កូឡូស 2:1-23
កូឡូស 2:1-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំតយុទ្ធខ្លាំងយ៉ាងណាសម្រាប់អ្នករាល់គ្នា សម្រាប់អស់អ្នកនៅក្រុងឡៅឌីសេ និងសម្រាប់អស់អ្នកដែលមិនបានឃើញមុខខ្ញុំខាងសាច់ឈាម។ ខ្ញុំចង់លើកទឹកចិត្តអ្នកទាំងនោះ ឲ្យបានរួបរួមគ្នាក្នុងសេចក្តីស្រឡាញ់ ហើយឲ្យគេមានការយល់ដឹងយ៉ាងជឿជាក់សព្វគ្រប់ទាំងអស់ ជាសម្បត្តិយ៉ាងបរិបូរ ដើម្បីឲ្យបានស្គាល់អាថ៌កំបាំងរបស់ព្រះ ពោលគឺព្រះគ្រីស្ទផ្ទាល់ ដែលគ្រប់ទាំងកំណប់នៃប្រាជ្ញា និងចំណេះដឹងលាក់ទុកក្នុងព្រះអង្គ។ ខ្ញុំនិយាយដូច្នេះ ដើម្បីកុំឲ្យអ្នកណាម្នាក់អាចមកបញ្ឆោតអ្នករាល់គ្នា ដោយពាក្យសម្ដីលួងលោមបានឡើយ។ ដ្បិតទោះបើខ្ញុំមិននៅជាមួយខាងរូបសាច់ ក៏ខ្ញុំនៅជាមួយខាងវិញ្ញាណដែរ ហើយខ្ញុំមានអំណរដោយឃើញសណ្តាប់ធ្នាប់របស់អ្នករាល់គ្នា និងសេចក្តីខ្ជាប់ខ្ជួននៃជំនឿរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទ។ ដូច្នេះ អ្នករាល់គ្នាបានទទួលព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់យ៉ាងណា ចូររស់នៅក្នុងព្រះអង្គយ៉ាងនោះតទៅទៀតចុះ ទាំងចាក់ឫស ហើយស្អាងឡើងក្នុងព្រះអង្គ ព្រមទាំងតាំងឡើងឲ្យបានរឹងមាំក្នុងជំនឿ ដូចបានបង្រៀនដល់អ្នករាល់គ្នា ដោយអរព្រះគុណកាន់តែច្រើនឡើង។ ចូរប្រយ័ត្ន ក្រែងមានអ្នកណាម្នាក់ចាប់អ្នករាល់គ្នាជារំពា ដោយប្រើទស្សនវិជ្ជា និងពាក្យបោកបញ្ឆោតឥតខ្លឹមសារ តាមទំនៀមទម្លាប់របស់មនុស្ស តាមវិញ្ញាណបថមសិក្សារបស់លោកីយ៍ គឺមិនតាមព្រះគ្រីស្ទទេ។ ដ្បិតគ្រប់ទាំងសេចក្តីពោរពេញរបស់ព្រះ សណ្ឋិតជារូបរាងនៅក្នុងព្រះគ្រីស្ទ ហើយអ្នករាល់គ្នាបានពេញលេញក្នុងព្រះអង្គ ដ្បិតព្រះអង្គជាសិរសាលើពួកគ្រប់គ្រង និងពួកមានអំណាចនានាទាំងអស់។ នៅក្នុងព្រះអង្គ អ្នករាល់គ្នាបានទទួលកាត់ស្បែក ដែលមិនមែនធ្វើដោយដៃមនុស្សទេ គឺជាការកាត់ស្បែកខាងព្រះគ្រីស្ទ ដោយដោះរូបកាយខាងសាច់ឈាមនេះចេញ។ ពេលអ្នករាល់គ្នាបានកប់ជាមួយព្រះអង្គនៅក្នុងពិធីជ្រមុជ នោះអ្នករាល់គ្នាក៏បានរស់ឡើងវិញជាមួយព្រះអង្គដែរ ដោយសារជំនឿលើព្រះចេស្ដារបស់ព្រះ ដែលបានប្រោសព្រះគ្រីស្ទឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ។ ឯអ្នករាល់គ្នាដែលបានស្លាប់ក្នុងអំពើរំលង និងក្នុងសណ្ឋានមិនកាត់ស្បែកខាងសាច់ឈាម នោះព្រះបានប្រោសអ្នករាល់គ្នាឲ្យរស់ជាមួយព្រះអង្គ ដោយបានអត់ទោសគ្រប់ទាំងអំពើរំលងរបស់យើង ទាំងលុបចោលសេចក្តីដែលកត់ទុកទាស់នឹងយើង ក្នុងបញ្ញត្តិដែលប្រឆាំងនឹងយើង ហើយព្រះអង្គបានលើកចោល ដោយបោះភ្ជាប់នៅនឹងឈើឆ្កាង។ ព្រះអង្គបានដកអំណាចពីពួកគ្រប់គ្រង និងពួកមានអំណាចចេញ ហើយបំបាក់មុខពួកវាជាសាធារណៈ ដោយមានជ័យជម្នះលើពួកវាដោយឈើឆ្កាង ។ ដូច្នេះ កុំឲ្យអ្នកណាម្នាក់និន្ទាអ្នករាល់គ្នា អំពីរឿងចំណីអាហារ ភេសជ្ជៈ ឬអំពីរឿងថ្ងៃបុណ្យ ថ្ងៃចូលខែ ឬថ្ងៃសប្ប័ទនោះឡើយ។ ការទាំងនេះគ្រាន់តែជាស្រមោលនៃអ្វីដែលត្រូវមកប៉ុណ្ណោះ តែអ្វីដែលពិតគឺព្រះគ្រីស្ទ។ មិនត្រូវឲ្យអ្នកណាមកបញ្ឆោតយករង្វាន់របស់អ្នករាល់គ្នាឡើយ គេធ្វើឫកជាដាក់ខ្លួន ហើយថ្វាយបង្គំពួកទេវតា ទាំងសៀតស៊កចូលទៅក្នុងនិមិត្តដែលខ្លួនមើលមិនឃើញ ហើយមានចិត្តប៉ោងឡើងដោយឥតហេតុ ដោយគំនិតខាងសាច់ឈាមរបស់គេ គេមិននៅជាប់នឹងព្រះអង្គដែលជាព្រះសិរសាទេ គឺដោយសារសិរសានោះហើយដែលព្រះកាយទាំងមូលបានផ្គត់ផ្គង់ ហើយបានតភ្ជាប់គ្នាដោយសារសន្លាក់ និងសរសៃ ទាំងចម្រើនឡើង ដោយសេចក្តីចម្រើនដែលមកពីព្រះ។ ប្រសិនបើអ្នករាល់គ្នាបានស្លាប់ជាមួយព្រះគ្រីស្ទ ខាងវិញ្ញាណបថមសិក្សារបស់លោកីយ៍នេះមែន ចុះហេតុអ្វីបានជាអ្នករាល់គ្នាធ្វើដូចជារស់នៅជាប់ក្នុងលោកីយ៍នៅឡើយដូច្នេះ? ហេតុអ្វីបានជាអ្នករាល់គ្នាចុះចូលនឹងបញ្ញត្តិទាំងឡាយ ដូចជាថា «កុំកាន់ កុំភ្លក់ កុំប៉ះពាល់» ដូច្នេះ? បញ្ញត្តិទាំងនោះជាអ្វីៗដែលវិនាសបាត់ទៅដោយការប្រើប្រាស់ ជាបទបញ្ជា និងសេចក្តីបង្រៀនរបស់មនុស្ស។ សេចក្តីទាំងនេះមើលទៅទំនងដូចជាមានប្រាជ្ញា ដោយបង្ខំខ្លួនឲ្យមានការគោរពថ្វាយបង្គំដោយស្ម័គ្រចិត្ត ការដាក់ខ្លួន និងការលត់ដំរូបកាយ តែគ្មានតម្លៃនឹងទប់ទល់សេចក្តីប៉ងប្រាថ្នារបស់សាច់ឈាមឡើយ។
កូឡូស 2:1-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំចង់ឲ្យបងប្អូនជ្រាបថា ខ្ញុំតយុទ្ធខ្លាំងក្លាយ៉ាងណា សម្រាប់បងប្អូន សម្រាប់អស់អ្នកនៅស្រុកឡៅឌីសេ និងអស់អ្នកដែលមិនធ្លាប់បានឃើញមុខខ្ញុំផ្ទាល់ គឺខ្ញុំចង់លើកទឹកចិត្តបងប្អូនទាំងនោះ ឲ្យរួបរួមគ្នាក្នុងសេចក្ដីស្រឡាញ់ ដើម្បីឲ្យគេមានប្រាជ្ញាវាងវៃបំផុត យល់សព្វគ្រប់ទាំងអស់ និងស្គាល់ច្បាស់នូវគម្រោងការដ៏លាក់កំបាំងរបស់ព្រះជាម្ចាស់ ពោលគឺព្រះគ្រិស្តផ្ទាល់ ដ្បិតព្រះតម្រិះ និងព្រះប្រាជ្ញាញាណដ៏ខ្ពង់ខ្ពស់របស់ព្រះជាម្ចាស់ សុទ្ធតែលាក់ទុកក្នុងអង្គព្រះគ្រិស្តហ្នឹងហើយ។ ខ្ញុំនិយាយដូច្នេះ ដើម្បីការពារកុំឲ្យនរណាម្នាក់អាចមកបញ្ឆោតបងប្អូន ដោយពាក្យសម្ដីដ៏ពីរោះៗនោះឡើយ។ ថ្វីដ្បិតតែរូបកាយខ្ញុំនៅឆ្ងាយពីបងប្អូន តែចិត្តខ្ញុំនៅជាប់ជាមួយបងប្អូន ហើយខ្ញុំក៏មានអំណរដោយឃើញបងប្អូនមានសណ្ដាប់ធ្នាប់ និងមានជំនឿមាំមួនលើព្រះគ្រិស្ត។ ដូច្នេះ បើបងប្អូនបានទទួលព្រះគ្រិស្តយេស៊ូទុកជាព្រះអម្ចាស់យ៉ាងណាហើយ ចូររស់នៅរួមជាមួយព្រះអង្គយ៉ាងនោះតទៅទៀតទៅ។ ចូរចាក់ឫស និងកសាងជីវិតលើព្រះអង្គ ចូររក្សាជំនឿឲ្យរឹងប៉ឹង ស្របតាមសេចក្ដីប្រៀនប្រដៅដែលបងប្អូនបានទទួល ហើយត្រូវអរព្រះគុណព្រះជាម្ចាស់ឲ្យច្រើនលើសលុប។ ចូរប្រុងប្រយ័ត្ន កុំឲ្យនរណាម្នាក់មកទាក់ទាញបងប្អូនបាន ដោយប្រើទស្សនវិជ្ជា ឬប្រើពាក្យបោកបញ្ឆោតឥតខ្លឹមសារ ស្របតាមសេចក្ដីប្រៀនប្រដៅរបស់មនុស្សតៗគ្នាមក និងស្របតាមអ្វីៗជាអរូបដែលមានឥទ្ធិពលលើលោកីយ៍ គឺមិនស្របតាមព្រះគ្រិស្តទេ ដ្បិតគ្រប់លក្ខណសម្បត្តិរបស់ព្រះជាម្ចាស់ស្ថិតនៅយ៉ាងពោរពេញក្នុងរូបកាយព្រះគ្រិស្ត។ រីឯបងប្អូនក៏បានពោរពេញដូច្នោះដែរ ដោយរួមក្នុងអង្គព្រះគ្រិស្ត ដែលជាម្ចាស់លើវត្ថុស័ក្ដិសិទ្ធិ និងលើអ្វីៗទាំងអស់ដែលមានអំណាច។ ក្នុងអង្គព្រះគ្រិស្ត បងប្អូនក៏បានទទួលពិធីកាត់ស្បែក*ដែរ តែមិនមែនដោយដៃមនុស្សទេ គឺបងប្អូនបានទទួលពិធីកាត់ស្បែកតាមរបៀបព្រះគ្រិស្ត ដោយដោះរូបកាយដែលជាប់និស្ស័យលោកីយ៍នេះចេញ។ ពេលបងប្អូនទទួលពិធីជ្រមុជទឹក* បងប្អូនត្រូវកប់ក្នុងផ្នូររួមជាមួយព្រះគ្រិស្ត ហើយដោយបងប្អូនរួមក្នុងអង្គព្រះគ្រិស្ត បងប្អូនក៏មានជីវិតរស់ឡើងវិញរួមជាមួយព្រះអង្គដែរ ព្រោះបងប្អូនមានជំនឿលើឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដែលបានប្រោសព្រះគ្រិស្តឲ្យមានព្រះជន្មរស់ឡើងវិញ។ ពីដើម បងប្អូនបានស្លាប់មកពីកំហុសរបស់បងប្អូន និងមកពីបងប្អូនពុំបានទទួលពិធីកាត់ស្បែកខាងរូបកាយ មែន តែឥឡូវនេះ ព្រះជាម្ចាស់បានប្រោសឲ្យបងប្អូនមានជីវិតរួមជាមួយព្រះគ្រិស្ត។ ព្រះអង្គបានលើកលែងទោសទាំងប៉ុន្មាន របស់យើង។ ព្រះអង្គបានលុបបញ្ជីដែលចោទប្រកាន់ ទាស់នឹងយើងតាមវិន័យនោះចោល។ ព្រះអង្គបានដកបញ្ជីនេះចេញ ដោយយកទៅបោះភ្ជាប់នឹងឈើឆ្កាង។ ព្រះអង្គបានដកឫទ្ធិចេញពីវត្ថុស័ក្ដិសិទ្ធិ និងពីអ្វីៗដែលមានអំណាច គឺព្រះអង្គបានបំបាក់មុខពួកវាជាសាធារណៈ ទាំងនាំវាទៅជាឈ្លើយ ក្នុងពេលហែក្បួនជ័យជម្នះរបស់ព្រះអង្គ។ ហេតុនេះ មិនត្រូវឲ្យនរណាម្នាក់ថ្កោលទោសបងប្អូនអំពីរឿងចំណីអាហារ ភេសជ្ជៈ ឬអំពីរឿងបុណ្យទាន បុណ្យចូលខែ និងថ្ងៃសប្ប័ទ*នោះឡើយ។ ការទាំងអស់នេះគ្រាន់តែជាស្រមោលនៃអ្វីៗដែលនឹងកើតមាននៅអនាគតកាលប៉ុណ្ណោះ រីឯអ្វីៗដែលពិតវិញ គឺព្រះគ្រិស្ត។ មិនត្រូវឲ្យនរណាម្នាក់មកបង្វែរបងប្អូនចេញពីរង្វាន់ដែលបងប្អូនត្រូវទទួល ដោយធ្វើឫកជាដាក់ខ្លួន ឬគោរពទេវតា*នោះឡើយ។ ជនបែបនេះតែងយកការនិមិត្តឃើញរបស់ខ្លួនមកធ្វើជាទីសំអាង ហើយគេអួតបំប៉ោងឥតបានការតាមគំនិតលោកីយ៍។ គេមិននៅជាប់ជាមួយព្រះគ្រិស្តជាព្រះសិរសាទេ គឺព្រះសិរសានេះហើយ ដែលផ្គត់ផ្គង់ឲ្យព្រះកាយទាំងមូលតភ្ជាប់គ្នាដោយសន្លាក់ឆ្អឹង និងសរសៃ ព្រមទាំងចម្រើនឡើង តាមតែព្រះជាម្ចាស់ប្រទានឲ្យ។ បងប្អូនបានស្លាប់រួមជាមួយព្រះគ្រិស្ត ហើយក៏រួចពីអ្វីៗជាអរូបដែលមានឥទ្ធិពលក្នុងលោកីយ៍ដែរ ចុះហេតុដូចម្ដេចបានជាបងប្អូននៅតែធ្វើតាមក្បួនតម្រាផ្សេងៗហាក់បីដូចជាបងប្អូននៅតែពឹងផ្អែកលើលោកីយ៍នេះទៀត? «កុំយក! កុំភ្លក់! កុំប៉ះពាល់!» បញ្ញត្តិទាំងនេះសុទ្ធតែជាបទបញ្ជា និងសេចក្ដីប្រៀនប្រដៅរបស់មនុស្សលោក ជាប់ទាក់ទងនឹងអ្វីៗដែលត្រូវរលួយ ដោយការប្រើប្រាស់។ សេចក្ដីក្នុងបញ្ញត្តិទាំងនេះទំនងដូចជាមានប្រាជ្ញា គឺឲ្យគោរពថ្វាយបង្គំដោយស្ម័គ្រចិត្ត ឲ្យដាក់ខ្លួន និងលត់ដំខ្លួនជាដើម តែតាមពិត គ្មានតម្លៃអ្វីសោះ បានត្រឹមតែបំពេញសេចក្ដីប៉ងប្រាថ្នារបស់និស្ស័យលោកីយ៍ប៉ុណ្ណោះ។
កូឡូស 2:1-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងពីដំណើរខ្ញុំ ដែលខំតយុទ្ធជាខ្លាំងទាំងម៉្លេះ ដោយយល់ដល់អ្នករាល់គ្នា នឹងពួកអ្នកនៅក្រុងឡៅឌីសេ ព្រមទាំងអស់អ្នកណា ដែលមិនបានឃើញមុខខ្ញុំខាងសាច់ឈាមផង ដើម្បីឲ្យគេមានចិត្តក្សាន្ត ដោយបានរួបរួមគ្នាមកក្នុងសេចក្ដីស្រឡាញ់ ហើយឲ្យបានអស់ទាំងផលប្រយោជន៍នៃប្រាជ្ញា ដែលជឿជាក់ផ្តាច់ ដើម្បីឲ្យបានស្គាល់សេចក្ដីអាថ៌កំបាំងនៃព្រះ គឺជាព្រះគ្រីស្ទ ដែលមានគ្រប់ទាំងផលថ្លៃវិសេសនៃប្រាជ្ញា នឹងសេចក្ដីចេះដឹងលាក់ទុកក្នុងទ្រង់ ហើយដែលខ្ញុំថាដូច្នេះ នោះគឺក្រែងលោមានអ្នកណាបញ្ឆោតអ្នករាល់គ្នាដោយពាក្យលលួង ដ្បិតទោះបើខ្ញុំមិននៅជាមួយខាងរូបសាច់ក៏ដោយ គង់តែនៅជាមួយខាងវិញ្ញាណដែរ ទាំងមានសេចក្ដីអំណរ ដោយឃើញសណ្តាប់ធ្នាប់របស់អ្នករាល់គ្នា នឹងសេចក្ដីខ្ជាប់ខ្ជួននៃសេចក្ដីជំនឿ ដែលអ្នករាល់គ្នាជឿដល់ព្រះគ្រីស្ទ ដូច្នេះ ដែលអ្នករាល់គ្នាបានទទួលព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់ បែបយ៉ាងណា នោះចូរដើរក្នុងទ្រង់តាមបែបយ៉ាងនោះចុះ ដោយបានចាក់ឫស ហើយស្អាងឡើងក្នុងទ្រង់ ទាំងតាំងនៅខ្ជាប់ខ្ជួនក្នុងសេចក្ដីជំនឿ ដូចជាបានបង្រៀនដល់អ្នករាល់គ្នាហើយ ព្រមទាំងអរព្រះគុណកាន់តែច្រើនឡើងផង។ ចូរប្រយ័ត ក្រែងមានអ្នកណាចាប់អ្នករាល់គ្នាធ្វើជារំពា ដោយពាក្យបរមត្ថ នឹងពាក្យបញ្ឆោតជាអសារឥតការ តាមសណ្តាប់បុរាណរបស់មនុស្ស តាមបថមសិក្សានៅនាលោកីយ គឺមិនមែនតាមព្រះគ្រីស្ទទេ ដ្បិតមានគ្រប់ទាំងសេចក្ដីពោរពេញរបស់ព្រះ សណ្ឋិតនៅក្នុងទ្រង់ទាំងមានរូបអង្គផង ហើយអ្នករាល់គ្នាក៏ពេញលេញក្នុងទ្រង់ ដែលទ្រង់ជាសិរសាលើអស់ទាំងពួកគ្រប់គ្រង នឹងអំណាចទាំងប៉ុន្មាន អ្នករាល់គ្នាបានទទួលកាត់ស្បែកម្យ៉ាងក្នុងទ្រង់ ដែលមិនបានធ្វើដោយដៃមនុស្សទេ គឺជាការដោះរូបកាយខាងសាច់ឈាមចេញ ដោយទទួលការកាត់ស្បែករបស់ព្រះគ្រីស្ទវិញ ហើយអ្នករាល់គ្នាបានកប់ជាមួយនឹងទ្រង់ក្នុងបុណ្យជ្រមុជ ក៏បានរស់ឡើងវិញជាមួយនឹងទ្រង់ ដោយសារសេចក្ដីជំនឿជឿដល់ឫទ្ធិបារមីនៃព្រះ ដែលទ្រង់បានប្រោសឲ្យព្រះយេស៊ូវរស់ពីស្លាប់ឡើងវិញ ឯអ្នករាល់គ្នាដែលបានស្លាប់ក្នុងការរំលង ហើយក្នុងសណ្ឋានមិនកាត់ស្បែកខាងសាច់ឈាម នោះទ្រង់បានប្រោសឲ្យរស់ជាមួយនឹងទ្រង់ ដោយបានអត់ទោសចំពោះអស់ទាំងការរំលងរបស់អ្នករាល់គ្នា ទាំងលុបចោលសេចក្ដីដែលកត់ទុកទាស់នឹងយើងក្នុងសេចក្ដីបញ្ញត្ត ដែលប្រទាំងនឹងយើង ហើយទ្រង់ក៏លើកចោល ដោយបោះភ្ជាប់នៅឈើឆ្កាង ទ្រង់បានទាំងទំលាក់ងារពីពួកគ្រប់គ្រង នឹងពួកមានអំណាច ទាំងដាក់ពួកទាំងនោះនៅកណ្តាលជំនុំឲ្យគេមើល ហើយដឹកនាំគេទៅ ដោយមានជ័យជំនះ ដោយសារឈើឆ្កាងនោះឯង។ ដូច្នេះ កុំទុកឲ្យអ្នកណានិន្ទាអ្នករាល់គ្នា ពីរឿងចំណីអាហារ ឬគ្រឿងផឹក ឬពីរឿងថ្ងៃបុណ្យ ថ្ងៃចូលខែ ឬថ្ងៃឈប់សំរាកឡើយ សេចក្ដីទាំងនេះជាស្រមោលនៃការដែលត្រូវមក តែតួរូបអង្គនោះ គឺជាព្រះគ្រីស្ទ កុំឲ្យអ្នកណាបញ្ឆោតយករង្វាន់របស់អ្នករាល់គ្នា តាមតែចិត្តឡើយ ដោយគេប្រព្រឹត្តបែបសុភាព ទាំងថ្វាយបង្គំពួកទេវតា ទាំងសៀតស៊កចូលទៅក្នុងការ ដែលខ្លួនមើលមិនឃើញ ហើយមានចិត្តប៉ោងឡើង ដោយគំនិតខាងសាច់ឈាមគេនោះ គេមិនកាន់ជាប់តាមសិរសាទេ ដែលដោយសារសិរសានោះ រូបកាយទាំងមូលបានមានកំឡាំង ហើយជាប់គ្នា ដោយសារសន្លាក់ នឹងសរសៃទាំងប៉ុន្មាន ឲ្យបានចំរើនឡើង ដោយសេចក្ដីចំរើនរបស់ព្រះ។ ដូច្នេះ បើសិនជាអ្នករាល់គ្នាបានស្លាប់ទៅ ជាមួយនឹងព្រះគ្រីស្ទ ខាងឯបថមសិក្សារបស់លោកីយនេះមែន នោះតើហេតុអ្វីបានជាអ្នករាល់គ្នា ធ្វើដូចជារស់នៅជាប់ក្នុងលោកីយនៅឡើយ ដោយចុះចូលនឹងសេចក្ដីបញ្ញត្តទាំងប៉ុន្មានវិញ ដូចជាថា កុំឲ្យកាន់ កុំឲ្យភ្លក់ កុំឲ្យពាល់ឲ្យសោះ គឺតាមសេចក្ដីហាមប្រាម នឹងសេចក្ដីបង្រៀនរបស់មនុស្ស ដែលសេចក្ដីទាំងនោះតែងតែវិនាសបាត់ទៅដោយការប្រើប្រាស់ ជាសេចក្ដីដែលមើលទៅដូចជាមានទំនងមែន ដោយមានការថ្វាយបង្គំស្ម័គ្រពីចិត្ត ហើយមានសេចក្ដីសុភាព ឥតប្រណីរូបសាច់ តែគ្មានប្រយោជន៍នឹងទប់ទល់សេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាមឡើយ។