កិច្ចការ 22:1-21
កិច្ចការ 22:1-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«អ្នករាល់គ្នាជាបងប្អូន និងជាឪពុកអើយ សូមស្តាប់ពាក្យស្រាយបំភ្លឺរបស់ខ្ញុំសិន!»។ កាលគេឮលោកនិយាយជាភាសាហេព្រើរ នោះគេរឹតតែនៅស្ងៀម។ លោកមានប្រសាសន៍ថា៖ «ខ្ញុំជាសាសន៍យូដា កើតនៅក្រុងតើសុស ក្នុងស្រុកគីលីគា តែបានមករស់នៅទីក្រុងនេះ បានទទួលការអប់រំ តាមក្រឹត្យវិន័យនៃបុព្វបុរសរបស់យើងយ៉ាងតឹងរឹង នៅទៀបជើងរបស់លោកកាម៉ាលាល ហើយខ្ញុំមានចិត្តខ្នះខ្នែងចំពោះព្រះ ដូចអ្នករាល់គ្នានៅថ្ងៃនេះដែរ។ ខ្ញុំបានបៀតបៀនអ្នកដែលដើរតាមផ្លូវនេះ រហូតដល់សម្លាប់គេ ដោយចាប់ចងគេទាំងប្រុសទាំងស្រី បញ្ជូនទៅដាក់គុកទៀតផង ដូចមានសម្តេចសង្ឃ និងក្រុមប្រឹក្សារបស់ពួកចាស់ទុំទាំងមូល ជាបន្ទាល់ពីខ្ញុំស្រាប់។ ខ្ញុំបានទទួលសំបុត្រពីលោកទាំងនោះ យកទៅជូនពួកបងប្អូននៅក្រុងដាម៉ាស រួចខ្ញុំក៏ចេញទៅចាប់ចងអស់អ្នកដែលនៅទីនោះ ហើយនាំពួកគេមកធ្វើទោសនៅក្រុងយេរូសាឡិម»។ «ពេលខ្ញុំកំពុងតែធ្វើដំណើរទៅជិតដល់ក្រុងដាម៉ាស ប្រមាណជាថ្ងៃត្រង់ ស្រាប់តែមានពន្លឺយ៉ាងខ្លាំងពីលើមេឃចាំងមកជុំវិញខ្ញុំ។ ខ្ញុំក៏ដួលដល់ដី ហើយឮសំឡេងមួយពោលមកខ្ញុំថា៖ "សុលអើយសុល! ហេតុអ្វីបានជាអ្នកបៀតបៀនខ្ញុំ?"។ ខ្ញុំបានឆ្លើយថា៖ "ព្រះអម្ចាស់អើយ តើព្រះអង្គជាអ្នកណា?" ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា "ខ្ញុំជាយេស៊ូវ អ្នកស្រុកណាសារ៉ែត ដែលអ្នកកំពុងតែបៀតបៀន"។ ពេលនោះ អស់អ្នកដែលនៅជាមួយខ្ញុំ ក៏ឃើញពន្លឺនោះដែរ តែមិនឮសំឡេងព្រះអង្គដែលមានព្រះបន្ទូលមកខ្ញុំនោះទេ។ ខ្ញុំក៏សួរថា "ព្រះអម្ចាស់អើយ តើទូលបង្គំត្រូវធ្វើដូចម្តេច?" ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា "ចូរក្រោកឡើង ហើយចូលទៅក្នុងក្រុងដាម៉ាសទៅ ដ្បិតនៅទីនោះ គេនឹងប្រាប់អ្នកពីកិច្ចការដែលព្រះតម្រូវឲ្យអ្នកធ្វើ"។ ដោយខ្ញុំមើលអ្វីមិនឃើញសោះ ដោយសាររស្មីដ៏រុងរឿងនៃពន្លឺនោះ អស់អ្នកដែលនៅជាមួយខ្ញុំក៏បានដឹកដៃនាំខ្ញុំចូលទៅក្រុងដាម៉ាស។ មានបុរសម្នាក់ឈ្មោះអាណានាស ជាអ្នកគោរពកោតខ្លាចព្រះ ស្របតាមក្រឹត្យវិន័យ ហើយមានកេរ្តិ៍ឈ្មោះល្អ ក្នុងចំណោមសាសន៍យូដាទាំងអស់ដែលរស់នៅទីនោះ គាត់បានមកជួបខ្ញុំ ហើយឈរជិតខ្ញុំនិយាយថា "សុលអើយ សូមឲ្យភ្នែកបងបានភ្លឺឡើងវិញចុះ!" នៅវេលានោះឯង ភ្នែកខ្ញុំក៏ភ្លឺ ហើយមើលឃើញគាត់។ គាត់និយាយថា "ព្រះនៃបុព្វបុរសរបស់យើង បានតម្រូវឲ្យបងស្គាល់ព្រះហឫទ័យរបស់ព្រះអង្គ ហើយឲ្យឃើញព្រះដ៏សុចរិត ព្រមទាំងឮព្រះសូរសៀងចេញពីព្រះឱស្ឋរបស់ព្រះអង្គផ្ទាល់ ដ្បិតបងត្រូវធ្វើជាស្មរបន្ទាល់របស់ព្រះអង្គ ដល់មនុស្សទាំងអស់ ពីហេតុការណ៍ដែលបងបានឃើញ និងបានឮ។ ឥឡូវនេះ តើបងនៅចាំអ្វីទៀត? ចូរក្រោកឡើង ទទួលពិធីជ្រមុជទឹក ហើយអំពាវនាវរកព្រះនាមព្រះអម្ចាស់ ដើម្បីលាងបាបរបស់បងទៅ!"។ កាលខ្ញុំបានត្រឡប់មកក្រុងយេរូសាឡិមវិញ ហើយពេលខ្ញុំកំពុងអធិស្ឋាននៅក្នុងព្រះវិហារ ខ្ញុំក៏លង់ស្មាតីទៅ ហើយឃើញព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា "ចូរប្រញាប់ចេញពីក្រុងយេរូសាឡិមទៅ ព្រោះគេមិនទទួលពាក្យដែលអ្នកធ្វើបន្ទាល់អំពីខ្ញុំទេ"។ ខ្ញុំក៏ទូលថា "ព្រះអម្ចាស់អើយ អ្នកទាំងនោះដឹងស្រាប់ហើយថា នៅតាមសាលាប្រជុំ ទូលបង្គំបានចាប់អស់អ្នកដែលបានជឿដល់ព្រះអង្គដាក់គុក ហើយវាយដំទៀតផង។ កាលឈាមរបស់លោកស្ទេផាន ជាស្មរបន្ទាល់របស់ព្រះអង្គបានខ្ចាយ នោះទូលបង្គំក៏ឈរនៅទីនោះដែរ ទាំងយល់ព្រមឲ្យគេសម្លាប់គាត់ ដោយនៅយាមអាវរបស់ពួកអ្នកដែលសម្លាប់គាត់ផងដែរ"។ ពេលនោះ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា "ចូរចេញទៅ យើងនឹងចាត់អ្នកឲ្យទៅឯសាសន៍ដទៃដែលនៅឆ្ងាយៗ"»។
កិច្ចការ 22:1-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«បងប្អូន និងចាស់ទុំទាំងអស់គ្នាអើយ សូមស្ដាប់ពាក្យការពារខ្លួនរបស់ខ្ញុំសិន!»។ កាលពួកគេឮលោកប៉ូលមានប្រសាសន៍ជាភាសាហេប្រឺដូច្នេះ គេរឹតតែស្ងៀមស្ងាត់ថែមទៀត។ លោកប៉ូលមានប្រសាសន៍ថា៖ «ខ្ញុំជាជនជាតិយូដា កើតនៅក្រុងតើសុស ក្នុងស្រុកគីលីគា។ ប៉ុន្តែ ខ្ញុំបានមករស់នៅក្រុងយេរូសាឡឹមនេះតាំងពីកុមារ ហើយខ្ញុំបានទទួលការអប់រំតាមក្រឹត្យវិន័យនៃបុព្វបុរសរបស់យើងយ៉ាងតឹងរ៉ឹង ពីសំណាក់លោកកាម៉ាលាល។ ខ្ញុំបានខ្នះខ្នែងបម្រើព្រះជាម្ចាស់ ដូចបងប្អូនទាំងអស់គ្នានៅថ្ងៃនេះដែរ។ ខ្ញុំធ្លាប់បៀតបៀនអស់អ្នកដែលដើរតាមមាគ៌ារបស់ព្រះអម្ចាស់ រហូតដល់សម្លាប់គេ ហើយចាប់ចងមនុស្សប្រុសស្រីយកទៅឃុំឃាំងទៀតផង ដូចមានលោកមហាបូជាចារ្យ* និងក្រុមព្រឹទ្ធាចារ្យ* ជាសាក្សីស្រាប់។ ខ្ញុំបានទទួលលិខិតពីលោកទាំងនោះ យកទៅជូនបងប្អូននៅក្រុងដាម៉ាស ដ្បិតខ្ញុំទៅទីនោះ ដើម្បីចាប់ចងពួកអ្នកដែលដើរតាមមាគ៌ានេះ យកមកធ្វើទោសនៅក្រុងយេរូសាឡឹម។ ពេលខ្ញុំកំពុងតែធ្វើដំណើរទៅជិតដល់ក្រុងដាម៉ាសប្រមាណជាថ្ងៃត្រង់ ស្រាប់តែមានពន្លឺមួយដ៏ភ្លឺត្រចះត្រចង់ ចាំងពីផ្ទៃមេឃមកជុំវិញខ្ញុំ។ ខ្ញុំក៏ដួល ហើយឮសំឡេងមួយពោលមកខ្ញុំថា “សូលអើយ សូល! ហេតុដូចម្ដេចបានជាអ្នកបៀតបៀនខ្ញុំដូច្នេះ?”។ ខ្ញុំបានសួរវិញថា “លោកម្ចាស់អើយ តើលោកជានរណា?”។ សំឡេងនោះឆ្លើយមកខ្ញុំថា “ខ្ញុំជាយេស៊ូ អ្នកភូមិណាសារ៉ែត ដែលអ្នកកំពុងតែបៀតបៀន”។ រីឯអស់អ្នកដែលធ្វើដំណើរជាមួយខ្ញុំ ក៏បានឃើញពន្លឺនោះដែរ តែមិនបានឮព្រះសូរសៀងទេ។ ខ្ញុំក៏សួរថា “ព្រះអម្ចាស់អើយ តើទូលបង្គំត្រូវធ្វើដូចម្ដេច?”។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា “ចូរក្រោកឡើង ទៅក្រុងដាម៉ាសទៅ នៅទីនោះ គេនឹងប្រាប់អ្នកអំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះជាម្ចាស់បង្គាប់ឲ្យអ្នកធ្វើ”។ ដោយខ្ញុំពុំអាចមើលអ្វីឃើញ ព្រោះតែពន្លឺរស្មីដ៏រុងរឿងនោះ អស់អ្នកដែលនៅជាមួយខ្ញុំបានដឹកដៃនាំខ្ញុំទៅក្រុងដាម៉ាស។ នៅក្រុងនោះ មានបុរសម្នាក់ឈ្មោះ អណាណាស ជាអ្នកគោរពប្រណិប័តន៍ព្រះជាម្ចាស់ស្របតាមក្រឹត្យវិន័យ* ហើយជនជាតិយូដានៅក្រុងដាម៉ាសគោរពរាប់អានគាត់គ្រប់ៗគ្នា។ គាត់មកឈរជិតខ្ញុំ ហើយពោលថា “បងសូលអើយ សូមឲ្យបងមើលឃើញវិញចុះ!”។ រំពេចនោះ ភ្នែកខ្ញុំក៏ភ្លឺឡើង ហើយខ្ញុំមើលឃើញគាត់។ គាត់មានប្រសាសន៍ថា “ព្រះនៃបុព្វបុរស*របស់យើង បានជ្រើសរើសបង ដើម្បីឲ្យបងស្គាល់ព្រះហឫទ័យរបស់ព្រះអង្គ ឲ្យបងបានឃើញព្រះដ៏សុចរិត និងឲ្យបងបានឮព្រះបន្ទូលរបស់ព្រះអង្គផ្ទាល់តែម្ដង ដ្បិតបងនឹងធ្វើជាបន្ទាល់របស់ព្រះអង្គ នៅមុខមនុស្សទាំងអស់ អំពីហេតុការណ៍ដែលបងបានឃើញ និងអំពីសេចក្ដីដែលបងបានឮ។ ដូច្នេះ តើបងនៅបង្អែបង្អង់ដល់កាលណាទៀត សូមក្រោកឡើង ទទួលពិធីជ្រមុជទឹក* ហើយអង្វររកព្រះនាមព្រះអង្គទៅ ដើម្បីព្រះអង្គលាងបាប*ឲ្យ”។ ខ្ញុំវិលមកដល់ក្រុងយេរូសាឡឹមវិញ ហើយនៅពេលខ្ញុំកំពុងអធិស្ឋានក្នុងព្រះវិហារ ខ្ញុំលង់ស្មារតី ឃើញព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា “ចូរប្រញាប់ចាកចេញពីក្រុងយេរូសាឡឹមភ្លាមទៅ ដ្បិតអ្នកក្រុងនេះមិនព្រមទទួលសក្ខីភាពដែលអ្នកនិយាយអំពីយើងទេ”។ ខ្ញុំទូលថា “បពិត្រព្រះអម្ចាស់ អ្នកទាំងនោះបានដឹងស្រាប់ហើយថា ទូលបង្គំធ្លាប់ចូលទៅសាលាប្រជុំ*នានា ចាប់អស់អ្នកដែលជឿព្រះអង្គយកទៅឃុំឃាំង និងវាយដំទៀតផង។ នៅពេលគេសម្លាប់លោកស្ទេផានដែលជាបន្ទាល់របស់ព្រះអង្គ ទូលបង្គំក៏នៅទីនោះ ហើយបានយល់ស្របជាមួយពួកគេ ទាំងនៅយាមសម្លៀកបំពាក់របស់ពួកអ្នកដែលប្រហារជីវិតលោកផងដែរ”។ ពេលនោះ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា “ទៅចុះ ដ្បិតយើងនឹងចាត់អ្នកឲ្យទៅរកសាសន៍ដទៃដែលនៅឆ្ងាយៗ”»។
កិច្ចការ 22:1-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱអ្នករាល់គ្នា ជាបងប្អូន ហើយជាឪពុកអើយសូមស្តាប់សេចក្ដីដោះសារបស់ខ្ញុំសិន (កាលគេឮគាត់និយាយជាភាសាហេព្រើរ នោះគេរឹតតែនៅស្ងៀមទៅទៀត) រួចគាត់និយាយថា ខ្ញុំជាសាសន៍យូដា កើតនៅក្រុងតើសុស ក្នុងស្រុកគីលីគា តែបានរៀននៅទីក្រុងនេះ ទៀបជើងលោកកាម៉ាលាល ដែលលោកបង្រៀនខ្ញុំ តាមន័យត្រឹមត្រូវ ក្នុងក្រិត្យវិន័យរបស់ពួកឰយុកោយើង ហើយខ្ញុំមានសេចក្ដីឧស្សាហ៍ដល់ព្រះ ដូចជាអ្នករាល់គ្នាសព្វថ្ងៃនេះដែរ ពីដើមខ្ញុំជាអ្នកធ្វើទុក្ខបៀតបៀនដល់មនុស្ស ដែលកាន់តាមផ្លូវនេះ ឲ្យដល់ស្លាប់ក៏មាន ព្រមទាំងចាប់ចងគេទាំងប្រុសទាំងស្រី បញ្ជូនទៅដាក់គុកដែរ ដូចជាសំដេចសង្ឃ នឹងពួកចាស់ទុំទាំងអស់ ជាទីបន្ទាល់ពីខ្ញុំស្រាប់ ហើយខ្ញុំបានទទួលយកសំបុត្រពីលោក ទៅឲ្យពួកសាសន៍យើងនៅក្រុងដាម៉ាស រួចខ្ញុំក៏ចេញទៅ ដើម្បីនឹងនាំយកអស់អ្នកក្នុងពួកនេះទាំងប៉ុន្មាន ដែលនៅស្រុកនោះទាំងជាប់ចំណង មកឯក្រុងយេរូសាឡិមវិញ ឲ្យគេជាប់ទោស លុះកាលខ្ញុំកំពុងតែដើរដំណើរទៅជិតដល់ក្រុងដាម៉ាស ក្នុងពេលប្រហែលជាថ្ងៃត្រង់ហើយ នោះស្រាប់តែមានពន្លឺយ៉ាងខ្លាំងពីលើមេឃ បានភ្លឺមកនៅជុំវិញខ្ញុំ ខ្ញុំក៏ដួលដល់ដី ហើយឮសំឡេងមានបន្ទូលមកខ្ញុំថា សុល នែសុល ហេតុអ្វីបានជាធ្វើទុក្ខដល់ខ្ញុំ ខ្ញុំបានឆ្លើយថា ឱព្រះអម្ចាស់អើយ តើព្រះអង្គណានុ៎ះ រួចទ្រង់មានបន្ទូលមកខ្ញុំថា ខ្ញុំជាព្រះយេស៊ូវ ពីភូមិណាសារ៉ែត ដែលអ្នកបៀតបៀន ឯពួកអ្នកដែលនៅជាមួយនឹងខ្ញុំ គេក៏ឃើញពន្លឺនោះដែរ ហើយមានសេចក្ដីភ័យខ្លាច តែមិនឮសំឡេងព្រះអង្គដែលមានបន្ទូលមកខ្ញុំនោះទេ ខ្ញុំក៏ទូលសួរថា ព្រះអម្ចាស់អើយ តើត្រូវឲ្យទូលបង្គំធ្វើដូចម្តេច រួចព្រះអម្ចាស់មានបន្ទូលមកខ្ញុំថា ចូរក្រោកឡើងចូលទៅក្នុងក្រុងដាម៉ាស នៅទីនោះនឹងមានគេប្រាប់អ្នក ពីអស់ទាំងការ ដែលបានដំរូវឲ្យអ្នកត្រូវធ្វើ នោះពួកអ្នកដែលនៅជាមួយនឹងខ្ញុំបានដឹកដៃនាំខ្ញុំចូលទៅក្នុងក្រុងដាម៉ាស ពីព្រោះខ្ញុំមើលអ្វីមិនឃើញសោះ ដោយព្រោះរស្មីដ៏ឧត្តមនៃពន្លឺនោះ រួចមានមនុស្សម្នាក់ឈ្មោះអាន៉្នានាស គឺជាអ្នកកោតខ្លាចដល់ព្រះ តាមក្រិត្យវិន័យ ដែលមានកេរ្តិ៍ឈ្មោះល្អក្នុងពួកសាសន៍យូដាទាំងអស់ដែលនៅទីនោះ អ្នកនោះក៏មកឈរជិតខ្ញុំនិយាយថា អ្នកសុលអើយ សូមឲ្យភ្នែកអ្នកបានភ្លឺឡើង នៅវេលានោះឯង ខ្ញុំក៏ងើបភ្នែកឡើងឃើញគាត់ រួចគាត់និយាយមកខ្ញុំថា ព្រះនៃពួកឰយុកោយើងបានដំរូវឲ្យអ្នកស្គាល់ចំណង់នៃព្រះហឫទ័យទ្រង់ ហើយឲ្យឃើញព្រះដ៏សុចរិត ព្រមទាំងឮសំឡេងពីព្រះឱស្ឋទ្រង់ ដ្បិតអ្នកត្រូវធ្វើជាស្មរបន្ទាល់ពីទ្រង់ ដល់មនុស្សទាំងអស់ ពីគ្រប់ការដែលអ្នកបានឃើញបានឮ ឥឡូវនេះ តើអ្នកបង្អង់ចាំអ្វីទៀត ចូរក្រោកឡើង ទទួលបុណ្យជ្រមុជទឹក ហើយលាងបាបអ្នកចេញចុះ ដោយការអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ កាលខ្ញុំបានត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ កំពុងដែលខ្ញុំអធិស្ឋាននៅក្នុងព្រះវិហារ នោះខ្ញុំលង់ស្មារតីទៅ ហើយក៏ឃើញទ្រង់មានបន្ទូលមកខ្ញុំថា ចូរប្រញាប់ចេញពីក្រុងយេរូសាឡិមទៅជាឆាប់ ពីព្រោះគេមិនទទួលពាក្យដែលអ្នកធ្វើបន្ទាល់ពីខ្ញុំទេ ខ្ញុំក៏ទូលថា ព្រះអម្ចាស់អើយ អ្នកទាំងនោះដឹងថា ទូលបង្គំបានចាប់ពួកអ្នកដែលជឿដល់ទ្រង់ដាក់គុកហើយ ព្រមទាំងវាយគេនៅក្នុងគ្រប់ទាំងសាលាប្រជុំផង កាលដែលឈាមស្ទេផាន ជាស្មរបន្ទាល់របស់ទ្រង់ បានត្រូវខ្ចាយ នោះទូលបង្គំក៏ឈរនៅទីនោះដែរ បានទាំងយល់ព្រមឲ្យសំឡាប់គាត់ ហើយនៅចាំអាវនៃពួកអ្នក ដែលសំឡាប់គាត់ផង នោះទ្រង់មានបន្ទូលមកខ្ញុំថា ចូរទៅចុះ ដ្បិតខ្ញុំនឹងចាត់អ្នកឲ្យទៅឯសាសន៍ដទៃដែលនៅឆ្ងាយ។