ដានីយ៉ែល 12:1-4

ដានីយ៉ែល 12:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​គ្រា​នោះ មីកែល ជា​មហា​ទេវតា ដែល​ថែ​រក្សា​ប្រជា‌ជន​របស់​លោក នឹង​ក្រោក​ឈរ​ឡើង ហើយ​នឹង​មាន​គ្រា​វេទនា​ជា​ខ្លាំង ដែល​ចាប់​តាំង​ពី​មាន​ជាតិ​សាសន៍​មួយ រហូត​មក​ដល់​ពេល​នោះ មិន​ដែល​កើត​មាន​ដូច្នេះ​ឡើយ។ ប៉ុន្ដែ នៅ​គ្រា​នោះ ប្រជា‌ជន​របស់​លោក​នឹង​ត្រូវ​រួច​ខ្លួន គឺ​អស់​អ្នក​ណា​ដែល​មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី។ មនុស្ស​ជា​ច្រើន ក្នុង​ចំណោម​អស់​អ្នក​ដែល​ដេក​លក់​នៅ​ក្នុង​ធូលី​ដី នឹង​ភ្ញាក់​ឡើង ខ្លះ​ភ្ញាក់​ខាងឯ​ជីវិត​អស់‌កល្ប​ជា‌និច្ច ហើយ​ខ្លះ​ទៀត​ភ្ញាក់​ខាងឯ​សេចក្ដី​អាម៉ាស់ ហើយ​អាប់​យស​អស់‌កល្ប​ជា‌និច្ច។ អស់​អ្នក​ដែល​មាន​ប្រាជ្ញា​នឹង​ភ្លឺ​ដូច​ពន្លឺ​នៅ​លើ​មេឃ ហើយ​អស់​អ្នក​ដែល​ទាញ​នាំ​មនុស្ស​ជា​ច្រើន ឲ្យ​វិល​មក​ឯ​សេចក្ដី​សុចរិត នឹង​ភ្លឺ​ដូច​ផ្កាយ​អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ។ ប៉ុន្ដែ ចំពោះ​លោក​វិញ ដានី‌យ៉ែល​អើយ សូម​លាក់​ពាក្យ​នេះ​ជា​សម្ងាត់ ហើយ​បិទ​ត្រា​លើ​សៀវ‌ភៅ​នេះ ទុក​រហូត​ដល់​គ្រា​ចុង​ក្រោយ​បំផុត។ មនុស្ស​ជា​ច្រើន​នឹង​ខំ​ស្វែង​យល់ ហើយ​សេចក្ដី​អាក្រក់ នឹង​ចម្រើន​ឡើង»។

ចែក​រំលែក
អាន ដានីយ៉ែល 12

ដានីយ៉ែល 12:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​គ្រា​ចុង​ក្រោយ មហា​ទេវតា​មីកែល ដែល​ជា​មេ​ដ៏​សំខាន់​របស់​ពពួក​ទេវតា ហើយ​ជា​អ្នក​ថែ‌រក្សា​ប្រជា‌ជន​របស់​លោក​នឹង​ក្រោក​ឈរ​ឡើង។ គ្រា​នោះ នឹង​មាន​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង គឺ​តាំង​ពី​ពេល​កើត​មាន​ប្រជា‌ជាតិ​រហូត​មក​ដល់​ថ្ងៃ​នេះ មនុស្ស​លោក​មិន​ដែល​រង​ទុក្ខ​លំបាក​ដូច្នេះ​ទេ។ ប៉ុន្តែ នៅ​គ្រា​នោះ ក្នុង​ចំណោម​ប្រជា‌ជន​របស់​លោក អស់​អ្នក​ដែល​មាន​ឈ្មោះ​កត់​ទុក​ក្នុង​ក្រាំង​ជីវិត​នឹង​ត្រូវ​រួច​ខ្លួន។ មាន​មនុស្ស​ជា​ច្រើន​ដែល​ស្ថិត​នៅ​ក្នុង​ផ្នូរ​នឹង​រស់​ឡើង​វិញ អ្នក​ខ្លះ​នឹង​ទទួល​ជីវិត​អស់‌កល្ប​ជានិច្ច អ្នក​ខ្លះ​ទៀត​នឹង​ត្រូវ​អាម៉ាស់​មុខ ព្រម​ទាំង​រង​ទុក្ខ​ទោស​អស់‌កល្ប​ជានិច្ច​ផង។ រីឯ​អស់​អ្នក​ដែល​មាន​ប្រាជ្ញា​វិញ នឹង​ភ្លឺ​ដូច​ផ្ទៃ​មេឃ ហើយ​អស់​អ្នក​ដែល​ជួយ​ណែ‌នាំ​មនុស្ស‌ម្នា​ជា​ច្រើន​ឲ្យ​ប្រព្រឹត្ត​អំពើ​សុចរិត គេ​នឹង​បាន​ភ្លឺ​ដូច​ផ្កាយ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ចំពោះ​លោក​វិញ លោក​ដានី‌យ៉ែល​អើយ សូម​លាក់​សេចក្ដី​ដែល​មាន​សរសេរ​ទុក​ក្នុង​សៀវភៅ​នេះ​ឲ្យ​ជិត រហូត​ដល់​ពេល​ចុង​ក្រោយ​បំផុត។ មនុស្ស​ជា​ច្រើន​នឹង​ស្វែង​យល់ ហើយ​ចំណេះ​របស់​គេ​នឹង​បាន​ចម្រើន​ឡើង»។

ចែក​រំលែក
អាន ដានីយ៉ែល 12

ដានីយ៉ែល 12:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​គ្រា​នោះ មីកែល ជា​មហា​ទេវតា​ដែល​ដំណាង​ពួក​កូន​ចៅ​របស់​សាសន៍​អ្នក លោក​នឹង​ឈរ​ឡើង ក៏​នឹង​មាន​គ្រា​វេទនា​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​ចាប់​តាំង​ពី​មាន​នគរ ដរាប​ដល់​វេលា​នោះ​ឯង នោះ​មិន​ដែល​កើត​មាន​យ៉ាង​ដូច្នោះ​ឡើយ ហើយ​នៅ​គ្រា​នោះ សាសន៍​អ្នក​នឹង​បាន​ប្រោស​ឲ្យ​រួច គឺ​អស់​អ្នក​ណា​ដែល​មាន​កត់​ទុក​ក្នុង​បញ្ជី ហើយ​ពួក​អ្នក​ដែល​ដេក​លក់​នៅ​ក្នុង​ធូលី​ដី នឹង​ភ្ញាក់​ឡើង​វិញ​ជា​ច្រើន គឺ​ខ្លះ​ឲ្យ​បាន​ជីវិត​រស់​នៅ​អស់‌កល្ប‌ជានិច្ច នឹង​ខ្លះ​ឲ្យ​បាន​សេចក្ដី​អាម៉ាស់​ខ្មាស ហើយ​ឲ្យ​បាន​ជា​ទី​ខ្ពើម‌ឆ្អើម នៅ​អស់‌កល្ប‌ជានិច្ច​វិញ ឯ​ពួក​អ្នក​ដែល​មាន​ប្រាជ្ញា គេ​នឹង​ភ្លឺ​ដូច​ជា​រស្មី​នៃ​ផ្ទៃ​មេឃ ហើយ​ពួក​អ្នក​ដែល​ទាញ​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វិល​មក​ឯ​សេចក្ដី​សុចរិត នោះ​នឹង​ភ្លឺ​ដូច​ជា​អស់​ទាំង​ផ្កាយ​នៅ​ជា​ដរាប​ត​ទៅ តែ​ចំណែក​អ្នក ឱ​ដានី‌យ៉ែល​អើយ ចូរ​បិទ​បាំង​ពាក្យ​ទាំង​នេះ ហើយ​បិទ​ត្រា​សៀវភៅ​នេះ​ទុក​ដរាប​ដល់​គ្រា​ចុង​បំផុត​ចុះ មនុស្ស​ជា​ច្រើន​នឹង​ខំ​រក​យល់ ហើយ​ចំណេះ​នឹង​បាន​ចំរើន​ឡើង។

ចែក​រំលែក
អាន ដានីយ៉ែល 12