរបស់អ្នក មានសេចក្ដីក្រោធ នៅត្រង់ទីរហោស្ថាន ហើយចាប់តាំងពីថ្ងៃដែលអ្នកចេញពីស្រុកអេស៊ីព្ទ រហូតមកដល់ទីនេះ អ្នករាល់គ្នាចេះតែបះបោរនឹងព្រះយេហូវ៉ាជានិច្ច។ នៅត្រង់ភ្នំហោរែបក៏ដែរ អ្នករាល់គ្នាបានបណ្ដាលឲ្យព្រះយេហូវ៉ាមានសេចក្ដីក្រោធ ហើយព្រះយេហូវ៉ាខ្ញាល់នឹងអ្នករាល់គ្នាជាខ្លាំង រហូតដល់ចង់បំផ្លាញអ្នករាល់គ្នាទៀតផង។ ក្នុងគ្រាដែលខ្ញុំបានឡើងទៅលើភ្នំដើម្បីទទួលបន្ទះថ្ម ជាបន្ទះថ្មនៃសេចក្ដីសញ្ញាដែលព្រះយេហូវ៉ាបានតាំងជាមួយអ្នករាល់គ្នា នោះខ្ញុំបាននៅលើភ្នំអស់សែសិបថ្ងៃសែសិបយប់ ឥតមានបរិភោគអាហារ ឬផឹកទឹកសោះ។ ព្រះយេហូវ៉ាបានប្រទានបន្ទះថ្មទាំងពីរផ្ទាំងមកខ្ញុំ ដែលសរសេរដោយអង្គុលីរបស់ព្រះ ហើយនៅលើថ្មទាំងពីរនោះ មានអស់ទាំងព្រះបន្ទូល ដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់អ្នករាល់គ្នា នៅលើភ្នំពីក្នុងភ្លើង នាថ្ងៃជួបប្រជុំគ្នានោះ។ លុះដល់ផុតសែសិបថ្ងៃសែសិបយប់នោះហើយ ព្រះយេហូវ៉ាក៏ប្រទានបន្ទះថ្មទាំងពីរផ្ទាំងនោះមកខ្ញុំ គឺជាបន្ទះថ្មនៃសេចក្ដីសញ្ញា។ ពេលនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា "ចូរក្រោកឡើង ចុះពីនេះជាប្រញាប់ទៅ ដ្បិតប្រជាជនរបស់អ្នក ដែលអ្នកបាននាំចេញពីស្រុកអេស៊ីព្ទមក បានប្រព្រឹត្តយ៉ាងខូចអាក្រក់។ គេរហ័សនឹងបែរចេញពីផ្លូវដែលយើងបានបង្គាប់គេ គេបានសិតធ្វើរូបព្រះសម្រាប់គេហើយ"។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំទៀតថា "យើងបានរំពឹងមើលឃើញថា ប្រជាជននេះសុទ្ធតែជាមនុស្សមានចិត្តរឹងរូស។ ចូរទុកឲ្យយើង យើងនឹងបំផ្លាញពួកគេចេញ ហើយលុបឈ្មោះរបស់គេឲ្យបាត់ពីក្រោមមេឃ រួចយើងនឹងយកអ្នក បង្កើតឡើងជាសាសន៍មួយដ៏ខ្លាំងពូកែ ហើយមានគ្នាច្រើនជាងប្រជាជននេះ"។ ដូច្នេះ ខ្ញុំក៏វិលចុះពីភ្នំមកវិញ ក្នុងកាលដែលភ្នំមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។ ឯបន្ទះថ្មទាំងពីរនៃសេចក្ដីសញ្ញា នៅជាប់នឹងដៃខ្ញុំទាំងសងខាង។ ខ្ញុំក្រឡេកមើលទៅឃើញថា អ្នករាល់គ្នាបានធ្វើបាបទាស់នឹងព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ដោយបានសិតធ្វើរូបកូនគោមួយ។ អ្នករាល់គ្នាបានងាកចេញយ៉ាងរហ័សពីផ្លូវដែលព្រះយេហូវ៉ាបានបង្គាប់អ្នករាល់គ្នា។ ដូច្នេះ ខ្ញុំក៏ចាប់យកថ្មទាំងពីរផ្ទាំង ហើយគ្រវែងចេញពីដៃទាំងពីររបស់ខ្ញុំ បំបែកបន្ទះចោលនៅចំពោះមុខអ្នករាល់គ្នា។ បន្ទាប់មក ខ្ញុំក្រាបចុះនៅចំពោះព្រះយេហូវ៉ាដូចពីមុន អស់សែសិបថ្ងៃសែសិបយប់ ខ្ញុំមិនបរិភោគនំប៉័ង ឬផឹកទឹកឡើយ ព្រោះតែអំពើបាបទាំងប៉ុន្មានដែលអ្នករាល់គ្នាបានប្រព្រឹត្ត ដោយធ្វើការអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ជាការដែលបណ្ដាលឲ្យព្រះអង្គខ្ញាល់។ ដ្បិតខ្ញុំភ័យខ្លាចចំពោះសេចក្ដីខ្ញាល់ និងសេចក្ដីក្រេវក្រោធដែលព្រះយេហូវ៉ាអត់ទ្រាំនឹងអ្នករាល់គ្នា រហូតដល់ចង់បំផ្លាញអ្នករាល់គ្នា។ ប៉ុន្ដែ ព្រះយេហូវ៉ាទ្រង់ព្រះសណ្ដាប់ខ្ញុំនៅវេលានោះ។ ព្រះយេហូវ៉ាខ្ញាល់នឹងលោកអើរ៉ុនជាខ្លាំង រហូតដល់ចង់បំផ្លាញលោកទៀតផង តែនៅវេលានោះ ខ្ញុំក៏បានទូលអង្វរឲ្យលោកអើរ៉ុនដែរ។ ពេលនោះ ខ្ញុំបានយករូបកូនគោដែលអ្នករាល់គ្នាបានធ្វើ គឺជាអំពើបាបរបស់អ្នករាល់គ្នា ទៅដុតកម្ទេចនឹងភ្លើង ហើយកិនឲ្យម៉ដ្តដូចធូលី រួចបាចធូលីនោះទៅក្នុងជ្រោះទឹកដែលហូរចុះពីភ្នំ។ កាលនៅតាបេរ៉ា នៅម៉ាសា និងនៅគីប្រុត-ហាតាវ៉ា អ្នករាល់គ្នាក៏បានធ្វើឲ្យព្រះយេហូវ៉ាក្រោធដែរ។ កាលព្រះយេហូវ៉ាបានចាត់អ្នកពីកាដេស-បារនា ដោយព្រះបន្ទូលថា "ចូរឡើងទៅចាប់យកស្រុកដែលយើងបានប្រគល់ឲ្យអ្នករាល់គ្នាចុះ" នោះអ្នករាល់គ្នាបានបះបោរទាស់នឹងបញ្ជារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាទៀត ហើយមិនបានជឿ ក៏មិនបានស្តាប់តាមព្រះសូរសៀងរបស់ព្រះអង្គសោះ។ អ្នករាល់គ្នាចេះតែបះបោរទាស់នឹងព្រះយេហូវ៉ាជានិច្ច តាំងតែពីខ្ញុំ បានស្គាល់អ្នករាល់គ្នាមក។ ដូច្នេះ ខ្ញុំបានក្រាបចុះនៅចំពោះព្រះយេហូវ៉ា អស់សែសិបថ្ងៃសែសិបយប់នោះ ដោយព្រោះព្រះយេហូវ៉ាបានមានព្រះបន្ទូលថា ព្រះអង្គនឹងបំផ្លាញអ្នករាល់គ្នា ខ្ញុំក៏ទូលអង្វរដល់ព្រះយេហូវ៉ាថា "ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ សូមកុំបំផ្លាញប្រជារាស្ត្ររបស់ព្រះអង្គ និងមត៌ករបស់ព្រះអង្គឡើយ ដ្បិតព្រះអង្គបានលោះគេដោយតេជានុភាពរបស់ព្រះអង្គ ហើយបាននាំគេចេញពីស្រុកអេស៊ីព្ទមក ដោយព្រះហស្តដ៏ខ្លាំងពូកែ។ សូមនឹកចាំពីលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាអ្នកបម្រើរបស់ព្រះអង្គវិញ សូមកុំទតចំពោះសេចក្ដីរឹងរូសរបស់ប្រជាជននេះ ឬសេចក្ដីអាក្រក់ ឬអំពើបាបរបស់គេឡើយ ក្រែងមនុស្សនៅស្រុកដែលព្រះអង្គបាននាំយើងចេញមកនោះ និយាយថា "ដោយព្រោះតែព្រះយេហូវ៉ាពុំអាចនាំគេចូលទៅក្នុងស្រុកដែលព្រះអង្គបានសន្យានឹងគេ ហើយដោយព្រោះព្រះអង្គស្អប់គេ បានជាព្រះអង្គនាំគេចេញទៅសម្លាប់នៅទីរហោស្ថាន"។ ដ្បិតពួកគេជាប្រជារាស្ត្រ និងជាមត៌ករបស់ព្រះអង្គ ដែលព្រះអង្គបាននាំចេញមក ដោយសារព្រះចេស្តាដ៏ធំ និងដោយព្រះពាហុលើកសម្រេច"»។
អាន ចោទិយកថា 9
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ចោទិយកថា 9:7-29
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ