ដានីយ៉ែល 5:1-4
ដានីយ៉ែល 5:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះបាទបេលសាសារបានរៀបចំជប់លៀងមួយយ៉ាងធំ ជូនពួកសេនាបតីរបស់ស្ដេចចំនួនមួយពាន់នាក់ ហើយទ្រង់សោយស្រានៅមុខអ្នកទាំងមួយពាន់នោះ។ កាលព្រះបាទបេលសាសារកំពុងភ្លក់ស្រា ទ្រង់បញ្ជាឲ្យគេយកពែងមាស ពែងប្រាក់ ដែលព្រះបាទនេប៊ូក្នេសា ជាបិតា បានយកចេញពីព្រះវិហារនៅក្រុងយេរូសាឡិម ដើម្បីឲ្យស្តេច និងពួកសេនាបតី ព្រមទាំងពួកភរិយា ហើយពួកស្រីអ្នកម្នាងរបស់ស្ដេច បានផឹកពីពែងទាំងនោះ។ ពេលនោះ គេក៏យកពែងមាសដែលបានរឹបអូសយកពីព្រះវិហារ គឺពីព្រះដំណាក់របស់ព្រះនៅក្រុងយេរូសាឡិមមក ហើយស្តេច និងពួកសេនាបតីរបស់ស្ដេច ព្រមទាំងពួកភរិយា និងពួកស្ត្រីអ្នកម្នាងរបស់ស្ដេច ក៏ផឹកពីពែងទាំងនោះ។ គេនាំគ្នាផឹកស្រា ហើយសរសើរតម្កើងរូបព្រះដែលធ្វើពីមាស ប្រាក់ លង្ហិន ដែក ឈើ និងថ្ម។
ដានីយ៉ែល 5:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះចៅបេលសាសារបានចាត់ឲ្យគេរៀបពិធីជប់លៀងមួយយ៉ាងធំជូននាម៉ឺនមន្ត្រី ចំនួនមួយពាន់នាក់ ហើយទ្រង់បានសោយស្រាជាច្រើននៅមុខនាម៉ឺនមន្ត្រីទាំងនោះ។ ក្រោយពីក្រេបស្រារួចហើយ ព្រះចៅបេលសាសារបញ្ជាឲ្យគេយកពែងមាស និងពែងប្រាក់ដែលព្រះចៅនេប៊ូក្នេសា ជាបិតា បានរឹបអូសមកពីព្រះវិហារនៅក្រុងយេរូសាឡឹម។ ស្ដេចមានបំណងយកពែងទាំងនោះមកដាក់ស្រា សម្រាប់ទ្រង់ផ្ទាល់ សម្រាប់ពួកមហេសី សម្រាប់ពួកស្នំ ព្រមទាំងនាម៉ឺនមន្ត្រីរបស់ស្ដេច។ ពេលនោះ គេក៏យកពែងមាសដែលបានរឹបយកពីព្រះវិហារ គឺពីព្រះដំណាក់របស់ព្រះជាម្ចាស់នៅក្រុងយេរូសាឡឹម ហើយទាំងស្ដេច ទាំងនាម៉ឺនមន្ត្រី ទាំងពួកមហេសី និងស្រីស្នំ បានប្រើពែងទាំងនោះសម្រាប់សេពសុរា។ កាលសេពសុរារួចហើយ គេនាំគ្នាសរសើរតម្កើងរូបព្រះធ្វើពីមាស ប្រាក់ លង្ហិន ដែក ឈើ និងថ្ម។
ដានីយ៉ែល 5:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ស្តេចបេលសាសារ ទ្រង់ជប់លៀងយ៉ាងធំ ដល់ពួកសេនាបតីរបស់ទ្រង់១ពាន់នាក់ ហើយក៏សោយស្រាទំពាំងបាយជូរ នៅចំពោះអ្នកទាំង១ពាន់នាក់នោះ កាលបេលសាសារកំពុងតែភ្លក់ស្រាទំពាំងបាយជូរ នោះទ្រង់ក៏បង្គាប់ឲ្យគេយកពែងមាស ពែងប្រាក់ ដែលនេប៊ូក្នេសា ជាបិតាទ្រង់ បានប្រមូលយកពីព្រះវិហារ ដែលនៅក្រុងយេរូសាឡិមមក សំរាប់ឲ្យស្តេច នឹងពួកសេនាបតីរបស់ទ្រង់ ព្រមទាំងពួកភរិយា ហើយពួកស្រីអ្នកម្នាងរបស់គេទាំងអស់គ្នាបានផឹក ដូច្នេះ គេក៏យកពែងមាស ដែលបានប្រមូលយកពីទីបរិសុទ្ធក្នុងព្រះវិហារនៃព្រះ ដែលនៅក្រុងយេរូសាឡិមមកថ្វាយ រួចស្តេច នឹងពួកសេនាបតីរបស់ទ្រង់ ព្រមទាំងពួកភរិយា នឹងពួកស្រីអ្នកម្នាងទាំងប៉ុន្មានក៏ផឹកពីពែងទាំងនោះ គេបានផឹកស្រាបណ្តើរ ហើយសរសើរដល់អស់ទាំងព្រះបណ្តើរ ជាព្រះធ្វើពីមាស ប្រាក់ លង្ហិន ដែក ឈើ នឹងថ្ម។