ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំតយុទ្ធខ្លាំងយ៉ាងណាសម្រាប់អ្នករាល់គ្នា សម្រាប់អស់អ្នកនៅក្រុងឡៅឌីសេ និងសម្រាប់អស់អ្នកដែលមិនបានឃើញមុខខ្ញុំខាងសាច់ឈាម។ ខ្ញុំចង់លើកទឹកចិត្តអ្នកទាំងនោះ ឲ្យបានរួបរួមគ្នាក្នុងសេចក្តីស្រឡាញ់ ហើយឲ្យគេមានការយល់ដឹងយ៉ាងជឿជាក់សព្វគ្រប់ទាំងអស់ ជាសម្បត្តិយ៉ាងបរិបូរ ដើម្បីឲ្យបានស្គាល់អាថ៌កំបាំងរបស់ព្រះ ពោលគឺព្រះគ្រីស្ទផ្ទាល់ ដែលគ្រប់ទាំងកំណប់នៃប្រាជ្ញា និងចំណេះដឹងលាក់ទុកក្នុងព្រះអង្គ។ ខ្ញុំនិយាយដូច្នេះ ដើម្បីកុំឲ្យអ្នកណាម្នាក់អាចមកបញ្ឆោតអ្នករាល់គ្នា ដោយពាក្យសម្ដីលួងលោមបានឡើយ។ ដ្បិតទោះបើខ្ញុំមិននៅជាមួយខាងរូបសាច់ ក៏ខ្ញុំនៅជាមួយខាងវិញ្ញាណដែរ ហើយខ្ញុំមានអំណរដោយឃើញសណ្តាប់ធ្នាប់របស់អ្នករាល់គ្នា និងសេចក្តីខ្ជាប់ខ្ជួននៃជំនឿរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទ។ ដូច្នេះ អ្នករាល់គ្នាបានទទួលព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់យ៉ាងណា ចូររស់នៅក្នុងព្រះអង្គយ៉ាងនោះតទៅទៀតចុះ ទាំងចាក់ឫស ហើយស្អាងឡើងក្នុងព្រះអង្គ ព្រមទាំងតាំងឡើងឲ្យបានរឹងមាំក្នុងជំនឿ ដូចបានបង្រៀនដល់អ្នករាល់គ្នា ដោយអរព្រះគុណកាន់តែច្រើនឡើង។ ចូរប្រយ័ត្ន ក្រែងមានអ្នកណាម្នាក់ចាប់អ្នករាល់គ្នាជារំពា ដោយប្រើទស្សនវិជ្ជា និងពាក្យបោកបញ្ឆោតឥតខ្លឹមសារ តាមទំនៀមទម្លាប់របស់មនុស្ស តាមវិញ្ញាណបថមសិក្សារបស់លោកីយ៍ គឺមិនតាមព្រះគ្រីស្ទទេ។ ដ្បិតគ្រប់ទាំងសេចក្តីពោរពេញរបស់ព្រះ សណ្ឋិតជារូបរាងនៅក្នុងព្រះគ្រីស្ទ ហើយអ្នករាល់គ្នាបានពេញលេញក្នុងព្រះអង្គ ដ្បិតព្រះអង្គជាសិរសាលើពួកគ្រប់គ្រង និងពួកមានអំណាចនានាទាំងអស់។ នៅក្នុងព្រះអង្គ អ្នករាល់គ្នាបានទទួលកាត់ស្បែក ដែលមិនមែនធ្វើដោយដៃមនុស្សទេ គឺជាការកាត់ស្បែកខាងព្រះគ្រីស្ទ ដោយដោះរូបកាយខាងសាច់ឈាមនេះចេញ។ ពេលអ្នករាល់គ្នាបានកប់ជាមួយព្រះអង្គនៅក្នុងពិធីជ្រមុជ នោះអ្នករាល់គ្នាក៏បានរស់ឡើងវិញជាមួយព្រះអង្គដែរ ដោយសារជំនឿលើព្រះចេស្ដារបស់ព្រះ ដែលបានប្រោសព្រះគ្រីស្ទឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ។ ឯអ្នករាល់គ្នាដែលបានស្លាប់ក្នុងអំពើរំលង និងក្នុងសណ្ឋានមិនកាត់ស្បែកខាងសាច់ឈាម នោះព្រះបានប្រោសអ្នករាល់គ្នាឲ្យរស់ជាមួយព្រះអង្គ ដោយបានអត់ទោសគ្រប់ទាំងអំពើរំលងរបស់យើង ទាំងលុបចោលសេចក្តីដែលកត់ទុកទាស់នឹងយើង ក្នុងបញ្ញត្តិដែលប្រឆាំងនឹងយើង ហើយព្រះអង្គបានលើកចោល ដោយបោះភ្ជាប់នៅនឹងឈើឆ្កាង។ ព្រះអង្គបានដកអំណាចពីពួកគ្រប់គ្រង និងពួកមានអំណាចចេញ ហើយបំបាក់មុខពួកវាជាសាធារណៈ ដោយមានជ័យជម្នះលើពួកវាដោយឈើឆ្កាង ។ ដូច្នេះ កុំឲ្យអ្នកណាម្នាក់និន្ទាអ្នករាល់គ្នា អំពីរឿងចំណីអាហារ ភេសជ្ជៈ ឬអំពីរឿងថ្ងៃបុណ្យ ថ្ងៃចូលខែ ឬថ្ងៃសប្ប័ទនោះឡើយ។ ការទាំងនេះគ្រាន់តែជាស្រមោលនៃអ្វីដែលត្រូវមកប៉ុណ្ណោះ តែអ្វីដែលពិតគឺព្រះគ្រីស្ទ។ មិនត្រូវឲ្យអ្នកណាមកបញ្ឆោតយករង្វាន់របស់អ្នករាល់គ្នាឡើយ គេធ្វើឫកជាដាក់ខ្លួន ហើយថ្វាយបង្គំពួកទេវតា ទាំងសៀតស៊កចូលទៅក្នុងនិមិត្តដែលខ្លួនមើលមិនឃើញ ហើយមានចិត្តប៉ោងឡើងដោយឥតហេតុ ដោយគំនិតខាងសាច់ឈាមរបស់គេ គេមិននៅជាប់នឹងព្រះអង្គដែលជាព្រះសិរសាទេ គឺដោយសារសិរសានោះហើយដែលព្រះកាយទាំងមូលបានផ្គត់ផ្គង់ ហើយបានតភ្ជាប់គ្នាដោយសារសន្លាក់ និងសរសៃ ទាំងចម្រើនឡើង ដោយសេចក្តីចម្រើនដែលមកពីព្រះ។ ប្រសិនបើអ្នករាល់គ្នាបានស្លាប់ជាមួយព្រះគ្រីស្ទ ខាងវិញ្ញាណបថមសិក្សារបស់លោកីយ៍នេះមែន ចុះហេតុអ្វីបានជាអ្នករាល់គ្នាធ្វើដូចជារស់នៅជាប់ក្នុងលោកីយ៍នៅឡើយដូច្នេះ? ហេតុអ្វីបានជាអ្នករាល់គ្នាចុះចូលនឹងបញ្ញត្តិទាំងឡាយ ដូចជាថា «កុំកាន់ កុំភ្លក់ កុំប៉ះពាល់» ដូច្នេះ? បញ្ញត្តិទាំងនោះជាអ្វីៗដែលវិនាសបាត់ទៅដោយការប្រើប្រាស់ ជាបទបញ្ជា និងសេចក្តីបង្រៀនរបស់មនុស្ស។ សេចក្តីទាំងនេះមើលទៅទំនងដូចជាមានប្រាជ្ញា ដោយបង្ខំខ្លួនឲ្យមានការគោរពថ្វាយបង្គំដោយស្ម័គ្រចិត្ត ការដាក់ខ្លួន និងការលត់ដំរូបកាយ តែគ្មានតម្លៃនឹងទប់ទល់សេចក្តីប៉ងប្រាថ្នារបស់សាច់ឈាមឡើយ។
អាន កូឡុស 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កូឡុស 2:1-23
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ