ដានីយ៉ែល 3:26-28

ដានីយ៉ែល 3:26-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ព្រះ​បាទ​នេប៊ូ‌ក្នេសា​ក៏​ចូល​ទៅ​ជិត​មាត់​ទ្វារ​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​នោះ មាន​រាជ​ឱង្ការ​ថា៖ «សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ ជា​អ្នក​បម្រើ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ សូម​ចេញ​មក ហើយ​មក​ឯ​ណេះ!» ដូច្នេះ សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ ក៏​ចេញ​ពី​កណ្ដាល​ភ្លើង​មក។ ពួក​នាយក ពួក​ចៅ​ហ្វាយ ពួក​ទេសា​ភិបាល និង​ពួក​ទីប្រឹក្សា​របស់​ស្តេច បាន​មក​ជួប​ជុំ​គ្នា ហើយ​ឃើញ​ថា ភ្លើង​គ្មាន​អំណាច​អ្វី​លើ​ខ្លួន​របស់​អ្នក​ទាំង​នោះ​សោះ សក់​ក្បាល​របស់​គេ​ក៏​មិន​បាន​ទាំង​រួញ​ដែរ ឯ​ខោ​អាវ​រប​ស់​គេ​មិន​បាន​ឆេះ ក៏​មិន​មាន​ក្លិន​ឈ្ងៀម​នៅ​ជាប់​ខ្លួន​ផង។ ព្រះ​បាទ​នេប៊ូ‌ក្នេសា​មាន​រាជ‌ឱង្ការ​ថា៖ «សូម​ឲ្យ​ព្រះ​របស់​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ បាន​ប្រកប​ដោយ​ព្រះ‌ពរ ជា​ព្រះ​ដែល​បាន​ចាត់​ទេវតា​របស់​ព្រះ‌អង្គ ឲ្យ​មក​រំដោះ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដែល​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ។ គេ​មិន​បាន​ធ្វើ​តាម​បញ្ជា​របស់​ស្តេច​ទេ តែ​សុខ​ចិត្ត​ប្រថុយ​ខ្លួន ជា​ជាង​គោរព​បម្រើ ឬ​ថ្វាយ‌បង្គំ​ព្រះ​ណា​ផ្សេង ក្រៅ​ពី​ព្រះ​របស់​ខ្លួន​ឡើយ។

ចែក​រំលែក
អាន ដានីយ៉ែល 3

ដានីយ៉ែល 3:26-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះចៅ​នេប៊ូ‌ក្នេសា​ចូល​ទៅ​ជិត​ឡ​ភ្លើង មាន​រាជ‌ឱង្ការ​ថា៖ «លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ ជា​អ្នក​បម្រើ​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​អើយ ចូរ​នាំ​គ្នា​ចេញ​មក!»។ លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ​ក៏​នាំ​គ្នា​ចេញ​ពី​ក្នុង​ភ្លើង។ ពេល​នោះ ពួក​មេ‌ទ័ព មន្ត្រី​រដ្ឋ‌បាល ចៅហ្វាយ​ខេត្ត និង​ក្រុម​ប្រឹក្សា​ព្រះ‌មហា‌ក្សត្រ ក៏​រួម​ប្រជុំ​គ្នា ពួក​គេ​ឃើញ​ថា ភ្លើង​ពុំ​មាន​អំណាច​អ្វី​លើ​រូប​កាយ​របស់​បុរស​ទាំង​បី​សោះ សក់​ក្បាល​របស់​អ្នក​ទាំង​បី​ក៏​មិន​ឆេះ ហើយ​សូម្បី​តែ​សម្លៀក‌បំពាក់​របស់​គេ​ពុំ​ខូច​ខាត ឬ​ធុំ​ក្លិន​ឈ្ងៀម​ដែរ។ ព្រះចៅ​នេប៊ូ‌ក្នេសា​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ «សូម​សរសើរ​តម្កើង​ព្រះ​របស់​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ ដែល​បាន​ចាត់​ទេវតា*​ឲ្យ​មក​រំដោះ​អ្នក​បម្រើ​របស់​ព្រះអង្គ។ លោក​ទាំង​បី​បាន​ទុក​ចិត្ត​លើ​ព្រះអង្គ ហើយ​មិន​ព្រម​ធ្វើ​តាម​បញ្ជា​របស់​ស្ដេច​ទេ តែ​សុខ​ចិត្ត​បូជា​ជីវិត​ជា​ជាង​គោរព​បម្រើ និង​ថ្វាយ‌បង្គំ​ព្រះ​ផ្សេង​ក្រៅ​ពី​ព្រះ​របស់​ខ្លួន!

ចែក​រំលែក
អាន ដានីយ៉ែល 3

ដានីយ៉ែល 3:26-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​នេប៊ូ‌ក្នេសា​ក៏​ចូល​ទៅ​ជិត​មាត់​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធៅ​នោះ មាន​បន្ទូល​ថា ឱ​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ ជា​អ្នក​គោរព​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ សូម​ចេញ​មក ហើយ​មក​ឯ​ណេះ​ចុះ ដូច្នេះ សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ ក៏​ចេញ​ពី​កណ្តាល​ភ្លើង​មក រួច​ពួក​ចៅហ្វាយ​ខេត្ត ពួក​ភូឈួយ ពួក​ចៅហ្វាយ​ស្រុក នឹង​ពួក​ជំនិត​របស់​ស្តេច​ដែល​បាន​ប្រជុំ​គ្នា គេ​ក៏​ឃើញ​មនុស្ស​ទាំង​នោះ​ដែល​ភ្លើង​គ្មាន​អំណាច​លើ​ខ្លួន​គេ​សោះ សក់​ក្បាល​គេ​ក៏​មិន​បាន​ទាំង​រួញ​ដែរ ឯ​ខោ​អាវ​មិន​បាន​ឆេះ ក៏​ឥត​មាន​ក្លិន​ឈ្ងៀម​នៅ​ជាប់​លើ​គេ​ផង។ នេប៊ូ‌ក្នេសា ទ្រង់​មាន​បន្ទូល​ថា សូម​ឲ្យ​ព្រះ​នៃ​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ បាន​ប្រកប​ដោយ​ព្រះ‌ពរ ជា​ព្រះ​ដែល​ទ្រង់​បាន​ចាត់​ទេវតា​របស់​ទ្រង់ ឲ្យ​មក​ប្រោស​ពួក​បំរើ​ទ្រង់ ដែល​ទុក​ចិត្ត​ដល់​ទ្រង់ ឲ្យ​រួច គេ​បាន​រំលង​នឹង​បង្គាប់​នៃ​ស្តេច ព្រម​ទាំង​ប្រថុយ​ខ្លួន​គេ ដើម្បី​មិន​ឲ្យ​គោរព ឬ​ថ្វាយ‌បង្គំ​ដល់​ព្រះ​ឯ​ណា ក្រៅ​ពី​ព្រះ​របស់​ខ្លួន​ឡើយ

ចែក​រំលែក
អាន ដានីយ៉ែល 3