កិច្ចការ 6:1-7

កិច្ចការ 6:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​គ្រា​នោះ កាល​ពួក​សិស្ស​មាន​ចំនួនកើន​ឡើង នោះ​ពួក​ហេលេន ចាប់​តាំង​រអ៊ូ‌រទាំ​ទាស់​នឹង​ពួក​ហេព្រើរ ព្រោះ​គេ​ធ្វេស​ក្នុង​ការ​ចែក​ចាយ​អាហារ​ប្រចាំ​ថ្ងៃ ដល់​ពួក​ស្ត្រី​មេម៉ាយ​របស់​ខ្លួន។ សាវក​ទាំង​ដប់​ពីរ​រូប​ក៏​ហៅ​សិស្ស​ទាំង​អស់​មក ហើយ​មាន​ប្រសាសន៍​ថា៖ «មិន​គួរ​ឲ្យ​យើង​ខ្ញុំ​ទុក​ចោល​ការ​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ ទៅ​បម្រើ​តុ​ឡើយ។ ដូច្នេះ បង‌ប្អូន​អើយ ចូរ​រើស​ប្រាំពី​រនាក់​ពី​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ជា​អ្នក​មាន​ឈ្មោះ​ល្អ ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ និង​ប្រាជ្ញា នោះ​យើង​ខ្ញុំ​នឹង​តាំង​គេឲ្យ​បំពេញ​ការ‌ងារ​នេះ។ ឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​នឹង​ខំ​ព្យាយាម​ក្នុងការ​អធិស្ឋាន និង​ការបម្រើ​ព្រះ‌បន្ទូល​វិញ»។ ក្រុម​ជំនុំទាំង​មូល​ពេញ​ចិត្ត​នឹង​សេចក្ដី​ដែល​ពួកសាវក​មាន​ប្រសាសន៍ ហើយ​គេ​ក៏​រើស​យក​ស្ទេផាន ជា​មនុស្ស​ពេញ​ដោយ​ជំនឿ និង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ព្រម​ទាំង​ភីលីព ប្រូខូ‌រ៉ុស នីកា‌ន័រ ទីម៉ូន ប៉ាមេ‌ណា និង​នីកូ‌ឡាស ជា​អ្នក​ស្រុក​អាន់‌ទីយ៉ូក ដែល​ចូល​សាសន៍។ គេ​នាំ​អ្នក​ទាំង​នេះ​មក​ឈរ​នៅ​មុខ​ពួក​សាវក ហើយ​ពួក​សាវក​ក៏​អធិស្ឋាន ហើយ​ដាក់​ដៃ​លើ​គេ។ ព្រះ‌បន្ទូល​របស់​ព្រះ​ក៏​កាន់​តែ​ចម្រើន​ឡើង ហើយ​ចំនួន​ពួក​សិស្សកើន​ឡើងយ៉ាង​ច្រើន​នៅ​ក្រុង​យេរូ‌សាឡិម ឯ​ពួក​សង្ឃ​យ៉ាង​ច្រើន​លើស​លុប​ក៏​បាន​ប្រតិបត្តិ​តាម​ជំនឿ​ដែរ។

ចែក​រំលែក
អាន កិច្ចការ 6

កិច្ចការ 6:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​គ្រា​នោះ ចំនួន​សិស្ស​ចេះ​តែ​កើន​ឡើង​ជា​លំដាប់។ ជន‌ជាតិ​យូដា​ដែល​និយាយ​ភាសា​ក្រិក នាំ​គ្នា​រអ៊ូ‌រទាំ​ទាស់​នឹង​ជន‌ជាតិ​យូដា​ដែល​និយាយ​ភាសា​ហេប្រឺ​ថា នៅ​ពេល​ចែក​ម្ហូប​អាហារ​ប្រចាំ​ថ្ងៃ ពួក​ហេប្រឺ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​នឹង​ស្ត្រី​មេម៉ាយ​ខាង​ពួក​ខ្លួន​ទេ។ សាវ័ក*​ទាំង​ដប់‌ពីរ​រូប​ក៏​កោះ​ហៅ​ពួក​សិស្ស​ទាំង​អស់​មក ហើយ​មាន​ប្រសាសន៍​ថា៖ «មិន​គួរ​ឲ្យ​យើង​ខ្ញុំ​ចោល​ការ​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ទៅ​បម្រើ​តុ​ឡើយ។ ហេតុ​នេះ បងប្អូន​អើយ សូម​នាំ​គ្នា​ជ្រើស​រើស​យក​បុរស​ប្រាំ‌ពីរ​រូប ក្នុង​ចំណោម​បងប្អូន ដែល​ជា​អ្នក​មាន​កេរ្តិ៍‌ឈ្មោះ​ល្អ ហើយ​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ និង​ប្រាជ្ញា​ឈ្លាស​វៃ។ យើង​ខ្ញុំ​នឹង​តែង‌តាំង​គេ​ឲ្យ​បំពេញ​មុខងារ​នេះ។ រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​នឹង​គិត​តែ​ពី​អធិស្ឋាន និង​បម្រើ​ព្រះ‌បន្ទូល»។ ពួក​សិស្ស​ទាំង​ប៉ុន្មាន​ពេញ​ចិត្ត​នឹង​សេចក្ដី​ស្នើ​នេះ​ណាស់ គេ​ក៏​ជ្រើស​យក​លោក​ស្ទេផាន ដែល​ពោរ‌ពេញ​ដោយ​ជំនឿ និង​ដោយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* លោក​ភីលីព លោក​ប្រូខូ‌រ៉ុស លោក​នីកា‌ន័រ លោក​ទីម៉ូន លោក​ប៉ាមេ‌ណា និង​លោក​នីកូ‌ឡាស ជា​អ្នក​ស្រុក​អន់‌ទី‌យ៉ូក ដែល​ចូល​សាសនា​យូដា។ គេ​នាំ​អ្នក​ទាំង​នោះ​មក​ជួប​ក្រុម​សាវ័ក ក្រុម​សាវ័ក​ក៏​នាំ​គ្នា​អធិស្ឋាន ហើយ​ដាក់​ដៃ*​ពី​លើ​អ្នក​ទាំង​នោះ។ ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ក៏​ឮ​សុស‌សាយ​កាន់​តែ​ខ្លាំង​ឡើងៗ ចំនួន​សិស្ស​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​កើន​ឡើង​ជា​ច្រើន​ឥត​គណនា ហើយ​មាន​ពួក​បូជា‌ចារ្យ*​ដ៏​ច្រើន​លើស‌លុប​សុខ​ចិត្ត​ប្រតិបត្តិ​តាម​ជំនឿ​ដែរ។

ចែក​រំលែក
អាន កិច្ចការ 6

កិច្ចការ 6:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​គ្រា​នោះ កាល​ពួក​សិស្ស​បាន​ចំរើន​ច្រើន​ឡើង នោះ​ពួក​ហេលេន​ចាប់​តាំង​រទូ‌រទាំ​ទាស់​នឹង​ពួក​ហេព្រើរ អំពី​ការ​ចែក​ចាយ​រាល់​តែ​ថ្ងៃ ដោយ​ព្រោះ​គេ​តែង​ធ្វេស​ការ​នឹង​ស្រី​មេម៉ាយ​របស់​ពួក​ហេលេន​នោះ ពួក​សាវក​១២​នាក់​ក៏​ហៅ​សិស្ស​ទាំង​អស់​មក​និយាយ​ថា មិន​គួរ​គប្បី​ឲ្យ​យើង​ខ្ញុំ​ទុក​ព្រះ‌បន្ទូល​ចោល ដើម្បី​នឹង​ទៅ​បំរើ​តុ​ទេ ដូច្នេះ បង​ប្អូន​អើយ ចូរ​រើស​យក​៧​នាក់​ក្នុង​ពួក​អ្នក​រាល់​គ្នា ជា​អ្នក​មាន​ឈ្មោះ​ល្អ ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ នឹង​ប្រាជ្ញា នោះ​យើង​ខ្ញុំ​នឹង​តាំង​គេ ឲ្យ​ត្រួត‌ត្រា​លើ​ការ‌ងារ​នេះ ឯ​យើង​ខ្ញុំ នឹង​ខំ​ព្យាយាម​ក្នុង​សេចក្ដី​អធិស្ឋាន នឹង​ការ​ផ្សាយ​ព្រះ‌បន្ទូល​វិញ សេចក្ដី​នោះ​ក៏​ពេញ​ចិត្ត​ដល់​ពួក​ជំនុំ​ទាំង​អស់​គ្នា ហើយ​គេ​រើស​យក​ស្ទេផាន​១ ជា​មនុស្ស​ពេញ​ដោយ​សេចក្ដី​ជំនឿ នឹង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ព្រម​ទាំង​ភីលីព​១ ប្រូខូរ៉ុស​១ នីកាន័រ​១ ទីម៉ូន​១ ប៉ាមេណា​១ នឹង​នីកូឡាស ជា​អ្នក​ស្រុក​អាន់‌ទី‌យ៉ូក ដែល​ចូល​សាសន៍​១ ក៏​នាំ​អ្នក​ទាំង​នោះ​មក​នៅ​ចំពោះ​មុខ​ពួក​សាវក កាល​ពួក​សាវក​បាន​អធិស្ឋាន​រួច​ហើយ នោះ​ក៏​ដាក់​ដៃ​លើ​អ្នក​ទាំង​៧​នាក់​នោះ ព្រះ‌បន្ទូល​ក៏​បាន​ផ្សាយ​ទៅ​កាន់​តែ​ច្រើន​ឡើង ហើយ​ចំនួន​ពួក​សិស្ស បាន​ចំរើន​ឡើង​ក្រៃ‌លែង នៅ​ក្រុង​យេរូ‌សាឡិម ឯ​ពួក​សង្ឃ ក៏​មាន​សន្ធឹក​ចុះ​ចូល​ជឿ​ដែរ។

ចែក​រំលែក
អាន កិច្ចការ 6