កិច្ចការ 6:1-7

កិច្ចការ 6:1-7 គកស១៦

នៅ​គ្រា​នោះ កាល​ពួក​សិស្ស​មាន​ចំនួនកើន​ឡើង នោះ​ពួក​ហេលេន ចាប់​តាំង​រអ៊ូ‌រទាំ​ទាស់​នឹង​ពួក​ហេព្រើរ ព្រោះ​គេ​ធ្វេស​ក្នុង​ការ​ចែក​ចាយ​អាហារ​ប្រចាំ​ថ្ងៃ ដល់​ពួក​ស្ត្រី​មេម៉ាយ​របស់​ខ្លួន។ សាវក​ទាំង​ដប់​ពីរ​រូប​ក៏​ហៅ​សិស្ស​ទាំង​អស់​មក ហើយ​មាន​ប្រសាសន៍​ថា៖ «មិន​គួរ​ឲ្យ​យើង​ខ្ញុំ​ទុក​ចោល​ការ​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ ទៅ​បម្រើ​តុ​ឡើយ។ ដូច្នេះ បង‌ប្អូន​អើយ ចូរ​រើស​ប្រាំពី​រនាក់​ពី​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ជា​អ្នក​មាន​ឈ្មោះ​ល្អ ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ និង​ប្រាជ្ញា នោះ​យើង​ខ្ញុំ​នឹង​តាំង​គេឲ្យ​បំពេញ​ការ‌ងារ​នេះ។ ឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​នឹង​ខំ​ព្យាយាម​ក្នុងការ​អធិស្ឋាន និង​ការបម្រើ​ព្រះ‌បន្ទូល​វិញ»។ ក្រុម​ជំនុំទាំង​មូល​ពេញ​ចិត្ត​នឹង​សេចក្ដី​ដែល​ពួកសាវក​មាន​ប្រសាសន៍ ហើយ​គេ​ក៏​រើស​យក​ស្ទេផាន ជា​មនុស្ស​ពេញ​ដោយ​ជំនឿ និង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ព្រម​ទាំង​ភីលីព ប្រូខូ‌រ៉ុស នីកា‌ន័រ ទីម៉ូន ប៉ាមេ‌ណា និង​នីកូ‌ឡាស ជា​អ្នក​ស្រុក​អាន់‌ទីយ៉ូក ដែល​ចូល​សាសន៍។ គេ​នាំ​អ្នក​ទាំង​នេះ​មក​ឈរ​នៅ​មុខ​ពួក​សាវក ហើយ​ពួក​សាវក​ក៏​អធិស្ឋាន ហើយ​ដាក់​ដៃ​លើ​គេ។ ព្រះ‌បន្ទូល​របស់​ព្រះ​ក៏​កាន់​តែ​ចម្រើន​ឡើង ហើយ​ចំនួន​ពួក​សិស្សកើន​ឡើងយ៉ាង​ច្រើន​នៅ​ក្រុង​យេរូ‌សាឡិម ឯ​ពួក​សង្ឃ​យ៉ាង​ច្រើន​លើស​លុប​ក៏​បាន​ប្រតិបត្តិ​តាម​ជំនឿ​ដែរ។

អាន កិច្ចការ 6