ដានីយ៉ែល 1:1-7

ដានីយ៉ែល 1:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ឆ្នាំ​ទីបី​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យេហូ‌យ៉ាគីម ជា​ស្តេច​ស្រុក​យូដា ព្រះ‌បាទ​នេប៊ូ‌ក្នេសា ជា​ស្តេច​ស្រុក​បាប៊ីឡូន លើក​ទ័ព​មក​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡិម។ ព្រះ‌អម្ចាស់​បាន​ប្រគល់​ព្រះ‌បាទ​យេហូ‌យ៉ាគីម ជា​ស្តេច​ស្រុក​យូដា ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌បាទ​នេប៊ូ‌ក្នេសា ព្រម​ទាំង​ប្រដាប់​ប្រដា​មួយ​ចំនួន ដែល​នៅ​ក្នុង​ព្រះ​ដំណាក់​របស់​ព្រះ​ទៀត​ផង។ ស្ដេច​បាន​‌នាំ​ប្រដាប់​ប្រដា​ទាំង​នោះ​យក​ទៅ​ស្រុក​ស៊ីណើរ ហើយ​ដាក់​នៅ​ក្នុងព្រះ​ដំណាក់​នៃ​ព្រះ​របស់​ខ្លួន។ ពេល​នោះ ស្ដេច​បាន​បញ្ជា​អាស‌ផ្នាស ជាចៅ​ហ្វាយ​លើ​ពួក​មហា​តលិក​របស់​ទ្រង់ ឲ្យ​នាំ​អ្នក​ដែល​ជាប់​ពូជ​ពង្ស​ស្តេច និង​អ្នក​ដែល​មាន​ត្រកូល​អភិជន ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រា‌អែល​ខ្លះ​ចូល​មក គឺជា​យុវជន​ដែល​មាន​រូប​កាយ​ឥត​ខ្ចោះ មាន​រូប​សម្បត្តិ​ល្អ ហើយ​ប៉ិន​ប្រសប់​ខាង​ឯ​ប្រាជ្ញា​គ្រប់​យ៉ាង មាន​ចំណេះ​ដឹង​ជ្រៅ‌ជ្រះ មាន​គំនិត​វាង‌វៃ និង​អស់​ទាំង​អ្នក​ដែល​មាន​តម្រិះ អាច​បម្រើ​ក្នុង​ដំណាក់​របស់​ស្តេច​បាន ហើយ​ឲ្យ​បង្រៀន​អក្សរ​សាស្ត្រ និង​ភាសា​របស់​សាសន៍​ខាល់ដេ ដល់​អ្នក​ទាំង​នោះ។ ស្ដេច​តម្រូវ​ឲ្យ​មាន​ចំណែក​អាហារ​ហ្លួង ចែក​ដល់​ពួក‌គេ​រាល់​ថ្ងៃ ព្រម​ទាំង​ស្រា​ដែល​ស្ដេច​ធ្លាប់​សោយ​ទៀត​ផង។ អ្នក​ទាំង​នោះ​ត្រូវ​ទទួល​ការ​អប់​រំ​រយៈ​ពេល​បី​ឆ្នាំ លុះ​គ្រប់​ពេល​កំណត់​ហើយ គេ​ត្រូវ​ឈរ​នៅ​ចំពោះ​ស្តេច។ ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​ដានី‌យ៉ែល ហាណា‌នា មីសា‌អែល និង​អ័‌សារា មក​ពី​កុល‌សម្ព័ន្ធ​យូដា។ ចៅ‌ហ្វាយ​លើ​ពួក​មហា‌តលិក​បាន​ដាក់​ឈ្មោះ​អ្នក​ទាំង​នោះ​ដូច​តទៅ៖ លោក​ដាក់​ឈ្មោះ​ដានី‌យ៉ែល​ថា បេលថិ‌ស្សាសារ ដាក់​ឈ្មោះ​ហាណា‌នាថា សាដ្រាក់ ដាក់​ឈ្មោះ​មីសា‌អែលថា មែសាក់ ហើយ​ដាក់​ឈ្មោះ​អ័‌សារា​ថា អ័បេឌ-នេកោ។

ចែក​រំលែក
អាន ដានីយ៉ែល 1

ដានីយ៉ែល 1:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ព្រះ‌បាទ​យេហូ‌យ៉ាគីម ជា​ស្ដេច​ស្រុក​យូដា ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន លើក​ទ័ព​មក​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម។ ព្រះ‌អម្ចាស់​បាន​ប្រគល់​ព្រះ‌បាទ​យេហូ‌យ៉ាគីម​ជា​ស្ដេច​ស្រុក​យូដា ព្រម​ទាំង​ប្រដាប់‌ប្រដា​មួយ​ចំនួន​របស់​ព្រះ‌វិហារ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា។ ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​បាន​នាំ​ឈ្លើយ​សង្គ្រាម​ទៅ​ស្រុក​ស៊ី‌ណើរ ហើយ​យក​ប្រដាប់‌ប្រដា​ទាំង​នោះ​ទៅ​ទុក​ក្នុង​វិហារ​នៃ​ព្រះ​របស់​ខ្លួន។ ព្រះ‌មហា‌ក្សត្រ​បាន​បញ្ជា​ទៅ​លោក​អាស‌ផ្នាស ជា​នាយក​ក្រុម​មហា‌តលិក ឲ្យ​នាំ​យុវជន​ខ្លះ​ដែល​ជាប់​ព្រះ‌រាជ‌វង្ស​របស់​ស្ដេច​អ៊ីស្រា‌អែល ឬ​ជា​កូន​ចៅ​របស់​ពួក​អភិជន​មក។ យុវជន​ទាំង​នោះ​ត្រូវ​មាន​រូប​ឆោម​ល្អ​ឥត​ខ្ចោះ មាន​ប្រាជ្ញា​វាង‌វៃ ជា​មនុស្ស​ចេះ​ដឹង មាន​ចំណេះ​វិជ្ជា​ខ្ពង់‌ខ្ពស់ មាន​កម្លាំង​អាច​បម្រើ​ព្រះ‌មហា‌ក្សត្រ។ យុវជន​ទាំង​នោះ​ត្រូវ​ទទួល​ការ​អប់រំ​ផ្នែក​អក្សរ‌សាស្ត្រ និង​ភាសា​ខាល់ដេ​ថែម​ទៀត​ផង។ ព្រះ‌មហា‌ក្សត្រ​បញ្ជា​គេ​ឲ្យ​យក​ព្រះ‌ស្ងោយ និង​ស្រា​មួយ​ចំណែក​ទៅ​ឲ្យ​យុវជន​ទាំង​នោះ ជា​រៀង​រាល់​ថ្ងៃ ហើយ​បញ្ជា​ឲ្យ​ពួក​គេ​ទទួល​ការ​អប់រំ​អស់​រយៈ​ពេល​បី​ឆ្នាំ មុន​នឹង​ចូល​ទៅ​បម្រើ​ស្ដេច។ ក្នុង​ចំណោម​យុវជន​ទាំង​នោះ មាន​ខ្លះ​ជា​ជន‌ជាតិ​យូដា គឺ​ដានី‌យ៉ែល ហាណា‌នា មីសា‌អែល និង​អសា‌រា។ លោក​នាយក​ក្រុម​មហា‌តលិក​បាន​ដាក់​ឈ្មោះ​អ្នក​ទាំង​បួន​ដូច​ត​ទៅ: ដានី‌យ៉ែល​ហៅ​ថា​បេល‌ថិស្សា‌សារ ហាណា‌នា​ហៅ​ថា​សាដ្រាក់ មីសា‌អែល​ហៅ​ថា​មែសាក់ និង​អសា‌រា​ហៅ​ថា​អបេឌ-‌នេកោ។

ចែក​រំលែក
អាន ដានីយ៉ែល 1

ដានីយ៉ែល 1:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ឆ្នាំ​ទី​៣ ក្នុង​រាជ្យ​យេហូ‌យ៉ាគីម ជា​ស្តេច​យូដា នោះ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ទ្រង់​មក​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម នោះ​ព្រះ‌អម្ចាស់​ទ្រង់​ប្រគល់​យេហូ‌យ៉ាគីម ជា​ស្តេច​យូដាទៅ​ក្នុង​កណ្តាប់​ដៃ​នេប៊ូ‌ក្នេសា ព្រម​ទាំង​គ្រឿង​ប្រដាប់​១​ភាគ ដែល​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ​ផង ហើយ​ទ្រង់​ក៏​ដឹក‌នាំ​ទៅ​ឯ​ស្រុក​ស៊ីណើរ ដាក់​ក្នុង​វិហារ​របស់​ព្រះ​នៃ​ទ្រង់ គឺ​បាន​នាំ​យក​គ្រឿង​ប្រដាប់​ទាំង​នោះ​ទៅ​ក្នុង​ឃ្លាំង​របស់​ព្រះ​នៃ​ខ្លួន ស្តេច​ទ្រង់​មាន​បន្ទូល​បង្គាប់​ដល់​អាស‌ផ្នាស ជា​នាយ​លើ​ពួក​កំរៀវ​របស់​ទ្រង់ ឲ្យ​នាំ​ពូជ​ស្តេច នឹង​ពួក​មាន​ត្រកូល​ខ្ពស់ ក្នុង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចូល​មក គឺ​ជា​មនុស្ស​កំឡោះៗ​ដែល​ឥត​មាន​ខ្ចោះ​អ្វី​សោះ ជា​អ្នក​ដែល​មាន​រូប​រាង​ល្អ ហើយ​ចេះ​ស្ទាត់​ក្នុង​គ្រប់​ទាំង​ចំណេះ ឆាប់​យល់​ខាង​សេចក្ដី​ជ្រៅ‌ជ្រះ មាន​គំនិត​វាង‌វៃ នឹង​អស់​ទាំង​អ្នក​ដែល​មាន​ដំរិះ អាច​ធ្វើ​ការ‌ងារ​ក្នុង​ដំណាក់​ស្តេច​បាន ក៏​ប្រាប់​ឲ្យ​លោក​បង្រៀន​គេ​តាម​វិជ្ជា​នឹង​ភាសា​របស់​សាសន៍​ខាល់ដេ ស្តេច​ទ្រង់​ក៏​ដំរូវ​ឲ្យ​មាន​ចំណែក​អាហារ​ហ្លួង​ចែក​ដល់​គេ​ជា​រាល់​ថ្ងៃ ព្រម​ទាំង​ស្រា​ទំពាំង‌បាយ‌ជូរ​ដែល​ទ្រង់​ធ្លាប់​សោយ​ផង ហើយ​ឲ្យ​ចិញ្ចឹម​គេ​យ៉ាង​ដូច្នោះ​គ្រប់​៣​ឆ្នាំ ដើម្បី​កាល​ណា​សំរេច​ពេល​កំណត់​ហើយ នោះ​ឲ្យ​គេ​បាន​ធ្វើ​ការ‌ងារ​នៅ​ចំពោះ​ស្តេច រីឯ​ក្នុង​ពួក​អ្នក​ទាំង​ប៉ុន្មាន​នោះ មាន​ពួក​យូដា​ខ្លះ គឺ​មាន​ដានី‌យ៉ែល​១ ហាណានា​១ មីសា‌អែល​១ នឹង​អ័សារា​១ ឯ​ចៅហ្វាយ​លើ​ពួក​កំរៀវ លោក​ឲ្យ​មាន​ឈ្មោះ​ផ្សេង​វិញ គឺ​លោក​ឲ្យ​ដានី‌យ៉ែល​មាន​ឈ្មោះ​ថា បេល‌ថិស្សាសារ ឲ្យ​ហាណានា​មាន​ឈ្មោះ​ថា សាដ្រាក់ ឲ្យ​មីសា‌អែល​មាន​ឈ្មោះ​ថា មែសាក់ ហើយ​ក៏​ឲ្យ​អ័សារា​មាន​ឈ្មោះ​ថា អ័បេឌ-នេកោ។

ចែក​រំលែក
អាន ដានីយ៉ែល 1