កិច្ចការ 9:3-7
កិច្ចការ 9:3-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលគាត់កំពុងធ្វើដំណើរតាមផ្លូវ ទៅជិតដល់ក្រុងដាម៉ាស ស្រាប់តែមានពន្លឺពីលើមេឃ ចាំងមកជុំវិញគាត់។ គាត់ក៏ដួលទៅដី ហើយឮសំឡេងមួយពោលមកគាត់ថា៖ «សុលអើយសុល! ហេតុអ្វីបានជាអ្នកបៀតបៀនខ្ញុំ?» គាត់តបវិញថា៖ «ព្រះអម្ចាស់អើយ! តើព្រះអង្គជានរណា?» ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំនេះជាយេស៊ូវ ដែលអ្នកបៀតបៀន ចូរក្រោកឡើង ហើយចូលទៅក្នុងទីក្រុងទៅ នៅទីនោះនឹងមានគេប្រាប់អ្នកពីកិច្ចការដែលអ្នកត្រូវធ្វើ»។ ពួកអ្នកដែលដើរជាមួយគាត់ គេឈរស្ងៀមឥតនិយាយអ្វីឡើយ ព្រោះគេឮសំឡេង តែមិនឃើញមានអ្នកណាសោះ។
កិច្ចការ 9:3-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលគាត់ធ្វើដំណើរទៅជិតដល់ក្រុងដាម៉ាសហើយ ស្រាប់តែមានពន្លឺមួយចាំងពីផ្ទៃមេឃមកជុំវិញគាត់។ គាត់ក៏ដួល ហើយឮសូរសំឡេងមួយពោលមកគាត់ថា៖ «សូលអើយ សូល! ហេតុដូចម្ដេចបានជាអ្នកបៀតបៀនខ្ញុំ?»។ លោកសូលសួរវិញថា៖ «លោកម្ចាស់អើយ! តើលោកជានរណា?»។ សំឡេងនោះក៏ឆ្លើយឡើងថា៖ «ខ្ញុំជាយេស៊ូដែលអ្នកកំពុងតែបៀតបៀន។ ចូរក្រោកឡើង ហើយចូលទៅក្នុងទីក្រុង នៅទីនោះនឹងមានគេប្រាប់អ្នកថាត្រូវធ្វើអ្វីខ្លះ»។ រីឯអស់អ្នកដែលធ្វើដំណើរជាមួយលោកសូលនាំគ្នាឈប់ គេនៅស្ងៀម រកនិយាយអ្វីមិនកើត ព្រោះគេបានឮសំឡេង តែពុំឃើញមាននរណាឡើយ។
កិច្ចការ 9:3-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប៉ុន្តែ កំពុងដែលគាត់ដើរតាមផ្លូវ ទៅជិតនឹងដល់ក្រុងដាម៉ាសហើយ នោះស្រាប់តែមានពន្លឺពីលើមេឃ ភ្លឺមកនៅជុំវិញខ្លួន គាត់ក៏ដួលដល់ដី រួចឮសំឡេងមានបន្ទូលមកថា សុល នែសុល ហេតុអ្វីបានជាអ្នកបៀតបៀនដល់ខ្ញុំដូច្នេះ គាត់ទូលឆ្លើយថា ឱព្រះអម្ចាស់អើយ ព្រះអង្គណានុ៎ះ រួចព្រះអម្ចាស់ទ្រង់តបថា ខ្ញុំនេះជាព្រះយេស៊ូវ ដែលអ្នកបៀតបៀន អ្នកធាក់ជល់នឹងជន្លួញដូច្នេះ នោះពិបាកដល់អ្នកណាស់ នោះគាត់ក៏ញាប់ញ័រ ទាំងអស្ចារ្យក្នុងចិត្ត ហើយទូលថា ព្រះអម្ចាស់អើយ តើទ្រង់សព្វព្រះហឫទ័យឲ្យទូលបង្គំធ្វើដូចម្តេច ព្រះអម្ចាស់មានបន្ទូលថា ចូរក្រោកឡើងចូលទៅក្នុងទីក្រុងទៅ នោះគេនឹងប្រាប់អ្នក ឲ្យដឹងពីការដែលអ្នកត្រូវធ្វើ ឯពួកអ្នកដែលដើរជាមួយនឹងគាត់ គេក៏ឈរស្រឡាំងកាំងនៅ ដោយបានឮសំឡេងមែន តែមិនឃើញអ្នកណាសោះ